km:tipitaka:sut:an:04:sut.an.04.v03

ឧរុវេលវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v03 បាលី cs-km: sut.an.04.v03 អដ្ឋកថា: sut.an.04.v03_att PTS: ?

ឧរុវេលវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. ឧរុវេលវគ្គោ)

(បឋមឧរុវេលសូត្រ ទី១)

(១. បឋមឧរុវេលសុត្តំ)

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត បានត្រាស់ដឹងជាដំបូងហើយ នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលានិគមឯណោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ សម្ងំនៅក្នុងទីស្ងាត់តែម្នាក់ឯង មានចិត្តត្រិះរិះ យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរពកោតក្រែង រមែងនៅបានទាំងលំបាកណាស់ តថាគត គួរចូលទៅ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬញ្រហ្មណ៍ណាហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា តថាគត គប្បីចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពសមណៈ ឬញ្រហ្មណ៍ឯទៀត ដើម្បីបំពេញ នូវសីលក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬញ្រហ្មណ៍ឯទៀត ដែលបរិបូណ៌ដោយសីលជាងតថាគត គួរឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ នូវសមាធិក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ … នូវបញ្ញាខន្ធ … តថាគត គួរចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬញ្រហ្មណ៍ឯទៀត ដើម្បីបំពេញវិមុត្តិក្ខន្ធ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម ទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬញ្រហ្មណ៍ឯទៀត ឲ្យបរិបូណ៌ដោយវិមុត្តិ ជាងតថាគត ល្មមឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា បើដូច្នោះ គួរតែតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពធម៌ ដែលតថាគតត្រាស់ដឹងហើយនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បានដឹងសេចក្តីត្រិះរិះ ក្នុងចិត្តរបស់តថាគត ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទី ចំពោះមុខតថាគត ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សហម្បតិព្រហ្ម បង់កសំពត់ ឆៀងស្មាម្ខាង លុតជង្គង់ខាងស្តាំ លើប្រថពី ប្រណម្យអញ្ជលី ចំពោះតថាគត និយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ការនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ការនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា មានហើយ ក្នុងកាលអតីតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌តែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងកាលអនាគតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ នឹងចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះព្រះធម៌ដែរ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះព្រះធម៌ដែរចុះ។ សហម្បតិព្រហ្ម បានពោលពាក្យនេះហើយ លុះពោលពាក្យនេះហើយ ក៏ពោលពាក្យជាគាថាពន្ធ យ៉ាងនេះតទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលអនាគតក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ព្រះអង្គបានញុំាងសេចក្តីសោក របស់ពួកជនច្រើន ឲ្យវិនាស ព្រះសម្ពុទ្ធគ្រប់អង្គនោះ គោរពព្រះសទ្ធម្មហើយផង កំពុងគោរពព្រះសទ្ធម្មផង នឹងគោរពព្រះសទ្ធម្មផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុនោះ បុគ្គលអ្នកត្រូវការប្រយោជន៍ផ្ទាល់ខ្លួន ប្រាថ្នានូវភាវៈ នៃខ្លួនជាធំ កាលរលឹកពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ត្រូវតែគោរពព្រះសទ្ធម្ម។

ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បាននិយាយពាក្យនេះ លុះនិយាយពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត រួចធ្វើប្រទក្សិណ ហើយបាត់ពីទីនោះទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានដឹងច្បាស់ នូវការនិមន្តរបស់សហម្បតិព្រហ្មផង នូវការដ៏សមគួរ ដល់តថាគតផង ក្នុងទីឯណោះ ហើយក៏ធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌ ដែលតថាគតត្រាស់ដឹងហើយនោះ ម្នាលភិក្ខុទាំងឡាយ បើសង្ឃដែលប្រកបដោយគុណដ៏ធំ ក្នុងកាលណា កាលនោះ តថាគតមានសេចក្តីគោរព ចំពោះសង្ឃដែរ។

(ទុតិយឧរុវេលសូត្រ ទី២)

(២. ទុតិយឧរុវេលសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ សម័យមួយ កាលតថាគត ទើបនឹងបានត្រាស់ដឹងជាដំបូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាឯណោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកញ្រហ្មណ៍ច្រើនគ្នា ចាស់គ្រាំគ្រា ព្រិទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ បានចូលទៅរកតថាគត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកញ្រហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំបានឮយ៉ាងនេះថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលពួកញ្រហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរក នូវញ្រហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើផង) បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលយើងខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើន មិនសំពះ មិនក្រោកទទួលពួកញ្រហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយថា សូម្បីត្រឹមតែអញ្ជើញ ហៅរកពួកញ្រហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន កិច្ចមានការមិនសំពះ ជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្នកដ៏មានអាយុទាំងឡាយនេះ មិនស្គាល់នូវបុគ្គលចាស់ផង នូវធម៌ទាំងឡាយ ដែលធ្វើខ្លួន ឲ្យជាបុគ្គលចាស់ផង ម្នាលភិក្ខុទាំងឡាយ បើបុគ្គលចំរើនដោយវ័យ តាំងពីកើតមក មានអាយុ ៨០ ឆ្នាំក្តី ៩០ ឆ្នាំក្តី ១០០ ឆ្នាំក្តី តែបុគ្គលនោះ ជាអ្នកនិយាយខុសកាល និយាយពាក្យមិនពិត និយាយពាក្យឥតប្រយោជន៍ និយាយពាក្យមិនមែនធម៌ និយាយពាក្យមិនមែនវិន័យ និយាយពាក្យ ដែលមិនគួរឲ្យដំកល់ទុកក្នុងហឫទ័យ ខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ កាលបើដូច្នោះ បុគ្គលពាលនោះ ក៏ដល់នូវការរាប់ថា ជាបុគ្គលចាស់ខ្លៅ ម្នាលភិក្ខុទាំងឡាយ បុគ្គលនៅក្មេង កម្លោះជំទង់ មានសក់ខ្មៅ ប្រកបដោយវ័យចំរើន គឺបឋមវ័យមែន តែបុគ្គលនោះ ជាអ្នកនិយាយពាក្យត្រូវកាល និយាយពាក្យពិត និយាយពាក្យជាប្រយោជន៍ និយាយពាក្យជាធម៌ និយាយពាក្យជាវិន័យ និយាយសំដីគួរដំកល់ទុក ក្នុងហឫទ័យ ត្រូវតាមកាល មានគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ កាលបើដូច្នោះ បុគ្គលនោះ ក៏រាប់ថាជាចាស់ចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌សម្រាប់ធ្វើឲ្យជាថេរៈ (បុគ្គលចាស់)។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោស គ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់សុតៈមិនភ្លេច សន្សំទុកនូវសុតៈ ពួកធម៌ណា មានលំអបទខាងដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចារ្យ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ប្រកបដោយអត្ថ ព្រមទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ចេះចាំច្រើន ទ្រទ្រង់ រត់មាត់ ពិចារណាបានតាមចិត្ត ដឹងដោយប្រពៃ ដោយទិដ្ឋិ គឺបញ្ញា ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលា នូវឈានទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌ធ្វើឲ្យបានឋានៈជាថេរៈ។

អ្នកណា មានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ (តែងតែ) ឆ្ងាយចាកសភាវៈមាំទាំ។ បើអ្នកណា បរិបូណ៌ ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយ ដែលធ្វើឲ្យជាថេរៈ ឃើញច្បាស់នូវ សេចក្តីនៃសច្ចៈទាំង ៤ ដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនា ជាអ្នកឆ្លងផុតនូវធម៌ទាំងអស់ (មានខន្ធជាដើម) បានមានចិត្តមិនជាប់ចំពាក់ (មានការមិនជាប់ចំពាក់ ព្រោះរាគៈ ជាដើម) បរិបូណ៌ដោយសេចក្តីឆ្លៀវឆ្លាស។ អ្នកណា លះបង់ជាតិ និងមរណៈបានហើយ មានព្រហ្មចារ្យ គ្រប់គ្រាន់ តថាគតហៅអ្នកនោះ ថាជាថេរៈ ភិក្ខុណា មិនមានអាសវៈទាំងឡាយ ព្រោះអស់អាសវៈទាំងឡាយ តថាគត ហៅភិក្ខុនោះ ថាជាថេរៈ។

(លោកសូត្រ ទី៣)

(៣. លោកសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ លោក (គឺទុក្ខសច្ច) តថាគតបានត្រាស់ដឹងហើយ តថាគតផុតចាកលោក (គឺទុក្ខសច្ច) ហើយ ម្នាលភិក្ខុទាំងឡាយ លោកសមុទយៈ តថាគត បានត្រាស់ដឹងហើយ លោកសមុទយៈ តថាគត បានលះបង់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធៈ តថាគត បានត្រាស់ដឹងហើយ លោកនិរោធៈ តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធគាមិនីបដិបទា តថាគត បានត្រាស់ដឹងហើយ លោកនិរោធគាមិនីបដិបទា តថាគត បានចំរើនហើយ។ ម្នាលភិក្ខុទាំង ឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ត្រេចរង្គាត់រក អារម្មណ៍នោះ តថាគត បានដឹងជាក់ស្តែងហើយ ដោយសារចិត្ត ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ ក្នុងរាត្រីណា បរិនិញ្វន ក្នុងរាត្រីណា តែងពោលចរចា សំដែងចេញនូវវាចាណា ក្នុងចន្លោះនោះ កិច្ច មានការត្រាស់ដឹង ជាដើមទាំងនោះ ដូច្នោះមែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើបបានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នកគ្របសង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាចគ្របសង្កត់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសបាន ហេតុនោះ បានជាគេហៅថា តថាគត។

បុគ្គលណា ដឹងច្បាស់នូវលោកទាំងអស់ ដឹងច្បាស់ ក្នុងលោកទាំងអស់ តាមពិត ផុតចាកលោកទាំងអស់ មិនមានការកពូន ក្នុងលោកទាំងអស់ បុគ្គលនោះឯង ជាអ្នកប្រាជ្ញ គ្របសង្កត់នូវអារម្មណ៍ទាំងអស់បាន ជាអ្នករួចចាកគន្ថៈទាំងអស់ ព្រះនិញ្វន បុគ្គលនោះ ពាល់ត្រូវហើយ ព្រះនិញ្វន មិនមានភ័យមកពីណាទេ បុគ្គលនោះ ជាខីណាសវៈ បានត្រាស់ដឹងហើយ ជាអ្នកមិន មានទុក្ខ អ្នកផ្តេចនូវសេចក្តីសង្ស័យហើយ ដល់នូវការអស់ទៅនៃកម្មទាំងអស់ រួចស្រឡះ (ដោយផលវិមុត្តិ ដែលមានអារម្មណ៍) ក្នុងធម៌ ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស បុគ្គលនោះ ជាភគវន្ត អ្នកត្រាស់ដឹង បុគ្គលនេះ ជាសីហៈ មិនមានបុគ្គលដ៏ទៃស្មើ ញុំាងចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងលោក ព្រមទាំងទេវលោក ដោយប្រការដូច្នេះឯង។ ពួកទេវតា និងពួកមនុស្ស ដែលបានដល់ព្រះពុទ្ធ ជាទីរលឹក តែងនាំគ្នាមកនមស្ការព្រះតថាគតនោះ អ្នកមានគុណធំ ប្រាសចាកសេចក្តីញញើតញញើម។ តថាគត មានខ្លួនទូន្មានល្អហើយ ប្រសើរជាងពួកបុគ្គលអ្នកទូន្មានខ្លួន ពុទ្ធឥសី ដែលមានចិត្តស្ងប់រម្ងាប់ហើយ ប្រសើរជាងពួកបុគ្គល អ្នកទូន្មានខ្លួន តថាគត មានចិត្តផុតស្រឡះហើយ ខ្ពង់ខ្ពស់ជាងពួកបុគ្គលអ្នកមានចិត្តផុតស្រឡះហើយ តថាគត ឆ្លងផុតហើយ ប្រសើរជាងពួកបុគ្គលអ្នកឆ្លង ពួកទេវតា និងមនុស្ស តែងនាំគ្នាមកនមស្ការ តថាគតនោះ មានគុណដ៏ធំ ប្រាសចាកសេចក្តីញញើតញញើម ដោយប្រការដូច្នេះ។ ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបនឹងតថាគតបានទេ។

(កាឡការាមសូត្រ ទី៤)

(៤. កាឡការាមសុត្តំ)

[២៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកាឡការាម ជិតក្រុងសាកេត។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នឹងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត តថាគត ដឹងច្បាស់នូវអារម្មណ៍នោះ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត តថាគតដឹង នូវអារម្មណ៍នោះ ឯអារម្មណ៍នោះ តថាគត ដឹងប្រាកដហើយ អារម្មណ៍នោះ មិនឋិតនៅ ក្នុងតថាគតទេ។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក… បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត ប្រសិនបើ តថាគតពោលថា អាត្មាអញ ដឹងនូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហក របស់តថាគត … ប្រសិនបើ តថាគតពោលថា អាត្មាអញដឹងខ្លះ មិនដឹងខ្លះ នូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហកដែរ… ប្រសិនបើតថាគតពោលថា អាត្មាអញ មិនមែនដឹង មិនមែនជាមិនដឹង នូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាទោស របស់តថាគត ម្នាលភិក្ខុទាំងឡាយ តថាគត មិនសំគាល់នូវអារម្មណ៍ ដែលមហាជនឃើញហើយ ថាគួរឃើញ ព្រោះបានឃើញ មិនសំគាល់នូវអារម្មណ៍ ដែលមហាជនមិនឃើញ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន គប្បីឃើញ មិនសំគាល់ នូវបុគ្គលអ្នកឃើញ មិនសំគាល់នូវសំឡេង ដែល មហាជនឮហើយ ថាគួរឮ ព្រោះបានឮ មិនសំគាល់នូវសំឡេង ដែលមហាជន មិនបានឮហើយ មិនសំគាល់នូវសំឡេង ដែលមហាជន ត្រូវឮ មិនសំគាល់ នូវបុគ្គលអ្នកឮសំឡេង មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន ពាល់ត្រូវហើយ ថា គួរពាល់ត្រូវ ព្រោះបានពាល់ត្រូវ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន មិនពាល់ត្រូវហើយ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនគប្បីពាល់ត្រូវ មិនសំគាល់ នូវបុគ្គលអ្នកពាល់ត្រូវ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនដឹងច្បាស់ហើយ ថា គួរដឹងច្បាស់ ព្រោះបានដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន មិនដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនត្រូវដឹងច្បាស់ មិនសំគាល់ នូវបុគ្គលអ្នកដឹងច្បាស់ ម្នាលភិក្ខុទាំងឡាយ តថាគត ជាតាទិបុគ្គល ប្រាកដដូចនោះ ក្នុងធម៌ គឺអារម្មណ៍ទាំងឡាយ ដែលមហាជនត្រូវឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ តថាគត ហៅថា តាទិបុគ្គលឯទៀត មិនថ្លៃថ្នូរផង មិនវិសេសវិសាលផង ជាងតថាគត ជាតាទិបុគ្គលនោះ ដោយប្រការដូច្នេះឡើយ។

អារម្មណ៍ណាមួយ ដែលពួកជនបានឃើញក្តី បានឮក្តី បានពាល់ត្រូវក្តី ដឹងច្បាស់ក្តី អារម្មណ៍នោះ ពួកជនដទៃ សំគាល់ថាជារបស់ពិត ហើយប្រកាន់មាំ។ បណ្តាពួកជន សង្រួមដោយខ្លួនឯង ព្រះតថាគត ជាតាទិបុគ្គល មិនគប្បីជឿពាក្យដទៃ ដែលពិតក្តី មិនពិតក្តី។ ពួកសត្វឃើញសរ គឺទិដ្ឋិនោះ មុនបំផុត ហើយជ្រុលជ្រប់ជាប់នៅ ក្នុងអារម្មណ៍ណា តថាគតដឹងច្បាស់ ឃើញច្បាស់ នូវសរ គឺអារម្មណ៍នោះ ដូច្នោះ សេចក្តីជ្រុលជ្រប់ (ដោយសរ គឺទិដ្ឋិ) នោះ មិនមានដល់ព្រះតថាគតទាំងឡាយឡើយ។

(ព្រហ្មចរិយសូត្រ ទី៥)

(៥. ព្រហ្មចរិយសុត្តំ)

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បីកុហកមហាជន ក៏ទេ ដើម្បីល្បួងលួងមហាជន ក៏ទេ ដើម្បីលាភសក្ការៈ និងសេចក្តីសរសើរជាអានិសង្ស ក៏ទេ ដើម្បីបានអានិសង្ស ព្រោះការដោះ នូវពាក្យជនដទៃ ដូច្នេះ ដូច្នោះ ថា មហាជន ចូរស្គាល់នូវតថាគត ដូច្នេះ ក៏ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីសង្រួម ដើម្បីលះ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ តែប៉ុណ្ណេះឯង។

ព្រះដ៏មានព្រះភាគនោះ ទ្រង់បានសំដែងនូវព្រហ្មចារ្យ មិនបានជឿអ្នកដទៃ ដើម្បីសង្រួម ដើម្បីលះបង់ ជាដំណើរទៅ ក្នុងព្រះនិញ្វន ផ្លូវហ្នឹង ដែលព្រះពុទ្ធជាចម្បង យាត្រាទៅ។ បើពួកជនណា ដើរតាមផ្លូវ ដែលព្រះពុទ្ធ សំដែងហើយនោះ បើពួកជននោះ ធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តានោះ ទើបនឹងធ្វើទីបំផុតទុក្ខបាន។

(កុហសូត្រ ទី៦)

(៦. កុហសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស រឡេះ រឡោះ មានកិលេសលេចឡើង ប្រាកដដូចជាស្នែង ដំឡើងមានះ មានចិត្តមិននឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនជាអ្នករាប់អានតថាគតទេ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ជាអ្នកប្រាសចាកធម្មវិន័យនេះ ពួកភិក្ខុទាំងនោះ មិនដល់នូវសេចក្តីចំរើន ដុះដាលធំទូលាយ ក្នុងធម៌វិន័យនេះបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនប្រាសចាកធម្មវិន័យនេះផង ពួកភិក្ខុទាំងនោះ តែងដល់នូវសេចក្តីចំរើនដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះផង។

ពួកភិក្ខុណា កុហក រឹងរូស រឡេះរឡោះ មានកិលេសលេចឡើង ប្រាកដដូចជាស្នែង ដំឡើងមានះ មានចិត្តមិននឹងធឹង ភិក្ខុទាំងនោះ រមែងមិនដុះដាល ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយទេ។ ភិក្ខុណា ជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ភិក្ខុទាំងនោះ ទើបដុះដាល ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ។

(សន្តុដ្ឋិសូត្រ ទី៧)

(៧. សន្តុដ្ឋិសុត្តំ)

[២៨] ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ យ៉ាងនេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង។ វត្ថុ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បង្សុកូលចីវរ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ ដុំបាយ ដែលភិក្ខុបានដោយកំឡាំង នៃកំភួនជើង ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាសេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ បូតិមុត្តភេសជ្ជៈ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ៤ នេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ជាអ្នកសន្តោស ដោយវត្ថុតិចផង បានដោយងាយផង តថាគតហៅថា នេះ ជាអង្គ របស់សមណៈដ៏ប្រសើរ។

សេចក្តីចង្អៀតចង្អល់ចិត្ត តែងមិនមានដល់ភិក្ខុអ្នកត្រេកអរ ដោយរបស់មិនមានទោសផង តិចផង បានដោយងាយផង ព្រោះប្រារឰ នូវសេនាសនៈផង ចីវរផង ភេសជ្ជៈផង ភោជនផង ទាំងទិស ក៏មិនបៀតបៀន1) (ភិក្ខុនោះ)។ មួយទៀត ពួកធម៌ណា ដែលតថាគតសំដែងហើយ ជាធម៌សមគួរ ដល់សមណភាព ធម៌នោះ តាំងនៅខាងក្នុង (ចិត្ត) របស់ភិក្ខុអ្នកមានសេចក្តីសន្តោស អ្នកមិនប្រមាទនោះ។

(អរិយវង្សសូត្រ ទី៨)

(៨. អរិយវំសសុត្តំ)

[២៩] ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរ តាមមានតាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែចីវរ មិនច្រាស់ច្រាល់ ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ចិត្ត ជាអ្នកឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយចីវរ តាមមានតាមបាននោះ។ មែនពិត ភិក្ខុណា ឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីដម្កល់មាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាត មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនច្រាស់ច្រាល់ ព្រោះតែមិនបានចង្ហាន់បិណ្ឌបាត បានចង្ហាន់បិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីដម្កល់មាំ ក្នុង សេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែសេនាសនៈ មិនច្រាស់ច្រាល់ ព្រោះតែមិនបានសេនាសនៈ បានសេនាសនៈហើយ ក៏មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតី ដម្កល់មាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានការចំរើន ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការចំរើន មានការលះបង់កិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការលះ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែការចំរើន ជាទីត្រេកអរ ត្រេកអរក្នុងការចំរើន មានការលះ ជាទីត្រេកអរ ត្រេកអរក្នុងការលះនោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ ក្នុងការត្រេកអរនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិបូណ៌ ដោយអរិយវង្សទាំង ៤ នេះ ទុកណាជានៅក្នុងបុរត្ថិមទិស ភិក្ខុ នោះឯង អាចអត់សង្កត់ នូវសេចក្តីអផ្សុកបាន សេចក្តីអផ្សុក ក៏មិនអាចគ្របសង្កត់ភិក្ខុនោះបានឡើយ ទុកណាជានៅក្នុងបច្ឆិមទិស… ទុកណាជានៅ ក្នុងឧត្តរទិស… ទុកណាជានៅក្នុងទក្ខិណទិស ភិក្ខុនោះឯង អាចគ្របសង្កត់ នូវសេចក្តីអផ្សុក សេចក្តីអផ្សុក ក៏មិនគ្របសង្កត់ភិក្ខុនោះបានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុជាអ្នកខ្ជាប់ខ្ជួន អាចអត់សង្កត់ នូវសេចក្តីអផ្សុក និងសេចក្តីត្រេកអរ (ក្នុងកាមគុណ ទាំង ៥) បាន។

សេចក្តីអផ្សុក មិនអាចគ្របសង្កត់ នូវភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ទាំងសេចក្តីអផ្សុក មិនអាចគ្របសង្កត់ភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន ក៏អាចគ្របសង្កត់ នូវសេចក្តីអផ្សុកបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន គ្របសង្កត់នូវសេចក្តីអផ្សុកបាន។ រាគៈ ទោសៈ ដូចម្តេច ឃាត់នូវបុគ្គល អ្នកលះបង់នូវកម្មទាំងពួង អ្នកបន្ទោបង់ នូវកិលេសទាំងឡាយបាន អ្នកណាគួរនឹងនិន្ទា នូវបុគ្គលដែល ប្រាកដស្មើដោយឆ្តោរ នៃមាសជម្ពូនទនោះបាន ពួកទេវតា និងមនុស្សក៏សរសើរ សូម្បីតែព្រហ្មក៏សរសើរបុគ្គលនោះដែរ។

(ធម្មបទសូត្រ ទី៩)

(៩. ធម្មបទសុត្តំ)

[៣០] ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនបានច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺអនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១ ម្នាលភិក្ខុទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាល ភិក្ខុទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។

ភិក្ខុគប្បីជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនប្រកបដោយព្យាបាទ បរិបូណ៌ដោយស្មារតី មានចិត្តតាំងនៅនឹង ក្នុងអារម្មណ៍តែមួយ មានចិត្តតាំងនៅមាំ ជាកណ្តាល។

(បរិព្វាជកសូត្រ ទី១០)

(១០. បរិព្វាជកសុត្តំ)

[៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះ ពួកបរិញ្វជកដ៏ច្រើន ជាអ្នកចេះដឹង អាស្រ័យនៅក្នុងអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹងឈ្មោះ សិប្បិនី បរិញ្វជកទាំងនោះ គឺអន្នភារបរិញ្វជក ១ វធរបរិញ្វជក ១ សកុលុទាយិបរិញ្វជក ១ និងពួកបរិញ្វជក ជាអ្នកចេះដឹងឯទៀត។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ក៏យាងចូលទៅឯអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹង ឈ្មោះសិប្បិនី លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ បានត្រាស់នឹងពួកបរិញ្វជកទាំងនោះ ដូច្នេះថា ម្នាលបរិញ្វជកទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលបរិញ្វជកទាំងឡាយ អនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលបរិញ្វជកទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាលបរិញ្វជកទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលបរិញ្វជកទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលពួកបរិញ្វជក ធម្មបទទាំងឡាយ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណញ្រហ្មណ៍ ជាអ្នកប្រាជ្ញ ក៏មិនអាចតិះដៀលបាន។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលអ្នកមានអភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះនិយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះនឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទហើយ បញ្ញត្តបុគ្គលណាមួយ ដែលមានអភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬញ្រហ្មណ៍ដូច្នេះ ហេតុនោះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា គប្បីនិយាយយ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគតត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគតនឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ អ្នកមានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬញ្រហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទនោះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬញ្រហ្មណ៍ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាមសម្មាសមាធិ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដំកល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬញ្រហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង ឃាត់ហាមសម្មាសមាធិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដម្កល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬញ្រហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទ ទាំង ៤ នេះថា ជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាមគន្លង នៃពាក្យប្រកបដោយហេតុ ទាំង ៤ យ៉ាង ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ន។ ធម្មបទ ៤ តើដូចម្តេច។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអនភិជ្ឈា ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា ជាអ្នកប្រកបដោយអភិជ្ឈា អ្នកមានតម្រេកដ៏ក្រាស់ ក្នុងកាមទាំងឡាយ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអព្យាបាទ ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា មានចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសតិ ជាធម្មបទ ថាសមណៈ ឬញ្រហ្មណ៍ទាំងឡាយណា ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសមាធិ ជាធម្មបទថា សមណៈ ឬញ្រហ្មណ៍ទាំងឡាយណា មានចិត្តមិនដម្កល់មាំ មានចិត្តរវើរវាយ សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬញ្រហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម គន្លងនៃពាក្យប្រកបដោយហេតុទាំង ៤នេះ ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ននេះ។ ម្នាលបរិញ្វជកទាំងឡាយ ជនទាំងឡាយ ពីរនាក់ គឺវស្សៈ ១ ភញ្ញៈ ១ ជាអ្នកនៅក្នុងឧក្កលជនបទ ជាអហេតុកវាទ អកិរិយវាទ និងនត្ថិកវាទ ក៏ជនទាំងពីរនាក់នោះ បានសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលមិនត្រូវតិះដៀល ថាជារបស់ដែលមិនត្រូវឃាត់ហាមឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះខ្លាចគេនិន្ទា ពេបជ្រាយ តិះដៀលដល់ខ្លួន។

បុគ្គលអ្នកមិនមានចិត្តព្យាបាទ មានស្មារតីគ្រប់កាល មានចិត្តដម្កល់មាំ ប្រព្រឹត្តទៅក្នុងខាងក្នុង សិក្សាក្នុងការបន្ទោបង់នូវអភិជ្ឈា តថាគតហៅថា អ្នកមិនប្រមាទ។

ចប់ ឧរុវេលវគ្គ ទី៣។

ឧទ្ទាននៃឧរុវេលវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឧរុវេលនិគម ពីរដង ១ លោក គឺទុក្ខជាដើម ដែលព្រះតថាគតត្រាស់ដឹងហើយ ១ ព្រះអង្គគង់ក្នុងកាឡការាម ១ ព្រហ្មចរិយធម៌ ជាគំរប់ប្រាំ ១ ពួកកុហក ជាដើម ១ សេចក្តីសន្តោស ១ អរិយវង្ស ១ ធម្មបទ (ជាច្បាប់ចាស់) ១ ធម្មបទ ទ្រង់សំដែង ចំពោះពួកបរិញ្វជក ១។

 

លេខយោង

1)
មិនច្រាស់ច្រាលចិត្ត ព្រោះការស្វែងលាភ ក្នុងទិសផ្សេង ៗ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann