km:tipitaka:sut:an:04:sut.an.04.v19

យោធាជីវវគ្គ ទី៤ (១៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v19 បាលី cs-km: sut.an.04.v19 អដ្ឋកថា: sut.an.04.v19_att PTS: ?

យោធាជីវវគ្គ ទី៤ (១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៩) ៤. ព្រាហ្មណវគ្គោ)

(យោធាជីវសូត្រ ទី១)

(១. យោធាជីវសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) ប្រកប ដោយអង្គ ៤ ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ (អវយវៈ) របស់ព្រះរាជា បាន។ អង្គ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកអាចទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ប្រកបដោយអង្គ ៤ នេះឯង ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ របស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ទើបជាអ្នកគួរទទួលគ្រឿង ដែលគេនាំមកបូជា គួរទទួលរបស់ ដែលគេទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរបំផុត របស់សត្វលោក ក៏ដូច្នោះដែរ។ ប្រកបដោយអង្គ ៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឈ្លាស ក្នុងជយភូមិ តើដូចម្ដេច។ ម្នាលភិក្នុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងជយភូមិយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបាញ់បានឆ្ងាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញដោយបញ្ញា ដ៏ប្រពៃតាមពិត នូវរូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជារូបក្នុងខ្លួនក្ដី ក្រៅខ្លួនក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី អាក្រក់ក្ដី ល្អក្ដី នៅឆ្ងាយក្ដី នៅជិតក្ដី ទាំងអស់នុ៎ះ យ៉ាងនេះដូច្នេះថា នុ៎ះមិនមែន របស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនខ្លួនអញ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… ភិក្ខុឃើញដោយបញ្ញាដ៏ប្រពៃតាមពិត នូវវិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាវិញ្ញាណក្នុងខ្លួនក្ដី ក្រៅខ្លួនក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី អាក្រក់ក្ដី ល្អក្ដី នៅឆ្ងាយក្ដី នៅជិតក្ដី ទាំងអស់នុ៎ះ យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនខ្លួនអញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់បានឆ្ងាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបាញ់ត្រង់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបាញ់ត្រង់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកទំលាយកងទ័ពធំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទំលាយគំនរអវិជ្ជាដ៏ធំបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកទំលាយកងទ័ពធំបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្ត ដ៏ប្រសើរបំផុត របស់សត្វលោក។

(បាដិភោគសូត្រ ទី២)

(២. បាដិភោគសុត្តំ)

[៣២] ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាក្នុងលោក ជាអ្នកធានាធម៌ ទាំង ៤ យ៉ាងបានទេ។ ធម៌ទាំង ៤ យ៉ាង តើអ្វីខ្លះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីគ្រាំគ្រាជាធម្មតា កុំគ្រាំគ្រាឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីឈឺចាប់ ជាធម្មតា កុំឈឺចាប់ឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា របស់ដែលមានសេចក្ដីស្លាប់ ជាធម្មតា កុំស្លាប់ឡើយ ដូច្នេះ។ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាថា បាបកម្មទាំងឡាយណា ដែលប្រកបដោយសេចក្ដីសៅហ្មង ធ្វើឲ្យមានភពថ្មី ប្រព្រឹត្តទៅ មួយអន្លើដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាផល នាំឲ្យមានជាតិ ជរា មរណៈតទៅ វិបាករបស់កម្មទាំងនោះ កុំកើតឡើយ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ មិនមានសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ឬអ្នកណាមួយ ក្នុងលោក ជាអ្នកធានាធម៌ ទាំង ៤ យ៉ាងនេះឯងបានឡើយ។

(សុតសូត្រ ទី៣)

(៣. សុតសុត្តំ)

[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម ដ៏ចំរើន យើងខ្ញុំតែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា អ្នកណាមួយ និយាយ ចំពោះរូប ដែលខ្លួនឃើញហើយថា ខ្ញុំបានឃើញយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះសំឡេង ដែលខ្លួនឮហើយថា ខ្ញុំបានឮយ៉ាងនេះ ឥតមាន ទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវថា ខ្ញុំបានហិត ភ្លក់ ពាល់ត្រូវយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានដឹងច្បាស់ (ដោយចិត្ត) ថា ខ្ញុំបានដឹងច្បាស់ យ៉ាងនេះ ឥតមានទោស អំពីអ្នកនោះទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវតែនិយាយចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេងទាំងអស់ ដែលខ្លួនឮហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេង ដែលខ្លួនឮហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវនិយាយ ចំពោះក្លិន រស ផោដ្ឋព្វៈទាំងអស់ ដែលខ្លួនហិត ភ្លក់ ពាល់ត្រូវហើយទេ ម្នាលព្រាហ្មណ៍ តែថា តថាគតពោលថា បុគ្គលមិនត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈទាំងអស់ ដែលខ្លួនហិត ភ្លក់ ពាល់ត្រូវហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវនិយាយចំពោះធម្មារម្មណ៍ទាំងអស់ ដែលខ្លួនដឹងច្បាស់ហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយចំពោះធម្មារម្មណ៍ទាំងអស់ ដែលខ្លួនដឹងច្បាស់ហើយទេ។ ម្នាលព្រាហ្មណ៍ តែថាតថាគត ពោលថា កាលបើបុគ្គលពោលចំពោះរូបណា ដែលបានឃើញហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅវិញ បុគ្គលមិនត្រូវនិយាយចំពោះរូប ដែលខ្លួនឃើញហើយបែបនេះទេ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះរូបណា ដែលខ្លួនបានឃើញហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលគួរនិយាយចំពោះរូប ដែលខ្លួនបានឃើញបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនគួរនិយាយចំពោះសំឡេង ដែលខ្លួនបានឮបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលគួរនិយាយចំពោះសំឡេងបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលពោលចំពោះក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលនោះ ពោលចំពោះ ក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះធម្មារម្មណ៍ណា ដែលខ្លួនដឹងច្បាស់ហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនត្រូវនិយាយ ចំពោះធម្មារម្មណ៍ ដែលខ្លួនបានដឹងច្បាស់បែបនេះទេ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះធម្មារម្មណ៍ណា ដែលខ្លួនបានដឹងច្បាស់ហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលត្រូវនិយាយចំពោះធម្មារម្មណ៍ ដែលខ្លួនបានដឹងច្បាស់បែបនេះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថយចេញទៅ។

(អភយសូត្រ ទី៤)

(៤. អភយសុត្តំ)

[៣៤] គ្រានោះ ជានុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះជានុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកយើងខ្ញុំ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលអ្នកមានសេចក្ដីស្លាប់ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្ដីស្លាប់ មិនដែល មានឡើយ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ជាធម្មតា ខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់ក៏មាន ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់ក៏មាន។ ម្នាលព្រាហ្មណ៍ ចុះបុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតា ខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រសចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោក ស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រស ចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់បា្រសចាក ចំណងក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា រាងកាយជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ នឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ហើយបុគ្គលនោះ ក៏កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីសន្ទិះ សង្ស័យ មិនជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មានសេចក្ដីសន្ទិះ សង្ស័យ មិនជឿស៊ប់ក្នុងព្រះសទ្ធម្ម។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្ដីពេញចិត្ត បា្រសចាកសេចក្ដីស្រឡាញ់ បា្រសចាកសេចក្ដីស្រេកឃ្លាន បា្រសចាកសេចក្ដីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់ អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្ដីពេញចិត្ត បា្រសចាកសេចក្ដីស្រឡាញ់ បា្រសចាកសេចក្ដីស្រេកឃ្លាន បា្រសចាកសេចក្ដីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា ឱរាងកាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនធ្វើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនដែលធ្វើអំពើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមកទេ ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។ បុគ្គលនោះ ក៏មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសេចក្ដីសន្ទិះ សង្ស័យ ជាបុគ្គលជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើ បុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ លែងសន្ទិះ សង្ស័យ បានជឿស៊ប់ ក្នុងព្រះសទ្ធម្មហើយ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈ ស្មើជីវិត តាំងពីថ្ងៃនេះទៅ។

(ព្រាហ្មណសច្ចសូត្រ ទី៥)

(៥. ព្រាហ្មណសច្ចសុត្តំ)

[៣៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង រាជគ្រឹះ។ សម័យនោះឯង បរិព្វាជកច្រើននាក់ សុទ្ធតែជាអ្នកល្បីឈ្មោះ អាស្រ័យនៅ ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនី គឺបរិព្វាជកឈ្មោះ អន្នភារៈ ១ វធរៈ ១ សកុលុទាយី ១ និងបរិព្វាជកឯទៀត ដែលមានឈ្មោះល្បីល្បាញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយទ្រង់ស្ដេចចូលទៅឯបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនីនោះ។ កាលដែលពួកបរិព្វាជក ជាអន្យតិរិ្ថយ ទាំងនោះ អង្គុយប្រជុំសន្និបាត ក្នុងសម័យនោះឯង អន្តរាកថានេះ កើតឡើងថា សច្ចៈ របស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ សច្ចៈរបស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្ដេចចូលទៅរកពួកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទើបត្រាស់សួរបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយ អង្គុយប្រជុំ និយាយគ្នាអំពីរឿងអ្វី មួយទៀត អន្តរាកថា របស់អ្នកទាំងឡាយ ដូចម្ដេច ដែលបញ្ឈប់ដាច់ទៅ។ បពិត្រព្រះគោតមដ៏ចំរើន កាលដែលយើងខ្ញុំអង្គុយប្រជុំគ្នា ក្នុងទីនេះ អន្តរាកថានេះ កើតឡើងថា សច្ចៈរបស់ពួកព្រាហ្មណ៍ ដូច្នេះខ្លះ សច្ចៈរបស់ ពួកព្រាហ្មណ៍ ដូច្នេះខ្លះ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍នេះ មាន ៤ ដែលតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯងហើយ ទើបប្រកាសឲ្យដឹងច្បាស់។ សច្ចៈរបស់ពួកព្រាហ្មណ៍ ៤ តើដូចម្ដេច។ ម្នាលបរិព្វាជក ទាំងឡាយ ព្រាហ្មណ៍1) ក្នុងលោកនេះ ពោលយ៉ាងនេះថា សត្វទាំងពួង មិនគួរសម្លាប់ ព្រាហ្មណ៍ កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ព្រាហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញ ប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះតែការសម្លាប់នោះ គ្រាន់តែប្រតិបត្តិដើម្បីអាណិត អនុគ្រោះ ចំពោះសត្វទាំងឡាយ ព្រោះការត្រាស់ដឹងសច្ចៈនោះ ក្នុងការមិនសម្លាប់នោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា កាមទាំងពួង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា ព្រាហ្មណ៍ កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ព្រាហ្មណ៍នោះ មិនប្រកាន់ថាជាសមណៈ មិនប្រកាន់ថាជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះតែសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ ដើម្បីនឿយណាយ ធុញទ្រាន់ រំលត់កាមទាំងឡាយ ព្រោះការត្រាស់ដឹង នូវសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា ភពទាំងពួង មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួល ជាធម្មតា ពា្រហ្មណ៍កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ពា្រហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ ដើម្បីនឿយណាយ ធុញទ្រាន់ រំលត់ភពទាំងឡាយ ព្រោះការត្រាស់ដឹងសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា អាត្មាអញ មិនមានក្នុងវត្ថុនីមួយ មិនមានក្នុងកង្វល់អ្នកណាមួយ អ្នកដទៃក៏មិនមានក្នុងវត្ថុនីមួយ ទាំងវត្ថុនីមួយ របស់អ្នកដទៃ ក៏មិនមានក្នុងកង្វល់នីមួយរបស់អញ ព្រាហ្មណ៍កាលពោលយ៉ាងនេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសាទេ ព្រាហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ អាកិញ្ចញ្ញប្បដិបទា (ផ្លូវដែលឥតកង្វល់) ព្រោះការត្រាស់ដឹង នូវសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍ ទាំង ៤ នេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯងហើយ ទើបប្រកាសឲ្យដឹងច្បាស់។

(ឧម្មគ្គសូត្រ ទី៦)

(៦. ឧម្មគ្គសុត្តំ)

[៣៦] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាស របស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នកស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតថា អ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ចិត្ត ដឹកនាំសត្វលោកទៅ ចិត្ត ទង់ទាញសត្វលោកទៅ សត្វលោក លុះអំណាចចិត្ត ដែលកើតឡើង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏បានសួរប្រស្នា នឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាសរបស់អ្នក ស្រួលហើយ សេចក្ដីវាងវៃ ស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតអ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ដែលតថាគត សំដែងទុកច្រើនយ៉ាង គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បើភិក្ខុដឹងអត្ថ និងធម៌របស់គាថា ត្រឹមតែ៤បាទ ហើយជាអ្នកប្រតិបត្តិធម៌ សមគួរដល់ធម៌ ក៏គួរហៅថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌បាន។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏សួរប្រសា្ននឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែល ព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ សេចក្ដីឆ្លាសរបស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នក ស្រួលហើយ សេចក្ដីសាកសួររបស់អ្នក ល្អហើយ ដ្បិតអ្នកបានសួរ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកបានស្ដាប់ មានប្រាជ្ញាចាក់ធ្លុះ ដោយហេតុដូចម្ដេច។ បពិត្រ ព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានឮថា នេះទុក្ខ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខសមុទ័យ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធ ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធគាមិនិបដិបទា ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា ម្នាលភិក្ខុ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ យ៉ាងនេះឯង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏ក្រាបទូលសួរប្រស្នានឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បណ្ឌិត អ្នកមានបា្រជ្ញាច្រើន បណ្ឌិតអ្នកមានបា្រជ្ញាច្រើន ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាបណ្ឌិត អ្នកមានបា្រជ្ញាច្រើន តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ សេចក្ដីឆ្លាសរបស់អ្នក ស្រួលហើយ សេចក្ដីវាងវៃរបស់អ្នក ស្រួលហើយ សេចក្ដីសាកសួររបស់អ្នក ល្អហើយ ដ្បិតអ្នកបានសួរ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បណ្ឌិតអ្នកមានបា្រជ្ញាច្រើន បណ្ឌិតអ្នកមានបា្រជ្ញាច្រើន ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាបណ្ឌិតអ្នកមានបា្រជ្ញាច្រើន តើដោយហេតុដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ភិក្ខុជាបណ្ឌិត អ្នកមានបា្រជ្ញាច្រើន ក្នុងសាសនានេះ មិនគិតដើម្បីបៀតបៀនខ្លួន មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀន ទាំងពីរខាង កាលបើគិត ក៏គិតតែប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ ប្រយោជន៍ទាំងពីរខាង និងប្រយោជន៍ដល់លោកទាំងមូល ម្នាលភិក្ខុ ភិក្ខុជាបណ្ឌិតអ្នកមានបា្រជ្ញាច្រើន យ៉ាងនេះឯង។

(វស្សការសូត្រ ទី៧)

(៧. វស្សការសុត្តំ)

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែន មគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭករួចហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អសប្បុរស គប្បីស្គាល់អសប្បុរសដូចគ្នាថា អ្នកនេះជាអសប្បុរស បានដែរឬ ម្នាល ព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលអសប្បុរស គប្បីស្គាល់ អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន សប្បុរស គប្បីស្គាល់សប្បុរស ដូចគ្នាថា អ្នកនេះ ជាសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនង ដែលថា សប្បុរស គប្បីស្គាល់សប្បុរសដូចគ្នាថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន ចុះសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស បានដែរឬ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះពាក្យនេះ ព្រះគោតមដ៏ចំរើន ត្រាស់ត្រូវហើយថា ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថា អសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនងពិត ដែលថា សប្បុរស គប្បីស្គាល់សប្បុរសបានថា អ្នកនេះ ជាសប្បុរស ដូច្នេះ។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលថាសប្បុរស គប្បីស្គាល់អសប្បុរសបានថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ក្នុងបរិសទ្យរបស់តោទេយ្យព្រាហ្មណ៍ ពួកជននិយាយពាក្យជាទីតិះដៀលមនុស្សដទៃថា ស្ដេចឯឡេយ្យនេះល្ងង់ ដែលទ្រង់ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ថែមទាំងធ្វើសេចក្ដីឱនលំទោនខ្ពស់បំផុត យ៉ាងនេះ គឺថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ ទាំងពួកបរិវារ របស់ស្ដេចឯឡេយ្យទាំងនេះ គឺយមកៈ ១ មោគ្គល្លៈ ១ ឧគ្គៈ ១ នាវិនាកី ១ គន្ធព្វ ១ អគ្គិវេស្ស ១ ក៏ល្ងង់ដែរ ដែលទៅជ្រះថ្លា ក្នុងសមណរាមបុត្រ ហើយនាំគ្នាធ្វើសេចក្តីឱនលំទោនខ្ពស់បំផុត យ៉ាងនេះ គឺថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ ប៉ុន្ដែតោទេយ្យព្រាហ្មណ៍ ត្រឡប់ជាណែនាំពួកជនទាំងនោះ ដោយន័យនេះថា អ្នកដ៏ចំរើនទាំងឡាយ សំគាល់សេចក្ដីនោះ ដូចម្ដេច ស្ដេចឯឡេយ្យជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន យ៉ាងហ្នឹងហើយ ស្ដេចឯឡេយ្យ ជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ យ៉ាងនេះ ម្នាលអ្នកដ៏ចំរើន សមណរាមបុត្រ ជាអ្នកបា្រជ្ញ គ្រាន់បើជាងស្ដេចឯឡេយ្យ ដែលជាអ្នកបា្រជ្ញ សមណរាមបុត្រនោះ ជាអ្នកអាចយល់ប្រយោជន៍គ្រាន់បើ ជាងស្ដេចឯឡេយ្យ ដែលជាអ្នកអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ ហេតុនោះ បានជាស្ដេចឯឡេយ្យ ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ថែមទាំងធ្វើសេចក្ដីឱនលំទោន ខ្ពស់បំផុត យ៉ាងនេះ គឺ ថ្វាយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ អ្នកដ៏ចំរើនទាំងឡាយ សំគាល់សេចក្ដីនោះ ដូចម្ដេច ពួកបរិវារ របស់ស្ដេចឯឡេយ្យ គឺ យមកៈ មោគ្គល្លៈ ឧគ្គៈ នាវិនាកី គន្ធព្វៈ អគ្គិវេស្សៈ សុទ្ធតែជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ នែអ្នកដ៏ចំរើន យ៉ាងហ្នឹងហើយ ពួកបរិវាររបស់ស្ដេចឯឡេយ្យ គឺ យមកៈ មោគ្គល្លៈ ឧគ្គៈ នាវិនាកី គន្ធព្វៈ អគ្គិវេស្សៈ ជាអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ជាងពួកអ្នកបា្រជ្ញ អាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ។ នែអ្នកដ៏ចំរើន សមណរាមបុត្រ ជាអ្នកបា្រជ្ញ គ្រាន់បើជាងពួកបរិវារ របស់ស្ដេចឯឡេយ្យ ដែលជាអ្នកបា្រជ្ញ ជាអ្នកយល់ប្រយោជន៍គ្រាន់បើ ជាងពួកបរិវារ ដែលអាចយល់ប្រយោជន៍គ្រាន់បើ ក្នុងកិច្ចតូច និងកិច្ចធំ ក្នុងពាក្យសំដីទាបខ្ពស់ទាំងឡាយ ហេតុនោះ បានជាពួកបរិវារ របស់ស្ដេចឯឡេយ្យ ជ្រះថ្លាខ្លាំង ក្នុងសមណរាមបុត្រ ទាំងធ្វើសេចក្ដីឱនលំទោន ខ្ពស់បំផុត យ៉ាងនេះគឺ ថា្វយបង្គំ ក្រោកទទួល ប្រណម្យដៃ ធ្វើសេចក្ដីគោរព ក្នុងសមណរាមបុត្រ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះពាក្យនេះ ព្រះគោតមដ៏ចំរើន បានត្រាស់ត្រូវហើយថា ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថាអសប្បុរស គប្បីស្គាល់អសប្បុរសថា អ្នកនេះ ជាអសប្បុរស ដូច្នេះ។ ម្នាលពា្រហ្មណ៍ ការណ៍នុ៎ះ ក៏មិនសមហេតុ មិនសមផលដែរ ដែលថា អសប្បុរស គប្បីស្គាល់សប្បុរសថា អ្នកនេះ ជាសប្បុរស ដូច្នេះ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ទើបមានទំនង ដែលថា សប្បុរស គប្បីស្គាល់សប្បុរសបានថា អ្នកនេះ ជាសប្បុរស។ ម្នាលព្រាហ្មណ៍ ការណ៍នុ៎ះ ក៏មានទំនងដែរ ដែលថា សប្បុរស គប្បីស្គាល់ អសប្បុរសថា អ្នកនេះ ជាអសប្បុរស។ បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំនឹងទៅឥឡូវ នេះ ព្រោះយើងខ្ញុំ ជាអ្នកមានកិច្ចច្រើន មានការត្រូវធ្វើច្រើន។ ម្នាលព្រាហ្មណ៍ ឥឡូវនេះ អ្នកសំគាល់នូវកាលគួរចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ រីករាយ អនុមោទនាភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកទីអង្គុយ ចេញទៅ។

(ឧបកសូត្រ ទី៨)

(៨. ឧបកសុត្តំ)

[៣៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ឧបកមណ្ឌិកាបុត្រ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះឧបកមណ្ឌិកាបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលណាមួយ និយាយពាក្យតិះដៀលអ្នកដទៃ កាលបើនិយាយពាក្យតិះដៀលអ្នកដទៃ បុគ្គលទាំងអស់នោះ ឈ្មោះថា មិនញុំាងកុសលធម៌ ឲ្យកើតឡើង កាលបើមិនញុំាង កុសលធម៌ ឲ្យកើតឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយ ទោស។ ម្នាលឧបកៈ បើបុគ្គលនិយាយពាក្យតិះដៀលអ្នកដទៃ អ្នកដែលនិយាយពាក្យ តិះដៀលអ្នកដទៃ រមែងមិនញុំាងកុសលធម៌ ឲ្យកើតឡើង កាលបើមិនញុំាងកុសលធម៌ឲ្យកើតឡើងទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោស ម្នាល ឧបកៈ អ្នកឯងនិយាយពាក្យតិះដៀលអ្នកដទៃ កាលបើអ្នកឯងនិយាយពាក្យតិះដៀល អ្នកដទៃ រមែងមិនញុំាងកុសលធម៌ឲ្យកើតឡើង កាលបើមិនញុំាងកុសលធម៌ ឲ្យកើត ឡើងបានទេ ក៏ឈ្មោះថា គួរគេតិះដៀលបាន ឈ្មោះថា ប្រកបដោយទោសហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលយកអន្ទាក់ដ៏ធំ ទាក់កមនុស្ស ដែលទើបនឹងងើប ឡើង (អំពីទឹក) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែងើបឡើងភ្លាម ត្រូវព្រះដ៏មានព្រះភាគ ទាក់ដោយអន្ទាក់ គឺសំដីដ៏ធំ ក៏យ៉ាងនោះដែរ។ ម្នាលឧបកៈ គថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់ តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាអកុសល ព្រោះហេតុ ដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាអកុសល គួរតែលះបង់ចេញ បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើន ប្រមាណមិនបានថា អកុសលនេះ គួរលះបង់ចេញ ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល បទ ព្យញ្ជនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា របស់នេះ ជាកុសល ព្រោះហេតុដូច្នេះៗ ម្នាលឧបកៈ រឿងនោះ តថាគត បញ្ញត្តទុកហើយថា របស់នេះ ជាកុសល គួរតែចំរើន បទ ព្យញ្ញនៈ ធម្មទេសនា របស់តថាគត ក្នុងរឿងនោះ មានច្រើនប្រមាណមិនបានថា កុសលនេះគួរតែចំរើន ព្រោះហេតុដូច្នេះៗ។ លំដាប់នោះ ឧបកមណ្ឌិកាបុត្រ រីករាយ អនុមោទនាភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ដើរប្រទក្សិណ រួចហើយក៏ចូលទៅគាល់ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងរ៉ាវ ដែលខ្លួនបានទៅគាល់ ចរចាជាមួយនឹងព្រះមានព្រះភាគគ្រប់ប្រការ ចំពោះព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ។ កាលបើឧបកមណ្ឌិកាបុត្រ ក្រាបទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្រ ក្នុងដែនមគធៈ ទ្រង់ខ្ញាល់ តូចព្រះរាជហ្ឫទ័យ ត្រាស់នឹងឧបកមណ្ឌិកាបុត្រ ដូច្នេះថា ឱក្មេងអ្នកស្រុក ធ្វើអម្បិលនេះ លុបលាងគុណអ្វីម្ល៉េះ មាត់រឹងអ្វីម្ល៉េះ គឃ្លើនអ្វីម្ល៉េះ ព្រោះវាហ៊ានសំគាល់ព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធនោះ ថាជាមនុស្ស ដែលគេមិនគួររាប់អាន នែឧបកៈ អ្នកឯងចូរចេញទៅ ចូរវិនាសទៅ កុំឲ្យអញឃើញឯង។

(សច្ឆិករណីយសូត្រ ទី៩)

(៩. សច្ឆិករណីយសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលត្រូវធ្វើឲ្យជាក់ច្បាស់នេះ មាន ៤យ៉ាង។ ធម៌ទាំង ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា2) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មោក្ខធម៌ ៨ ជាធម៌ដែលត្រូវធើ្វឲ្យជាក់ច្បាស់ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុពេ្វនិវាស ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការច្យុតិ និងការកើតឡើង របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់អាសវៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលត្រូវធ្វើឲ្យជាក់ច្បាស់។

(ឧបោសថសូត្រ ទី១០)

(១០. ឧបោសថសុត្តំ)

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្បាសាទ ក្នុង បុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះភិក្ខុសង្ឃ ចោមរោម គង់នៅក្នុងថ្ងៃឧបោសថនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការចរចាអ្វី ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការស្តីនិយាយអ្វី ជាបរិសទ្យស្អាត តាំងនៅក្នុងខ្លឹមធម៌ បរិសទ្យមានសភាពយ៉ាងណា ដែលក្រនឹងបានឃើញក្នុងលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យមានសភាពយ៉ាងណា ដែលគួរទទួលគ្រឿងបូជា គួរទទួលរបស់ទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តដ៏ប្រសើរ បំផុតរបស់សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ ទានមានប្រមាណតិច ដែលគេឲ្យ ដល់បរិសទ្យ មានសភាពយ៉ាងណា ហើយបានផលច្រើន ទានច្រើន ដែលគេឲ្យហើយ រឹងរឹតតែមានផលច្រើនឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យណា ដែលគួរគេស្ពាយស្បៀងទៅមើល សូម្បីអស់ទីរាប់ទាំងយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានគុណសម្បត្តិ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាទេវតា3) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាព្រហ្ម4) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពមិនញាប់ញ័រ5) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាអរិយៈ។6) ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ វិចារៈបាន។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះបា្រសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះសុខបានផង លះទុក្ខបានផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង គឺ ទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងរូបសញ្ញា ដោយអាការទាំងពួង ព្រោះរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ពិចារណាថា អាកាស មិនមានទីបំផុត បានសម្រេចអាកាសានញ្ចាយតនជ្ឈាន កន្លងអាកាសានញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា វិញ្ញាណ មិនមានទីបំផុត បានសម្រេចវិញ្ញាណញ្ចាយតនជ្ឈាន កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា របស់អ្វីតិចតួច មិនមាន បានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន កន្លងអាកិញ្ចញ្ញាយតនជ្ឈាន ដោយអាការទាំងពួង ហើយបានសម្រេចនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ យ៉ាងនេះឯង។

ចប់ យោធាជីវវគ្គ ទី៤។

ឧទ្ទាននៃយោធាជីវវគ្គនោះគឺៈ

និយាយអំពីការប្រៀបធៀបនឹងយោធាជីវៈ ១ ការធានាមិនបាន ១ របស់ដែលឮហើយ ១ ការមិនខ្លាចស្លាប់ ១ និងសមណសច្ចៈ ១ ជាគំរប់ប្រាំ រឿងភិក្ខុឆ្លាស ១ វស្សការព្រាហ្មណ៍ ១ រឿងឧបកៈ ១ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងថ្ងៃឧបោសថ ១។

 

លេខយោង

1)
ព្រាហ្មណ៍ ក្នុងទីនេះ សំដៅយកសមណៈ ក្នុងពុទ្ធសាសនា។
2)
វិបស្សនាបញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយឈានប្បញ្ញា ឯមគ្គប្បញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយវិបស្សនាបញ្ញា ឯផលប្បញ្ញា សម្រេចដោយមគ្គប្បញ្ញា ឯបច្ចវេក្ខណប្បញ្ញា សម្រេចដោយផលប្បញ្ញា។ អដ្ឋកថា។
3)
បានសម្រេចទិព្វវិហារធម៌ ជាធម៌ឲ្យកើតជាឧបបត្តិទេពផង សម្រេចអរហត្ត ព្រោះទិព្វវិហារធម៌ គឺនៅក្នុងចតុត្ថជ្ឈាន ហើយបានសម្រេចអរហត្តផង។
4)
បានសម្រេចព្រហ្មវិហារធម៌ ជាធម៌ឲ្យបានកើតជាព្រហ្មផង សម្រេចអរហត្ត ព្រោះព្រហ្មវិហារធម៌ គឺនៅក្នុងព្រហ្មវិហារធម៌ ទាំង៤ ហើយសម្រេចអរហត្តផង។
5)
បានសម្រេចឈានមិនញាប់ញ័រ ជាឈានឲ្យសម្រេចភាពមិនញាប់ញ័រផង សម្រេចអរហត្តបាន ព្រោះឈានមិនញាប់ញ័រ គឺនៅក្នុងអរូបជ្ឈាន ទាំង៤ ហើយសម្រេចអរហត្តផង។
6)
កន្លងភាពជាបុថុជ្ជន ហើយសម្រេចភាពជាអរិយៈ គឺបានសម្រេចមគ្គ ៤ ផល៣ ចំពោះតែអរិយសច្ច ទាំង៤។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v19.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann