(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.v18 បាលី cs-km: sut.an.04.v18 អដ្ឋកថា: sut.an.04.v18_att PTS: ?
សញ្ចេតនិយវគ្គ ទី៣ (១៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៨) ៣. សញ្ចេតនិយវគ្គោ)
(១. ចេតនាសុត្តំ)
[២១] ម្នាលភិក្ខុទាំងឡាយ កាលបើកាយទ្វារ1) មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា2) ជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើវចីទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើមនោទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ឬព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងកាយសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់3) តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល តាក់តែងវចីសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងវចីសង្ខារ ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងវចីសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងមនោសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា តែងជាប់តាមទៅ ក្នុងធម៌ទាំងនេះ ព្រោះអវិជ្ជាវិនាស រលត់មិនមានសេសសល់ កាយនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន វាចានោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ចិត្តនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ខេត្តរមែងមិនមាន… វត្ថុរមែងមិនមាន… អាយតនៈ រមែងមិនមាន… អធិករណ៍ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាពនេះ មាន៤យ៉ាង។ ការបានអត្តភាព ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនជាសញ្ចេតនា របស់ខ្លួននាំទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃ នាំទៅផងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនារបស់បុគ្គលដទៃនាំទៅ ក៏មិនមែន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព មាន ៤យ៉ាងនេះឯង។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត ដែលព្រះអង្គសំដែងសង្ខេបនេះ ខ្ញុំព្រះអង្គ អាចយល់សេចក្ដីដោយពិស្ដារបានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង៤នោះ ការបានអត្តភាព ដែល សញ្ចេតនារបស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ការច្យុតិចាក កាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់ខ្លួនជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនសញ្ចេតនា របស់ខ្លួននាំទៅ ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់បុគ្គលដទៃជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃនាំទៅផង ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនា របស់ខ្លួនជាហេតុផង ព្រោះសញ្ចេតនា របស់បុគ្គលដទៃ ជាហេតុផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបាន អត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មិនមែន គេគប្បីឃើញថា បានដល់ទេវតាពួកណា។ ម្នាលសារីបុត្ត គេឃើញថា បានដល់ទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុង លោកនេះ ច្យុតចាកកាយ (នេវសញ្ញានាសញ្ញាយតនៈ) នោះហើយ ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះហើយ ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាន លះបង់ឱរម្ភាគិយសញ្ញោជនៈ តែបុគ្គលនោះ ក៏បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្ដីរីករាយ នឹងឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានឲ្យសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះ ច្យុតចាកភពនោះ ក៏ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត ចំណែកបុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់ឱរម្ភាគិយសញ្ញោជនៈ បុគ្គលនោះ បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្តីរីករាយ ដោយឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះច្យុត ចាកភពនោះ ក៏ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត ម្នាលសារីបុត្ត នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។
(២. វិភត្តិសុត្តំ)
[២២] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុមកថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបថេរវាចា នៃព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណា អាវុសោ។ ទើបព្រះសារីបុត្តដ៏មានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់ នូវអត្ថប្បដិសម្ភិទា ដោយចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យ យល់ច្បាស់ នឹងតាំងផ្ដើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវអត្ថប្បដិសម្ភិទានោះ ដោយ អនេកបរិយាយបាន។ បើអ្នកណា មានសេចក្ដីសង្ស័យ ងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្ដា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោ ទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ ក៏អាចធ្វើឲ្យជាក់ច្បាស់ នូវធម្មប្បដិសម្ភិទា ដោយចំណែក ដោយព្យញ្ជនៈបាន ខ្ញុំនឹងបា្រប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្ដើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវធម្មប្បដិសម្ភិទានេះ ដោយអនេកបរិយាយបាន។ បើអ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ អាចធ្វើឲ្យជាក់ច្បាស់ នូវនិរុត្តិប្បដិសម្ភិទា ដោយចំណែក ដោយព្យពា្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវនិរុត្តិប្បដិសម្ភិទានោះ ដោយអនេកបរិយាយបាន។ បើអ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះ ចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងអាចឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំទើបនឹងទទួលឧបសម្បទា បានកន្លះខែ អាចធ្វើឲ្យជាក់ច្បាស់ នូវបដិភាណប្បដិសម្ភិទា ដោយចំណែក ដោយព្យពា្ជនៈបាន ខ្ញុំនឹងប្រាប់ នឹងសំដែង នឹងធ្វើឲ្យយល់ច្បាស់ នឹងតាំងផ្តើម នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នូវបដិភាណប្បដិសម្ភិទានោះ ដោយអនេកបរិយាយបាន។ បើអ្នកឯណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ អ្នកនោះចូរសួរប្រស្នានឹងខ្ញុំចុះ ខ្ញុំនឹងឆ្លើយដោះស្រាយ ទាន់ព្រះសាស្តា ទ្រង់ឆ្លៀវឆ្លាសលើសលុប ក្នុងធម៌ទាំងឡាយ គង់នៅចំពោះមុខយើងទាំងឡាយស្រាប់ហើយ។
(៣. មហាកោដ្ឋិកសុត្តំ)
[២៣] គ្រានោះ ព្រះមហាកោដិ្ឋតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បពា្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្ត ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង៦ វិនាសរលត់មិនមាន សេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃ តិចតួច មិនមានទេឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃ តិចតួច នៅមានដែរឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាល ខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេស សល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរ យ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ អ្នកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ចុះសេចក្ដីនៃភាសិតនេះ គប្បីយល់បាន ដោយប្រការដូចម្តេច។ កាលបើពោលថា ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួចនៅមាន ឈ្មោះថាធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះ ផស្សាយតនៈទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួចមិនមាន ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ។ ម្នាលអាវុសោ ផស្សាយតនៈ ទាំង៦ នៅប្រព្រឹត្តទៅបានដរាបណា បបញ្ចធម៌ (ធម៌ជាគ្រឿងយឺតយូរ) ក៏មាននៅដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈទាំង ៦ ក៏ប្រព្រឹត្តទៅបាន ដរាបនោះ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់ទៅ។
(៤. អានន្ទសុត្តំ)
[២៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះមហាកោដ្ឋិតៈ ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះ ផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមាន ក៏មិនមែនឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែនឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ចុះសេចក្ដីនៃភាសិតនេះ គប្បីយល់បាន ដោយប្រការដូចម្ដេច។ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មាន ឈ្មោះថា ធ្វើធម៌ ដែលមិនបានយឺតយូរ ឲ្យយឺតយូរ កាលពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មិនមាន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ។ ម្នាលអាវុសោ ផស្សាយតនៈ ទាំង ៦ នៅប្រព្រឹត្តទៅបាន ដរាបណា បបញ្ចធម៌ ក៏ប្រព្រឹត្តទៅបានដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈ ទាំង ៦ ក៏នៅប្រព្រឹត្តទៅបាន ដរាបនោះ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់រម្ងាប់ទៅ។
(៥. ឧបវាណសុត្តំ)
[២៥] គ្រានោះ ព្រះឧបវានៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះឧបវានៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះសារីបុត្តដ៏មាន អាយុថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជាឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា អ្នកក៏ពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈឬ អ្នកពោលថា ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយប្រការដូចម្ដេច។ ម្នាលអាវុសោ បើបុគ្គលនឹងធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជាហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា ធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា ធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈហើយ បុគ្គលប្រកបដោយឧបាទាន ក៏ឈ្មោះថា នឹងធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ បើបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ព្រោះវៀរចាកវិជ្ជា និងចរណៈហើយ បុថុជ្ជន ក៏ឈ្មោះថា នឹងធ្វើនូវទីបំផុតទុក្ខបាន ម្នាលអាវុសោ ព្រោះបុថុជ្ជនវៀរចាកវិជ្ជា និងចរណៈ ម្នាលអាវុសោ បុគ្គលបា្រសចាកចរណៈហើយ រមែងមិនដឹង មិនឃើញ តាមសេចក្ដីពិតបាន បុគ្គលប្រកបដោយចរណៈហើយ រមែងដឹង រមែងឃើញ តាមសេចក្ដីពិតបាន កាលបុគ្គលដឹង ឃើញតាមសេចក្ដីពិត ក៏រមែងធ្វើនូវទីបំផុតទុក្ខបាន។
(៦. អាយាចនសុត្តំ)
[២៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា កាលបើប្រាថ្នា (ធ្វើខ្លួន) ឲ្យត្រឹមត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាព្រះសារីបុត្ត និង ព្រះមោគ្គល្លាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះសារីបុត្ត និងមោគ្គល្លាននុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុជាសាវក របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីអ្នកមានសទ្ធា កាលបើបា្រថ្នាឲ្យត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជា ខេមាភិក្ខុនី និងឧប្បលវណ្ណាភិក្ខុនី។ ម្នាលភិក្ខុទាំងឡាយ ព្រោះខេមាភិក្ខុនី និង ឧប្បលវណ្ណាភិក្ខុនីនុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុនីជាសាវិកា របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ឧបាសកអ្នកមានសទ្ធា កាលបើប្រាថ្នាឲ្យត្រូវ គួរបា្រថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាចិត្តគហបតី និងហត្ថកអាឡវកៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តគហបតី និងហត្ថកអាឡវកនុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួក ឧបាសក ជាសាវករបស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាអ្នកមានសទ្ធា កាលបើបា្រថ្នាឲ្យត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាឧបាសិកាឈ្មោះ ខុជ្ជុត្តរា និងវេឡុកណ្តកិយានន្ទមាតា។ ម្នាលភិក្ខុទាំងឡាយ ព្រោះខុជ្ជុត្តរាឧបាសិកា និងវេឡុកណ្តកិយានន្ទមាតានុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួក ឧបាសិកា ជាសាវិការបស់តថាគត។
(៧. រាហុលសុត្តំ)
[២៧] គ្រានោះឯង ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែរាហុល បឋវីធាតុ ដែលជាខាងក្នុងខ្លួន និងបឋវីធាតុជាខាងក្រៅនុ៎ះ ក៏ជាបឋវីធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញបឋវីធាតុនោះ គួរតាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញបឋវីធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងបឋវីធាតុ រមែងញុំាងចិត្តឲ្យនឿយណាយ ក្នុងបឋវីធាតុ។ នែរាហុល អាបោធាតុ ដែលជាខាងក្នុង និង អាបោធាតុជាខាងក្រៅនុ៎ះ ក៏ជាអាបោធាតុដូចគ្នាទេ ភិក្ខុត្រូវឃើញអាបោធាតុនោះ គួរតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញអាបោធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងអាបោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងអាបោធាតុ។ នែរាហុល តេជោធាតុ ដែលជាខាងក្នុង និងតេជោធាតុជាខាងក្រៅនុ៎ះ ក៏ជាតេជោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញតេជោធាតុ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញតេជោធាតុនុ៎ះ តាមពិតដោយបា្រជ្ញា ដ៏ប្រពៃយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងតេជោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងតេជោធាតុ។ នែរាហុល វាយោធាតុ ដែលជាខាងក្នុង និងវាយោធាតុជាខាងក្រៅនុ៎ះ ក៏ជាវាយោធាតុ ដូចគ្នាទេ ភិក្ខុត្រូវឃើញវាយោធាតុនុ៎ះ គួរតាមពិត ដោយបា្រជា្ញដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ លុះភិក្ខុឃើញវាយោធាតុនុ៎ះ តាមពិតដោយបា្រជ្ញាដ៏ប្រពៃ តាមហេតុយ៉ាងនេះហើយ រមែងធុញទ្រាន់ ក្នុងវាយោធាតុ រមែងញុំាងចិត្ត ឲ្យនឿយណាយ ក្នុងវាយោធាតុ។ នែរាហុល ភិក្ខុពិចារណាឃើញច្បាស់ នូវធាតុទាំង ៤ នេះថា មិនមែនខ្លួន មិនមែនកើតក្នុងខ្លួន ក្នុងកាលណា នែរាហុល ភិក្ខុនេះ តថាគតហៅថា បានផ្តាច់ផ្តិលតណ្ហា គាស់រំលើងសញ្ញោជនៈ ធ្វើទីបំផុតទុក្ខបានហើយ ព្រោះត្រាស់ដឹង នូវការលះសេចក្តីប្រកាន់តាមហេតុ។
(៨. ជម្ពាលីសុត្តំ)
[២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង តែងមានក្នុងលោក។ បុគ្គល ៤ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ4) ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ កាលភិក្ខុនោះ កំពុងធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ ចិត្តមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនស្លុងចុះ ក្នុងការរំលត់សក្កាយ ម្នាលភិក្ខុទាំងឡាយ ការរំលត់សក្កាយនុ៎ះ របស់ភិក្ខុនោះ មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃប្រឡាក់ជ័រស្អិត ចាប់មែកឈើ ដៃបុរសនោះ ស្អិតថ្ពក់ជាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ (ការរំលត់សក្កាយ) កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃស្អាត ចាប់មែកឈើ ដៃរបស់បុរសនោះ មិនស្អិត មិនកាន់ មិនជាប់ទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំង ដ៏ស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបិទមាត់រង្វះ សម្រាប់បង្ហូរចូលរបស់ត្រពាំងនោះ បើកមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏មិនគប្បីបង្អុរធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនុ៎ះ ក៏មិនសម្រចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយ អវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទំាងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំងស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបើកមាត់រង្វះ សម្រាប់បង្ហូរចូល របស់ត្រពាំងនោះ បិទមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏បង្អុរនូវធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនោះ ក៏សម្រេចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោក ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង តែងមានក្នុងលោក។
(៩. និព្វានសុត្តំ)
[២៩] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះ ព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត ហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិន បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ អានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ មិនដឹងតាមពិតថា នេះជា ហានភាគិយសញ្ញា (សញ្ញាជាចំណែកវិនាស) មិនដឹងតាម ពិតថា នេះជា ឋិតិភាគិយសញ្ញា (សញ្ញាជាចំណែកតាំងនៅ គឺស្មើដើម) មិនដឹងតាមពិតថា នេះជា វិសេសភាគិយសញ្ញា (សញ្ញាជាចំណែកវិសេសឡើង គឺបានចំណេញ) មិនដឹងតាមពិតថា នេះជា និព្វេធភាគិយសញ្ញា (សញ្ញាជាចំណែកត្រាស់ដឹង)។ ម្នាលអាវុសោ អានន្ទ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ សារីបុត្ត ចុះហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះ។ ម្នាលអាវុសោ អានន្ទ សត្វទាំងឡាយ ក្នុងលោកនេះ បានដឹងច្បាស់ពិតថា នេះជាហានភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាឋិតិភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាវិសេសភាគិយសញ្ញា បានដឹងច្បាស់ តាមពិតថា នេះជានិព្វេធភាគិយសញ្ញា។ ម្នាលអាវុសោ អានន្ទ នេះឯង ជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះឯង។
(១០. មហាបទេសសុត្តំ)
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអានន្ទចេតិយ5) ក្បែរភោគនគរ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទំាងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទំាងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង មហាបទេស (គ្រឿងសម្រាប់អាងយ៉ាងធំ) ៤ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមហាបទេស ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីនិយាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងសូត្រ ទាំងមិនឃើញប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះ ជាប្រាកដ ទំនងជាភិក្ខុនេះ រៀនខុសទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ បទ និងព្យញ្ជនៈទាំនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះ ក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលភិក្ខុនេះ រៀនត្រូវល្អហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាបឋមនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ នូវភាសិតរបស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះ ក្នុងសូត្រ ទាំងមិនឃើញមានប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាសង្ឃនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះមែន ជាពាក្យដែលព្រះសង្ឃនោះ រៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស ជាគំរប់ពីរនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈទាំងនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ ចោលពាក្យនេះ ដោយទំនង ដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ពួកភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យ ដែលព្រះថេរៈទាំងនោះ រៀនត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បីនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ មុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុង វិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈនោះ រៀនខុស ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទំាងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលព្រះថេរៈនោះ រៀនត្រូវហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បួននេះចុះ។ ម្នាលភិក្ខុទំាងឡាយ នេះឯង ជាមហាបទេសទាំងបួន។
ចប់ សញ្ចេតនិយវគ្គ ទី៣។
ឧទ្ទាននៃសញ្ចេតនិយវគ្គនោះគឺ
សំដែងពីសញ្ចេតនា ១ ការចែកបដិសម្ភិទា ១ រឿងព្រះកោដិ្ឋតត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះឧបវានត្ថេរ ១ ជាគំរប់ ៥ ការប្រាថ្នាយកតម្រាប់ ១ រឿងព្រះរាហុលត្ថេរ ១ ការប្រៀបធៀបនឹងត្រពាំង ១ ព្រះនិព្វាន ១ មហាបទេស ១ ក្នុងវគ្គ។