km:tipitaka:sut:an:04:sut.an.04.v08

អបណ្ណកវគ្គ ទី៣ (៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v08 បាលី cs-km: sut.an.04.v08 អដ្ឋកថា: sut.an.04.v08_att PTS: ?

អបណ្ណកវគ្គ ទី៣ (៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៨) ៣. អបណ្ណកវគ្គោ)

(បធានសូត្រ ទី១)

(១. បធានសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ជាអ្នកប្រតិបត្តិ ចំពោះអបណ្ណកប្បដិបទា គឺប្រតិបត្តិមិនខុសផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ១ ជាអ្នកចេះដឹងច្រើន ១ ជាអ្នកមានព្យាយាមប្រារព្ធ ១ ជាអ្នកមានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង។

(សម្មាទិដ្ឋិសូត្រ ទី២)

(២. សម្មាទិដ្ឋិសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ប្រតិបត្តិ នូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយផង។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សេចក្តីត្រិះរិះ ក្នុងការចេញចាកកាម ១ សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ ១ សេចក្តីត្រិះរិះ ក្នុងការមិនបៀតបៀន ១ សេចក្តីឃើញត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ជាអ្នកប្រតិបត្តិ នូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយផង។

(សប្បុរិសសូត្រ ទី៣)

(៣. សប្បុរិសសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ អ្នកប្រាជ្ញគប្បីដឹងថា ជាអសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ អសប្បុរសក្នុងលោកនេះ ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ តែថាអសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោសរបស់បុគ្គលដទៃ ដោយពិស្តារពេញទី មិនចេះអស់ មិនចេះហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ បុគ្គលដទៃ អសប្បុរស ទុកជាមានគេសាកសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ តែថាអសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណរបស់បុគ្គលដទៃ ដោយសេចក្តីមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន អសប្បុរស ទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ តែថា អសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោសរបស់ខ្លួន មិនដោយសេចក្តីពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ខ្លួន អសប្បុរស ទុកជាមិនមានគេសួររឿងនោះ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ តែថា អសប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណរបស់ខ្លួន ឲ្យពិស្តារ ឲ្យពេញលេញ មិនឲ្យអស់ មិនឲ្យហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ (ដោយឡែកទៀត) អ្នកប្រាជ្ញគប្បីដឹងថា ជាសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ដែលជាគុណ របស់បុគ្គលដទៃ សប្បុរស ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់បុគ្គលដទៃ ឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន សប្បុរសទុកជាគេមិនសួរ ក៏ប្រាប់ រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ មួយទៀត សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងឯរឿងណា ជាគុណរបស់ខ្លួន សប្បុរស ទុកជាគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ មួយវិញទៀត សប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់ខ្លួនដោយសេចក្តីមិនពិស្តារ មិនឲ្យពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តីមានគូស្រករ ដែលគេនាំមក ក្នុងវេលាយប់ណា ឬថ្ងៃណា វេលានោះ ស្រ្តីនោះ ក៏តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកម្តាយកេ្មកផង ឪពុកកេ្មកផង ប្តីផង ដោយហោចទៅ សូម្បីចំពោះពួកបុរស ជាទាសកម្មករ សម័យក្រោយមក ស្រ្តីនោះ អាស្រ័យការនៅរួមសំវាសហើយ និយាយយ៉ាងនេះ នឹងម្តាយកេ្មក ឪពុកកេ្មក និងប្តីថា សូមអ្នកទាំងឡាយ ចៀសចេញទៅ សូមអ្នកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ក៏មានឧបមេយ្យ ដូច្នោះដែរ គឺបានចេញចាកផ្ទះ ចូលកាន់ផ្នួស ក្នុងពេលយប់ ឬថ្ងៃណាហើយ វេលានោះ ភិក្ខុនោះ តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដោយហោចទៅ សូម្បីពួកអារាមិកជន គឺអ្នកធ្វើការក្នុងអារាម និងសមណុទ្ទេស (សាមណេរ) សម័យក្រោយមក ភិក្ខុនោះ អាស្រ័យការនៅរួបរួមគ្នា ទើបនិយាយ យ៉ាងនេះ នឹងអាចារ្យខ្លះ ឧបជ្ឈាយ៍ខ្លះ ថា សូមលោកទាំងឡាយ ចៀសចេញទៅ សូមលោកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមានចិត្តស្មើ ដូចជាស្រ្តីមានគូស្រករ ដែលទើបមកដល់ថ្មី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

(បឋមអគ្គសូត្រ ទី៤)

(៤. បឋមអគ្គសុត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះ មាន ៤ ប្រការ។ ការប្រសើរមាន ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សីលប្រសើរ ១ សមាធិប្រសើរ ១ បញ្ញាប្រសើរ ១ វិមុត្តិប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ មាន ៤ ប្រការ នេះឯង។

(ទុតិយអគ្គសូត្រ ទី៥)

(៥. ទុតិយអគ្គសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះ មាន ៤ ប្រការ។ ការប្រសើរ មាន ៤ ប្រការ ដូចម្តេចខ្លះ។ គឺរូបប្រសើរ ១ វេទនាប្រសើរ ១ សញ្ញាប្រសើរ ១ ភពប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ ៤ យ៉ាងនេះឯង។

(កុសិនារសូត្រ ទី៦)

(៦. កុសិនារសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅនាចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវន នៃស្តេចមល្លៈទាំងឡាយ ជាទីបត់ចូលទៅក្នុងក្រុង ជិតនគរកុសិនារា ក្នុងសម័យជិតបរិនិញ្វន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទូលព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយថា ព្រះសាស្តារបស់យើង គង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះ ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ត្រាស់នឹងពួកភិក្ខុ ជាគំរប់ពីរដងទៀត … ព្រះដ៏មានព្រះភាគ ត្រាស់នឹងពួកភិក្ខុ ជាគំរប់ ៣ ដងទៀតថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយថា ព្រះសាស្តារបស់យើង គង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ ភិក្ខុទាំងនោះ នៅស្ងៀមអស់វារៈ ជាគំរប់ ៣ ដងទៀត។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនហ៊ានសួរ ព្រោះមានសេចក្តីគោរព ក្នុងព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុជាសំឡាញ់ ចូរប្រាប់ភិក្ខុជាសំឡាញ់ផងគ្នាចុះ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា អស្ចារ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុនេះ ដោយប្រការយ៉ាងនេះ។ សេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។ ម្នាលអានន្ទ អ្នកពោលតាមសេចក្តីជ្រះថ្លាពិត ម្នាលអានន្ទ តថាគត ក៏មានសេចក្តីដឹង ក្នុងដំណើរនោះដែរថា សេចក្តីសង្ស័យ ឬរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង ៥០០ រូបនេះ ភិក្ខុណា ដែលមានគុណជាន់ទាបជាងគេ ភិក្ខុនោះ គង់ជាសោតាបន្នៈ មិនធ្លាក់ចុះទៅក្នុងអបាយទេ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អចិន្តេយ្យសូត្រ ទី៧)

(៧. អចិន្តេយ្យសុត្តំ)

[៧៨] ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយ (ហេតុដែលមិនគួរគិត) នេះ មាន ៤ ប្រការ ដែលបុគ្គលមិនគួរគិតទេ តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាក។ អចិន្រ្តៃយ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវិស័យ របស់ព្រះពុទ្ធទាំងឡាយ ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ ឈានវិស័យ របស់បុគ្គលអ្នកបានឈាន ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ បាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ វិបាករបស់កម្ម ជាអចិន្ត្រៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ លោកចិន្តា1) (ការគិតអំពីលោក) ជាអចិន្ត្រៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១។ ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយ មាន ៤ ប្រការប៉ុណ្ណេះ ដែលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ៗ។

(ទក្ខិណសូត្រ ទី៨)

(៨. ទក្ខិណសុត្តំ)

[៧៩] ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ (សេចក្តីបរិសុទ្ធនៃទក្ខិណាទាន) នេះ មាន ៤ ប្រការ។ ទក្ខិណាវិសុទ្ធិ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធ អំពីទាយក ក៏មាន ១ ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធ អំពីបដិគ្គាហកៈ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពីទាយកផង បរិសុទ្ធអំពីបដិគ្គាហកៈផង ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ មានសីល មានកល្យាណធម៌ តែបដិគ្គាហកៈ ជាអ្នកទ្រុស្តសីល មានបាបធម៌។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ តែបដិគ្គាហកៈ ជាអ្នកមានសីល មានកល្យាណធម៌។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពីបដិគ្គាហកៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ទាំងបដិគ្គាហកៈ ក៏ជាអ្នកទ្រុស្តសីល មានបាបធម៌ដែរ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកមាន សីល មានកល្យាណធម៌ បដិគ្គាហកៈ ក៏ជាអ្នកមានសីល មានកល្យាណធម៌ដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ មាន ៤ ប្រការប៉ុណ្ណេះឯង។

(វណិជ្ជសូត្រ ទី៩)

(៩. វណិជ្ជសុត្តំ)

[៨០] គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានតែខាតទុន ជាប្រក្រតី បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មិនបានចំណេញដូចបំណង បពិត្រព្រះអង្គដ៏ចំរើន ហេតុដូច ម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានចំណេញដូចបំណង បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ បានចំណេញលើសបំណង។ ម្នាលសារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬញ្រហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់ (សុំ) ដោយបច្ច័យចុះ បុគ្គលនោះ បវារណាដោយបច្ច័យណាមែន តែមិនឲ្យបច្ច័យនោះទេ បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ មកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបការជំនួញណា ជំនួញរបស់បុគ្គលនោះ រមែងខាតទុនទៅ ជាប្រក្រតី។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬញ្រហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយបច្ច័យណាមែន តែឲ្យបច្ច័យនោះ មិនតាមបំណងទេ បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ មកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបការជំនួញណា ជំនួញរបស់បុគ្គលនោះ មិនមានចំណេញដូចបំណង។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬញ្រហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយបច្ច័យណា ក៏ឲ្យបច្ច័យនោះ តាមបំណងមែន បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ បានមកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបជំនួញណា ជំនួញរបស់បុគ្គលនោះ រមែងមានចំណេញដូចបំណង។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬញ្រហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយបច្ច័យណា ក៏ឲ្យបច្ច័យនោះលើសបវារណា បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ បានមកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបជំនួញណា ជំនួញរបស់បុគ្គលនោះ រមែងមានចំណេញលើសបំណង។ ម្នាលសារីបុត្រ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានតែខាតទុន ជាប្រក្រតី ១ ម្នាលសារីបុត្រ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មិនមានចំណេញដូចបំណង ១ ម្នាលសារីបុត្រ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ បានចំណេញដូចបំណង ១ ម្នាលសារីបុត្រ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានចំណេញលើសបំណង ១។

(កម្ពោជសូត្រ ទី១០)

(១០. កម្ពោជសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យមាតុគ្រាម មិនបានអង្គុយក្នុងសភា មិនបានប្រកបការងារ (ធំ ៗ) មិនសម្រេច នូវភោគសម្បត្តិ ដែលកើតអំពីការងារបាន។ ម្នាលអានន្ទ មាតុគ្រាមហៃក្រោធ មា្នលអានន្ទ មាតុគ្រាមហៃឫស្សា មា្នលអានន្ទ មាតុគ្រាមហៃកំណាញ់ ម្នាលអានន្ទ មាតុគ្រាមអប្បប្រាជ្ញា។ ម្នាលអានន្ទ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាម មិនបានចូលទៅអង្គុយក្នុងសភា មិនបានប្រកបការងារ (ធំ ៗ) មិនសម្រេចនូវភោគសម្បត្តិ ដែលកើតអំពីការងារបាន។

ចប់ អបណ្ណកវគ្គ ទី៣។

ឧទ្ទាននៃអបណ្ណកវគ្គនោះគឺ

ពោលអំពីអបណ្ណកប្បដិបទា មានសេចក្តីព្យាយាម ជាដើម ១ អំពីអបណ្ណកប្បដិបទា មានសម្មាទិដ្ឋិជាដើម ១ អំពីអសប្បុរស ១ អំពីសប្បុរស ១ អំពីភិក្ខុមានហរិឱត្តប្បៈ មានសេចក្តីប្រៀបដូចស្រ្តីមានគូស្រករ ១ អំពីការប្រសើរ មានពីរលើក ១ អំពីព្រះដ៏មានព្រះភាគ គង់ទៀបក្រុងកុសិនារា ១ អំពីអចិន្ត្រៃយ ១ អំពីទក្ខិណាវិសុទ្ធិ ១ អំពីជំនួញ ១ អំពីមាតុគ្រាម មិនសម្រេចនូវភោគសម្បត្តិ ដែលកើតអំពីការងារជាដើម ១ ទើបហៅថា អបណ្ណកវគ្គ។

 

លេខយោង

1)
គិតថាព្រះចន្ទ្រ ព្រះអាទិត្យ ផែនដី មហាសមុទ្រ អ្នកណាសាងពួកសត្វ និងភ្នំ និងព្រៃព្រឹក្សា មានដើមស្វាយ ដើមចេក និងដើមដូង ជាដើម អ្នកណាបង្កើតជាដំបូង គំនិតយ៉ាងនេះ ហៅថា លោកចិន្តា។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann