km:tipitaka:sut:an:04:sut.an.04.v10

អសុរវគ្គ ទី៥ (១០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v10 បាលី cs-km: sut.an.04.v10 អដ្ឋកថា: sut.an.04.v10_att PTS: ?

អសុរវគ្គ ទី៥ (១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១០) ៥. អសុរវគ្គោ)

(អសុរសូត្រ ទី១)

(១. អសុរសុត្តំ)

[៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺអសុរ មានអសុរ ជាបរិវារ ១ អសុរ មានទេវតាជាបរិវារ ១ ទេវតា មានអសុរជាបរិវារ ១ ទេវតា មានទេវតា ជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអសុរ មានអសុរ ជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិសទ្យ នៃបុគ្គលនោះ ក៏ជាអ្នក ទ្រុស្តសីល មានធម៌អាក្រក់ដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរ មានអសុរ ជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសុរ មានទេវតាជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ប៉ុន្តែឯបរិសទ្យ នៃបុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរ មានទេវតាជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាទេវតា មានអសុរជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យ នៃបុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតា មានអសុរ ជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាទេវតា មានទេវតា ជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិសទ្យ នៃបុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតា មានទេវតា ជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(បឋមសមាធិសូត្រ ទី២)

(២. បឋមសមាធិសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ1) ខាងក្នុងសន្តាន មិនបាននូវអធិប្បញ្ញាធម្មវិបស្សនា2) ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវ ចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(ទុតិយសមាធិសូត្រ ទី៣)

(៣. ទុតិយសមាធិសុត្តំ)

[៩៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាដែលបាន នូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនាទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើសេចក្តីព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គល ទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាម ក្នុងចេតោសមថៈ ខាងក្នុងសន្តាន លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង៤ ពួកនោះ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឲ្យបានសម្រេច នូវកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូច បុគ្គលមានភ្លើងឆេះសំពត់ ឬមានភ្លើងឆេះក្បាល គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីលត់នូវសំពត់ ឬ ក្បាលនោះ ៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឲ្យបានសម្រេចនូវកុសលធម៌ទាំងនោះ ក៏ដូច្នោះដែរ លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គល ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅស៊ប់ ក្នុងកុសលធម៌ទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឲ្យអស់ទៅ នៃអាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(តតិយសមាធិសូត្រ ទី៤)

(៤. តតិយសមាធិសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ ដោយហេតុដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវ ចេតោសមថៈ ខាងក្នុងសន្តាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្ត គេត្រូវដម្កល់ ដូចម្តេច ចិត្ត គេត្រូវពត់ដូចម្តេច ចិត្ត គេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកដូចម្តេច ចិត្ត គេត្រូវតាំងឲ្យនឹងធឹង ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែល ខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់យ៉ាងនេះ ចិត្ត គេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកយ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹង យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង ទាំងមិនបាន នូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់ដូចម្តេច ចិត្តគេត្រូវពត់ដូចម្តេច ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯក ដូចម្តេច ចិត្តគេត្រូវតាំងឲ្យនឹងធឹងដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់ យ៉ាងនេះ ចិត្តគេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកយ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹងយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅ ក្នុងធម៌ជាកុសលទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឲ្យអស់អាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ពួកនេះ រមែងមាននៅក្នុងលោក។

(ឆវាលាតសូត្រ ទី៥)

(៥. ឆវាលាតសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអង្កត់ឧសដុតខ្មោច ដែលភ្លើងឆេះរន្ទាល ទាំងសងខាង មានលាមកប្រលាក់ត្រង់កណ្តាល រមែងមិនសម្រេចជាឧស ក្នុងស្រុកបាន ទាំងមិនសម្រេចជាឧសក្នុងព្រៃបាន មានឧបមាយ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន បណ្តាបុគ្គលទាំងពីរនេះ បុគ្គលនេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ បណ្តាបុគ្គលទាំងបីនេះ បុគ្គលនេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គលទាំង ៤ នេះ បុគ្គលនេះ ចាត់ថា ជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចទឹកដោះស្រស់ ចេញមកអំពីមេគោ ទឹកដោះជូរ ក្លាយមកអំពីទឹកដោះស្រស់ ទឹកដោះខាប់ ក្លាយមកអំពីទឹកដោះជូរ ទឹកដោះថ្លា ក្លាយមកអំពីទឹកដោះខាប់ ដុំនៃទឹកដោះថ្លា ក្លាយមកអំពីទឹកដោះថ្លា បណ្តាទឹកដោះទាំងនោះ ដុំនៃទឹកដោះថ្លា ប្រាកដថាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គលទាំង ៤ នេះ បុគ្គលនេះ ចាត់ថាជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(រាគវិនយសូត្រ ទី៦)

(៦. រាគវិនយសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បកំចាត់បង់រាគៈចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈ ចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះខ្លួន មិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីកំចាត់រាគៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់ទោសៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់ ទោសៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកមិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួនផង បបួលអ្នកដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈផង ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈចំពោះខ្លួនផង បបួលអ្នកដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈផង ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈចំពោះខ្លួនផង បបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(ខិប្បនិសន្តិសូត្រ ទី៧)

(៧. ខិប្បនិសន្តិសុត្តំ)

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាចដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ជាអ្នកចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹងនូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌ផង តែជាអ្នកមានពាក្យមិនពីរោះ មិនបញ្ចេញនូវពាក្យដែលពីរោះ មិនប្រកបដោយពាក្យអ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនអាចដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយផង ជាអ្នកមិនចងចាំ នូវធម៌ដែលខ្លួនបានស្តាប់មកផង ជាអ្នកមិនត្រិះរិះសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកមិនដឹង នូវអដ្ឋកថា មិនដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង តែជាអ្នកមានពាក្យពីរោះ បញ្ចេញនូវពាក្យពីរោះ ប្រកបដោយពាក្យអ្នកក្រុង ជាអ្នកពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនអាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកមិនអាចចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកមិនត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកមិនដឹង នូវអដ្ឋកថា មិនដឹងនូវបាលី ហើយមិនប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងជាអ្នកមិនមានពាក្យពីរោះ មិនបញ្ចេញនូវពាក្យពីរោះ មិនប្រកបដោយពាក្យ របស់អ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹង នូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង ជាអ្នកមានពាក្យពីរោះ បញ្ចេញនូវពាក្យពីរោះ ប្រកបដោយពាក្យរបស់អ្នកក្រុង ជាអ្នកពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(អត្តហិតសូត្រ ទី៨)

(៨. អត្តហិតសុត្តំ)

[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(សិក្ខាបទសូត្រ ទី៩)

(៩. សិក្ខាបទសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍ អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត ជាអ្នកវៀរចាកអទិន្នាទាន ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកមុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាត ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាកហេតុជាទីតាំង នៃ សេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាតចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាក ហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរ ចាកមុសាវាទផង វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(បោតលិយសូត្រ ទី១០)

(១០. បោតលិយសុត្តំ)

[១០១] គ្រានោះឯង បោតលិយបរិញ្វជក បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ កាលបោតលិយបរិញ្វជក អង្គុយក្នុងទីសមគួរស៊ប់ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួកនេះ តើដូចម្តេចខ្លះ។ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក ពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលបោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ តើបុគ្គលដូចម្តេច ដែលល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់អ្នក។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យ ពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គល ទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះឧបេក្ខានោះ ជាគុណជាតិដ៏ល្អ។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។បេ។ ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាល បោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលបោតលិយៈ ព្រោះថា ការដឹងនូវកាល ដ៏សមគួរ ក្នុងហេតុនោះ ៗ នោះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គលទាំង ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោលនូវពាក្យតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថាល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ការដឹងកាលដ៏សមគួរ ក្នុងហេតុនោះ ៗ នុ៎ះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយយ៉ាងនេះ ភ្លឺច្បាស់ណាស់ ឧបមាដូចបុគ្គលផ្ងារ នូវរបស់ដែលគេផ្កាប់ ឬបើកនូវរបស់ ដែលកំបាំង ឬបង្ហាញផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយបំណងថា អ្នកមានភ្នែកភ្លឺ រមែងមើលឃើញ នូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមទៅ។

ចប់ អសុរវគ្គ ទី៥។

ឧទ្ទាននៃអសុរវគ្គនោះគឺ

បុគ្គលជាអសុរ មានអសុរជាបរិវារ ជាដើម ១ បុគ្គលបាន នូវចេតោសមថៈ ជាដើម មាន ៣ លើក បុគ្គល ៤ ពួក មានសេចក្តីប្រៀបដោយអង្កត់ឧស ជាគំរប់ប្រាំ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីកំចាត់រាគ ជាដើម ១ បុគ្គល អាចដឹងឆាប់ ក្នុងកុសលធម៌ ជាដើម ១ អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ជាដើម ១ បុគ្គលអ្នកប្រតិបត្តិ តាមសិក្ខាបទ ៥ ជាដើម ១ បោតលិយបរិញ្វជក ១។

ចប់ បណ្ណាសក ទី២។

 

លេខយោង

1)
អប្បនាសមាធិ។
2)
វិបស្សនាញាណ សម្រាប់កំណត់នូវសង្ខារ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann