km:tipitaka:sut:an:04:sut.an.04.v07

បត្តកម្មវគ្គ ទី២ (៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v07 បាលី cs-km: sut.an.04.v07 អដ្ឋកថា: sut.an.04.v07_att PTS: ?

បត្តកម្មវគ្គ ទី២ (៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៧) ២. បត្តកម្មវគ្គោ)

(បត្តកម្មសូត្រ ទី១)

(១. បត្តកម្មសុត្តំ)

[៦២] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ បំណងថា ភោគៈទាំងឡាយ ចូរកើតដល់អាត្មាអញ ដែលប្រកបដោយធម៌ នេះជាធម៌ទី១ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្មប្រកបដោយធម៌ហើយ សូមឲ្យយស របស់អាត្មាអញ ល្បីខ្ចរខ្ចាយឡើង ព្រមទាំងពួកញាតិ ព្រមទាំងពួកឧបជ្ឈាយ៍ គឺមិត្រសំឡាញ់ទាំងឡាយ នេះជាធម៌ទី២ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បានភោគៈ ដោយកម្មប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំងពួកឧបជ្ឈាយ៍ នឹងចិញ្ចឹមជីវិត អស់កាលយូរ រក្សាអាយុឲ្យបានវែង នេះជាធម៌ទី៣ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្ម ប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំងឧបជ្ឈាយ៍ បានចិញ្ចឹមជីវិតអស់កាលយូរ រក្សាអាយុឲ្យបានវែងហើយ លុះបែកធ្លាយរាង កាយ បន្ទាប់អំពីមរណៈទៅ សូមឲ្យបានទៅកើតក្នុងសុគតិសួគ៌ ទេវលោក នេះជាធម៌ទី៤ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ ៤ ប្រការ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោកនេះ។ ធម៌ ៤ ប្រការដូចម្តេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលគហបតី ចុះសទ្ធាសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹងព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់ នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច លែងវិលត្រឡប់ មកកាន់ភពថ្មីទៀត ម្នាលគហបតី នេះហៅថា សទ្ធាសម្បទា។ ម្នាលគហបតី ចុះសីលសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ វៀរចាកបាណាតិបាត។បេ។ វៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ម្នាលគហបតី នេះហៅថា សីលសម្បទា។ ម្នាលគហបតី ចុះចាគសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកសេចក្តីកំណាញ់ ជាមន្ទិល មានការបរិច្ចាគហើយ មានដៃលាងស្អាត ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងទាន និងការចែកចាយ នៅគ្រប់គ្រងផ្ទះ ម្នាលគហបតី នេះហៅថា ចាគសម្បទា។ ម្នាលគហបតី ចុះបញ្ញាសម្បទា តើដូចម្តេច។ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវអភិជ្ឈាវិសមលោភៈគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវព្យាបាទគ្របសង្កត់ រមែងធ្វើការងារដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គល កាលមានចិត្តត្រូវថីនមិទ្ធៈ គ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារដែលមិនគួរធ្វើ ញុំាង ការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យ ចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ។ ម្នាលគហបតី អរិយសាវកនោះឯង ដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបកិ្កលេសនៃចិត្តហើយ ក៏លះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ព្យាបាទ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ព្យាបាទ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេស នៃចិត្តហើយ ក៏លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់វិចិកិច្ឆា ជាឧបក្កិលេស នៃចិត្តចេញ។ ម្នាលគហបតី កាលណាអរិយសាវកដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត… ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្ត… ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តហើយ … ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តចេញ។ ម្នាលគហបតី អរិយសាវកនេះ ហៅថា ជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ ជាអ្នកយល់សេចក្តីតាមគន្លងនៃពាក្យ បរិបូណ៌ដោយប្រាជ្ញា។ ម្នាលគហបតី នេះហៅថា បញ្ញាសម្បទា។ ម្នាលគហបតី ធម៌ទាំង ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ទាំង ៤ ប្រការនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី អរិយសាវកនោះ ជាអ្នកធ្វើកម្មដ៏សមគួរ ៤ ប្រការ ដោយភោគៈទាំងឡាយ ដែលអរិយសាវក បានដោយសេចក្តីព្យាយាម ពោល គឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌។ កម្មដ៏សមគួរ ៤ ប្រការ ដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងមាតាបិតាឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងកូនប្រពន្ធ និងបុរស ជាទាសកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងមិត្ត អាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ដោយភោគៈទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាម ពោល គឺសេចក្តីខ្នះខ្នែង សន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជារបស់ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុ ទី១ ដែលអរិយសាវកនោះ បានដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត សេចក្តីអន្តរាយណា ដែលកើតអំពីភ្លើងក្តី អំពីទឹកក្តី អំពីសេ្តចក្តី អំពីចោរក្តី អំពីបុគ្គលមិនជាទីស្រឡាញ់ក្តី អំពីអ្នកទទួលមត៌កក្តី អរិយសាវក ក៏ការពារទប់ទល់ ចំពោះអន្តរាយ មានសភាពដូច្នោះបាន ដោយភោគៈទាំងឡាយ ធ្វើខ្លួនឲ្យដល់នូវសួស្តីបាន ក៏ដោយភោគៈទាំងឡាយ ដែលបានដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី២ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត អរិយសាវក ធ្វើពលិ ទាំង៥ គឺ ញាតិពលិ ១ អថិតិពលិ ១ បុព្វបេតពលិ ១ រាជពលិ ១ ទេវតាពលិ ១ ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី៣ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគ ហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត ពួកសមណញ្រហ្មណ៍ណា វៀរចាកសេចក្តីវង្វេង និងសេចក្តីប្រមាទ ឋិតនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនមួយ រម្ងាប់កិលេស ចំពោះខ្លួនមួយ ញុំាងតែខ្លួនមួយ ឲ្យបរិនិញ្វន អរិយសាវក រមែងញុំាងទក្ខិណាទាន មានផលដ៏ខ្ពស់ប្រសើរ នាំឲ្យទៅកើតក្នុងស្ថានសួគ៌ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ឲ្យប្រតិស្ថាននៅក្នុងពួកសមណញ្រហ្មណ៍ មានសភាពដូច្នោះ បានដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី៤ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី អរិយសាវកនោះឯង ជាអ្នកធ្វើកម្ម ដ៏សមគួរ ទាំង៤ប្រការនេះ បានដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គលណាមួយ តែវៀរលែងចាកកម្មដ៏សមគួរទាំង៤ប្រការ ចេញហើយ រមែងដល់នូវការអស់ទៅ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា មិនដល់នូវហេតុដ៏សមគួរ មិនបានសម្រេច មិនបានបរិភោគ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គលណាមួយ អស់ទៅដោយកម្ម ដ៏សមគួរទាំង ៤ នេះ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា ដល់នូវហេតុដ៏សមគួរ បានសម្រេច បានបរិភោគ ដោយទំនងដ៏សមគួរ។

ភោគៈទាំងឡាយ អាត្មាអញបរិភោគហើយ មិត្តអាមាត្យ អាត្មាអញចិញ្ចឹមហើយ អាត្មាអញ ឆ្លងអន្តរាយទាំងឡាយបានហើយ ទក្ខិណាទាន មានផលដ៏ខ្ពស់ប្រសើរ អាត្មាអញ បានឲ្យហើយ ឯពលីទាំង៥ អាត្មាអញ បានធ្វើហើយ អ្នកមានសីល មានសេចក្តីសង្រួម មានព្រហ្មចរិយធម៌ អាត្មាអញ បានទំនុកបំរុងហើយ បណ្ឌិត កាលនៅគ្រប់គ្រងផ្ទះ គប្បីប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិននាំឲ្យកើតសេចក្តីក្តៅក្រហាយ អាត្មាអញ បានធ្វើហើយ ជនអ្នកមានសេចក្តីស្លាប់ជាធម្មតា កាលរលឹកឃើញ នូវប្រយោជន៍នុ៎ះ រមែងឋិតនៅក្នុងអរិយធម៌ បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ ក្នុងលោកនេះដោយពិត ជននោះ លុះលះលោកនេះទៅ រមែងត្រេកអរក្នុងឋានសួគ៌។

(អានណ្យសូត្រ ទី២)

(២. អានណ្យសុត្តំ)

[៦៣] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះ មាន ៤ យ៉ាង ដែលគ្រហស្ថ អ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ គប្បីបានសម្រេច។ សេចក្តីសុខ ៤ ប្រការ ដូចម្តេចខ្លះ។ គឺអត្ថិសុខ (សុខព្រោះចេះតែមាន) ១ ភោគសុខ (សុខព្រោះចេះប្រើប្រាស់) ១ អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ១ អនវជ្ជសុខ (សុខព្រោះមិនមានទោស) ១។ ម្នាលគហបតី ចុះអត្ថិសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ មានភោគៈ ដែលបានមក ដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ រមែងបានសោមនស្សថា ភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ របស់អាត្មាអញ មាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។ ម្នាលគហបតី ចុះភោគសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ ប្រើប្រាស់ នូវភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។ ម្នាលគហបតី ចុះអនណសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបុត្រនោះ រមែងបានសេចក្តីសុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ អ្នកប្រកបដោយកាយកម្ម ឥតមានទោស ប្រកបដោយវចីកម្ម ឥតមានទោស ប្រកបដោយមនោកម្ម ឥតមានទោស អរិយសាវកនោះ រមែងបាន សុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ ប្រកបដោយកាយកម្ម ឥតមានទោសទេ ប្រកបដោយវចីកម្ម ឥតមានទោសទេ ប្រកបដោយមនោកម្ម ឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតី សេចក្តីសុខ ៤ យ៉ាងនេះឯង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ ហើយគប្បីបានសម្រេច ដោយប្រការដូច្នេះ។

បុគ្គលដឹងនូវសុខ ដែលមិនមានបំណុលក្តី រលឹកឃើញ នូវសុខ ដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈ ដោយប្រាជ្ញាក្តី កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង ៣) នុ៎ះ មិនដល់នូវចំណែកមួយ ក្នុងចំណែកទី ១៦ របស់អនវជ្ជសុខឡើយ។

(ព្រហ្មសូត្រ ទី៣)

(៣. ព្រហ្មសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាព្រហ្ម ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយ ក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុញ្វចារ្យ ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វទេព ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាអាហុនេយ្យបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុញ្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេពនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យបុគ្គលនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតាបិតាទាំងឡាយ មានឧបការៈច្រើន ជាអ្នករក្សា ជាអ្នកចិញ្ចឹម ជាអ្នកបង្ហាញនូវលោកនេះ ដល់បុត្រទាំងឡាយ។

មាតាបិតាទាំងឡាយ ជាអ្នកអនុគ្រោះដល់ពួកបុត្រ ហៅថាជាព្រហ្មផង ហៅថា ជាបុញ្វចារ្យផង ជាអាហុនេយ្យបុគ្គលផង របស់បុត្រទាំងឡាយ។ ព្រោះហេតុដូច្នោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈ ចំពោះមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក ការដុសជំរះ ការផ្ងូតទឹក ការលាងជើង និងការបំរើ ចំពោះមាតាបិតាទាំងឡាយនោះ បណ្ឌិតទាំងឡាយ តែងសរសើរ បុគ្គលនោះ ក្នុងលោកនេះដោយពិត លុះលះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌។

(និរយសូត្រ ទី៤)

(៤. និរយសុត្តំ)

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ គឺបុគ្គលអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ រមែងធ្លាក់ប្រូង ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។

ការសម្លាប់សត្វ ១ ការកាន់យករបស់ ដែលគេមិនបានឲ្យ ១ ការពោលមុសា ១ ការប្រព្រឹត្តិខុស ក្នុងប្រពន្ធបុគ្គលដទៃ ១ បណ្ឌិតទាំងឡាយ រមែងមិនសរសើរទេ។

(រូបសូត្រ ទី៥)

(៥. រូបសុត្តំ)

[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលជ្រះថ្លាក្នុងរូប ឈ្មោះថា រូបប្បមាណ ១ ជ្រះថ្លាក្នុងសំឡេង ឈ្មោះថា ឃោសប្បមាណ ១ ជ្រះថ្លាក្នុងវត្ថុសៅហ្មង ឈ្មោះថា លូខប្បមាណ ១ ជ្រះថ្លាក្នុងធម៌ ឈ្មោះថា ធម្មប្បមាណ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ជនទាំងឡាយណា រាប់អានដោយរូប និយមទៅតាមសំឡេង លុះក្នុងអំណាច នៃឆន្ទរាគ ជនទាំងនោះ ឈ្មោះថា មិនដឹង (តាមពិត) បុគ្គលពាល អ្នកមានធម៌ជាគ្រឿងរារាំងដោយជុំវិញ រមែងមិនដឹងនូវគុណខាងក្នុង ទាំងមិនឃើញសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ មួយទៀត បុគ្គលពាល មិនដឹងនូវគុណខាងក្នុង តែឃើញច្បាស់ នូវសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ ឈ្មោះថា ជាអ្នកឃើញផលខាងក្រៅ ជាប្រក្រតី រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ ឯជនដឹងច្បាស់នូវគុណខាងក្នុង ទាំងឃើញច្បាស់ នូវសេចក្តីប្រតិបត្តិជាខាងក្រៅ ជននោះ ឈ្មោះថា ជាអ្នកឃើញធម៌ ជាគ្រឿងប្រាសចាកនីវរណៈ ជាប្រក្រតី រមែងមិនអណ្តែត (ចិត្ត) ទៅតាមសំឡេងឡើយ។

(សរាគសូត្រ ទី៦)

(៦. សរាគសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលប្រកបដោយរាគៈ ១ ប្រកបដោយទោសៈ ១ ប្រកបដោយមោហៈ ១ ប្រកបដោយមានះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ពួកសត្វ ឥតមានធម៌ ប្រកបដោយសេចក្តីត្រេកអរ ក្នុងអារម្មណ៍គួរត្រេកត្រអាល រីករាយ ក្នុងរូបជាទីស្រឡាញ់ ជាប់ដោយមោហៈ ញុំាងចំណង (នៃមារ) ឲ្យចំរើន។ ពួកសត្វ អ្នកមិនដឹងនូវហេតុ ដែលកើតអំពីរាគៈ កើតអំពីទោសៈ កើតអំពីមោហៈ រមែងធ្វើអកុសលកម្ម ប្រកបដោយទុក្ខ មានទុក្ខជាកម្រៃ ពួកសត្វត្រូវអវិជ្ជារួបរឹត ដូចជាខ្វាក់ ឥតចក្ខុ គឺបញ្ញា ទើបមិនសំគាល់នូវអកុសលកម្មនោះថា យើងទាំងឡាយ នឹងមានសភាព ប្រព្រឹត្តទៅតាមធម៌ទាំងឡាយយ៉ាងនេះ មិនខាន។

(អហិរាជសូត្រ ទី៧)

(៧. អហិរាជសុត្តំ)

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ក្រុងសាវត្ថី មានភិក្ខុមួយរូប ត្រូវពស់ចឹក ធ្វើមរណកាលទៅ។ លំដាប់នោះ ភិក្ខុជាច្រើន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងសាវត្ថីនេះ មានភិក្ខុមួយរូប ត្រូវពស់ចឹក ធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ ពិតដូច្នោះមែន ព្រោះថា ភិក្ខុនោះ មិនផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ ទាំង៤ពួក ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុនោះ ផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ ទាំង៤ពួក ម្នាលភិក្ខុទាំងឡាយ ពស់មិនគប្បីចឹកភិក្ខុនោះឲ្យស្លាប់ទៅទេ។ ត្រកូលស្តេចពស់ ៤ ពួក ដូចម្តេចខ្លះ។ គឺត្រកូលស្តេចពស់ ឈ្មោះ វិរូបក្ខៈ ១ ត្រកូលស្តេចពស់ឈ្មោះ ឯរាបថៈ ១ ត្រកូលស្តេចពស់ ឈ្មោះ ឆព្យាបុត្តៈ ១ ត្រកូលស្តេចពស់ឈ្មោះ កណ្ហាគោតមកៈ ១។ ម្នាលភិក្ខុទាំងឡាយ ពិតដូច្នោះមែន ព្រោះថា ភិក្ខុនោះ មិនផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ ទាំង ៤ ពួកនេះ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុនោះ ផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ទាំង ៤ ពួកនេះ ម្នាលភិក្ខុទាំងឡាយ ពស់មិនហ៊ានចឹកភិក្ខុនោះឲ្យស្លាប់ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យផ្សាយចិត្តមេត្តា ចំពោះត្រកូលសេ្តចពស់ ទាំង ៤ ពួកនេះ ដើម្បីគ្រប់គ្រងខ្លួន រក្សាខ្លួន ការពារខ្លួន។

ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេចពស់ឈ្មោះវិរូបក្ខៈទាំងឡាយផង ភាវៈជាមិត្រ របស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេចពស់ ឈ្មោះឯរាបថៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមកៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងសត្វឥតជើងទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងសត្វមានជើងពីរទាំងឡាយផង ភាវៈជាមិត្រ របស់អាត្មាអញ (ចូរមាន) ជាមួយនឹងសត្វជើង ៤ ទាំងឡាយផង ភាវៈជា មិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងសត្វមានជើងច្រើនទាំងឡាយផង។ សត្វឥតជើង កុំបៀតបៀនអាត្មាអញ សត្វជើងពីរ កុំបៀតបៀនអាត្មាអញ សត្វជើង ៤ កុំបៀតបៀនអាត្មាអញ សត្វជើងច្រើន កុំបៀតបៀនអាត្មាអញឡើយ។ សព្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា សត្វទាំងអស់ (នោះ) ចូរប្រទះ នូវសេចក្តីចំរើនទាំងឡាយ សេចក្តីអាក្រក់បន្តិចបន្តួច កុំមកឡើយ។

ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ កណ្តុរ សុទ្ធតែមានប្រមាណ (រាប់បាន) គឺថា មិនច្រើនដូចគុណព្រះរត្នត្រ័យទេ។ កិរិយារក្សា ខ្ញុំបានធ្វើហើយ កិរិយាការពារ ខ្ញុំបានធ្វើហើយ ពួកសត្វចូរចៀសទៅ ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ សូមនមស្ការព្រះសម្មាសម្ពុទ្ធ ទាំង ៧ ព្រះអង្គ។

(ទេវទត្តសូត្រ ទី៨)

(៨. ទេវទត្តសុត្តំ)

[៦៩] សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ កាលទេវទត្តភិក្ខុ ចេញទៅមិនយូរប៉ុន្មាន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើម ចេកតែបញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម តែបញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាសយ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឫស្សី បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញេ្ចញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមបបុស បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេសេះអស្សតរ តែចាប់មានផ្ទៃឡើង ដើម្បីសំឡាប់ខ្លួន តែចាប់មានផ្ទៃឡើង ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។

ផ្លែចេក រមែងសំឡាប់ដើមចេក ផ្លែឫស្សី រមែងសំឡាប់ដើមឫស្សី ផ្លែបបុស រមែងសំឡាប់ដើមបបុស សក្ការៈ រមែងសំឡាប់បុរសអាក្រក់ ដូចជាគភ៌ រមែងសំឡាប់មេសេះអស្សតរ។

(បធានសូត្រ ទី៩)

(៩. បធានសុត្តំ)

[៧០] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធាន ៤ យ៉ាង ដូចម្តេចខ្លះ។ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះសំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ ចុះបហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ចុះភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ដើម្បីឲ្យឋិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យចំរើនពេញលេញ ធំទូលាយ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងនេះឯង។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធាន ទាំង៤នុ៎ះ ព្រះពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ជាហេតុឲ្យភិក្ខុក្នុងសាសនានេះ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស គប្បីដល់នូវការអស់ទៅ នៃទុក្ខបាន។

(អធម្មិកសូត្រ ទី១០)

(១០. អធម្មិកសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការ មិនប្រកបដោយធម៌ សម័យនោះ ពួកញ្រហ្មណ៍ និងគហបតី ក៏មិនប្រកបដោយធម៌ដែរ កាលពួកញ្រហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យ គោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅមិនស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅមិនស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់បក់មិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់បក់ខុសផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយ ខឹងសម្បា កាលទេវតាទាំងឡាយ ខឹងសម្បា ភ្លៀង ក៏មិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ ស្រូវទាំងឡាយ ក៏ឲ្យផលមិនស្មើល្អ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស កាលបរិភោគស្រូវឲ្យផលមិនស្មើ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកំឡាំងតិច មានអាពាធច្រើន។ ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជា ប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏ប្រកបដោយធម៌ដែរ កាលបើពួកខ្ញុំរាជការ ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកញ្រហ្មណ៍ និងគហបតី ក៏ប្រកបដោយធម៌ដែរ កាលពួកញ្រហ្មណ៍ និងគហបតី ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏ប្រកបដោយធម៌ដែរ កាលបើពួកអ្នកនិគម និងអ្នកជនបទ ប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យគោចរទៅស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅស្មើ ខ្យល់ក៏បក់ស្មើដែរ កាលខ្យល់បក់ទៅស្មើ ផ្លូវខ្យល់ទាំងឡាយ ក៏ប្រព្រឹត្តទៅបានស្មើ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតា ក៏មិនខឹងសម្បា កាលពួកទេវតា មិនខឹង សម្បា ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ កាលភ្លៀងបង្អុរទឹកភ្លៀង ចុះមកដោយប្រពៃ ស្រូវក៏ឲ្យផលស្មើល្អ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ កាលបរិភោគស្រូវ ដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកំឡាំង ព្រមទាំងមានអាពាធតិច។

បើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូងនាំទៅកាន់ផ្លូវខុសកំពង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវខុសកំពង់ ពួកគោទាំងអស់នោះ ក៏នាំគ្នាទៅកាន់ផ្លូវខុសកំពង់ដែរ មានឧបមាយ៉ាងណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តមិនត្រូវតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃឡើយ បើព្រះរាជាមិនប្រកបដោយធម៌ រាស្រ្ត ទាំងអស់ រមែងដេកកើតទុក្ខ។ កាលបើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូង នាំទៅកាន់ផ្លូវត្រង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវត្រង់ គោទាំងអស់នោះ រមែងទៅកាន់ផ្លូវត្រង់ដែរ មានឧបមាយ៉ាងណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃ បើព្រះរាជាប្រកបដោយធម៌ រាស្រ្តទាំងអស់ រមែងដេកនៅជាសុខ។

ចប់ បត្តកម្មវគ្គ ទី២។

ឧទ្ទាននៃបត្តកម្មវគ្គនោះគឺ

និយាយអំពីកម្មដ៏គួរ ១ អំពីសេចក្តីសុខ មានការមិនជំពាក់បំណុលជាដើម ១ អំពីត្រកូលប្រកបដោយឋានៈជាព្រហ្មជាដើម ១ អំពីបុគ្គលធ្លាក់ទៅក្នុងនរក ១ អំពីរូបប្បមាណបុគ្គល ជាដើម ជាគំរប់ប្រាំ ១ អំពីបុគ្គលប្រកបដោយរាគៈ ជាដើម ១ អំពីពស់ចឹកភិក្ខុ ១ អំពីទេវទត្ត ១ អំពីបធានបួន ១ អំពីអធម្មិករាជ ១។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann