km:tipitaka:sut:an:04:sut.an.04.v12

កេសីវគ្គ ទី២ (១២)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v12 បាលី cs-km: sut.an.04.v12 អដ្ឋកថា: sut.an.04.v12_att PTS: ?

កេសីវគ្គ ទី២ (១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១២) ២. កេសិវគ្គោ)

(កេសិសូត្រ ទី១)

(១. កេសិសុត្តំ)

[១១១] គ្រានោះ កេសី ជាសារថី អ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះកេសីជាសារថី អ្នកបង្ហាត់សេះដែលគួរបង្ហាត់ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកេសី ខ្លួនអ្នក គេតែងដឹងច្បាស់ថា ជាសារថីអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ម្នាលកេសី ចុះអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបង្ហាត់សេះ ដែលគួរបង្ហាត់ ដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី ប្រសិនបើសេះ ដែលគួរបង្ហាត់របស់អ្នក ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន ចុះអ្នកធ្វើសេះនោះ ដូចម្តេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើសេះដែលគួរបង្ហាត់ របស់ខ្ញុំព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គក៏សម្លាប់សេះនោះចោល។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យមានពាក្យដំនៀល ដល់ត្រកូល នៃអាចារ្យរបស់ខ្ញុំព្រះអង្គឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន រកបុគ្គលណាមួយស្មើគ្មាន បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ទ្រង់ណែនាំបុរស ដែលគួរទូន្មាន តើដូចម្តេច។ ម្នាលកេសី តថាគត រមែងណែនាំបុរស ដែលគួរទូន្មាន ដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ ដូច្នេះ គឺកាយសុចរិត ដូច្នេះ ផលរបស់កាយសុចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងអស់នោះ អំពើអាក្រក់ ដូច្នេះ គឺកាយទុច្ចរិត ដូច្នេះ ផលរបស់កាយទុច្ចរិត ដូច្នេះ វចីទុច្ចរិតដូច្នេះ ផលរបស់វចីទុច្ចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោទុច្ចរិត ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ និងអំពីអាក្រក់ ដូច្នេះ គឺ កាយសុចរិត ដូច្នេះ ផលរបស់ កាយសុចរិត ដូច្នេះ កាយទុច្ចរិត ដូច្នេះ ផលរបស់កាយទុច្ចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ វចីទុច្ចរិត ដូច្នេះ ផលរបស់វចីទុច្ចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោទុច្ចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើបុរស ដែលគួរទូន្មានរបស់ព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន ចុះព្រះដ៏មានព្រះភាគ ទ្រង់ធ្វើបុរសនោះ ដូចម្តេចទៅវិញ។ ម្នាលកេសី ប្រសិនបើបុរស ដែលគួរទូន្មានរបស់តថាគត ប្រើវិធីបង្ហាត់ ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បាណាតិបាត មិនគួរដល់ព្រះដ៏មានព្រះភាគរបស់យើងទេ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ ម្នាលកេសី បាណាតិបាត មិនគួរដល់តថាគត ក៏ពិតមែន តែថាបុរស ដែលគួរទូន្មានណា ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន តថាគត រមែងមិនសំគាល់នូវបុរសនោះថា គួរពោល គួរប្រៀនប្រដៅទេ សូម្បីវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ (បុរសនោះ) ថា គួរពោល គួរប្រៀនប្រដៅដែរ មួយទៀត តថាគត មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ នូវបុរសណាថា គួរពោល គួរប្រៀនប្រដៅដែរ ម្នាលកេសី បុរសនោះ ឈ្មោះថា ត្រូវសម្លាប់ដោយល្អ ក្នុងអរិយវិន័យ។ ព្រះតថាគត មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅដែរ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ឈ្មោះថា ត្រូវសម្លាប់ដោយល្អ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរស ផ្ងារនូវរបស់ដែលគេផ្កាប់ ឬបើកបង្ហាញ នូវរបស់ដែលកំបាំង ពុំនោះសោត ដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុគ្គលមានចក្ខុ រមែងមើលឃើញ នូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

(ជវសូត្រ ទី២)

(២. ជវសុត្តំ)

[១១២] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ ប្រកបដោយអង្គ ៤ ជាសេះចំរើនរបស់ស្តេច គួរដល់ស្តេច ទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថាជាអង្គរបស់ស្តេច។ ប្រកបដោយអង្គ ៤ ដូចម្តេចខ្លះ។ គឺប្រកបដោយសេចក្តីស្មោះត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយការស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ សេះជាអាជានេយ្យ ប្រកបដោយអង្គ ៤ នេះ ជាសេះចំរើនរបស់ស្តេច គួរដល់ស្តេចទុកជាព្រះរាជទ្រព្យ ដល់ នូវការរាប់ថា ជាអង្គរបស់ស្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ក៏ដូច្នោះដែរ គឺជាអ្នកគួរគេបូជា គួរទទួលនូវអាគន្តុកទាន ជាអ្នកគួរទទួល នូវទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរនៃសត្វលោក។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺប្រកបដោយសេចក្តីស្មោះត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយការស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរនៃសត្វលោក។

(បតោទសូត្រ ទី៣)

(៣. បតោទសុត្តំ)

[១១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន មាន ៤ ពួក រមែងមាននៅក្នុងលោក។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញនូវស្រមោល នៃជន្លួញហើយ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តី តក់ស្លុតទេ លុះតែគេចាក់ត្រង់រោម ដោយជន្លួញ ទើបរំភើបដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ឃើញនូវស្រមោល នៃជន្លួញហើយ នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុត ទុកជាចាក់ត្រង់រោម (ដោយជន្លួញ) ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែចាក់ត្រង់ស្បែក ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើនូវហេតុអ្វីដល់អញ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តីតក់ស្លុត ទុកជាគេចាក់ត្រង់រោម ដោយជន្លួញ ក៏នៅតែមិនរំភើបដល់នូវសេចក្តីតក់ស្លុតដែរ ទុកជាគេចាក់ត្រង់ស្បែក ដោយជន្លួញ ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែគេចាក់ដល់ឆ្អឹង ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងត្រូវធ្វើតបទៅនាយសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ក៏មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើននេះ មាន ៤ ពួក រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខក្តី ធ្វើមរណកាលទៅក្តី បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់ព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ គ្រាន់តែឃើញនូវស្រមោលជន្លួញហើយ ក៏រំភើបដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះបុរសអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ស្រាប់តែឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ គ្រាន់តែត្រូវគេចាក់ដោយជន្លួញត្រង់រោម ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬក្នុងនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនបានឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលឡើយ មួយទៀត លុះតែញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ បុរសអាជានេយ្យនោះ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញត្រង់ស្បែក ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាព ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ទោះបីញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ក៏មិនដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ស្រាប់តែខ្លួនឯង ពាល់ត្រូវដោយទុក្ខវេទនា ជាទីប្រជុំចុះក្នុងកាយដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ជាទីនាំបង់នូវជីវិត បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ទើបដំកល់សេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញត្រង់ឆ្អឹង ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុងលោក។

(នាគសូត្រ ទី៤)

(៤. នាគសុត្តំ)

[១១៤] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៤ ជាដំរីគួរដល់ស្តេចទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេច។ ប្រកបដោយអង្គ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមានត្រចៀក (វៃ) ១ ជាសត្វបៀតបៀន ១ ជាសត្វអត់ធ្មត់ ១ ជាសត្វដើរ (លឿន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វមានត្រចៀក (វៃ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ សារថី អ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ ឲ្យធ្វើនូវហេតុណា ទោះបីខ្លួនធ្លាប់ធ្វើក្តី ទោះបីខ្លួនមិនធ្លាប់ធ្វើក្តី ក៏ធ្វើនូវហេតុនោះ ឲ្យមានប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមក នូវហេតុទាំងអស់ ដោយ ចិត្ត មានត្រចៀកផ្ទៀងស្តាប់។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វមានត្រចៀក (វៃ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលចូលសង្គ្រាម ក៏បៀតបៀននូវដំរីផងគ្នាផង បៀតបៀន នូវទ្រម័កដំរី ផង បៀតបៀននូវសេះផង បៀតបៀននូវអ្នកជិះសេះផង បៀតបៀននូវរថផង បៀតបៀន នូវបុរសអ្នកជិះរថផង បៀតបៀននូវសេនាថ្មើជើងផង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធ្មត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលចូលសង្រ្គាម ជាសត្វអត់ធ្មត់នឹងការប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយពូថៅ (ជាសត្វអត់ធ្មត់) នឹង សំឡេងស្គរជ័យ ខ្លុយ ស័ង្ខ ស្គរធំ និងសូរសំឡេងគឹកកងទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វអត់ធ្មត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ សារថីអ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ បញ្ជូនទៅកាន់ទិសណា ទោះបីធ្លាប់ទៅក្តី មិនធ្លាប់ទៅក្តី ក៏ជាសត្វដើរ (លឿន) ទៅកាន់ទិសនោះ ដោយឆាប់។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វដើរ (លឿន) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៤ នេះ ជាដំរីគួរដល់ស្តេចទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថាជាអង្គរបស់ស្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង ក៏ដូច្នោះដែរ គឺជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសោតប្រសាទវៃផង ជាអ្នកបៀតបៀនផង ជាអ្នកអត់ធ្មត់ផង ជាអ្នកដើរ (លឿន) ផង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានសោត ប្រសាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលគេកំពុងសំដែងធម្មវិន័យ ដែលតថាគតប្រកាសហើយ ក៏ធ្វើឲ្យមានប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មវិន័យទាំងអស់ដោយចិត្ត មានសោតប្រសាទ ផ្ទៀងចុះ ចាំស្តាប់នូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសោតប្រសាទវៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវកាមវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ ៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធ្មត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធ្មត់ នូវត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងពាក្យដែលគេនិយាយអាក្រក់ និងគន្លងនៃពាក្យ ដែលកើតឡើង និងទុក្ខវេទនា ជាទីប្រជុំចុះ ក្នុងសរីរៈ ដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិត ជាអ្នកប្រកបដោយអធិវាសនក្ខន្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអត់ធ្មត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទិសណា ដែលគេមិនធ្លាប់ទៅ ដោយកាលយូរអង្វែងនេះ សភាវៈណា ដែលជាទីរម្ងាប់បង់ នូវសង្ខារទាំងពួង ជាទីលះបង់ នូវឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីប្រាសចាករាគៈ ជាទីរលត់ គឺព្រះនិញ្វន ភិក្ខុក្នុងសាសនានេះ ជាអ្នកដើរទៅកាន់ទិស និងសភាវៈនោះ ដោយឆាប់រួសរាន់បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដើរ (លឿន) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា ជាអ្នកគួរទទួលនូវអាគន្តុកទាន ជាអ្នកគួរទទួលនូវទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើររបស់សត្វលោក។

(ឋានសូត្រ ទី៥)

(៥. ឋានសុត្តំ)

[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ហេតុណាដែលបុគ្គលធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែង របស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ជនពាលនោះ ទើបមិនធ្វើនូវហេតុនោះ ហេតុដែលជនពាលមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលបណ្ឌិតធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ បណ្ឌិតនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុ ទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់ ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណាដូច្នេះថា ការធ្វើនូវហេតុ ជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជនពាលនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលជនពាលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណា ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏មែនពិតហើយ តែថា ហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះ មិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គលរមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុ ដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ ហេតុ មាន ៤ យ៉ាងនេះឯង។

(អប្បមាទសូត្រ ទី៦)

(៦. អប្បមាទសុត្តំ)

[១១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីធ្វើសេចក្តីមិនប្រមាទ ដោយហេតុ ៤ យ៉ាង។ ដោយហេតុ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវកាយទុច្ចរិត ចូរចំរើននូវកាយសុចរិតវិញ ទាំងកុំបីប្រមាទ ក្នុងកាយសុចរិតនោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវវចីទុច្ចរិត ចូរចំរើននូវវចីសុចរិតវិញ ទាំងកុំបីធ្វេសប្រហែស ក្នុងវចីសុចរិតនោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវមនោទុច្ចរិត ចូរចំរើននូវមនោសុចរិតវិញ ទាំងកុំបីធ្វេសប្រហែល ក្នុងមនោសុចរិតនោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវមិច្ឆាទិដ្ឋិ ចូរចំរើននូវសម្មាទិដ្ឋិ ទាំងកុំបីធ្វេសប្រហែស ក្នុងសម្មាទិដ្ឋិនោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវកាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត លះបង់មិច្ឆាទិដ្ឋិ ចំរើនសម្មាទិដ្ឋិហើយ ភិក្ខុនោះ តែងមិនខ្លាចសេចក្តីស្លាប់ ដែលប្រព្រឹត្តទៅក្នុងខាងមុខ។

(អារក្ខសូត្រ ទី៧)

(៧. អារក្ខសុត្តំ)

[១១៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនប្រមាទ គឺការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួន ក្នុងហេតុ ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើ តាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំត្រេកត្រអាលទៅក្នុងធម៌ទាំងឡាយ ដែលគួរត្រេកត្រអាលឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ ដែលបុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំប្រទុស្ត ក្នុងធម៌ទាំងឡាយ ដែលគួរប្រទុស្តឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សា នូវចិត្តដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំភាន់ច្រឡំ ក្នុងធម៌ទាំងឡាយ ដែលគួរភាន់ច្រឡំ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា អាត្មាអញ កុំស្រវឹង ក្នុងធម៌ទាំងឡាយ ដែលគួរស្រវឹងឡើយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុមានចិត្តមិនត្រេកអរ ក្នុងធម៌ដែលគួរត្រេកអរ ព្រោះប្រាសចាករាគៈ មានចិត្តមិនប្រទុស្ត ក្នុងធម៌ដែលគួរប្រទុស្ត ព្រោះប្រាសចាកទោសៈ មានចិត្តមិនវង្វេង ក្នុងធម៌ដែលគួរវង្វេង ព្រោះប្រាសចាកមោហៈ មានចិត្តមិនស្រវឹង ក្នុងធម៌ដែលគួរស្រវឹង ព្រោះប្រាសចាកសេចក្តីស្រវឹង ភិក្ខុនោះ មិនញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនដល់នូវសេចក្តីតក់ស្លុត ទាំងមិនប្រព្រឹត្តទៅ ព្រោះហេតុតែពាក្យរបស់សមណៈ។

(សំវេជនីយសូត្រ ទី៨)

(៨. សំវេជនីយសុត្តំ)

[១១៨] ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត កើតក្នុងលោកនេះហើយ ដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគតត្រាស់ដឹង ចំពោះនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោកនេះហើយ ដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត ញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងលោកនេះហើយ ដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត ទ្រង់បរិនិញ្វន ដោយអនុបាទិសេសនិញ្វនធាតុ ក្នុងលោកនេះហើយ ដូច្នេះ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគ មាន ៤ យ៉ាងនេះ។

(បឋមភយសូត្រ ទី៩)

(៩. បឋមភយសុត្តំ)

[១១៩] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ មាន ៤ យ៉ាងនេះឯង។

(ទុតិយភយសូត្រ ទី១០)

(១០. ទុតិយភយសុត្តំ)

[១២០] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ អគ្គិភ័យ ១ ឧទកភ័យ ១ រាជភ័យ ១ ចោរភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ មាន ៤ យ៉ាងនេះឯង។

ចប់ កេសីវគ្គ ទី២។

ឧទ្ទាននៃកេសីវគ្គនោះគឺ

និយាយអំពីសារថី អ្នកបង្ហាត់សេះ ឈ្មោះកេសី ១ អំពីសន្ទុះ ១ អំពីជន្លួញ ១ អំពីដំរីដ៏ប្រសើរ ១ អំពីហេតុ ជាគំរប់ប្រាំ ១ អំពីសេចក្តីមិនប្រមាទ គឺការថែរក្សាចិត្ត ដោយសតិ ១ អំពីហេតុដែលគួរសំវេគ ១ អំពីភ័យ មានពីរលើក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.v12.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann