km:tipitaka:sut:an:04:sut.an.04.v14

បុគ្គលវគ្គ ទី៤ (១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v14 បាលី cs-km: sut.an.04.v14 អដ្ឋកថា: sut.an.04.v14_att PTS: ?

បុគ្គលវគ្គ ទី៤ (១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៤) ៤. បុគ្គលវគ្គោ)

(សំយោជនសូត្រ ទី១)

(១. សំយោជនសុត្តំ)

[១៣១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់លះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជាបច្ច័យដើម្បីបាននូវឧបបត្តិភព) មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជាបច្ច័យ ដើម្បីបាននូវភព)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់សកទាគាមី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនបានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់អន្តរាបរិនិញ្វយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់អរហន្តខីណាស្រព។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(បដិភានសូត្រ ទី២)

(២. បដិភានសុត្តំ)

[១៣២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានប្រាជ្ញា គួរតែមិនមានប្រាជ្ញារហ័ស1) ១ មានប្រាជ្ញារហ័ស តែមិនមានប្រាជ្ញាគួរ ១ មានប្រាជ្ញាគួរផង មានប្រាជ្ញារហ័សផង ១ មានប្រាជ្ញាមិនគួរ មានប្រាជ្ញាមិនរហ័ស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(ឧគ្ឃដិតញ្ញូសូត្រ ទី៣)

(៣. ឧគ្ឃដិតញ្ញូសុត្តំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺ ឧគ្ឃដិតញ្ញូបុគ្គល ១ វិបចិតញ្ញូបុគ្គល ១ នេយ្យបុគ្គល ១ បទបរមបុគ្គល2) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(ឧដ្ឋានផលសូត្រ ទី៤)

(៤. ឧដ្ឋានផលសុត្តំ)

[១៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម3) ១ ចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង4) ១ ចិញ្ចឹមជីវិតដោយផល នៃការប្រឹងប្រែងផង ចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម5) ផង ១ មិនចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម6) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(សាវជ្ជសូត្រ ទី៥)

(៥. សាវជ្ជសុត្តំ)

[១៣៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលប្រកបដោយទោស ១ ច្រើនដោយទោស ១ មានទោសតិច ១ មិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រកបដោយទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមានទោស ប្រកបដោយវចីកម្មមានទោស ប្រកបដោយមនោកម្មមានទោស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយទោស ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលច្រើនដោយទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមានទោសច្រើន មិនមានទោសតិច ប្រកបដោយវចីកម្មមានទោសច្រើន មិនមានទោសតិច ប្រកបដោយមនោកម្មមានទោសច្រើន មិនមានទោសតិច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលច្រើនដោយទោស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានទោសតិច តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មិនមានទោសច្រើន មានទោសតិច ប្រកបដោយវចីកម្ម មិនមានទោសច្រើន មានទោសតិច ប្រកបដោយ មនោកម្មមិនមានទោសច្រើន មានទោសតិច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានទោសតិច យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មិនមានទោស ប្រកបដោយវចីកម្ម មិនមានទោស ប្រកបដោយមនោកម្ម មិនមានទោស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទោស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។

(បឋមសីលសូត្រ ទី៦)

(៦. បឋមសីលសុត្តំ)

[១៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបំពេញក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញតែក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញក្នុងសីល បំពេញក្នុងសមាធិ តែមិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បំពេញក្នុងសីល បំពេញក្នុងសមាធិ បំពេញក្នុងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(ទុតិយសីលសូត្រ ទី៧)

(៧. ទុតិយសីលសុត្តំ)

[១៣៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនគោរពក្នុងសីល មិនយកសីលជាធំ មិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ តែមិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរពក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ តែមិនគោរពក្នុង បញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យកសមាធិជាធំ គោរពក្នុងបញ្ញា យកបញ្ញាជាធំ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(និកដ្ឋសូត្រ ទី៨)

(៨. និកដ្ឋសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ មានកាយមិនចេញទៅ មានចិត្តចេញទៅ ១ មានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង ១ មានកាយចេញទៅផង មានចិត្តចេញទៅផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ តែបុគ្គលនោះ តែងត្រិះរិះនូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះ នូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅ តែមានចិត្តមិនចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅ មានចិត្តចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ តែបុគ្គលនោះ តែងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញ តែមានចិត្តចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះនូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយចេញទៅផង មានចិត្តក៏ចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅផង មានចិត្តក៏ចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

(ធម្មកថិកសូត្រ ទី៩)

(៩. ធម្មកថិកសុត្តំ)

[១៣៩] ម្នាលភិក្ខុទាំងឡាយ ធម្មកថិក (អ្នកសំដែងធម៌) នេះ មាន ៤ ពួក។ ធម្មកថិក ទាំង ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង ប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង ប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិសទ្យមានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក ៤ ពួកនេះឯង។

(វាទីសូត្រ ទី១០)

(១០. វាទីសុត្តំ)

[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះ មាន ៤ ពួក។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅដោយអត្ថ គឺអដ្ឋកថា មិនអស់ទៅដោយព្យញ្ជនៈ គឺបាឡីក៏មាន ១7) ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នលពោល តែងដល់នូវការអស់ទៅ ដោយព្យញ្ជនៈ មិនអស់ទៅដោយអត្ថ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅ ដោយអត្ថផង ដោយព្យញ្ជនៈផង ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មិនដល់នូវការអស់ទៅដោយអត្ថ ទាំងមិនដល់ នូវការអស់ទៅ ដោយព្យញ្ជនៈ ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ គ្មានហេតុ គ្មានបច្ច័យដែលនាំឲ្យភិក្ខុប្រកបដោយបដិសម្ភិទា ទាំង ៤ ដល់នូវការអស់ទៅ ដោយអត្ថ ដោយព្យញ្ជនៈ ឡើយ។

ចប់ បុគ្គលវគ្គ ទី៤។

ឧទ្ទាននៃបុគ្គលវគ្គនោះគឺ8)

និយាយអំពីសំយោជនៈ ១ អំពីបុគ្គលមានប្រាជ្ញា ១ អំពីឧគ្ឃដិតញ្ញូបុគ្គល ១ អំពីបុគ្គលចិញ្ចឹមជីវិតដោយផល នៃព្យាយាម ១ អំពីបុគ្គលប្រកបដោយទោស ១ អំពីសីល មាន ២លើក ១ អំពីបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ អំពីធម្មកថិក ១ អំពីបុគ្គលអ្នកពោល ១។

 

លេខយោង

1)
បានដល់បុគ្គល កាលដោះស្រាយប្រស្នា ក៏ដោះស្រាយត្រឹមត្រូវ តែដោះស្រាយមិនរហ័ស គឺនិយាយសន្សឹមៗ។
2)
បុគ្គលដែលត្រាស់ដឹងធម៌ឆាប់រហ័ស ក្នុងវេលាដែលធម្មកថិកបង្ហើប សំដែងឡើង ហៅថា ឧគ្ឃដិតញ្ញូបុគ្គល។ បុគ្គលដែលត្រាស់ដឹងធម៌ ក្នុងកាលធម្មកថិកបំបែកសេចក្តីឲ្យពិស្តារ ហៅថា វិបចិតញ្ញូបុគ្គល។ បុគ្គលលុះតែរៀន សាកសួរ ធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចូលទៅសេពគប់ អង្គុយជិតកល្យាណមិត្រ ទើបត្រាស់ដឹងធម៌ ដោយលំដាប់ ហៅថា នេយ្យបុគ្គល។ បុគ្គលដែលស្តាប់ច្រើនក្តី សូត្ររៀនច្រើនក្តី ចងចាំច្រើនក្តី បង្ហាញច្រើនក្តី ក៏មិនត្រាស់ដឹងធម៌ ក្នុងជាតិនោះឡើយ ហៅថា បទបរមបុគ្គល។ អដ្ឋកថា។
3)
បានដល់បុគ្គល ដែលប្រឹងប្រែង ព្យាយាម ទើបបានអ្វីមួយមកចិញ្ចឹមជីវិត។
4)
បានដល់ពួកទេវតាទាំងអស់។
5)
បានដល់ស្តេច និងអាមាត្យធំនៃស្តេច ជាដើម។
6)
បានដល់ពួកសត្វនរក។
7)
បានសេចក្តីថា កាលបើគេសួរអដ្ឋកថា ក៏សំដែងមិនរួច តែបើគេសួរតាមព្យញ្ជនៈ អាចសំដែងបាន។ អដ្ឋកថា។
8)
ឧទ្ទាននេះ មានតែក្នុងគម្ពីរអក្សរភូមា។
km/tipitaka/sut/an/04/sut.an.04.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann