(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.v13 បាលី cs-km: sut.an.04.v13 អដ្ឋកថា: sut.an.04.v13_att PTS: ?
ភយវគ្គ ទី៣ (១៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៣) ៣. ភយវគ្គោ)
(១. អត្តានុវាទសុត្តំ)
[១២១] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ អត្តានុវាទភ័យ (ភ័យអំពីការតិះដៀលខ្លួនឯង) ១ បរានុវាទភ័យ (ភ័យអំពីការតិះដៀល របស់បុគ្គលដទៃ) ១ ទណ្ឌភ័យ (ភ័យអំពីទណ្ឌកម្ម) ១ ទុគ្គតិភ័យ (ភ័យអំពីទុគ្គតិ គឺអបាយទាំងបួន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះអត្តានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើខ្លួនអញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើខ្លួនអញ នឹងមិនតិះដៀលខ្លួនឯង ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើង អំពីការតិះដៀលខ្លួនឯង ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះបរានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើ អញប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើបុគ្គលដទៃ នឹងមិនតិះដៀលខ្លួនអញ ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀល របស់បុគ្គលដទៃ ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើន មនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បរានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទណ្ឌភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ1) ធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសម្បកស័ង្ខខ្លះ ធ្វើនូវរាហុមុខកម្ម គឺ អំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហូខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺ អំពើដែលគេដុតដៃខ្លះ ធ្វើនូវឯរកវដ្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចិរវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ ៗខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ដែលប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ។បេ។ កាត់ក្បាលដោយដាវខ្លះ ព្រោះហេតុនៃកម្ម ដ៏លាមក មានសភាពយ៉ាងណា ប្រសិនបើអញ ធ្វើនូវកម្មដ៏លាមក មានសភាពយ៉ាងនោះដែរ មុខជាព្រះរាជាទាំងឡាយ ចាប់ខ្លួនអញ ហើយធ្វើកម្មការណ៍ មានប្រការផ្សេង ៗ យ៉ាងនោះមិនខាន គឺវាយដោយរំពាត់ខ្លះ។បេ។ កាត់ក្បាលដោយដាវខ្លះ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីទណ្ឌកម្ម ហើយក៏លែងប្រព្រឹត្តប្លន់ដណ្តើមយកទ្រព្យ ជាដើមទុនរបស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទណ្ឌភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទុគ្គតិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា កាយទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ វចីទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ មនោទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ ប្រសិនបើអញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះអាត្មាអញ បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះអំពើនោះពុំខានឡើយ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីទុគ្គតិ ហើយក៏លះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុគ្គតិភ័យ។2) ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង។
(២. ឩមិភយសុត្តំ)
[១២២] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់បុគ្គលកាលចុះទឹក។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ (ភ័យ អំពីរលកទឹក) ១ កុម្ភីលភ័យ (ភ័យអំពីក្រពើ) ១ អាវដភ័យ (ភ័យអំពីទឹកកួចវឹលវល់) ១ សុសុកាភ័យ (ភ័យអំពីត្រីកាច) ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤យ៉ាងនេះឯង រមែងមានប្រាកដ ដល់បុគ្គល កាលចុះទឹក។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ ១ កុម្ភីលភ័យ ១ អាវដភ័យ ១ សុសុកាភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ចុះឩមិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា ព្យាធិ មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ពួកសព្រហ្មចារី ក៏ទូន្មាន ប្រៀនប្រដៅនូវកុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយក្រោយយ៉ាងនេះ អ្នកត្រូវងាកមើលទិសផ្សេង ៗ យ៉ាងនេះ អ្នកត្រូវបត់អវយវៈយ៉ាងនេះ អ្នកត្រូវលាអវយវៈយ៉ាងនេះ អ្នកត្រូវប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរយ៉ាងនេះ។ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ក៏ធ្លាប់ទូន្មានប្រៀនប្រដៅបុគ្គលដទៃដែរ គួរបើដែរ លោកទាំងនេះ (មានជំនាន់) ប្រហែលត្រឹមតែកូន ត្រឹមតែចៅ របស់យើងប៉ុណ្ណោះ មកសំគាល់នូវយើង ថាជាបុគ្គលគួរទូន្មាន គួរប្រៀនប្រដៅវិញ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ចិត្ត លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីរលក ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលកនេះឯង ជាឈ្មោះនៃសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឩមិភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះកុម្ភីលភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធាចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី ចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យបា្រកដបាន។ ពួកសព្រហ្មចារី ក៏ទូន្មានប្រៀនប្រដៅកុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា របស់នេះ អ្នកគួរទំពាស៊ី របស់នេះ អ្នកមិនគួរទំពាស៊ី របស់នេះ អ្នកគួរបរិភោគ របស់នេះ អ្នកមិនគួរបរិភោគ របស់នេះ អ្នកគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកមិនគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកគួរផឹក របស់នេះ អ្នកមិនគួរផឹក របស់ដែលគួរ អ្នកគប្បីទំពាស៊ី របស់ដែលមិនគួរ អ្នកមិនគប្បីទំពាស៊ី របស់ដែលគួរ អ្នកគប្បីបរិភោគ របស់ដែលមិនគួរ អ្នកមិនគប្បីបរិភោគ របស់ដែលគួរ អ្នកគប្បីជញ្ជាបជញ្ជក់ របស់ដែលមិនគួរ អ្នកមិនគប្បីជញ្ជាបជញ្ជក់ របស់ដែលគួរ អ្នកគប្បីផឹក របស់ដែលមិនគួរ អ្នកមិនគប្បីផឹក អ្នកគួរទំពាស៊ី តែក្នុងកាលគួរ អ្នកមិនគួរទំពាស៊ីក្នុងកាលមិនគួរ អ្នកគួរបរិភោគ តែក្នុងកាលគួរ អ្នកមិនគួរបរិភោគ ក្នុងកាលមិនគួរ អ្នកគួរជញ្ជាបជញ្ជក់ តែក្នុងកាលគួរ អ្នកមិនគួរជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរ អ្នកគួរផឹកតែក្នុងកាលគួរ អ្នកមិនគួរផឹក ក្នុងកាលមិនគួរទេ។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ (បើ) ចង់របស់ណា ក៏ទំពាស៊ីរបស់នោះ មិនចង់របស់ណា មិនទំពាស៊ីរបស់នោះទេ ចង់របស់ណា ក៏បរិភោគរបស់នោះ មិនចង់របស់ណា ក៏មិនបរិភោគរបស់នោះទេ ចង់របស់ណា ក៏ជញ្ជាបជញ្ជាក់របស់នោះ មិនចង់របស់ណា ក៏មិនជញ្ជាបជញ្ជក់របស់នោះ ចង់ទឹកណា ក៏ផឹកទឹកនោះ មិនចង់ទឹកណា ក៏មិនផឹកទឹកនោះ តែងទំពាស៊ីរបស់ដែលគួរក៏បាន ទំពាស៊ីរបស់ដែលមិនគួរក៏បាន បរិភោគភោជន ដែលគួរក៏បាន បរិភោគភោជន ដែលមិនគួរក៏បាន ជញ្ជាបជញ្ជក់របស់ដែលគួរក៏បាន ជញ្ជាបជញ្ជក់ របស់ដែលមិនគួរក៏បាន ផឹកទឹកដែលគួរក៏បាន ផឹកទឹកដែលមិនគួរក៏បាន ទំពាស៊ីក្នុងកាលគួរក៏បាន ទំពាស៊ីក្នុងកាលមិនគួរក៏បាន បរិភោគក្នុងកាលគួរក៏បាន បរិភោគក្នុងកាលមិនគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរក៏បាន ផឹកក្នុងកាលគួរក៏បាន ផឹកក្នុងកាលមិនគួរក៏បាន ពួកគហបតី ដែលមានសទ្ធា ធ្លាប់ឲ្យខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងក្នុងវេលាថ្ងៃ ជាកាលមិនគួរ ឥឡូវនេះ លោកទាំងនេះ ធ្វើទំនងដូចជាបិទមាត់ (អញ) ចំពោះខាទនីយភោជនីយាហារ (របស់គហបតី) ទាំងនោះ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ ចិត្ត ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីក្រពើ ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើនេះឯង ជាឈ្មោះនៃសេចក្តីប្រាថ្នាអាហារចំអែតពោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុម្ភីលភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះអាវដភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យបា្រកដបាន។ កាលបុគ្គលនោះបួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនសង្រួមកាយ មិនសង្រួមវាចា មិនសង្រួមចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញគហបតីក្តី កូនគហបតីក្តី ដែលឆ្អែតស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ក្នុងស្រុក ឬនិគមនោះ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ជាអ្នកធ្លាប់ឆ្អែត ស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ដែរ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញអាចនឹងប្រើប្រាស់ភោគសម្បត្តិបានផង និងធ្វើនូវបុណ្យ ក៏បានផង បើដូច្នោះ គួរតែអញលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ ហើយប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យផង។ កុលបុត្តនោះ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីទឹកកួចវិល ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាវដភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះសុសុកាភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កាលកុលបុត្តនោះ បួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនរក្សាកាយ មិនរក្សាវាចា មិនរក្សាចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ឬដណ្តប់មិនស្រួល លុះកុលបុត្រនោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ដណ្តប់មិនស្រួលហើយ ក៏មានចិត្តត្រូវរាគៈកំសួលឡើង កាលកុលបុត្តនោះ មានចិត្តត្រូវរាគៈកំសួលឡើងហើយ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីត្រីកាច ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីត្រីកាចនេះ ជាឈ្មោះនៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុសុកាភ័យ។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស។
(៣. បឋមនានាករណសុត្តំ)
[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ក៏បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់សម្រាន្តនៅ។ កុលបុត្តនោះ ក៏ត្រេកអរនឹងបឋមជ្ឈាននោះ ស្រឡាញ់បឋមជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយបឋមជ្ឈាននោះ ឋិតនៅក្នុងបឋមជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងបឋមជ្ឈាននោះ ជាអ្នកនៅច្រើន ដោយបឋមជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្ប3) ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជននោះ ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា ក៏ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងទុតិយជ្ឈាននោះ ស្រឡាញ់ទុតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយទុតិយជ្ឈាននោះ ឋិតនៅក្នុងទុតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងទុតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងទុតិយជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់អាភស្សរៈ ប្រមាណ២កប្ប4) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះ សេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះនឿយណាយ ចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានស្មារតីដឹងខ្លួនផង បាននូវសុខ ដោយនាមកាយផង រមែងបានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ បុគ្គលនោះ ក៏ត្រេកអរនឹងតតិយជ្ឈាននោះ ស្រឡាញ់តតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយតតិយជ្ឈាននោះ ឋិតនៅក្នុងតតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងតតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងតតិយជ្ឈាននោះ មិនសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ ក៏ទៅកើតជាមួយនឹងពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ ប្រមាណ ៤ កប្ប5) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុ របស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះវិនាសទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានសុខ មិនមានទុក្ខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងចតុត្ថជ្ឈាននោះ ស្រឡាញ់ចតុត្ថជ្ឈាននោះ ដល់នូវសេចក្តីតេ្រកអរ ដោយចតុត្ថជ្ឈាននោះ ឋិតនៅក្នុងចតុត្ថជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងចតុត្ថជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងចតុត្ថជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់វេហប្ផលៈ ប្រមាណ ៥០០ កប្ប6) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ ក៏រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួក នេះឯង រមែងមានប្រាកដក្នុងលោក។
(៤. ទុតិយនានាករណសុត្តំ)
[១២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រាន្តនៅ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ (ការកើត) មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន សម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាននៅក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
(៥. បឋមមេត្តាសុត្តំ)
[១២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេច សម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរនឹងមេត្តានោះ ស្រឡាញ់មេត្តានោះ ដល់នូវសេចក្តីតេ្រកអរ ដោយមេត្តានោះ ឋិតនៅក្នុងមេត្តានោះ មានចិត្តចុះស៊ប់ ក្នុងមេត្តានោះ ជាអ្នកនៅដោយច្រើន ដោយមេត្តានោះ មិនបានសាបសូន្យចាកមេត្តា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា មានប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយករុណា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងករុណានោះ ស្រឡាញ់ករុណានោះ ដល់នូវសេចក្តីត្រេកអរ ដោយករុណានោះ ឋិតនៅក្នុងករុណានោះ មានចិត្តចុះស៊ប់ ក្នុងករុណានោះ ជាអ្នកនៅដោយច្រើន ដោយករុណានោះ មិនបានសាបសូន្យចាកករុណា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់អាភស្សរៈ មានប្រមាណ ២ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយមុទិតា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងមុទិតានោះ ស្រឡាញ់មុទិតានោះ ដល់នូវសេចក្តីត្រេកអរ ដោយមុទិតានោះ ឋិតនៅក្នុងមុទិតានោះ មានចិត្តចុះស៊ប់ ក្នុងមុទិតានោះ ជាអ្នកនៅច្រើន ដោយមុទិតានោះ មិនបានសាបសូន្យ ចាកមុទិតា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ មានប្រមាណ ៤ កប្ប បុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងនោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរនឹងឧបេក្ខានោះ ស្រឡាញ់ឧបេក្ខានោះ ដល់នូវសេចក្តីតេ្រកអរ ដោយឧបេក្ខានោះ ឋិតនៅក្នុងឧបេក្ខានោះ មានចិត្តចុះស៊ប់ ក្នុងឧបេក្ខានោះ ជាអ្នកនៅច្រើន ដោយឧបេក្ខានោះ មិនបានសាបសូន្យ ចាកឧបេក្ខា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់វេហប្ផលៈ មានប្រមាណ ៥០០ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃ អាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
(៦. ទុតិយមេត្តាសុត្តំ)
[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺ ទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាន ក្នុងលោកនោះ បុគ្គលនោះ តែងពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា…។ មានចិត្តប្រកបដោយមុទិតា…។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ តែងពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
(៧. បឋមតថាគតអច្ឆរិយសុត្តំ)
[១២៧] ម្នាលភិក្ខុទាំងឡាយ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើតនៃតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត មានស្មារតីដឹងខ្លួន ចុះកាន់ផ្ទៃនៃព្រះមាតា ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរក7) ទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រ ខាងក្រោមជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ8) រមែងផ្សាយទៅមិនដល់9) លោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាពដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណា ដែលកើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះ ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ ពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ អស្ចារ្យចំឡែក ទី១ កើតប្រាកដឡើង ព្រោះការកើតឡើង នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពោធិសត្វ មានស្មារតីដឹងខ្លួន ប្រសូតចេញចាកផ្ទៃនៃព្រះមាតា ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុដែលអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ អស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រះតថាគត ញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរកទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រខាងក្រោម ជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺនៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ក៏រមែងផ្សាយទៅមិនដល់ ក្នុងលោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាពដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណា កើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះឯង ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាងនេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
(៨. ទុតិយតថាគតអច្ឆរិយសុត្តំ)
[១២៨] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុអស្ចារ្យ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានអាល័យ10) ជាទីត្រេកអរ ត្រេកអរក្នុងអាល័យ រីករាយក្នុងអាល័យ ពពួកសត្វនោះឯង កាលបើតថាគតសំដែងធម៌ ជាទំនាស់ដល់អាល័យ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានមានះជាទីត្រេកអរ ត្រេកអរក្នុងមានះ រីករាយក្នុងមានះ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវមានះ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានសេចក្តីមិនស្ងប់រម្ងាប់ជាទីតេ្រកអរ ត្រេកអរក្នុងសេចក្តីមិនស្ងប់រម្ងាប់ រីករាយក្នុងសេចក្តីមិនស្ងប់រម្ងាប់ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងស្ងប់រម្ងាប់ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ ប្រកបដោយអវិជ្ជា ដូចខ្វាក់ ត្រូវអវិជ្ជារួបរឹត ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងធម៌ ជាគ្រឿងកំចាត់បង់អវិជ្ជា ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែកទាំង ៤ នេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
(៩. អានន្ទអច្ឆរិយសុត្តំ)
[១២៩] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទនេះ មាន ៤យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹង11) អានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទី12) នោះ ភិក្ខុនីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសកបរិសទ្យ13) នោះ តែងមានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។
(១០. ចក្កវត្តិអច្ឆរិយសុត្តំ)
[១៣០] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងសេ្តចចក្រពត្តិនេះ មាន ៤ យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើខត្តិយបរិសទ្យ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ខត្តិយបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះរាជឱង្ការ (ដោយបដិសន្ថារធម៌) ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម។ ម្នាលភិក្ខុទាំងឡាយ បើញ្រហ្មណបរិសទ្យនោះ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ញ្រហ្មណបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ ញ្រហ្មណបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ ញ្រហ្មណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើគហបតីបរិសទ្យចូលទៅ ដើម្បីគាល់ស្តេចចក្រពត្តិ គហបតីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ គហបតីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ គហបតីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើសមណបរិសទ្យចូលទៅ ដើម្បីជួបស្តេចចក្រពត្តិ សមណបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ សមណបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះឱង្ការផង ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងស្តេចចក្រពត្តិ ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ក៏មាន ៤ យ៉ាងដូច្នោះដែរ។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យមិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ…។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ…។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។
ចប់ ភយវគ្គ ទី៣។
ឧទ្ទាននៃភយវគ្គនោះគឺ14)
និយាយអំពីអត្តានុវាទភ័យ ១ អំពីឩមិភ័យ ១ អំពីដំណើរផ្សេងៗគ្នា នៃអរិយសាវក និងបុថុជ្ជន មានពីរ ២ដង អំពីមេត្តា ១ អំពីហេតុអស្ចារ្យចំឡែក ២លើក និង២លើកដទៃទៀត។