(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.v16 បាលី cs-km: sut.an.04.v16 អដ្ឋកថា: sut.an.04.v16_att PTS: ?
ឥន្រ្ទិយវគ្គ ទី១ (១៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៦) ១. ឥន្ទ្រិយវគ្គោ)
(១. ឥន្ទ្រិយសុត្តំ)
[១]ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះមាន ៤។ ឥន្រ្ទិយ ៤ គឺអ្វីខ្លះ។ ឥន្រ្ទិយគឺសទ្ធា ១ ឥន្រ្ទិយគឺវីរិយៈ ១ ឥន្រ្ទិយគឺសមាធិ ១ ឥន្រ្ទិយគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ មាន ៤ នេះឯង។
(២. សទ្ធាពលសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺសទ្ធា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
(៣. បញ្ញាពលសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺបញ្ញា ១ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
(៤. សតិពលសុត្តំ)
[៤] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំងគឺសតិ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
(៥. បដិសង្ខានពលសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ៤។ កម្លាំង ៤ គឺអ្វីខ្លះ។ កម្លាំង គឺការ ពិចារណាមុន ហើយទើបធ្វើ ១ កម្លាំងគឺការចំរើនកុសល ដែលមិនទាន់មាន ឲ្យមានឡើង ១ កម្លាំងគឺកម្ម ដែលមិនមានទោស ១ កម្លាំងគឺការសង្គ្រោះ ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៤ យ៉ាងនេះឯង។
(៦. កប្បសុត្តំ)
[៦] ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ (កាលដែលយូររាប់មិនបាន) នៃកប្បនេះ មាន ៤។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលកប្បសូន្យទៅ តាំងមានឡើង កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បតាំងនៅក្នុងចន្លោះវិនាសទៅ តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បត្រឡប់ចំរើន តាំងមានឡើងវិញ ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំឡាយ កាលកប្បតាំងនៅក្នុងចន្លោះ ចំរើន តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ នៃកប្ប មាន ៤ យ៉ាងនេះឯង។
(៧. រោគសុត្តំ)
[៧] ម្នាលភិក្ខុទាំងឡាយ រោគនេះ មាន ២ យ៉ាង។ រោគ ២យ៉ាង គឺអ្វីខ្លះ។ គឺកាយិករោគ (រោគកាយ) ១ ចេតសិករោគ (រោគចិត្ត) ១។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រាកដដោយកាយិករោគ តែងប្តេជ្ញាថា មិនមានរោគអស់ ១ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់៤ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៥ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ១០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៣០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៤០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៥០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគលើសជាង ១០០ឆ្នាំក៏មាន។ ម្នាលភិក្ខុទាំងឡាយ តែថាសត្វទាំងនោះ ដែលប្តេជ្ញាថា មិនមានរោគ ដោយចេតសិក សូម្បីត្រឹមតែវេលាមួយស្របក់ប៉ុណ្ណោះ ក៏រកបានដោយកម្រក្នុងលោក វៀរលែងតែព្រះខីណាស្រព។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិតនេះ មាន ៤ យ៉ាង។ រោគ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីប្រាថ្នាច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១។ កាលភិក្ខុនោះ មានសេចក្ដីបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានហើយ រមែងតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបាននូវលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងចូលទៅកាន់ត្រកូល ដើម្បីអោយគេរាប់អាន អង្គុយនៅ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ពោលធម៌ (ក្នុងត្រកូល) ដើមី្បអោយគេរាប់អាន អត់ទ្រាំឧច្ចារៈ បស្សាវៈ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ១។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិត មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមិនជាអ្នកបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តាមមានតាមបាន នឹងមិនតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបាននូវលាភសក្ការៈ និងសេចក្តីសរសើរ នឹងមិនប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្តីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ នឹងជាអ្នកចេះអត់ទ្រាំ ចំពោះត្រជាក់ ក្ដៅ សេចក្តីឃ្លាន ស្រេក សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
(៨. បរិហានិសុត្តំ)
[៨] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្ដាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តបានថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការដុះដាលរាគៈ ១ ការដុះដាលទោសៈ ការដុះដាលមោហៈ ១ និងមិនមានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដ្ឋានៈដ៏ជ្រាលជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការនេះ មាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមានក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីមិនសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការស្រាលស្តើងរាគៈ ១ ការស្រាលស្តើងទោសៈ ១ ការស្រាលស្តើងមោហៈ ១ មានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដា្ឋនៈដ៏ជ្រាលជ្រៅ ១។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ទាំង ៤ ប្រការនេះ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយឡើយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្ដីមិនសាបសូន្យ។
(៩. ភិក្ខុនីសុត្តំ)
[៩] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ភិក្ខុនី ១រូប បានហៅបុរសម្នាក់ មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកអាយ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូងដូច្នេះ ហើយចូរទូលយ៉ាងនេះថា សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រយ័សេចក្ដីអនុគ្រោះផងចុះ។ បុរសនោះ ក៏ទទួលពាក្យនាងភិក្ខុនីនោះថា ព្រះករុណានាងម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ទើបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូង រួចនាងពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រ័យសេចក្តីអនុគ្រោះផងចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសមយ័ ហើយចូលទៅកាន់លំនៅនាងភិក្ខុនី។ ឯភិក្ខុនីនោះ បានឃើញព្រះអានន្ទដ៏មានអាយុ និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សិងលើគ្រែ ដណ្តប់ទទូរទាំងក្បាល។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅត្រង់ទី ដែលនាងភិក្ខុនីនោះនៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ គង់ហើយ ទើបនិយាយទៅនឹងនាងភិក្ខុនីនោះ ដូច្នោះថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់នូវមេថុនចេញ ព្រោះថា មេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថា ជាទោសសម្លាប់នូវហេតុ។ ក៏ពាក្យដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះនេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បរិភោគនូវអាហារ ពិចារណាដោយឧបាយ មិនបរិភោគដើម្បីលេងទេ មិនបរិភោគដើម្បីស្រវឹងទេ មិនបរិភោគដើម្បីប្រដាប់ទេ មិនបរិភោគដើម្បីស្អិតស្អាងទេ បរិភោគគ្រាន់តែដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ គឺបរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តទៅនៃឥរិយាបថ ៤ ក្តី ការមិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តក្តី ការនៅជាសុខក្តី នឹងមានដល់អាត្មាអញ។ លុះសម័យខាងក្រោយមក ភិក្ខុទាំងនោះ ក៏អាស្រ័យអាហារហើយ លះបង់អាហារចេញ។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ក៏ពាក្យថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏អាស្រ័យនូវតណ្ហា ហើយលះបង់តណ្ហាបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោល ហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលថា ម្នាលនាង កាយនេះ កើតមកដោយ មានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលយ៉ាងលោកដ៏មានអាយុនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ចំណែកអាត្មាអញ ចាំបាច់និយាយធ្វើអ្វី។ លុះសម័យខាងក្រោយមក ភិក្ខុនោះ អាស្រ័យមានះ ហើយលះបង់មានះបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់ នូវមេថុនចេញ ព្រោះមេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថាជាទោស តែងសម្លាប់នូវហេតុ។ លំដាប់នោះ នាងភិក្ខុនីនោះ ក្រោកអំពីគ្រែ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយពោលខមាទោស នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ទោសកំហុសត្រូវនូវខ្ញុំម្ចាស់ហើយ ដោយខ្ញុំម្ចាស់ជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា ខ្ញុំម្ចាស់ឯណា បានធ្វើអំពើយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ អត់នូវទោសកំហុស តាមទោសកំហុស ដល់ខ្ញុំម្ចាស់នោះ ដើម្បីនឹងសង្រួមតទៅ។ ព្រះអានន្ទតបថា អើនាង ទោសកំហុស ត្រូវនាងហើយ ដោយសារនាងជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា នាងបានធ្វើអំពើយ៉ាងនេះ ម្នាលនាង កាលណាបើនាងឃើញទោសកំហុស តាមទោសកំហុស ហើយសំដែងឲ្យសមគួរតាមធម៌ យើងនឹងទទួលទោសកំហុសនោះ របស់នាង ម្នាលនាង ស្រ្តីឯណា បានឃើញទោសកំហុស តាមទោសកំហុស ហើយសំដែង ឲ្យសមគួរតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នោះជាសេចក្តីចំរើន របស់ស្រ្តីនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។
(១០. សុគតវិនយសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុង លោក ការនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ដា នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្ដេច។ ព្រះសុគតនោះ ទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្ដី វិន័យព្រះសុគតក្ដី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាស សាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រ ដែលខ្លួនរៀនខុស ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្ដីបានដោយលំបាក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាមនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីវិនាសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្ដីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញុំាងបុគ្គលដទៃ ឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះ ក៏ដាច់មូល លែងប្រតិស្ឋាននៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយ ជាថេរៈ ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈ ក្នុងវិវេក មិនបា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជាថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈ ក្នុងវិវេក មិនបា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រ ដែលខ្លួនរៀនត្រូវ ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្តីបានងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ ញុំាងបុគ្គលដទៃ ឲ្យរៀននូវព្រះសូត្រដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះ មិនបានដាច់ឫស តាំងនៅតៗគ្នា។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈ មិនប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈចុះ ក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក បា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជន ដែលកើតខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិនប្រតិបត្តិ ឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះ ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ចប់ ឥន្រ្ទិយវគ្គ ទី១។
ឧទ្ទាននៃឥន្រ្ទិយវគ្គនោះគឺ
និយាយអំពីឥន្រ្ទិយ ១ អំពីពលៈ ៣ គឺ សទ្ធាពលៈ ១ បញ្ញាពលៈ ១ សតិពលៈ ១ និងបដិសង្ខានពលៈ ១ ជាគំរប់ ៥ អំពីកប្ប ១ អំពីរោគ ១ អំពីការសាបសូន្យ ១ អំពីនាងភិក្ខុនី ១ អំពីព្រះសុគត និងវិន័យរបស់ព្រះសុគត ១ រួមត្រូវជា ១០។