km:tipitaka:sut:an:04:sut.an.04.v04

ចក្កវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v04 បាលី cs-km: sut.an.04.v04 អដ្ឋកថា: sut.an.04.v04_att PTS: ?

ចក្កវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ចក្កវគ្គោ)

(ចក្កសូត្រ ទី១)

(១. ចក្កសុត្តំ)

[៣២] ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ ចក្រ ៤ តែងប្រព្រឹត្តទៅ (ដើម្បីជាប្រយោជន៍) ដល់ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រ ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រហើយ មិនយូរប៉ុន្មាន ក៏បានដល់នូវភាព នៃខ្លួនជាធំទូលាយ ក្នុងភោគៈទាំងឡាយ។ ចក្រ ៤ ដូចម្តេចខ្លះ។ គឺការនៅក្នុងប្រទេសដ៏សមគួរ ១ ការចូលទៅសេពគប់នឹងពួកសប្បុរស ១ ការដម្កល់ទុកខ្លួនដោយល្អ ១ បុណ្យដែលបានធ្វើទុកហើយ ក្នុងកាលមុន ១។ ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ យ៉ាង ចក្រ ៤ នេះ តែងប្រព្រឹត្តទៅ ដល់ពួកទេវតា និងមនុស្ស ដែលប្រកបព្រមដោយ ចក្រ ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រហើយ មិនយូរប៉ុន្មាន គង់បានដល់នូវភាវៈ នៃខ្លួនជាធំទូលាយ ក្នុងភោគទាំងឡាយ។

ជនណា នៅក្នុងប្រទេសដ៏សមគួរ សេពគប់នូវមិត្តដ៏ប្រសើរ ប្រកបដោយ ការដម្កល់ទុក នូវខ្លួនដោយល្អ បានធ្វើបុណ្យទុក ក្នុងកាលមុន ធញ្ញជាត ទ្រព្យ យស សេចក្តីសរសើរ សុខ តែងឃុំគ្រងនូវជននុ៎ះ។

(សង្គហសូត្រ ទី២)

(២. សង្គហសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះ មាន ៤។ សង្គហវត្ថុ ៤ តើដូចម្តេចខ្លះ។ គឺការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ មាន ៤ យ៉ាងនេះឯង។

ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១ ដែលមានក្នុងលោកនេះ តាមសមគួរក្នុងធម៌ទាំងឡាយនោះ ៗ បើសង្គហវត្ថុទាំងឡាយនេះ មានក្នុងលោក ដូចជាភ្លៅរបស់រថ ដែលអាចវិលទៅបាន។ បើពួកសង្គហៈនេះ មិនមានទេ មាតាមិនគួរបាន នូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ បិតា ក៏មិនគួរបាន នូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ (ប្រុសស្រី) ឡើយ ព្រោះហេតុណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ តែងសម្លឹងមើល នូវសង្គហៈទាំងឡាយនេះ បណ្ឌិតទាំងឡាយនោះ ក៏បានដល់នូវភាព នៃខ្លួនជាធំផង ជាបុគ្គលគួរសរសើរផង។

(សីហសូត្រ ទី៣)

(៣. សីហសុត្តំ)

[៣៤] ម្នាលភិក្ខុទាំងឡាយ វេលាថ្ងៃរសៀល សត្វសីហៈ ជាស្តេចម្រឹគ រមែងចេញអំពីដំណេក លុះចេញអំពីដំណេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទិសទាំង ៤ ជុំវិញរួច ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបដើរចេញទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណា ឮសំឡេងសត្វសីហៈ ជាស្តេចម្រឹគ កំពុងបន្លឺ ពួកសត្វតិរច្ឆាននោះ ក៏ភិតភ័យ សង្វេគ ញ័រចំប្រប់រាល់គ្នា ពួកសត្វនៅក្នុងរូង រមែងស្ទុះចូលទៅកាន់រូង ពួកសត្វអាស្រ័យនៅនឹងទឹក ក៏ស្ទុះទៅរកទឹក ពួកសត្វអាស្រ័យនៅក្នុងព្រៃ ក៏ចូលព្រៃ ពួកសត្វបក្សីហើរទៅឯអាកាស។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណា របស់ស្តេច ដែលគេចងដោយចំណងព្រ័ត្រដ៏មាំ ក្នុងស្រុក និគម និងរាជធានីទាំងឡាយ ក៏ពួកដំរីទាំងនោះ ស្ទុះផ្តាច់ចំណងទាំងអំបាលនោះហើយ ភិតភ័យរាកនោម រាកអាចម៍ បោលប្រាសទៅខាងណេះខ្លះ ខាងណោះខ្លះ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចនៃម្រឹគ មានឫទ្ធិច្រើនយ៉ាងនេះ មានយសសក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងពួកសត្វតិរច្ឆាន មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ កាលណាព្រះតថាគត បានត្រាស់ឡើង ក្នុងលោក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលដទៃប្រៀបផ្ទឹមមិនបាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់សំដែងធម៌ថា សក្កាយ ដូច្នេះ ការកើតនៃសក្កាយ ដូច្នេះ ការរលត់នៃសក្កាយ ដូច្នេះ បដិបទា ដំណើរទៅកាន់ទីរលត់ នៃសក្កាយ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាណា ដែលមានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ឋិតនៅលើវិមានទាំងឡាយដ៏ខ្ពស់ អស់កាលយូរ ពួកទេវតាទាំងនោះ បានស្តាប់នូវធម៌ទេសនា របស់ព្រះតថាគត ហើយច្រើនតែភិតភ័យ សង្វេគ ញ័រចំប្រប់គ្រប់គ្នាថា ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀងទេតើ តែពួកយើងសំគាល់ថា ទៀង ម្នាលអ្នកដ៏ចំរើន ពួកយើងមិនមាំមួនទេតើ តែពួកយើងសំគាល់ថា មាំមួន ម្នាលអ្នកដ៏ចំរើន ពួកយើងមិនឋិតថេរទេតើ តែពួកយើងសំគាល់ថា ឋិតថេរ ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀង មិនមាំមួន មិនឋិតថេរទេ (ព្រោះ) រាប់បញ្ចូលក្នុងសក្កាយ គឺខន្ធទាំង ៥ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានយសស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងសត្វលោក ព្រមទាំងទេវលោក ក៏មានឧបមេយ្យយ៉ាងនោះដែរ។

កាលព្រះពុទ្ធ បានត្រាស់ដឹងហើយ ទ្រង់ធ្វើធម្មចក្រ ឲ្យប្រព្រឹត្តទៅ ដល់សត្វលោក ព្រមទាំងទេវលោក ជាសាស្តា មិនមានបុគ្គលដទៃ ប្រៀបផ្ទឹមស្មើបាន ទ្រង់សំដែង នូវសក្កាយផង នូវសេចក្តីរលត់ទៅ នៃសក្កាយផង នូវហេតុជាទីកើតឡើង នៃសក្កាយផង នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរលត់ទុក្ខផង ពួកទេវតា ដែលមានអាយុវែង មានសម្បុរល្អ មានយសស័ក្តិ ដែលមិនទាន់ផុតអំពីសក្កាយ លុះឮព្រះពុទ្ធដីកា របស់ព្រះអរហន្ត ជាតាទិបុគ្គល ដែលរួចស្រឡះ (ចាកអកុសលធម៌) ហើយ ក៏ភិតភ័យ ដល់នូវសេចក្តីតក់ស្លុតថា ពួកយើងមិនទៀងទេតើ ដូចពួកម្រឹគដទៃខ្លាចសីហៈ។

(អគ្គប្បសាទសូត្រ ទី៤)

(៤. អគ្គប្បសាទសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លាដ៏ប្រសើរ) នេះ មាន ៤។ អគ្គប្បសាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ដែលឥតជើងក្តី មានជើង ២ ក្តី មានជើង ៤ ក្តី មានជើងច្រើនក្តី មានរូបក្តី គ្មានរូបក្តី មានសញ្ញាក្តី គ្មានសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរលើស ជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកសត្វទាំងនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងបុគ្គលប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ពួកសង្ខតធម៌ ធម៌ដែលបច្ច័យតាក់តែងទាំងប៉ុន្មាន មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ប្រាកដជាប្រសើរជាងពួកសង្ខតធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លា ក្នុងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ជាសង្ខតធម៌ក្តី អសង្ខតធម៌ក្តី វិរាគធម៌ ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ ព្រោះថា វិរាគធម៌នេះ ជាធម៌សម្រាប់បន្ទោបង់ នូវសេចក្តីស្រវឹង ជាធម៌កំចាត់បង់ នូវសេចក្តីស្រេកឃ្លាន ជាធម៌អាចដកនូវសេចក្តីអាល័យ ជាធម៌ផ្តាច់បង់នូវវដ្តៈ ជាធម៌អស់ទៅនៃតណ្ហា ជាធម៌ប្រាសចាកតម្រេក ជាធម៌រលត់ ជាធម៌មិនមានគ្រឿងចាក់ស្រែះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវក នៃតថាគត បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ នេះជាសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ គួរទទួលរបស់ ដែលគេនាំមកបូជា គួរទទួល នូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះសង្ឃ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លា ដ៏ប្រសើរ) មាន ៤ យ៉ាងនេះឯង។

បុណ្យដ៏ប្រសើរផង អាយុដ៏ប្រសើរផង វណ្ណៈដ៏ប្រសើរផង យសដ៏ប្រសើរផង សេចក្តីសរសើរដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង កំឡាំងដ៏ប្រសើរផង រមែងចំរើន ដល់បុគ្គលទាំងឡាយ អ្នកជ្រះថ្លា ចំពោះវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល មិនមានបុគ្គលដទៃលើស ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់រាគៈ នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ជាស្រែបុណ្យ មិនមានស្រែដទៃលើស ឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ។ អ្នកប្រាជ្ញ ដែលមានចិត្តដម្កល់មាំ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ដល់បុគ្គលដ៏ប្រសើរ ទោះកើតជាទេវតាក្តី ជាមនុស្សក្តី តែងដល់នូវភាវៈ ដ៏ប្រសើរ រមែងរីករាយ។

(វស្សការសូត្រ ទី៥)

(៥. វស្សការសុត្តំ)

[៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំតែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ ថាជាមហាបុរស។ ប្រកបដោយធម៌ ទាំង ៤ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ជនជាពហុស្សូត ក្នុងលោកនេះ រមែងដឹងច្បាស់ នូវសេចក្តី នៃអ្នកចេះនោះ ៗ ១ នៃភាសិតនោះ ៗ ថា នេះជាសេចក្តី នៃភាសិតនេះ នេះជាសេចក្តីនៃភាសិតនេះ ១ ជនជាអ្នកមានស្មារតី តែងនឹករលឹករឿយ ៗ នូវកិច្ច ដែលខ្លួនធ្វើយូរហើយផង នូវពាក្យដែលពោលយូរហើយផង ១ កិច្ចការទាំងឡាយណា ជារបស់គ្រហស្ថ ក៏ជាអ្នកឈ្លាសវៃ ក្នុងកិច្ចការទាំងឡាយនោះ មិនខ្ជិល ប្រកបដោយបញ្ញា ដែលជាឧបាយ ក្នុងកិច្ចនោះថា គួរធ្វើ គួរចាត់ចែង ១។ បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំតែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន បើព្រះអង្គសព្វព្រះពុទ្ធហឫទ័យនឹងពាក្យខ្ញុំ សូមព្រះគោតមដ៏ចំរើន អនុមោទនាដល់ខ្ញុំចុះ បពិត្រព្រះគោតមដ៏ចំរើន បើព្រះអង្គត្រូវការហាមឃាត់ពាក្យរបស់ខ្ញុំ សូមព្រះគោតមដ៏ចំរើន ហាមឃាត់ពាក្យរបស់ខ្ញុំចុះ។ ម្នាលញ្រហ្មណ៍ តថាគតមិនទទួលអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលញ្រហ្មណ៍ តថាគត ក៏តែងបញ្ញត្ត នូវបុគ្គលដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ៤ ថាជាមហាបុរសដែរ។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលញ្រហ្មណ៍ បុគ្គលក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ បុគ្គលនោះ ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏ត្រិះរិះ នូវវិតក្កៈនោះបាន មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេច នូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ។ បុគ្គលជាអ្នកបានដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ជាអ្នកបានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ មិនខុសវេលាកំណត់ នូវ ឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ម្នាលញ្រហ្មណ៍ តថាគត មិនអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលញ្រហ្មណ៍ តថាគត តែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនដែលមានទេ ព្រោះថា ពាក្យដែលព្រះគោតមដ៏ចំរើន សំដែងហើយ នេះជាពាក្យសុភាសិត។ ខ្ញុំព្រះអង្គ សូមចាំទុក នូវព្រះគោតមដ៏ចំរើន ដែលប្រកបដោយធម៌ ទាំង ៤ នេះថា ព្រះគោតមដ៏ចំរើន ប្រតិបត្តិដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើនមែន ជនច្រើននាក់ បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ព្រះគោតមដ៏ចំរើន ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា តែងត្រិះរិះនូវវិតក្កៈនោះបាន មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ព្រះគោតមដ៏ចំរើន ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ព្រះគោតមដ៏ចំរើន បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងព្រះហឫទ័យ ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រះគោតមដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលញ្រហ្មណ៍ សំដីនាំឲ្យចង្អៀតចង្អល់ ដែលអ្នកនិយាយហើយទាំងប៉ុន្មាន តថាគត នឹងព្យាករ នូវសំដីនោះ ឲ្យអ្នកស្តាប់ ម្នាលញ្រហ្មណ៍ តថាគត ប្រតិបត្តិហើយ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដំកល់នៅក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ម្នាលញ្រហ្មណ៍ តថាគត ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ទើបត្រិះរិះ នូវវិតក្កៈនោះ មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ តថាគតប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះបាន មិនប្រាថ្នាសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ម្នាលញ្រហ្មណ៍ តថាគត ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ម្នាលញ្រហ្មណ៍ តថាគត បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នហើយ ម្នាលញ្រហ្មណ៍ តថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

បុគ្គលណាជាអ្នកដឹងនូវឧបាយជាគ្រឿងរួចអំពីអន្ទាក់ នៃមច្ចុមារ របស់ពួកសត្វទាំងពួង ប្រកាសនូវញេយ្យធម៌ ជាប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ ជនច្រើន បានឃើញ បានស្តាប់បុគ្គលណាហើយ ជ្រះថ្លា បុគ្គលណា ជាអ្នកឈ្លាសវៃ នូវមគ្គ និងមិនមែនមគ្គ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមានអាសវៈ ដឹងនូវសច្ចៈ ទាំង ៤ មានសរីរៈតាំងនៅ ក្នុងទីបំផុត តថាគត ហៅបុគ្គលនោះ ថាជាមហាបុរស។

(ទោណសូត្រ ទី៦)

(៦. ទោណសុត្តំ)

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរ។ ចំណែកទោណញ្រហ្មណ៍ ក៏ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ។ ទោណញ្រហ្មណ៍ ក៏បានឃើញកងចក្រទាំងឡាយមួយពាន់ ក្នុងស្នាមព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគ ដែលប្រកបដោយខ្នងកង់ និងដុំ បរិបូណ៌ដោយអាការគ្រប់យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើអស្ចារ្យណាស់ហ្ន៎ យីអើ មិនដែលមានទេ ស្នាមជើងទាំងពីរនេះ មិនដែលមានដល់មនុស្សធម្មតាទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់យាងបែរចេញពីផ្លូវ ហើយទ្រង់គង់ផ្គត់ព្រះភ្នែន ដម្កល់ព្រះកាយឲ្យត្រង់ តម្រង់ព្រះស្មារតីឲ្យនឹង ក្រោមម្លប់ឈើមួយ។ ឯទោណញ្រហ្មណ៍ ដើរទៅតាមស្នាមព្រះបាទ ព្រះដ៏មានព្រះភាគ ក៏បានឃើញព្រះដ៏មានព្រះភាគ គួរជាទីជ្រះថ្លា ជាទីរីករាយ មានព្រះឥន្រ្ទិយស្ងប់រម្ងាប់ មានព្រះហឫទ័យស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិ ដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្រ្ទិយរក្សាហើយ ជាបុគ្គលដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា លោកដ៏ចំរើន នឹងកើតជាទេវតា។ ព្រះអង្គតបថា ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាទេវតាទេ។ លោកដ៏ចំរើននឹងកើតជាគន្ធព្វ។ ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាគន្ធព្វទេ។ លោកដ៏ចំរើននឹងកើតជាយក្ខ។ ម្នាលញ្រហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ។ លោកដ៏ចំរើន នឹងកើតជាមនុស្សឬ។ ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាមនុស្សទេ។ ទោណញ្រហ្មណ៍ពោលថា កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាទេវតាឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាទេវតាទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាគន្ធព្វឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាគន្ធព្វទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាយក្ខឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាយក្ខទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាមនុស្សឬ លោកពោលថា ម្នាលញ្រហ្មណ៍ តថាគត នឹងមិនកើតជាមនុស្សទេ កាលបើដូច្នេះ តើលោកដ៏ចំរើន នឹងទៅកើតជាអ្វីទៅ។ ម្នាលញ្រហ្មណ៍ បើតថាគត កើតជាទេវតា ព្រោះថា តថាគត មិនបានលះបង់អាសវៈទាំងឡាយណា អាសវៈទាំងឡាយនោះ តថាគត បានលះបង់ស្រឡះហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត ម្នាលញ្រហ្មណ៍ បើតថាគត កើតជាគន្ធព្វ ព្រោះតថាគត មិនទាន់បានលះបង់ នូវអាសវៈទាំងឡាយណា … បើកើតជាយក្ខ … បើកើតជាមនុស្ស អាសវៈទាំងឡាយនោះ តថាគត បានលះបង់ស្រឡះហើយ បានគាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលញ្រហ្មណ៍ ផ្កាព្រលឹតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី កើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះផុតពីទឹក មិនជាប់ដោយទឹកវិញទេ យ៉ាងណាមិញ ម្នាលញ្រហ្មណ៍ តថាគត ដែលកើតឡើងក្នុងលោក ចំរើនឡើងក្នុងលោក រមែងគ្របសង្កត់នូវលោក មិនបានជាប់ចំពាក់ ដោយលោកវិញ ក៏យ៉ាងនោះដែរ ម្នាលញ្រហ្មណ៍ អ្នកចូរចំណាំតថាគតថា ព្រះពុទ្ធដូច្នេះចុះ។

តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធព្វ ត្រាច់ទៅតាមអាកាស ព្រោះអាសវៈណាក្តី គប្បីដល់នូវភាព នៃខ្លួនជាយក្ខ និងជួបប្រទះនូវភាព នៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះ របស់តថាគតអស់ហើយ បានកំចាត់បង់ហើយ ធ្វើឲ្យរបូតចំណងហើយ។ ផ្កាឈូកស ដុះឡើងផុត (ពីទឹក) មិនជាប់ដោយទឹកយ៉ាងណា តថាគត មិនជាប់ដោយលោកយ៉ាងនោះ ម្នាលញ្រហ្មណ៍ ព្រោះហេតុនោះ តថាគត ជាព្រះពុទ្ធ។

(អបរិហានិយសូត្រ ទី៧)

(៧. អបរិហានិយសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាង មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលបរិបូណ៌ ១ ជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណក្នុងភោជន ១ ជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ អ្នកឃើញនូវភ័យ ក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីលបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុ ហើយមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុ មិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនបានសង្រួម នូវមនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រិ្ទយទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ នៃបញ្ញា និងបរិភោគនូវអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីឲ្យផូរផង់សម្បុរក៏ទេ ដើម្បីនឹងឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះ ដល់ព្រហ្មចារ្យប៉ុណ្ណោះឯង អាត្មាអញ នឹងឃាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅចង្ក្រម ក្នុងវេលាថ្ងៃ សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ ចូលទៅចង្ក្រម អស់បឋមយាមនៃរាត្រី សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ សម្រេចសីហសេយ្យា ដោយបង្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញា ដល់បច្ឆិមយាមនៃរាត្រី ក្រោកឡើង ចូលទៅចង្រ្កម សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ៤ នេះ មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

ភិក្ខុឋិតនៅក្នុងសីលផង សង្រួមក្នុងឥន្រិ្ទយទាំងឡាយផង ដឹងប្រមាណ ក្នុងភោជនផង ប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹកផង កាលភិក្ខុប្រកបដោយសេចក្តីព្យាយាម មិនខ្ជិលច្រអូស ទាំងថ្ងៃទាំងយប់ ចំរើននូវកុសលធម៌ ដើម្បីដល់នូវព្រះនិញ្វន ជាទីក្សេម ចាកយោគៈ យ៉ាងនេះ ភិក្ខុដែលមានសេចក្តីត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ មិនគួរដើម្បីសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

(បតិលីនសូត្រ ទី៨)

(៨. បតិលីនសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា អ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ ១ មានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ ១ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបច្ចេកសច្ចៈដ៏ច្រើនណា របស់ពួកសមណៈ និងញ្រហ្មណ៍ដ៏ច្រើន ដោយយល់ថា លោកទៀង ដូច្នេះក៏មាន លោកមិនទៀង ដូច្នេះក៏មាន លោកមានទីបំផុត ដូច្នេះក៏មាន លោកមិនមានទីបំផុត ដូច្នេះក៏មាន ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក៏មាន ជីវិតដទៃ សរីរៈដទៃ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក៏មាន ពួកបច្ចេកសច្ចៈ ទាំងអស់នោះ ភិក្ខុក្នុងសាសនានេះ បន្ទោបង់ហើយ កំចាត់បង់ហើយ លះបង់ហើយ ខ្ជាក់ចោលហើយ ច្បូតចេញហើយ បណ្តេញបង់ហើយ បំបាត់បង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ (ដោយអនាគាមិមគ្គ) ការស្វែងរកភព ភិក្ខុលះបង់ហើយ (ដោយអរហត្តមគ្គ) ការស្វែងរកព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ (ដោយអរហត្តមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានកាយសង្ខារ ស្ងប់រម្ងាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ដល់នូវចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា និងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា មានបច្ចេកសច្ចៈបន្ទោបង់ហើយ មានការស្វែងរក លះបង់ហើយ ដោយបរិបូណ៌ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ យ៉ាងនេះឯង។

ការប្រកាន់ថា ពិតដូច្នេះ ៗ នឹងជាទីតាំងនៃទិដ្ឋិ ភិក្ខុដកចោលហើយ ការស្វែងរក គឺការស្វែងរកកាម ស្វែងរកភព ព្រមទាំងការស្វែងរកព្រហ្មចារ្យ និងទីតាំងនៃទិដ្ឋិ ភិក្ខុអ្នកប្រាសចាកតម្រេក ក្នុងរាគៈទាំងពួង អ្នករួចផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហា បានលះបង់ហើយ បានដកចោលហើយ ភិក្ខុនោះឯង ជាអ្នកស្ងប់រម្ងាប់ មានស្មារតី មានកាយ និងចិត្តស្ងប់រម្ងាប់ មិនចាញ់កិលេស ជាអ្នកដឹងនូវសច្ចៈ ព្រោះស្គាល់ច្បាស់ នូវមានះ តថាគតហៅថា ជាអ្នកពួនសម្ងំ។

(ខជ្ជយសូត្រ ទី៩)

(៩. ឧជ្ជយសុត្តំ)

[៤០] គ្រានោះ ឧជ្ជយញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជារបស់យើង ដែរឬទេ។ ម្នាលញ្រហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាលញ្រហ្មណ៍ តែតថាគត មិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលញ្រហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏ដល់នូវសេចក្តីស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគតមិនសរសើរការបូជា ប្រកបដោយសេចក្តីអន្តរាយ យ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះឡើយ។ ម្នាលញ្រហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏មិនស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគតតែងសរសើរការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជា តាមលំអានត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងពេញចិត្តការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។

ការបូជាធំ មានកិច្ចដែលត្រូវធ្វើច្រើន គឺការសម្លាប់សេះ សម្លាប់បុរស ការទុកដាក់មនុស្ស ដោយប្រពៃ ការពោលពាក្យជាទីស្រឡាញ់ ផ្ទះមិនបាច់មានគន្លឹះទ្វារ ការបូជាធំទាំងនោះ មិនមានផលឡើយ គេសម្លាប់ពពែ និងចៀមក្តី គោទាំងឡាយក្តី ពួកសត្វផ្សេង ៗ ក្តី ព្រោះការបូជាណា ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) តែងមិននិយម នូវការបូជានោះទេ។ ពួកជនបូជាសព្វកាល នូវយញ្ញណា ដែលមិនប្រកបដោយសេចក្តីអន្តរាយ តាមលំអាននៃត្រកូលក្តី គេមិនសម្លាប់ពួកពពែ និងចៀម ឬពួកគោ ឬក៏ពួកសត្វផ្សេង ៗ ព្រោះការបូជាណាក្តី ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) ទើបពេញចិត្តការបូជានោះ ៗ។ អ្នកប្រាជ្ញ ត្រូវបូជាយ៉ាងនេះ ការបូជានុ៎ះ មានផលច្រើន។ ក៏កាលបុគ្គលបូជាយ៉ាងនេះ ទើបប្រសើរ មិនមានបាប ការបូជា ឈ្មោះថា មានផលច្រើនផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។

(ឧទាយីសូត្រ ទី១០)

(១០. ឧទាយីសុត្តំ)

[៤១] គ្រានោះ ឧទាយិញ្រហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះឧទាយិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជារបស់យើង ដែរឬទេ។ ម្នាលញ្រហ្មណ៍ តថាគត មិនសរសើរការបូជាទាំងអស់ទេ ម្នាលញ្រហ្មណ៍ ប៉ុន្តែតថាគត មិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលញ្រហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត មិនសរសើរការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិននិយមការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះឡើយ។ ម្នាលញ្រហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ មិនស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលញ្រហ្មណ៍ តថាគត តែងសរសើរ ការបូជា មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាមលំអាននៃត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលញ្រហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងចូលទៅជិតការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។

យញ្ញដែលគេតាក់តែងហើយ មិនប្រកបដោយសេចក្តីអន្តរាយ គួរតាមកាល ពួកព្រហ្មចារីបុគ្គល ជាអ្នកសង្រួម តែងចូលទៅជិត នូវយញ្ញប្រាកដដូច្នោះ ព្រះពុទ្ធទាំងឡាយ មានកិលេសដូចជាគ្រឿងប្រក់បើកហើយ ក្នុងលោក បានប្រព្រឹត្តកន្លង នូវវដ្តត្រកូល និងវដ្តគតិ ព្រះអង្គឆ្លៀវឆ្លាសក្នុងបុណ្យ ទ្រង់សរសើរនូវការបូជានុ៎ះ បុគ្គលមានចិត្តជ្រះថ្លា ធ្វើនូវគ្រឿងបូជា ដ៏សមគួរ ទោះក្នុងយញ្ញ គឺបកតិទានក្តី ទោះក្នុងការបូជា ដោយសទ្ធា គឺមតកទានក្តី ហើយបូជា ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ជាស្រែបុណ្យដ៏ល្អ យញ្ញណា ដែលជនធ្វើហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយ (យញ្ញនោះ) ឈ្មោះថា បូជាហើយ ដោយប្រពៃ បូជាហើយ ដោយល្អ សម្រេចហើយ ដោយស្រួល ឈ្មោះថា យញ្ញមានផល ច្រើនផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។ បណ្ឌិត ជាមេធាវី មានសទ្ធា មានចិត្តលះ (ទ្រព្យ) បូជាយ៉ាងនេះហើយ រមែងចូលទៅកាន់លោកជាសុខ មិនមានការបៀតបៀន។

ចប់ ចក្កវគ្គ ទី៤។

ឧទ្ទាននៃចក្កវគ្គនោះគឺ

និយាយអំពីចក្កធម៌ ១ សង្គហវត្ថុ ១ ប្រៀបដោយសត្វសីហៈ ១ ការជ្រះថ្លា ១ វស្សការញ្រហ្មណ៍ ១ ជាគំរប់ ៥ ទោណញ្រហ្មណ៍ ១ ការមិនសាបសូន្យ (ចាកព្រះនិញ្វន) ១ ភិក្ខុមានការស្ងប់ស្ងាត់ ១ ឧជ្ជយញ្រហ្មណ៍ ១ ឧទាយិញ្រហ្មណ៍ ១ រួមទាំងអស់ត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann