km:tipitaka:sut:an:04:sut.an.04.v11

វលាហកវគ្គ ទី១ (១១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v11 បាលី cs-km: sut.an.04.v11 អដ្ឋកថា: sut.an.04.v11_att PTS: ?

វលាហកវគ្គ ទី១ (១១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១១) ១. វលាហកវគ្គោ)

(បឋមវលាហកសូត្រ ទី១)

(១. បឋមវលាហកសុត្តំ)

[១០២] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ យ៉ាង។ មេឃ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺមេឃគ្រហឹម ឥតភ្លៀង ១ មេឃបង្អុរភ្លៀង ឥតគ្រហឹម ១ មេឃទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ មេឃគ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឧបមា ដោយមេឃនេះ មាន ៤ ពួក រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបានតែនិយាយ តែមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះគ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែមិននិយាយ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃ នោះបង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទាំងមិននិយាយ ទាំងមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយផង ជាអ្នកធ្វើផង ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឧបមា ដោយមេឃ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(ទុតិយវលាហកសូត្រ ទី២)

(២. ទុតិយវលាហកសុត្តំ)

[១០៣] ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ យ៉ាង។ មេឃ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺគ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ ឧបមាដោយមេឃ រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានរៀន សូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ បង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំង ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយមេឃ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(កុម្ភសូត្រ ទី៣)

(៣. កុម្ភសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ក្អមនេះ មាន ៤ យ៉ាង។ ក្អម ៤ យ៉ាង ដូចម្តេចខ្លះ។ គឺក្អមទទេ គ្របមាត់ ១ ក្អមពេញ (ដោយទឹក) តែបើកចំហមាត់ ១ ក្អមទទេ បើកចំហមាត់ ១ ក្អមពេញ (ដោយទឹក) គ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ក្អម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលទទេ គ្របមាត់ ១ បុគ្គលពេញដោយទឹក តែបើកចំហមាត់ ១ បុគ្គលទទេ បើកចំហមាត់ ១ បុគ្គលពេញ ដោយទឹក ទាំងគ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទទេ គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី បដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ គ្របមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេគ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលពេញដោយទឹក បើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមពេញដោយទឹក បើកចំហមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលទទេ ទាំងបើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេ បើកចំហមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលពេញដោយទឹក គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឈានដើរទៅមុខ ឈានដើរថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក ទាំងបិទមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះ ជាក្អមពេញដោយទឹក គ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(ឧទករហទសូត្រ ទី៤)

(៤. ឧទករហទសុត្តំ)

[១០៥] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនេះ មាន ៤ យ៉ាង។ អន្លង់ទឹក ៤យ៉ាង តើដូចម្តេច។ គឺ អន្លង់ទឹករាក់ មានឱភាស (ឆ្លុះស្រមោលទៅជ្រៅ) ១ អន្លង់ទឹកជ្រៅ មានឱភាសរាក់ ១ អន្លង់ទឹករាក់ មានឱភាសរាក់ ១ អន្លង់ទឹកជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មាន ៤យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺ បុគ្គលរាក់ មានឱភាសជ្រៅ ១ បុគ្គលជ្រៅ មានឱភាសរាក់ ១ បុគ្គលរាក់ មានឱភាសរាក់ ១ បុគ្គលជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសជ្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានទៅក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលរាក់ មានឱភាសជ្រៅយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះរាក់ មានឱភាសជ្រៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជ្រៅ មានឱភាសរាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រៅ មានឱភាសរាក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសរាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ ដើរឈានទៅខាងមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលរាក់ មានឱភាសរាក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះរាក់ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជ្រៅ មានឱភាសជ្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រៅ មានឱភាសជ្រៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង ឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសជ្រៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(អម្ពសូត្រ ទី៥)

(៥. អម្ពសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនេះ មាន ៤ យ៉ាង។ ផ្លែស្វាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ផ្លែស្វាយខ្ចី មានសម្បុរទុំ ១ ផ្លែស្វាយទុំ មានសម្បុរខ្ចី ១ ផ្លែស្វាយខ្ចី មានសម្បុរខ្ចី ១ ផ្លែស្វាយទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ មានឧបមា ដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលខ្ចី មានសម្បុរទុំ ១ បុគ្គលទុំ មានសម្បុរខ្ចី ១ បុគ្គលខ្ចី មានសម្បុរខ្ចី ១ បុគ្គលទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា តែបុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរខ្ចី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរខ្ចី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(ទុតិយអម្ពសូត្រ ទី៦)

(៦. ទុតិយអម្ពសុត្តំ)

(មិនមានក្នុងបិដក)

(មូសិកសូត្រ ទី៧)

(៧. មូសិកសុត្តំ)

[១០៧] ម្នាលភិក្ខុទាំងឡាយ កណ្តុរនេះ មាន ៤ ពួក។ កណ្តុរ ៤ ពួក តើដូចម្តេចខ្លះ។ គឺកណ្តុរកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ កណ្តុរ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយកណ្តុរ ៤ ពួកនេះ រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកកកាយរន្ធ តែមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធ តែមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធ តែមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកនៅ តែមិនកកាយរន្ធ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកនៅ តែមិនកកាយរន្ធ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះនៅ តែមិនកកាយរន្ធ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ ទាំងមិនកកាយរន្ធ ទាំងមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកកកាយរន្ធផង នៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធផង នៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធផង នៅផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មានឧបមាដោយកណ្តុរ រមែងមាននៅក្នុងលោក។

(ពលីពទ្ទសូត្រ ទី៨)

(៨. ពលីពទ្ទសុត្តំ)

[១០៨] ម្នាលភិក្ខុទាំងឡាយ គោបម្រើនេះ មាន ៤ ពួក។ គោបម្រើ ៤ពួក តើដូចម្តេចខ្លះ។ គឺជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ ជាសត្វកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ ជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ ជាសត្វមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ គោបម្រើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលដូចគោកាច ក្នុងហ្វូង គោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួន តែមិនគំរាមបរិសទ្យដទៃ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោដទៃ តែមិនកាច ក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យ របស់អ្នកដទៃ តែមិនគំរាមបរិសទ្យរបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាចក្នុង ហ្វូងគោរបស់អ្នកដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វកាច ក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួនផង គំរាមបរិសទ្យរបស់អ្នកដទៃផង ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនគំរាមបរិសទ្យរបស់ខ្លួន ទាំងមិនគំរាមបរិសទ្យរបស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(រុក្ខសូត្រ ទី៩)

(៩. រុក្ខសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ ដើមឈើនេះ មាន ៤ ពួក។ ដើមឈើ ៤ពួក តើដូចម្តេចខ្លះ។ គឺដើមឈើស្រាយ មានដើមឈើស្រាយជាបរិវារ ១ ដើមឈើស្រាយ មានដើមឈើខ្លឹមជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើស្រាយជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលស្រាយ មានស្រាយជាបរិវារ ១ បុគ្គលស្រាយ មានខ្លឹមជាបរិវារ ១ បុគ្គលខ្លឹម មានស្រាយជាបរិវារ ១ បុគ្គល ខ្លឹម មានខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមកដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាឈើស្រាយ មានដើមឈើស្រាយជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើស្រាយ មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា បុគ្គលខ្លឹម មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើខ្លឹម មានដើមឈើស្រាយ ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្លឹម មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើមានខ្លឹម មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(អាសីវិសសូត្រ ទី១០)

(១០. អាសីវិសសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ អាសិរពិសនេះ មាន ៤ ពួក។ អាសិរពិស ៤ ពួក តើដូចម្តេចខ្លះ។ គឺអាសិរពិស មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាលភិក្ខុទាំងឡាយ អាសិរពិស មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ តែសេចក្តីក្រោធរបស់បុគ្គលនោះ មិនងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនក្រោធរឿយ ៗទេ តែសេចក្តីក្រោធ របស់បុគ្គលនោះ រមែងងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ ផង សេចក្តីក្រោធរបស់បុគ្គលនោះ រមែងងំនៅអស់កាលយូរផង ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិស ជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ទាំងសេចក្តីក្រោធ របស់បុគ្គលនោះ ក៏មិនងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ចប់ វលាហកវគ្គ ទី១។

ឧទ្ទាននៃវលាហកវគ្គនោះគឺ

និយាយអំពីមេឃ មានពីរលើក អំពីក្អម ១ អំពីអន្លង់ទឹក មានពីរលើក អំពីផ្លែស្វាយ ១ អំពីសត្វកណ្តុរ ១ អំពីគោបម្រើ ១ អំពីដើមឈើ ១ អំពីអាសិរពិស ១ រួមត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.v11.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann