(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.v15 បាលី cs-km: sut.an.04.v15 អដ្ឋកថា: sut.an.04.v15_att PTS: ?
អាភាវគ្គ ទី៥ (១៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៥) ៥. អាភាវគ្គោ)
(១. អាភាសុត្តំ)
[១៤១] ម្នាលភិក្ខុទាំងឡាយ ពន្លឺនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺព្រះចន្រ្ទ ១ ពន្លឺព្រះអាទិត្យ ១ ពន្លឺភ្លើង ១ ពន្លឺ ប្រាជ្ញា១។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺទាំង ៤ នេះ ពន្លឺដែលប្រសើរនុ៎ះ គឺពន្លឺប្រាជ្ញា។
(២. បភាសុត្តំ)
[១៤២] ម្នាលភិក្ខុទាំងឡាយ រស្មីនេះ មាន ៤ យ៉ាង។ រស្មី ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ រស្មីព្រះចន្រ្ទ ១ រស្មីព្រះអាទិត្យ ១ រស្មីភ្លើង ១ រស្មីប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បណ្តារស្មីទាំង ៤ នេះ រស្មីដែលប្រសើរនុ៎ះ គឺ រស្មីប្រាជ្ញា។
(៣. អាលោកសុត្តំ)
[១៤៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿងនេះ មាន ៤ យ៉ាង សេចក្តីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ សេចក្តីរុងរឿង នៃព្រះចន្រ្ទ ១ សេចក្តីរុងរឿងនៃព្រះអាទិត្យ ១ សេចក្តីរុងរឿងនៃភ្លើង ១ សេចក្តីរុងរឿង នៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿង ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីរុងរឿងទាំង ៤ នេះ សេចក្តីរុងរឿង ដែលប្រសើរនុ៎ះ គឺសេចក្តីរុងរឿងនៃប្រាជ្ញា។
(៤. ឱភាសសុត្តំ)
[១៤៤] ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿងនេះ មាន ៤ យ៉ាង។ រស្មីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺរស្មីរុងរឿងនៃព្រះចន្រ្ទ ១ រស្មីរុងរឿង នៃព្រះអាទិត្យ ១ រស្មីរុងរឿងនៃភ្លើង ១ រស្មីរុងរឿងនៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿង ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តារស្មីរុងរឿងទាំង ៤ នេះ រស្មីរុងរឿង ដែលប្រសើរនុ៎ះ គឺរស្មីរុងរឿងនៃប្រាជ្ញា។
(៥. បជ្ជោតសុត្តំ)
[១៤៥] ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មីនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺរស្មីព្រះចន្រ្ទ ១ ពន្លឺរស្មីព្រះអាទិត្យ ១ ពន្លឺរស្មីភ្លើង ១ ពន្លឺរស្មីប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មី ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺរស្មីទាំង ៤ យ៉ាងនេះ ពន្លឺរស្មីដែលប្រសើរនុ៎ះ គឺពន្លឺរស្មីប្រាជ្ញា។
(៦. បឋមកាលសុត្តំ)
[១៤៦] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) នេះ មាន ៤ យ៉ាង។ កាល ៤ យ៉ាង តើដូចម្តេច។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈតាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាង នេះឯង។
(៧. ទុតិយកាលសុត្តំ)
[១៤៧] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាងនេះ កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅ ដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់។ កាល ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈ តាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល ៤ យ៉ាងនេះឯង កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់ ម្នាលភិក្ខុទាំងឡាយ ភ្លៀងមានដំណក់ដ៏ថ្លោស ធ្លាក់ចុះលើកំពូលភ្នំ ទឹកកាលហូរទៅកាន់ទំនាប រមែងញុំាងជ្រោះ អូរ និងប្រឡាយភ្នំ ឲ្យពេញ លុះជ្រោះ អូរ និងប្រឡាយភ្នំ ពេញហើយ រមែងញុំាងបារាយណ៍1) តូច ឲ្យពេញ លុះបារាយណ៍តូចពេញហើយ រមែងញុំាងបារាយណ៍ធំ ឲ្យពេញ លុះបារាយណ៍ធំពេញហើយ រមែងញុំាងស្ទឹងតូច ឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំ ឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងសមុទ្រសាគរ ឲ្យពេញ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទាំង ៤ យ៉ាងនេះ បើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅនៃអាសវៈ ដោយលំដាប់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។
(៨. ទុច្ចរិតសុត្តំ)
[១៤៨] ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤ យ៉ាង។ វចីទុច្ចរិត ៤យ៉ាង តើដូចម្តេចខ្លះ។ គឺការនិយាយកុហក ១ ការនិយាយញុះញង់ ១ ការនិយាយពាក្យទ្រគោះ ១ ការនិយាយពាក្យរោយរាយ ១។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិត ៤ យ៉ាងនេះឯង។
(៩. សុចរិតសុត្តំ)
[១៤៩] ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន ៤ យ៉ាង។ វចីសុចរិត ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺនិយាយពាក្យសត្យ ១ មិននិយាយពាក្យញុះញង់ ១ និយាយពាក្យពីរោះពិសា ១ និយាយតែពាក្យដែលប្រកបដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិត ៤ យ៉ាងនេះឯង។
(១០. សារសុត្តំ)
[១៥០] ម្នាលភិក្ខុទាំងឡាយ សារៈ (ខ្លឹម) នេះ មាន ៤ យ៉ាង។ សារៈ ៤យ៉ាង តើដូចម្តេចខ្លះ។ គឺ សីលសារៈ ១ សមាធិសារៈ ១ បញ្ញាសារៈ ១ វិមុត្តិសារៈ ១។ ម្នាលភិក្ខុទាំងឡាយ សារៈ ៤ យ៉ាងនេះឯង។
ចប់ អាភាវគ្គ ទី៥។
ចប់ បណ្ណាសក ទី៣។
ឧទ្ទាននៃអាភាវគ្គនោះគឺ2)
និយាយអំពីពន្លឺ ១ អំពីរស្មី ១ អំពីសេចក្តីរុងរឿង ១ អំពីរស្មីរុងរឿង ១ អំពីពន្លឺរស្មី ១ អំពីកាល មាន ២លើក អំពីចរិត មាន២លើក អំពីសីលសារៈ ១ ត្រូវជា ១០ ក្នុងវគ្គនេះ។
ចប់ ភាគ៤២។