km:tipitaka:sut:an:04:sut.an.04.v05

រោហិតស្សវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v05 បាលី cs-km: sut.an.04.v05 អដ្ឋកថា: sut.an.04.v05_att PTS: ?

រោហិតស្សវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. រោហិតស្សវគ្គោ)

(សមាធិភាវនាសូត្រ ទី១)

(១. សមាធិភាវនាសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា1) នេះមាន ៤យ៉ាង។ សមាធិភាវនា ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ2) ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ ជាអកុសលទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលទៅកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិ និងសម្បជញ្ញៈផង ទទួលយកនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់ នូវតតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តីសំគាល់ក្នុងពន្លឺ) អធិដ្ឋាន នូវទិវាសញ្ញា (សេចក្តីសំគាល់ក្នុងវេលាថ្ងៃ) គឺថា ក្នុងវេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ។ ភិក្ខុមានចិត្តស្ងប់ស្ងាត់ មិនមានកិលេស ជាគ្រឿងរួបរឹត តែងចំរើនចិត្ត ដែលប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ របស់ភិក្ខុក្នុងសាសនានេះ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ សញ្ញា… ប្រាកដ វិតក្កៈទាំងឡាយ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវទីកើត និងទីរលត់ ក្នុងឧបាទានក្ខន្ធទាំង ៥ ថា រូបដូច្នេះ ការកើតឡើង នៃរូបដូច្នេះ សេចក្តីអស់ទៅ នៃរូបដូច្នេះ វេទនាដូច្នេះ ការកើតឡើង នៃវេទនាដូច្នេះ សេចក្តីអស់ទៅ នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ការកើតឡើង នៃសញ្ញាដូច្នេះ សេចក្តីអស់ទៅ នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ការកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីអស់ទៅ នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា មាន ៤ យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ តថាគតបានពោលហើយ ក្នុងបុណ្ណប្បញ្ហា ត្រង់បារាយនវគ្គ ព្រោះសំដៅយកសមាធិភាវនានុ៎ះ។

បុគ្គលបានពិចារណា នូវសភាពធម៌ដ៏ថោកទាប និងឧត្តម ក្នុងលោក សេចក្តីរំភើបចិត្តបន្តិចបន្តួច របស់បុគ្គលណា មិនមានក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នករម្ងាប់ (នូវសឹកសត្រូវ គឺកិលេស) មិនមានផ្សែង គឺសេចក្តីក្រោធ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ឈ្មោះថា ឆ្លងនូវជាតិ និងជរាបាន។

(បញ្ហព្យាករណសូត្រ ទី២)

(២. បញ្ហព្យាករណសុត្តំ)

[៤៣] ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា) នេះ មាន ៤ យ៉ាង។ បញ្ហាព្យាករណ៍ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយទៅតែម្តង ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយចែករលែកឲ្យពិស្តារ ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរបញ្ឈប់ទុក ១។ ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ មាន ៤ យ៉ាងនេះឯង។

បញ្ហាទី ១ ជាពាក្យគួរឆ្លើយទៅតែម្តង បញ្ហាដទៃ (ទី២) ជាពាក្យគួរឆ្លើយចែករលែកឲ្យពិស្តារ បញ្ហាទី ៣ ជា ពាក្យគួរសួរតបទៅវិញ ហើយទើបឆ្លើយ ចំណែកបញ្ហា ទី៤ ជាពាក្យគួរបញ្ឈប់ទុក។ ភិក្ខុណា ដឹងនូវបញ្ហាព្យាករណ៍ទាំងនោះ ដ៏សមគួរតាមធម៌ ក្នុងទីនោះ ៗ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវភិក្ខុបែបនោះ ថាជាអ្នកឈ្លាសវៃ ក្នុងបញ្ហាទាំង ៤ យ៉ាង។ មួយទៀត ភិក្ខុដែលគេបៀតបៀនបានដោយកម្រ គ្របសង្កត់បានដោយកម្រ មានធម៌ដ៏ជ្រាលជ្រៅ ដែលគេកំចាត់បង់បានដោយកម្រ ជាអ្នកឈ្លាសវៃ ក្នុងប្រយោជន៍ទាំងពីរ គឺសេចក្តីចំរើន ១ សេចក្តីមិនចំរើន ១។ ភិក្ខុជាបណ្ឌិត តែងវៀរបង់ នូវសេចក្តីមិនចំរើន កាន់យកតែសេចក្តីចំរើន ទើបហៅថាជាអ្នកប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់ ព្រោះដឹងនូវប្រយោជន៍ (ទាំងពីរប្រការនោះ)។

(បឋមកោធគរុសូត្រ ទី៣)

(៣. បឋមកោធគរុសុត្តំ)

[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។

ភិក្ខុណា ជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចំរើន ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឡើយ។ ភិក្ខុទាំងឡាយណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុ ទាំងនោះ រមែងចំរើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយ។

(ទុតិយកោធគរុសូត្រ ទី៤)

(៤. ទុតិយកោធគរុសុត្តំ)

[៤៥] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង។ អសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ព្រះសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង។ ព្រះសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្ម មាន ៤ យ៉ាងនេះឯង។

ភិក្ខុជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ ក្នុងលាភ ក្នុងសក្ការៈ រមែងមិនដុះដាលឡើង ក្នុងព្រះសទ្ធម្មបានឡើយ ដូចជាពូជ ដែលគេព្រោះក្នុងស្រែមិនល្អ។ ចំណែកភិក្ខុទាំងឡាយណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុទាំងនោះឯង តែងចំរើនក្នុងព្រះធម៌ ដូចជាពូជ តែងដុះឡើង ព្រោះអាស្រ័យទឹកដូច្នោះ។

(រោហិតស្សសូត្រ ទី៥)

(៥. រោហិតស្សសុត្តំ)

[៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង រោហិតស្សទេវបុត្ត កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់នូវទីបំផុតនៃលោក (នោះ) ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ រោហិតស្សទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែក ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសីឈ្មោះ រោហិតស្សៈ ជាបុត្ររបស់ញ្រនព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងទទឹងស្រមោលដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅ ដោយជើង មានសភាពយ៉ាងនេះ បានកើត (ដល់ខ្ញុំព្រះអង្គ) ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយអំពី) សមុទ្រទិសខាង3) កើត។ បពិត្រ ព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាងនេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញ នឹងដល់នូវទីបំផុតនៃលោក ដោយការដើរទៅ (ដោយជើង) បាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពាហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និងបន្ទោបង់នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់ នូវទីបំផុតនៃលោកបានឡើយ ធ្វើមរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោល នូវកិរិយាធ្វើនូវទីបំផុត នៃទុក្ខឡើយ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោក គឺទុក្ខផង លោកសមុទយៈផង លោកនិរោធផង លោក និរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។

ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាប ច្បាស់នូវទីបំផុត នៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោកខាងមុខឡើយ។

(ទុតិយរោហិតស្សសូត្រ ទី៦)

(៦. ទុតិយរោហិតស្សសុត្តំ)

[៤៧] លុះកន្លងរាត្រីនោះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ រោហិតស្សទេវបុត្ត កាលដែលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះរោហិតស្សទេវបុត្ត អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់ នូវទីបំផុតនៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ម្នាលភិក្ខុទាំងឡាយ កាល រោហិតស្សទេវបុត្ត ពោលនឹងតថាគត យ៉ាងនេះហើយ តថាគតបានពោល ទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតពោល យ៉ាងនេះហើយ រោហិតស្សទេវបុត្ត បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែល ព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសី ឈ្មោះរោហិតស្សៈ ជាបុត្តរបស់ញ្រនព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងទទឹងស្រមោលដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅដោយជើង មានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយ) អំពីសមុទ្រទិសខាងកើត។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាងនេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញ និងដល់នូវទីបំផុតនៃលោក ដោយកិរិយាដើរទៅ (ដោយជើង) បាន។ បពិត្រ ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពា ហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និងបន្ទោបង់ នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ទាំងដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់នូវទីបំផុត នៃលោកបានឡើយ ក៏ធ្វើមរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលរោហិតស្សទេវបុត្ត ពោលយ៉ាងនេះហើយ តថាគត បានពោលទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខឡើយ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោកផង លោកសមុទយៈផង លោកនិរោធផង លោកនិរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។

ទីបំផុតនៃលោក បុគ្គលមិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាបច្បាស់ នូវទីបំផុតនៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោកខាងមុខឡើយ។

(សុវិទូរសូត្រ ទី៧)

(៧. សុវិទូរសុត្តំ)

[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ១ ម្នាលភិក្ខុទាំងឡាយ ត្រើយសមុទ្រខាងអាយ និងត្រើយសមុទ្រខាងនាយ នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យរះឡើងអំពីទិសណា អស្តង្គតទៅក្នុងទិសណា នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៤។ ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយមាន ៤ យ៉ាងនេះឯង។

មេឃ និងផែនដី រមែងឆ្ងាយអំពីគ្នា ត្រើយសមុទ្រនោះ លោកពោលថា ឆ្ងាយអំពីគ្នា ព្រះអាទិត្យជាអ្នកធ្វើនូវពន្លឺ រះឡើង អំពីទិសណា អស្តង្គតទៅវិញ ក្នុងទិសណា រមែងឆ្ងាយអំពីគ្នា បណ្ឌិតទាំងឡាយ ពោលថា ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស ឆ្ងាយក្រៃលែងឆ្ងាយជាងនោះទៅទៀត។ សមាគមរបស់ពួកសប្បុរស មិនបានញ្រត់ប្រាសចាកគ្នា សមាគមរបស់ ពួកសប្បុរស ឋិតនៅដរាបណា ធម៌របស់ពួកសប្បុរស ក៏មាននៅដរាបនោះ។ សមាគមរបស់ពួកអសប្បុរស តែងញ្រត់ប្រាសទៅឆាប់ ព្រោះហេតុនោះ ធម៌ទាំងឡាយ របស់ពួកសប្បុរស ទើបឈ្មោះថា ឆ្ងាយអំពីធម៌របស់ពួកអសប្បុរស។

(វិសាខសូត្រ ទី៨)

(៨. វិសាខសុត្តំ)

[៤៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះវិសាខបញ្ចាលីបុត្រ (វិសាខភិក្ខុ កូននៃនាងញ្រហ្មណីឈ្មោះបញ្ចាលី) ដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់រោងឆាន់ លុះចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ បាន ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ នរណាហ្ន៎ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវិសាខបញ្ចាលីបុត្តដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់ រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ទៅនឹងព្រះវិសាខបញ្ចាលីបុត្ត ដ៏មានអាយុថា ម្នាលវិសាខៈ ប្រពៃណាស់ហើយ ម្នាលវិសាខៈ ប្រពៃណាស់ហើយ អ្នកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។

បណ្ឌិតដែលនៅច្រឡំដោយពួកបុគ្គលពាល កាលបើមិនទាន់និយាយទេ ជនទាំងឡាយ ក៏មិនស្គាល់ថា (ជាបណ្ឌិតឡើយ) លុះតែបណ្ឌិតបាននិយាយ ឬសំដែង នូវចំណែកនៃព្រះនិញ្វន ទើបជនទាំងឡាយ ស្គាល់បាន។ បណ្ឌិតគួរសំដែង គួរបំភ្លឺ គួរលើកដំកើង នូវព្រះនព្វលោកុត្តរធម៌ ដែលជាទង់ជ័យ របស់ពួកឥសី ពួកឥសី (គឺអរិយបុគ្គល មានព្រះពុទ្ធ ជាដើម) មានសុភាសិតជាទង់ជ័យ ព្រោះថា ព្រះនព្វលោកុត្តរធម៌ ជាទង់ជ័យ របស់ពួកឥសី។

(វិបល្លាសសូត្រ ទី៩)

(៩. វិបល្លាសសុត្តំ)

[៥០] ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសទាំងឡាយនេះ មាន ៤ យ៉ាង។ វិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ជាសុខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស ថា ស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាសនេះ មាន ៤ យ៉ាង។ មិនវិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាសថា ជាទុក្ខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស មាន ៤ យ៉ាងនេះឯង។

សត្វទាំងឡាយ ដែលមិច្ឆាទិដ្ឋិបៀតបៀនហើយ ជាអ្នកមានចិត្តរវើរវាយ មានសញ្ញាទៅប្រាសហើយ រមែងមានសេចក្តីសំគាល់ថា ទៀង ក្នុងរបស់ដែលមិនទៀង មានសេចក្តីសំគាល់ថា សុខ ក្នុងរបស់ដែលជាទុក្ខ មានសេចក្តីសំគាល់ថា ខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន មានសេចក្តីសំគាល់ថា ល្អ ក្នុងរបស់ដែលមិនល្អ ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រកបក្នុងយោគៈរបស់មារ មិនដល់នូវព្រះនិញ្វន ជាទីក្សេមចាកយោគៈបានឡើយ សត្វទាំងឡាយ តែងមានប្រក្រតីដល់នូវជាតិ និងមរណៈ រមែងទៅកាន់សង្សារវដ្ត លុះព្រះពុទ្ធទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកវេលាណា ក៏ទ្រង់ធ្វើនូវពន្លឺ។ ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងនូវព្រះធម៌ គឺសច្ចៈ ៤ នេះ ដែលជាធម៌ប្រព្រឹត្តទៅកាន់ទីរំលត់ទុក្ខ ពួកសត្វ ដែលប្រកបដោយប្រាជ្ញា លុះបានស្តាប់ព្រះធម៌ របស់ព្រះពុទ្ធទាំងនោះហើយ ក៏ត្រឡប់ងាកចិត្តរបស់ខ្លួន បានឃើញនូវរបស់ ដែលមិនទៀងថា មិនទៀង ឃើញនូវរបស់ដែលជាទុក្ខ ថាជាទុក្ខ បានឃើញថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន បានឃើញរបស់ ដែលមិនល្អ ថា មិនល្អ (ជនទាំងនោះ) ជាអ្នកសមាទាន នូវសម្មាទិដ្ឋិ បានរួចចាកទុក្ខទាំងពួង។

(ឧបក្កិលេសសូត្រ ទី១០)

(១០. ឧបក្កិលេសសុត្តំ)

[៥១] ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មងដោយឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនេះ មាន ៤ យ៉ាង។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺ ពពក ១។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ គឺទឹកសន្សើម ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺផ្សែង ឬធូលី ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យសៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺ រាហុអសុរិន្ទ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយពួកមួយ សៅហ្មង ព្រោះឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសទាំងឡាយ របស់ពួកសមណញ្រហ្មណ៍ មាន ៤ យ៉ាងនោះដែរ។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយពួកមួយ ផឹកនូវសុរា និងមេរ័យ មិនវៀរចាកការផឹកនូវសុរា និងមេរ័យឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយ ពួក មួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះជាឧបក្កិលេស របស់ពួកសមណញ្រហ្មណ៍ទី ១។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយ ពួកមួយ សេពនូវមេថុនធម្ម មិនវៀរចាកការសេពមេថុនធម្មឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ ពួកមួយ សៅហ្មងដោយឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះជាឧបក្កិលេស របស់សមណញ្រហ្មណ៍ទី ២។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយ ពួកមួយ ត្រេកអរនូវមាស និងប្រាក់ មិនវៀរចាកការទទួលនូវមាស និងប្រាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ទាំងឡាយ ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះជាឧបក្កិលេស របស់ពួកសមណញ្រហ្មណ៍ទី ៣។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ ពួកមួយ ចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះ ជាឧបក្កិលេស របស់ពួកសមណញ្រហ្មណ៍ ទី៤។ ម្នាលភិក្ខុទាំងឡាយ សមណញ្រហ្មណ៍ ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសទាំងឡាយណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ពួកសមណញ្រហ្មណ៍ មាន ៤ យ៉ាងនេះឯង។

សមណញ្រហ្មណ៍ ពួកមួយ ជាអ្នកសៅហ្មង ដោយរាគៈ និងទោសៈ ត្រូវអវិជ្ជារួបរឹតហើយ មានប្រក្រតីរីករាយ ចំពោះរូបជាទីស្រឡាញ់ ជាជនល្ងង់ រមែងផឹកនូវសុរា និងមេរ័យ សេពនូវមេថុនធម្ម ត្រេកអរចំពោះប្រាក់ និងមាស។ សមណញ្រហ្មណ៍ ពួកមួយ ចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ សមណញ្រហ្មណ៍ ពួកមួយ មិនស្អាត ប្រកបដោយធូលី រមែងមិនក្តៅ មិនភ្លឺ ព្រោះឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងនុ៎ះ ព្រះសម្ពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ បានត្រាស់ទុកហើយ ពួកសត្វត្រូវ សេចក្តីងងឹត គ្របសង្កត់ហើយ ជាខ្ញុំនៃតណ្ហា ប្រព្រឹត្តទៅ តាមខ្សែនៃតណ្ហា ញុំាងអត្តភាពដ៏ក្លៀវក្លា ឲ្យចំរើនឡើង តែងកាន់យកនូវភពថ្មី។

ចប់ រោហិតស្សវគ្គ ទី៥។

ឧទ្ទាននៃរោហិតស្សវគ្គនោះគឺ

និយាយអំពីសមាធិភាវនា ១ អំពីបញ្ហាព្យាករណ៍ ១ អំពីបុគ្គលធ្ងន់ ក្នុងសេចក្តីក្រោធ មាន ២ លើក អំពីរោហិតស្សទេវបុត្តដទៃ ២ លើកទៀត អំពីរបស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ១ អំពីបញ្ចាលីបុត្ត ឈ្មោះវិសាខៈ ១ អំពីវិបល្លាស ១ អំពីឧបក្កិលេស ១ រួមត្រូវជា ១០។

ចប់ បណ្ណាសក ទី១។

 

លេខយោង

1) , 2)
ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ។
3)
សមុទ្រទិសខាងលិច ឆ្ងាយពីសមុទ្រទិសខាងកើត យ៉ាងណា កាលឈានជំហានដើរទៅក្នុងទីឆ្ងាយ ក៏យ៉ាងនុ៎ះដែរ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann