km:tipitaka:sut:an:04:sut.an.04.v09

មចលវគ្គ ទី៤ (៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v09 បាលី cs-km: sut.an.04.v09 អដ្ឋកថា: sut.an.04.v09_att PTS: ?

មចលវគ្គ ទី៤ (៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៩) ៤. មចលវគ្គោ)

(បាណាតិបាតសូត្រ ទី១)

(១. បាណាតិបាតសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកសម្លាប់សត្វមានជីវិត ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

(មុសាវាទសូត្រ ទី២)

(២. មុសាវាទសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកនិយាយពាក្យកុហក ១ និយាយពាក្យញុះញង់ ១ និយាយពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកវៀរចាកមុសាវាទ ១ វៀរចាកបិសុណាវាចា ១ វៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

(អវណ្ណារហសូត្រ ទី៣)

(៣. អវណ្ណារហសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលមិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយពោលសរសើរបុគ្គល ដែលគួរតិះដៀល ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលបានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលទោស ចំពោះបុគ្គល ដែលប្រកបដោយទោស ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលគុណ ចំពោះបុគ្គល ដែលប្រកបដោយគុណ ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

(កោធគរុសូត្រ ទី៤)

(៤. កោធគរុសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គល ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

(តមោតមសូត្រ ទី៥)

(៥. តមោតមសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលកំសត់ ដែលមានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាបត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនសូវបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត មានងងឹតទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត តែមានពន្លឺទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលកំសត់ ដែលមានបាយទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាប ត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនសូវបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត តែមានពន្លឺទៅខាងមុខយ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូល ខត្តិយ មហាសាល ឬត្រកូលញ្រហ្មណ៍មហាសាល និងត្រកូលគហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីតេ្រកអរច្រើន មានស្រូវជាទ្រព្យច្រើន បុគ្គលនោះ រមែងមានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយរូបឆោមល្អក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលញ្រហ្មណមហាសាល និងត្រកូលគហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានស្រូវជាទ្រព្យច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយរូបឆោម ល្អក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង ក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលភ្លឺ មានពន្លឺ ទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។

(ឱណតោណតសូត្រ ទី៦)

(៦. ឱណតោណតសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលទាប កាន់តែទាបទៅ ១ បុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ ១ បុគ្គលខ្ពស់ ត្រឡប់មកជាទាបវិញ ១ បុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទាប កាន់តែទាបទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។បេ។ បុគ្គលនោះ តែងប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាប កាន់តែទាបទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។បេ។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាប ត្រឡប់ជាខ្ពស់វិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ពស់ ត្រឡប់មកជាទាបវិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល។បេ។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ពស់ ត្រឡប់មកជាទាបវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល។បេ។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(បុត្តសូត្រ ទី៧)

(៧. បុត្តសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខៈ អ្នកប្រតិបត្តិប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចព្រះរាជបុត្រច្បង របស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ គួរនឹងអភិសេក តែមិនទាន់អភិសេកនៅឡើយ តែងដល់នូវសេចក្តីមិនរំភើប (ចំពោះការអភិសេក) យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខៈ អ្នកប្រតិបត្តិ ប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា សមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន តែមិនទាន់ពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទៀតផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើទាយកអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់គិលានប្បច្ច័យភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច។ បើភិក្ខុនោះ នៅជាមួយនឹងសព្រហ្មចារីបុគ្គលទាំងឡាយណា សព្រហ្មចារីបុគ្គលទាំងនោះ តែងប្រព្រឹត្តកិច្ចការច្រើន ដោយកាយកម្ម ជាទីគាប់ចិត្តនៃភិក្ខុនោះ ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយវចីកម្ម ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយមនោកម្ម ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រគេន នូវគ្រឿងបូជាច្រើន ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច។ មួយទៀត វេទនាទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថ មិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់ភិក្ខុនោះ ៗ ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួល នូវឈានទាំង ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿង នៅជាសុខ ក្នុងបច្ចុប្បន្ន តែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរ បុគ្គលណាថា ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើទាយកអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនបានអង្វរទេ ក៏ឆាន់តិច។ បើតថាគតនៅជាមួយនឹងភិក្ខុទាំងឡាយណា ភិក្ខុទាំងនោះ តែងប្រព្រឹត្តកិច្ចការច្រើន ដោយកាយកម្មជាទីគាប់ចិត្តនៃតថាគត ដែល មិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយវចីកម្មជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយមនោកម្មជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រគេន នូវគ្រឿងបូជាច្រើន ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច។ មួយទៀត វេទនាទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់តថាគតឡើយ តថាគត ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួស នូវឈាន ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរបុគ្គលណាថា ជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផង ដែលគេពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

(សំយោជនសូត្រ ទី៨)

(៨. សំយោជនសុត្តំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនបានធ្លាក់ចុះ ក្នុងអបាយជាធម្មតា ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសកទាគាមិបុគ្គល ព្រោះអស់សញ្ញោជនៈ ៣ ទាំងមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុត នៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត រលត់កិលេសក្នុងទីនោះ មិនបានត្រឡប់ចាកលោកនោះមកវិញទេ ព្រោះអស់ឱរម្ភាគិយសញ្ញោជនៈ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហមយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(សម្មាទិដ្ឋិសូត្រ ទី៩)

(៩. សម្មាទិដ្ឋិសុត្តំ)

[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ តែមិនទាន់បានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ។បេ។ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើ គេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលសរសើរបុគ្គលណា ថាជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំង ឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

(ខន្ធសូត្រ ទី១០)

(១០. ខន្ធសុត្តំ)

[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខបុគ្គល ជាអ្នកមានសេចក្តីប្រាថ្នាក្នុងចិត្ត មិនទាន់បានសម្រេច រមែងប្រាថ្នានូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ គឺព្រះនិញ្វន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាឃើញ នូវការកើតឡើង និងការវិនាសទៅវិញ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើតនៃរូប ដូច្នេះ ការវិនាសទៅនៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ តែមិនបានពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណា នូវការកើត និងការវិនាសទៅ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើត នៃរូបដូច្នេះ ការរលត់ទៅនៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការរលត់នៃវិញ្ញាណ ដូច្នេះ ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងពោលសរសើរបុគ្គលណា ថាជាសមណៈ ចំរើននដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់ចីវរតិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

ចប់ មចលវគ្គ ទី៤។

ឧទ្ទាននៃមចលវគ្គនោះគឺ

និយាយអំពីបាណាតិបាត ជាដើម ១ អំពីមុសាវាទ ជាដើម ១ អំពីបុគ្គលពោលសរសើរគុណ ១ អំពីបុគ្គលធ្ងន់ ក្នុងសេចក្តីក្រោធ ១ អំពីបុគ្គលងងឹត ១ អំពីបុគ្គលទាប ១ អំពីសេក្ខភិក្ខុ ប្រៀបដោយព្រះរាជបុត្រ ១ អំពីសញ្ញោជនៈ ១ អំពីភិក្ខុជាអ្នកយល់ត្រូវ ជាដើម ១ អំពីភិក្ខុជាអ្នកពិចារណា ក្នុងឧបាទានក្ខន្ធ ១ រួមទាំងអស់នោះ ត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.v09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann