km:tipitaka:sut:an:04:sut.an.04.v06

បុញ្ញាភិសន្ទវគ្គ ទី១ (៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v06 បាលី cs-km: sut.an.04.v06 អដ្ឋកថា: sut.an.04.v06_att PTS: ?

បុញ្ញាភិសន្ទវគ្គ ទី១ (៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៦) ១. បុញ្ញាភិសន្ទវគ្គោ)

(បឋមបុញ្ញាភិសន្ទសូត្រ ទី១)

(១. បឋមបុញ្ញាភិសន្ទសុត្តំ)

[៥២] ម្នាលភិក្ខុទាំងឡាយ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាតីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល មាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់ចីវរ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល របស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគបិណ្ឌបាត របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់សេនាសនៈ របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសលរបស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ៤ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលបើអរិយសាវក ដែលប្រកបដោយអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ នេះហើយ បុគ្គលមិនងាយនឹងរាប់នូវប្រមាណនៃបុណ្យថា អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយរាប់នូវប្រមាណនៃទឹក ក្នុងមហាសមុទ្រថា ទឹកមានប៉ុណ្ណេះអាឡ្ហក ទឹកមានប៉ុណ្ណេះរយអាឡ្ហក ទឹកមានប៉ុណ្ណេះពាន់អាឡ្ហក ទឹកមានប៉ុណ្ណេះសែនអាឡ្ហកបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា គំនរទឹកធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដែលប្រកបដោយអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ យ៉ាងនេះឯងហើយ បុគ្គលមិនងាយនឹងរាប់ នូវប្រមាណនៃបុណ្យថា អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់ ក៏យ៉ាងនោះដែរ។

ទន្លេទាំងឡាយ ដែលមានពួកត្រីនៅអាស្រ័យ ច្រើនតែហូរចុះទៅកាន់សាគរ មានអន្លង់ទឹកធំ ដែលបុគ្គលរាប់មិនបាន ជាស្រះធំ ប្រកបដោយអារម្មណ៍គួរស្ញប់ស្ញែងដ៏ច្រើន ជាទីកើត នៃរតនវត្ថុទាំងឡាយ យ៉ាងណាមិញ។ ធារនៃបុណ្យ រមែងប្រព្រឹត្ត ហូរទៅកាន់នរជន ដែលជាបណ្ឌិត អ្នកឲ្យនូវបាយ ទឹក និងសំពត់ អ្នកឲ្យនូវទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាទន្លេស្ទឹង ដែលហូរទៅកាន់សាគរ យ៉ាងនោះដែរ។

(ទុតិយបុញ្ញាភិសន្ទសូត្រ ទី២)

(២. ទុតិយបុញ្ញាភិសន្ទសុត្តំ)

[៥៣] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល នាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធដូច្នេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជា្របច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសលទី ១ ដែលនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល ជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទី ២ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិញ្វន ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ព្រះសង្ឃអង្គណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៣ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសីលទាំង ឡាយ ជាទីតេ្រកអរនៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលរបស់អ្នកជា ជាសីលដែលវិញ្ញូជនតែងសរសើរ ជាសីលមិនប៉ះពាល់ដោយតណ្ហាទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៤ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំង ឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល មាន ៤ យ៉ាងនេះឯង ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។

សេចក្តីជឿក្នុងព្រះតថាគត របស់បុគ្គលណា មិនបានញាប់ញ័រ បានដម្កល់ហើយដោយប្រពៃ សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ នៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយ។ សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃ និងការឃើញដោយត្រង់ពិត របស់បុគ្គលណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវបុគ្គលនោះថា ជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ មិនបានសូន្យឡើយ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលរលឹកឃើញពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបទុក នូវសេចក្តីជឿផង នូវសីលផង នូវសេចក្តីជ្រះថ្លាផង នូវការឃើញធម៌ផង។

(បឋមសំវាសសូត្រ ទី៣)

(៣. បឋមសំវាសសុត្តំ)

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា។ មានពួក1) គហបតី និងពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវឆា្ងយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជាដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គេចចេញ ចាកផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ។ ពួកគហបតី និងគហបតានី ទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ សេ្តចគង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកគហបតី និងគហបតានីទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមីភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ប្រព្រឹត្តធ្វើ នូវអទិន្នាទាន ប្រព្រឹត្តធ្វើនូវកាមេសុមិច្ឆាចារ ពោលនូវពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។ ម្នាល គហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទើបឯភរិយារបស់ស្វាមីនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេច ពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ សង្វាស (ការនៅរួមគ្នា មាន ៤) យ៉ាងនេះឯង។

ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោចមកនៅរួមគ្នា។ ស្វាមី ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយា ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រីខ្មោចនៅរួម គ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងពីរនាក់នោះ ពោលពាក្យផ្អែមល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើនៅមានចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។

(ទុតិយសំវាសសូត្រ ទី៤)

(៤. ទុតិយសំវាសសុត្តំ)

[៥៥] ម្នាលភិក្ខុទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមី ភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលភិក្ខុទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យរោយរាយ មានអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីឃើញខុស ទ្រុស្តសីល មានធម៌លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់បុរសនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យរោយរាយ មានអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីឃើញខុស ទ្រុស្តសីល មានធម៌លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណញ្រហ្មណ៍ ប៉ុន្តែភរិយា របស់បុរសនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ ឃើញត្រូវ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលភិក្ខុទាំង ឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីឃើញត្រូវ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទើបឯភរិយារបស់បុរសនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួក សមណញ្រហ្មណ៍ ទាំងភរិយារបស់បុរសនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ មិនជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលភិក្ខុទាំងឡាយ សង្វាស មាន ៤ យ៉ាង នេះឯង។

ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរប្រទេច (សមណញ្រហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោច នៅរួមជាមួយគ្នា។ ស្វាមី ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (សមណញ្រហ្មណ៍) ភរិយាជាអ្នកមានសីល ជាអ្នកដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នកមានសីល ជាអ្នកដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (សមណញ្រហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រីខ្មោច នៅរួមគ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា អ្នកដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។

(បឋមសមជីវីសូត្រ ទី៥)

(៥. បឋមសមជីវីសុត្តំ)

[៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។

ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។

(ទុតិយសមជីវឹសូត្រ ទី៦)

(៦. ទុតិយសមជីវីសុត្តំ)

[៥៧] ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធ និងប្តីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជនទាំងនោះ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។

ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមាន សីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។

(សុប្បវាសាសូត្រ ទី៧)

(៧. សុប្បវាសាសុត្តំ)

[៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ បជ្ជនេលៈ របស់ពួកកោលិយៈរាជត្រកូល ក្នុងដែនកោលិយៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍របស់នាងសុប្បវាសា ជាធីតា នៃស្តេចកោឡិយៈ លុះស្តេចចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ វេលានោះ នាងសុប្បវាសា ជាធីតានៃស្តេចកោឡិយៈ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះដ៏មានព្រះភាគ ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែដល់ព្រះអង្គប្រកែក លែងទទួលទៀត។ លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ ទើបនាងសុប្បវាសា អង្គុយក្នុងទីសមគួរ។ លុះនាងសុប្បវាសា ជាកោឡិយធីតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថាឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេច។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺ បានទទួលយក នូវអាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវវណ្ណៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យសុខហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវសុខ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវពលៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថា ឲ្យឋានៈ ទាំង ៤ យ៉ាងនេះ ដល់បដិគា្គហកៈទាំងឡាយ។

បុគ្គលឲ្យភោជនដែលខ្លួនតាក់តែងស្អាត ឆ្ងាញ់ពីសា បរិបូណ៌ដោយរស (ដល់បដិគ្គាហកៈ) ទក្ខិណាទាននោះ ដែលបុគ្គលឲ្យហើយ ដល់ព្រះខីណាស្រពទាំងឡាយ មានដំណើរត្រង់ ប្រកបដោយចរណៈ ដល់នូវភាពដ៏ប្រសើរ ជាទីរួបរួមមកនូវបុណ្យ ដោយបុណ្យ ព្រះលោកវិទូ ទ្រង់សរសើរ (នូវទក្ខិណាទាននោះ) ថា ជាទានមានផលច្រើន ជនទាំងឡាយណា រលឹកឃើញនូវយញ្ញៈ ដូច្នោះ កើតមានសេចក្តីតេ្រកអរ កំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឫសក្នុងលោក ជនទាំងនោះ ឥតមានគេនិន្ទា តែងចូលទៅកាន់ស្ថានសួគ៌បាន។

(សុទត្តសូត្រ ទី៨)

(៨. សុទត្តសុត្តំ)

[៥៩] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយក នូវអាយុជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ… លុះឲ្យសុខៈហើយ… លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយក នូវពលៈ ជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។

បុគ្គលណាឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលសង្រួម (ក្នុងសីល) ជាអ្នកបរិភោគភោជន ដែលបុគ្គលដទៃឲ្យ ដោយគោរពតាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែងជាអ្នកមានអាយុវែង មានយសបរិវារ ក្នុងភពនោះ ៗ។

(ភោជនសូត្រ ទី៩)

(៩. ភោជនសុត្តំ)

[៦០] ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគា្គហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវអាយុ ជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ … លុះឲ្យសុខហើយ … លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវពលៈ ជារបស់ទិព្វ ឬជារបស់មនុស្ស ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។

បុគ្គលណា ឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកបរិភោគនូវភោជន ដែលអ្នកដទៃឲ្យ ដោយគោរពតាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែងជាអ្នកមានអាយុវែង មានយសបរិវារ ក្នុងភពនោះ ៗ។

(គិហិសាមីចិសូត្រ ទី១០)

(១០. គិហិសាមីចិសុត្តំ)

[៦១] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង ប្រតិបត្តិ នូវបដិបទា ដ៏សមគួរ របស់គ្រហស្ថ មានប្រក្រតីបាននូវយស ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌។ អរិយសាវក ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយបិណ្ឌបាត ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយសេនាសនៈ ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយភេសជ្ជៈបរិក្ខារ ជាបច្ច័យ ដល់មនុស្សមានជម្ងឺ ១។ ម្នាលគហបតី អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង ឈ្មោះថា ប្រតិបត្តិ នូវបដិបទា ដ៏សមគួរ របស់គ្រហស្ថ មានប្រក្រតីបាននូវយស ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌។

បណ្ឌិតទាំងឡាយ តែងប្រតិបត្តិនូវបដិបទាដ៏សមគួរ របស់គ្រហស្ថ គឺទំនុកបម្រុងភិក្ខុ ដែលមានសីល ជាអ្នកព្រមព្រៀងគ្នាដោយចីវរ ដោយបិណ្ឌបាត ដោយសេនាសនៈ និងគិលានប្បច្ច័យ បុណ្យតែងចំរើនដល់បណ្ឌិតទាំងឡាយនោះ សព្វ ៗ កាល ទាំងយប់ទាំងថ្ងៃ លុះធ្វើកម្មដ៏ចំរើនហើយ រមែងទៅកាន់ស្ថានសួគ៌។

ចប់ បុញ្ញាភិសន្ទវគ្គ ទី១។

ឧទ្ទាននៃបុញ្ញាភិសន្ទវគ្គនោះគឺ

និយាយពីអានិសង្សនៃបុណ្យ ២លើក និយាយពីសង្វាស ២លើក និយាយពីការចិញ្ចឹមជីវិត តាមគន្លងធម៌ ២លើក និយាយពីរឿងនាងសុប្បវាសា ១ និយាយពីការឲ្យទានដោយប្រពៃ ១ និយាយពីការឲ្យភោជន ១ និយាយពីអរិយសាវក ប្រតិបត្តិដ៏សមគួរ របស់គ្រហស្ថ ១។

 

លេខយោង

1)
ជនទាំងនោះ មានដំណើរទៅរៀបចំអាវាហវិវាហមង្គល ឲ្យកូនចៅក្នុងស្រុកនោះ ព្រោះហេតុនោះ បានជានាំគ្នាដើរ ទៅតាមផ្លូវនោះដែរ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann