km:tipitaka:sut:an:04:sut.an.04.v02

ចរវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v02 បាលី cs-km: sut.an.04.v02 អដ្ឋកថា: sut.an.04.v02_att PTS: ?

ចរវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ចរវគ្គោ)

(ចរសូត្រ ទី១)

(១. ចរសុត្តំ)

[១១] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរទៅ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរទៅ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាម ដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងឈរ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈរ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិល ច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាម ថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងឈរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាសនូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈរមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយ មានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។

ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី តែងត្រិះរិះនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកិលេសដ៏លាមក ភិក្ខុប្រាកដដូច្នោះនោះ ឈ្មោះថា ដើរទៅកាន់ផ្លូវ ដែលបណ្ឌិតគប្បីខ្ពើម ជ្រប់នៅក្នុងអារម្មណ៍ ជាគ្រឿងវង្វេង មិនអាចពាល់ត្រូវនូវញាណ ជាគ្រឿងត្រាស់ដឹងដ៏ឧត្តមទេ។ ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានរម្ងាប់នូវវិតក្កៈ ត្រេកអរក្នុងធម៌ ជាគ្រឿងរម្ងាប់នូវវិតក្កៈ ភិក្ខុប្រាកដដូច្នោះនោះ ទើបអាចពាល់ត្រូវ នូវញាណ ជាគ្រឿងត្រាស់ដឹងដ៏ឧត្តមបាន។

(សីលសូត្រ ទី២)

(២. សីលសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វី ដែលគួរធ្វើ ឲ្យក្រៃលែងឡើងទៀត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកាលដើរ មាន អភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរមានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុឈរ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុអង្គុយ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក មានអភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ហើយ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹក មានសភាពដូច្នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។

ភិក្ខុគប្បីដើរ សង្រួម គប្បីឈរ សង្រួម គប្បីអង្គុយ សង្រួម គប្បីដេក សង្រួម គប្បីបត់ (នូវអវយវៈតូចធំ) សង្រួម គប្បីលានូវអវយវៈតូចធំនុ៎ះ សង្រួម គតិនៃសត្វលោក ទាំងខាងលើ កណ្តាល និងខាងក្រោម1) មានកំណត់ត្រឹមណា អ្នកប្រាជ្ញទាំងឡាយ ពិចារណាឃើញ នូវកិរិយាកើតឡើង និងវិនាសទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សា នូវបដិបទា ដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ច។

(បធានសូត្រ ទី៣)

(៣. បធានសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន (សេចក្តីព្យាយាមប្រពៃ) នេះ មាន ៤ យ៉ាង។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ ដែលកើតឡើងហើយ ឲ្យស្ថិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យចំរើនធំទូលាយ បរិបូណ៌ក្រៃលែងឡើង ១ ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។

ព្រះខីណាស្រពទាំងនោះ ជាអ្នកមានព្យាយាមដោយប្រពៃ គ្របសង្កត់នូវមារ គឺវដ្តៈបាន ជាអ្នកមិនបានអាស្រ័យ ជាអ្នកដល់ត្រើយនៃភ័យ គឺជាតិ និងមរណៈ ត្រេកអរ បានឈ្នះនូវមារ ព្រមទាំងវាហនៈ គឺសេនារបស់មារ ព្រះខីណាស្រពនោះ មិនបានញាប់ញ័រដោយតណ្ហា កន្លងបង់នូវពល នៃមារទាំងអស់បាន (លោកដល់នូវសេចក្តីសុខហើយ)។

(សំវរសូត្រ ទី៤)

(៤. សំវរសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធានទាំង ៤ យ៉ាង តើដូចម្តេច។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ … វិហឹសាវិតក្កៈ ដែលកើតឡើងហើយ … មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ … ចំរើននូវវីរិយសម្ពោជ្ឈង្គ … ចំរើននូវបីតិសម្ពោជ្ឈង្គ … ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ … ចំរើននូវសមាធិសម្ពោជ្ឈង្គ … ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្ត គឺអដ្ឋិកសញ្ញា បុឡវកសញ្ញា វិនីលកសញ្ញា វិបុព្វកសញ្ញា វិច្ឆិទ្ទកសញ្ញា ឧទ្ធុមាតកសញ្ញា2) ដ៏ល្អ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាម ដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ។

(បញ្ញត្តិសូត្រ ទី៥)

(៥. បញ្ញត្តិសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ (បញ្ញត្តិដ៏ប្រសើរ) នេះ មាន ៤ យ៉ាង។ អគ្គប្បញ្ញត្តិ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រាហុអសុរិន្ទ នេះ ធំលើសជាងពួកសត្វមានអត្តភាព3) ១ ម្នាលភិក្ខុទាំងឡាយ ព្រះបាទមន្ធាតុ នេះ ប្រសើរជាងបុគ្គលអ្នកបរិភោគកាម4) ទាំងឡាយ ១ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាបនេះ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ១ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ១។ ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ មាន ៤ យ៉ាងប៉ុណ្ណេះ។

រាហុ ធំលើសពួកសត្វ ដែលមានអត្តភាព ស្តេចមន្ធាតុ ប្រសើរជាងបុគ្គលអ្នកបរិភោគកាមទាំងឡាយ មារ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ជាអ្នករុងរឿង ដោយឫទ្ធិ គឺការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ គតិនៃសត្វលោក មានកំណត់ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោមក្តី ព្រះពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយពោលថា ប្រសើរ ជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណោះ។

(សោខុម្មសូត្រ ទី៦)

(៦. សោខុម្មសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ ញាណជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិតនេះ មាន ៤ យ៉ាង។ ញាណជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិត ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយញាណ ជាគ្រឿងកំណត់នូវលក្ខណៈ ដ៏ល្អិតក្នុងរូបក្រៃលែង ប៉ុន្តែមិនពិចារណាឃើញ នូវញាណជាគ្រឿងកំណត់ នូវលក្ខណៈ ដ៏ល្អិត ក្នុងរូបដទៃទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងរូបនោះ ទាំងមិនបានប្រាថ្នា នូវញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិត ក្នុងរូបដទៃទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណជាគ្រឿង កំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងរូបនោះឯង ១ ប្រកបដោយញាណ ជាគ្រឿងកំណត់នូវលក្ខណៈ ដ៏ល្អិតក្នុងវេទនា ១ ប្រកបដោយញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសញ្ញា ១ ប្រកបដោយញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដ៏ក្រៃលែង ប៉ុន្តែមិនពិចារណាឃើញនូវញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារនោះ ទាំងមិនបានប្រាថ្នានូវញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដទៃទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារនោះឯង ១។ ម្នាលភិក្ខុទាំងឡាយ ញាណ ជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិត មាន ៤ យ៉ាងប៉ុណ្ណេះ។

ភិក្ខុណា ដឹងសភាពដ៏ល្អិត នូវរូបក្ខន្ធផង នូវហេតុជាដែនកើតឡើង នៃវេទនាខន្ធផង សញ្ញាខន្ធតាំងឡើង ដោយហេតុណា ដល់នូវការរលត់ទៅ ក្នុងទីណា (ដឹងច្បាស់នូវហេតុនោះ ដឹងទីនោះ) ផង ដឹងនូវសង្ខារក្ខន្ធ ថាជារបស់អ្នកដទៃ គឺមិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួនផង ភិក្ខុនោះ ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងសន្តិបទ គឺព្រះនិញ្វន បានឈ្នះនូវមារព្រមទាំងវាហនៈ គឺសេនាហើយ រមែងទ្រទ្រង់ទុកនូវរាងកាយ ក្នុងភពជាទីបំផុត។

(បឋមអគតិសូត្រ ទី៧)

(៧. បឋមអគតិសុត្តំ)

[១៧] ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ (សេចក្តីលំអៀង) នេះ មាន ៤ យ៉ាង។ អគតិ ៤ យ៉ាង តើដូចម្តេច។ គឺលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ មាន ៤ យ៉ាង ប៉ុណ្ណេះ។

បុគ្គលណា កន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែងសាបសូន្យទៅ ដូចជាព្រះចន្រ្ទ ក្នុងកាឡបក្ស គឺខាងរនោច។

(ទុតិយអគតិសូត្រ ទី៨)

(៨. ទុតិយអគតិសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិនេះ មាន ៤ យ៉ាង។ ឯការមិនលុះអគតិ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះសេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិ មាន ៤ យ៉ាងប៉ុណ្ណេះ។

បុគ្គលណា មិនបានកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្រ្ទ ក្នុងសុក្កបក្ស គឺខាងខ្នើត។

(តតិយអគតិសូត្រ ទី៩)

(៩. តតិយអគតិសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ ការលុះអគតិនេះ មាន ៤ យ៉ាង។ ការលុះអគតិ ៤ យ៉ាង តើដូចម្តេច។ គឺលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ ៤ យ៉ាងប៉ុណ្ណេះ។

បុគ្គលណា ប្រព្រឹត្តកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យស របស់បុគ្គលនោះ រមែងសាបសូន្យទៅ ដូចជាព្រះចន្រ្ទ ក្នុងកាឡបក្ស។

[២០] [ត្រង់កន្លែងនុ៎ះ មិនមានបព្វៈនេះទេ។] ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិនេះ មាន ៤ យ៉ាង។ ការមិនលុះអគតិ ៤ យ៉ាង តើដូចម្តេច។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះសេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិ មាន ៤ យ៉ាងប៉ុណ្ណេះ។

បុគ្គលណា មិនប្រព្រឹត្តកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យស របស់បុគ្គលនោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្រ្ទ ក្នុងសុក្កបក្ស។

(ភត្តុទ្ទេសសកសូត្រ ទី១០)

(១០. ភត្តុទ្ទេសកសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ (អ្នកសំដែងនូវភត្ត) ប្រកបដោយធម៌ ៤ យ៉ាង រមែងធ្លាក់ចុះទៅក្នុងនរក ដូចជាគេនាំទៅទំលាក់ចោល។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំ យកទៅទំលាក់ចោល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះសេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។

ជនណានីមួយ មិនសង្រួមក្នុងកាម មិនប្រកបដោយធម៌ មិនគោរពក្នុងធម៌ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច (សេចក្តីល្ងង់) ជននោះ ហៅថា ជាមនុស្សកាក ក្នុងបរិសទ្យ ព្រោះព្រះពុទ្ធសមណៈអ្នកត្រាស់ដឹង ទ្រង់សំដែងទុក យ៉ាងនេះ ព្រោះហេតុនោះ ជនទាំងឡាយណា ស្ថិតនៅក្នុងធម៌ មិនធ្វើអំពើលាមក មិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច (សេចក្តីល្ងង់) ជនទាំងនោះ ជាសប្បុរស ដែលអ្នកប្រាជ្ញគប្បីសរសើរ។ ជននោះ ហៅថា ជាអ្នកផូរផង់ ក្នុងបរិសទ្យ ព្រោះព្រះពុទ្ធសមណៈអ្នកត្រាស់ដឹង ទ្រង់សំដែងទុកហើយ យ៉ាងនេះ។

ចប់ ចរវគ្គ ទី២។

ឧទ្ទាននៃចរវគ្គនោះ គឺ

និយាយអំពីការដើរជាដើម ១ អំពីសីល ១ អំពីសេចក្តីព្យាយាម ១ អំពីសេចក្តីសង្រួម ១ អគ្គប្បញ្ញត្តិមួយទៀត ជាគំរប់ ៥ អំពីញាណជាគ្រឿងកំណត់ដឹង នូវលក្ខណៈដ៏ល្អិត ១ អំពីអគតិ មាន ៣ លើក និងភិក្ខុជាអ្នកសំដែងនូវភត្ត មួយទៀត ត្រូវជា ១០។

 

លេខយោង

1)
បានដល់បញ្ចក្ខន្ធជាអតីត បច្ចុប្បន្ន និងអនាគត។ អដ្ឋកថា។
2)
ប្រែថា សេចក្តីសំគាល់នូវរាងឆ្អឹង សេចក្តីសំគាល់នូវអសុភមានគំនរដង្កូវ សេចក្តីសំគាល់នូវអសុភ មានសម្បុរខៀវ សេចក្តីសំគាល់នូវអសុភមានខ្ទុះហូរចេញ សេចក្តីសំគាល់នូវអសុភដាច់ពាក់កណ្តាល សេចក្តីសំគាល់នូវអសុភហើមប៉ោង។ ក្នុងទីនេះ សំដៅយកអសុភទាំង ១០ ដែលមានពិស្តារ ក្នុងវិសុទ្ធិមគ្គ។ អដ្ឋកថា។
3)
បានឮរៀងមកថា រាហុអសុរិន្ទ មានកំពស់ ៤៨០០ យោជន៍ ចន្លោះដើមដៃ គឺពីស្មាម្ខាង ទៅស្មាម្ខាង ប្រវែង១២០០ យោជន៍ ផ្ទៃបាតដៃ និងបាតជើងកម្រាស់ ៣០០ យោជន៍ ថ្នាំងម្រាមដៃ ប្រវែង ៥០ យោជន៍ ចន្លោះចិញ្ចើម (ប្រជុំចិញ្ចើម) ប្រវែង ៥០ យោជន៍ ថ្ងាស ៣០០ យោជន៍ ក្បាល ៩០០ យោជន៍។ រាហុអសុរិន្ទ មានអត្តភាពធំសំបើម យ៉ាងនេះ។
4)
ស្តេចមន្ធាតុនេះ បានសោយរាជ្យ បរិភោគកាមជាទិព្វ ក្នុងស្ថានសួគ៌ផង ក្នុងមនុស្សផង ស្តេចនេះ កើតក្នុងមនុស្សលោកមានអាយុ ១ អសំខេយ្យ អាចញុំាងភ្លៀងប្រាក់ ឲ្យធ្លាក់ចុះមកបាន ក្នុងខណៈដែលប្រាថ្នា លុះបរិភោគកាម របស់មនុស្សលោក អស់កាលជាយូររួចហើយ ក៏ទៅសោយរាជ្យ បរិភោគកាម ដ៏ ឧត្តម ក្នុងទេវលោក កំណត់កាលអស់អាយុ នៃព្រះឥន្ទ្រ ៣៦ អង្គទៀត ជាបុគ្គលប្រសើរជាងអ្នកបរិភោគកាម យ៉ាងនេះ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann