km:tipitaka:sut:an:04:sut.an.04.v20

មហាវគ្គ ទី៥ (២០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v20 បាលី cs-km: sut.an.04.v20 អដ្ឋកថា: sut.an.04.v20_att PTS: ?

មហាវគ្គ ទី៥ (២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((២០) ៥. មហាវគ្គោ)

(សោតានុគតសូត្រ ទី១)

(១. សោតានុគតសុត្តំ)

[៤១] ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៤ ប្រការ នៃធម៌ដែលចូលទៅ កាន់ត្រចៀករឿយៗ ជាធម៌ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះ ដោយទិដ្ឋិ គឺបញ្ញា រមែងកើតបា្រកដ។ អានិសង្ស ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀក រឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយ ទិដ្ឋិបាន។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកធម៌ទាំងឡាយ រមែងបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថាជា ការយឺតយូរ1) ឯសត្វនោះ វេលាដល់នូវគុណវិសេស ក៏ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី១ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនសូវបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ប៉ុន្តែជាអ្នកមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញ ខាងផ្លូវចិត្ត សំដែងធម៌ ដល់ទេវបរិសទ្យបាន។ ទេវតានោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាបុរស ជាអ្នកឈ្លាសវៃខាងសំឡេងស្គរ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស្គរ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់ នឹងសំឡេងស្គរនោះថា សំឡេងស្គរមែន ឬមិនមែនសំឡេងស្គរទេ ដូច្នេះឡើយ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា សំឡេងស្គរដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី២ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះឡើយ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យបានឡើយ។ គ្រាន់តែថា ទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានប៉ុណ្ណោះ។ ទេវបុត្តនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម៌វិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស ជាអ្នកឈ្លាសវៃ នឹងសំឡេងស័ង្ខ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស័ង្ខ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់នឹងសំឡេងស័ង្ខនោះថា សំឡេងស័ង្ខមែន ឬមិនមែនសំឡេងស័ង្ខទេ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា ជាសំឡេងស័ង្ខដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៣ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ក៏ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យ ទាំងមិនមែនជាទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានទេ តែបើមានឱបបាតិកសត្វ រំលឹកនូវឱបបាតិកសត្វថា ម្នាលគ្នាយើង ពួកយើងបានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា អ្នករលឹកបាន នូវធម្មវិន័យនោះដែរឬ។ ទេវបុត្តនោះ ក៏និយាយយ៉ាងនេះថា ម្នាលគ្នាយើង យើងរលឹកបាន ម្នាលគ្នាយើង យើងរលឹកបាន។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចសំឡាញ់ពីរនាក់ លេងអាចម៍ដីជាមួយគ្នា សំឡាញ់ទាំងពីរនាក់នោះ មកជួបគ្នា ក្នុងទីណាម្ដងៗ សំឡាញ់ម្នាក់ ក៏និយាយទៅនឹងសំឡាញ់ម្នាក់នោះ យ៉ាងនេះថា នែសំឡាញ់ ឯងរលឹកបាននូវហេតុនេះដែរឬទេ។ សំឡាញ់នោះ គប្បីតបយ៉ាងនេះថា នែសំឡាញ់ អញរលឹកបាន នែសំឡាញ់ អញរលឹកបាន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៤ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៤ ប្រការនេះនៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។

(ឋានសូត្រ ទី២)

(២. ឋានសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងច្បាស់ ដោយហេតុ ៤ ប្រការ។ ហេតុ ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គល មានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ កំឡាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល គឺបុគ្គលដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើ ទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បី ដឹងបាន បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលនៅរួមជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មាន អាយុនេះ ជាអ្នកធ្វើសីលឲ្យដាច់ ធ្វើសីលឲ្យឆ្លុះ ធ្វើសីលឲ្យពព្រុស ធ្វើសីលឲ្យពពាល មិនមែនជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន មិនមែនជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល លោកដ៏មានអាយុនេះ មិនមែនជាអ្នកមាន សីលទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលរួមនៅជាមួយ នឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មានអាយុនេះ មិនមែនជា អ្នកធ្វើសីលឲ្យដាច់ មិនមែនធ្វើសីលឲ្យឆ្លុះ មិនមែនធ្វើសីលឲ្យពព្រុស មិនមែនធ្វើ សីលឲ្យពពាលទេ ជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកមានសីល លោកដ៏មានអាយុនេះ មិនមែនទ្រុស្តសីល ឡើយ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល បុគ្គល គប្បីដឹងបានដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បី ដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ គឺតថាគតពោលហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា ក៏មិនគប្បីដឹងបានដោយកាលជាអង្វែង ដូច្នេះនោះ ពាក្យនុ៎ះ គឺតថាគតពោល ហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាល និយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ កាល និយាយជាមួយនឹងមនុស្សម្នាក់ ដោយឡែកផ្សេង លុះនិយាយនឹងមនុស្សពីរនាក់ ដោយ ឡែកផ្សេង និយាយនឹងមនុស្ស ៣ នាក់ ដោយឡែកផ្សេង និយាយនឹងមនុស្សច្រើននាក់ ដោយឡែកផ្សេង មុន លោកដ៏មានអាយុនេះ និយាយពាក្យក្រោយខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ មានសំដីមិនបរិសុទ្ធទេ លោកដ៏មានអាយុនេះ មិនមែនជាអ្នក មានសំដីបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលនិយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ តែម្នាក់ឯង តែងនិយាយនឹងមនុស្សម្នាក់យ៉ាងណា និយាយនឹងមនុស្សពីរនាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្ស ៣ នាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្សច្រើននាក់ ក៏យ៉ាងនោះដែរ លោកដ៏មានអាយុនេះ និយាយពាក្យក្រោយមិនខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ ជាអ្នកមានសំដីបរិសុទ្ធ លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានសំដីមិនបរិសុទ្ធទេ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានអន្តរាយ តែកម្លាំងនុ៎ះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្តីវិនាសដោយរោគ ពាល់ត្រូវក្តី មិនពិចារណាឲ្យឃើញច្បាស់ថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ទាំង ៨ តែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅតាមលោកធម៌ ទាំង ៨ប្រការ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ ត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្ដីវង្វេងងេងងោង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះទៀត ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ទើបពិចារណាឃើញច្បាស់ ដូច្នេះថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ ទាំង ៨ រមែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅ តាមលោកធម៌ ទាំង ៨ ប្រការគឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ កាលត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស ដោយរោគ ពាល់ត្រូវក្ដី មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្ដីវង្វេងងេងងោង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏បា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតប្រាជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលពោលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ2) របស់លោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ មិនសំដែងនូវអត្ថ និងបទ ដ៏ជ្រាលជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន មួយទៀត លោកដ៏មានអាយុនេះ ពោលនូវធម៌ឯណា មិនអាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ឡើង នូវសេចក្តីអធិប្បាយនៃធម៌នោះ ដោយសង្ខេប ឬដោយពិស្តារឡើយ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីតូចកំពុងងើបឡើង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ការងើបឡើង នៃត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះ យ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីតូច ត្រីនេះ មិនមែនជាត្រីធំទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងច្បាស់ យ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលសាកច្ឆាជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ នៃលោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរនូវប្រស្នា នៃលោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ តែងសំដែងនូវអត្ថ និងបទដ៏ជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិតទើបដឹងបាន លោកដ៏មានអាយុនេះ ពោលនូវធម៌ណា ក៏អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ នូវសេចក្ដីអធិប្បាយនៃធម៌នោះ ដោយសេចក្ដីសង្ខេប ឬដោយសេចក្ដីពិស្តារបាន លោកដ៏មានអាយុនេះ ជាអ្នកមានបា្រជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីធំ ដែលកំពុងងើបឡើង បុរសនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ការងើបឡើង របស់ត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះយ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីធំ ត្រីនេះមិនមែនជាត្រីតូចទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា សេចក្ដីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតបា្រជ្ញាទេ ក៏យ៉ាងនោះឯង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា មិនគប្បីដឹងបាន ព្រោះការមិនធ្វើទុកក្នុងចិត្ត បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងបាន ដោយហេតុទាំង៤នេះ។

(ភទ្ទិយសូត្រ ទី៣)

(៣. ភទ្ទិយសុត្តំ)

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ស្ដេចលិច្ឆវី ព្រះនាមភទ្ទិយៈ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថា្វយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីសមគួរ។ កាលស្ដេចភទ្ទិយលិច្ឆវី គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកបា្រស តែងបោកបា្រសពួកសាវករបស់អន្យតិរិ្ថយ។ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា បានពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គ ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកលសម្រាប់បោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយនោះ ឈ្មោះថា ពោលពាក្យតាមព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ មិនមែនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ដ៏សមគួរ ដល់ធម៌ផង ការប្រព្រឹត្តិទៅតាមវាទៈ ដែលប្រកបដោយធម៌ឯណានីមួយ ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា យើងខ្ញុំព្រះអង្គ មិនមែនជាអ្នកចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគទេ។ ម្នាលភទ្ទិយៈ អ្នកចូរមក អ្នកចូរកុំជឿប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ ដោយសេចក្ដីត្រិះរិះតាមអាការៈ កុំជឿប្រកាន់ដោយឃើញសមនឹងយោបល់ កុំជឿប្រកាន់ចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូនៃយើង។ ម្នាលភទ្ទិយៈ អ្នកគប្បីដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកបា្រជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ដូច្នេះ ក្នុងកាលណា ម្នាលភទ្ទិយៈ អ្នកគប្បីលះបង់ ក្នុងកាលនោះចុះ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច កាលសេចក្ដីលោភកើតឡើង ក្នុងសន្ដាននៃបុរស កើតឡើងដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកល្មោភ ដែលលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈរួបរឹតហើយ តែងសម្លាប់នូវសត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយាអ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែងមែនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មែនហើយ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ទោសៈ… មោហៈ… ការប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្ត របស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកប្រណាំងប្រជែង ដែលការប្រណាំងប្រជែង គ្របសង្កត់ហើយ មានចិត្ត ដែលការប្រណាំងប្រជែងរួបរឹតហើយ តែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង មែនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មែនហើយ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ធម៌ទាំងនេះ ជាកុសល ឬជាអកុសល។ បពិត្រព្រះអង្គដ៏ចំរើន ជាអកុសល។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ បពិត្រព្រះអង្គដ៏ចំរើន ប្រកបដោយទោស។ វិញ្ញូជនតិះដៀល ឬវិញ្ញូជនសរសើរ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញូជនតិះដៀល។ ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ឬមួយពុំមែនទេ ឬក៏ក្នុងដំណើរនុ៎ះ មានប្រការដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ក្នុងដំណើរនុ៎ះ យើងខ្ញុំព្រះអង្គ យល់យ៉ាងនេះ។ ម្នាលភទ្ទិយៈ យើងបានពោលពាក្យណា ដូច្នេះថា ម្នាលភទ្ទិយៈ អ្នកកុំជឿប្រកាន់ ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាមអាការៈ កុំជឿប្រកាន់ ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿ ចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈ ជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកគប្បីដឹង ដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ម្នាលភទ្ទិយៈ ក្នុងកាលនោះ អ្នកត្រូវលះបង់ចេញ ពាក្យណាដែលតថាគត បានពោលទុកហើយ ដូច្នេះ ពាក្យដែលតថាគតពោលទុកហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុនេះឯង។ ម្នាលភទ្ទិយៈ អ្នកចូរមក អ្នកកុំជឿ ប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយតៗគ្នា កុំជឿប្រកាន់ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយាការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាមអាការៈ កុំជឿប្រកាន់ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿចំពោះបុគ្គល ដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកគប្បីដឹងដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះ មិនប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនសរសើរ ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ម្នាលភទ្ទិយៈ ក្នុងកាលនោះ អ្នកគប្បីសម្រេចសម្រាន្ត ដោយឥរិយាបថទាំង ៤ ចុះ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនល្មោភ មិនត្រូវលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែងឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ… អមោហៈ… សេចក្ដីមិនប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនមានសេចក្ដីប្រណាំងប្រជែង មិនត្រូវសេចក្ដីប្រណាំងប្រជែងគ្របសង្កត់ហើយ មានចិត្ត ដែលសេចក្ដីប្រណាំងប្រជែងមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនេះ ដូចម្ដេច ធម៌ទាំងនេះ ជាកុសល ឬជាអកុសល។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ជាកុសល។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនប្រកបដោយទោសទេ។ វិញ្ញូជនតិះដៀល ឬវិញ្ញូជនសរសើរ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញូជនសរសើរ។ ធម៌ទាំងឡាយ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ឬមិនមែនទេ ឬមួយក្នុងដំណើរនោះ មានប្រការ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ក្នុងដំណើរនោះ យើងខ្ញុំ ព្រះអង្គយល់យ៉ាងនេះ។ ម្នាលភទ្ទិយៈ យើងបានពោលពាក្យណា ដូច្នេះថា ម្នាលភទ្ទិយៈ ក្នុងដំណើរនុ៎ះ អ្នកកុំជឿ ប្រកាន់ដោយការឮតៗគ្នា កុំជឿប្រកាន់ ដោយការនិយាយត ៗគ្នា កុំជឿប្រកាន់ ដោយការភ្ញាក់ផ្អើល កុំជឿប្រកាន់ ដោយការអាងតម្រា កុំជឿប្រកាន់ ដោយការគ្នេរគ្នាន់ កុំជឿប្រកាន់ ដោយការនឹកស្មាន កុំជឿប្រកាន់ ដោយការត្រិះរិះតាម អាការៈ កុំជឿប្រកាន់ ដោយការយល់ត្រូវនឹងទិដ្ឋិរបស់ខ្លួន កុំជឿប្រកាន់ ដោយការជឿ ចំពោះបុគ្គលដែលគួរជឿ កុំជឿប្រកាន់ថា សមណៈជាគ្រូរបស់យើង។ ម្នាលភទ្ទិយៈ ក្នុងកាលណា អ្នកត្រូវដឹងដោយខ្លួនឯងពិតៗថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះ មិនប្រកបដោយទោស ធម៌ទាំងនេះ ដែលវិញ្ញូជនសរសើរ ធម៌ទាំងនេះ ដែលបុគ្គល សមាទានឲ្យពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ម្នាលភទ្ទិយៈ អ្នកគប្បីចូលទៅសម្រេចសម្រាន្ត ក្នុងកាលនោះចុះ ពាក្យណា ដែល តថាគតពោលទុកហើយ ដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យសេចក្ដីនេះឯង។ ម្នាលភទ្ទិយៈ សប្បុរសទាំងឡាយណា ដែលជាអ្នកស្ងប់រម្ងាប់ ក្នុងលោក សប្បុរសទាំងនោះ តែងបបួលសាវក យ៉ាងនោះថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរបន្ទោបង់ កំចាត់បង់នូវលោភៈ ហើយសម្រេចសម្រាន្ត កាលអ្នកបន្ទោបង់ កំចាត់បង់នូវលោភៈបានហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីលោភៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវទោសៈ ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវទោសហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីទោសៈ ដោយកាយ វាចា ចិត្តឡើយ ចូរអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈ ហើយសម្រេចសម្រាន្តនៅ កាលបើអ្នកបន្ទោបង់ កំចាត់បង់នូវមោហៈហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីមោហៈ ដោយកាយ វាចា ចិត្តឡើយ អ្នកចូរបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែង ហើយសម្រេចសម្រាន្តនៅ កាលអ្នកបន្ទោបង់ កំចាត់បង់នូវសេចក្ដីប្រណាំងប្រជែងហើយ នឹងមិនធ្វើកម្ម ដែលកើតអំពីសេចក្ដីប្រណាំងប្រជែង ដោយកាយ វាចា ចិត្តឡើយ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ស្ដេចភទ្ទិយលិច្ឆវី ក្រាបទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ម្នាលភទ្ទិយៈ តថាគតបានពោលយ៉ាងនេះ ដល់អ្នកថា ម្នាលភទ្ទិយៈ អ្នកចូរចូលមក អ្នកចូរជាសាវករបស់ តថាគតចុះ តថាគតនឹងជាគ្រូរបស់អ្នក ដូច្នេះខ្លះដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភទ្ទិយៈ សមណៈ និងព្រាហ្មណ៍ពួកមួយ ពោលពាក្យបង្កាច់តថាគត ដែលជាអ្នក មានវាទៈយ៉ាងនេះ បានពោលទុកយ៉ាងនេះ ដោយពាក្យមិនពិត ជាពាក្យទទេ ជាពាក្យកុហក ជាពាក្យមិនមែន ថា ព្រះសមណៈគោតម ជាអ្នកមានកិច្ចកល ចេះនូវកិច្ចកល ជាគ្រឿងបោកប្រាស តែងបោកប្រាសពួកសាវក របស់អន្យតិរិ្ថយទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកបា្រស ជាកិច្ចកលដ៏ប្រសើរ បពិត្រព្រះអង្គដ៏ចំរើន កិច្ចកលជាគ្រឿងបោកប្រាស (នេះ) ជាកិច្ចដ៏ល្អ។ បពិត្រព្រះអង្គដ៏ចំរើន ពួកញាតិ និងសាលោហិត ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ ត្រូវចាញ់បោកដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកញាតិ និងសាលោហិត ដែលជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ អស់កាលជាយូរ អង្វែង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើក្សត្រិយ៍ទាំងពួង ត្រូវចាញ់បោក ដោយកល ជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដី សុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់កាលជាយូរអង្វែង។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង … ពួកវេស្សៈ… ពួកសុទ្ទៈ ត្រូវចាញ់បោក ដោយកលជាគ្រឿងបោកប្រាសនេះ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ពាក្យនុ៎ះពិតយ៉ាងនេះមែន ម្នាលភទ្ទិយៈ ពាក្យនុ៎ះពិតយ៉ាងនេះមែន។ ម្នាលភទ្ទិយៈ ប្រសិនបើក្សត្រិយ៍ទាំងពួង ត្រូវចាញ់បោក ដើម្បីឲ្យលះបង់អកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់ កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង… ពួកវេស្សៈ… ពួកសទ្ទៈ ត្រូវចាញ់បោក ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ត្រូវចាញ់បោក ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់សត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលជាយូរអង្វែង។ ម្នាលភទ្ទិយៈ ប្រសិនបើដើមសាលព្រឹក្សធំៗទាំងនេះ ត្រូវចាញ់បោកប្រាស ដោយកល ជាគ្រឿងបោកប្រាសនេះ ដើម្បីឲ្យលះបង់ នូវអកុសលធម៌ និងបំពេញកុសលធម៌ (អំពើនោះ) មុខជាប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ដល់ពួកដើមសាល ព្រឹក្សធំៗទាំងនេះ អស់កាលជាយូរអង្វែង ប្រសិនបើដើមសាលព្រឹក្សទាំងនោះ ចេះត្រិះរិះ នឹងបាច់និយាយទៅថ្វី ដល់សត្វដែលជាមនុស្ស។

(សាមុគិយសូត្រ ទី៤)

(៤. សាមុគិយសុត្តំ)

[៤៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងនិគមឈ្មោះ សាបុគ របស់ពួកកោឡិយជន ក្នុងដែនកោឡិយៈ។ គ្រានោះឯង ពួកកោឡិយបុត្ត អ្នកសាបុគនិគមជាច្រើន ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទ ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកកោឡិយបុត្ត អ្នកសាបុគនិគម អង្គុយ ក្នុងទីសមគួរហើយ ទើបព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនេះ មាន ៤ ដែល ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកហើយដោយល្អ ដើម្បីសេចក្ដីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្ដីសោក និងសេចក្ដីខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវញេយ្យធម៌ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ អង្គនៃសេចក្ដីព្យាយាម ដើម្បី សេចក្ដីបរិសុទ្ធិ មាន ៤ តើដូចម្ដេច។ គឺអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិ នៃសីល ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃទិដ្ឋិ ១ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃវិមុត្តិ ១។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ អង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃសីល តើដូចម្ដេច។ ម្នាលអ្នកព្យគ្ឃបជ្ជៈទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ បានសមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយថា អាត្មាអញ នឹងធ្វើសីលបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញក្ដី នឹងអនុគ្រោះ នូវសីលបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្ដី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្ដីបរិសុទ្ធិនៃសីល។ សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បជញ្ញៈក្ដី ឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃសីល។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយគិតថា អាត្មាអញ នឹងធ្វើចិត្តបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញឡើងក្ដី នឹងអនុគ្រោះនូវចិត្តបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្ដី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្ដីបរិសុទ្ធិនៃចិត្ត។ សេចក្ដីគាប់ចិត្តក្ដី សេចក្ដីព្យាយាមក្ដី សេចក្ដីសង្វាតក្ដី សេចក្ដីខ្មីឃ្មាតក្ដី សេចក្ដីមិនរួញរាក្ដី សតិក្ដី សម្បញ្ញៈក្ដីឯណា ដែលមានក្នុងការអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃចិត្ត។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្ដីព្យាយាម ដើម្បីសេចក្ដីបរិសុទ្ធិនៃទិដ្ឋិ តើដូចម្ដេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដោយត្រិះរិះ ដូច្នេះថា អាត្មាអញ នឹងធ្វើទិដ្ឋិបារិសុទ្ធិ មានសភាពយ៉ាងនេះ ដែលមិនទាន់ពេញលេញ ឲ្យពេញលេញក្តី និងជួយអនុគ្រោះ នូវទិដ្ឋិបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្តី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្តីបរិសុទ្ធិនៃទិដ្ឋិ។ សេចក្តីគាប់ចិត្តក្តី សេចក្តីព្យាយាមក្តី សេចក្តីសង្វាតក្តី សេចក្តីខ្មីឃ្មាតក្តី សេចក្តីមិនរួញរាក្តី សតិក្តី សម្បជញ្ញៈក្តីឯណា ដែលមាននៅក្នុងអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃទិដ្ឋិ។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ ចុះអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃវិមុត្តិ តើដូចម្តេច។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ អរិយសាវកនោះ ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ នៃសីលនេះផង ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធ នៃចិត្តនេះផង ប្រកបដោយអង្គ នៃសេចក្តីព្យាយាម ដើម្បីសេចក្តី បរិសុទ្ធ នៃទិដ្ឋិនេះផង ទើបធ្វើចិត្តឲ្យនឿយណាយ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃតម្រេក ធ្វើចិត្តឲ្យផុតស្រឡះ ក្នុងធម៌ទាំងឡាយ ដែលគួរឲ្យរួចផុតស្រឡះ។ លុះអរិយសាវកនោះ ធ្វើចិត្តឲ្យនឿយណាយ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃ តម្រេកហើយ ធ្វើចិត្តឲ្យផុតស្រឡះ ក្នុងធម៌ទាំងឡាយ ដែលគួរឲ្យរួចផុតស្រឡះហើយ ទើបពាល់ត្រូវ នូវវិមុត្តិដោយប្រពៃ ដោយត្រិះរិះថា អាត្មាអញ នឹងធ្វើវិមុត្តិបារិសុទ្ធ ដែល មិនទាន់ពេញលេញ ឲ្យពេញលេញក្តី នឹងអនុគ្រោះ វិមុត្តិបារិសុទ្ធិ ដែលពេញលេញហើយ ក្នុងទីនោះៗ ដោយបញ្ញាក្តី ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា សេចក្តីបរិសុទ្ធនៃវិមុត្តិ។ សេចក្តីគាប់ចិត្តក្តី សេចក្តីព្យាយាមក្តី សេចក្តីសង្វាតក្តី សេចក្តីខ្មីឃ្មាតក្តី សេចក្តីមិនរួញរាក្តី សតិក្តី សម្បជញ្ញៈក្តី ឯណា ដែលមាននៅក្នុងសេចក្តីអនុគ្រោះនោះ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ នេះឈ្មោះថា ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិនៃវិមុត្តិ។ ម្នាលពួកអ្នកព្យគ្ឃបជ្ជៈ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ មាន៤នេះ ដែលព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកហើយដោយប្រពៃ ដើម្បីសេចក្តីបរិសុទ្ធិ របស់សត្វទាំងឡាយ ដើម្បីកន្លងនូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីត្រាស់ដឹង នូវញេយ្យធម៌ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

(វប្បសូត្រ ទី៥)

(៥. វប្បសុត្តំ)

[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុង កបិលព័ស្តុ ក្នុងសក្កជនបទ។ គ្រានោះ វប្បសក្យៈ ជាសាវកនិគ្រន្ថ បានចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះវប្បសក្យៈ ជាសាវករបស់និគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះបា្រសចាកអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អាសវៈទាំងឡាយ ដែលជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញហេតុនោះដែរឬទេ។ បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា ឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចំរើន បាបកម្ម ដែលបុគ្គលធ្វើ ក្នុងកាលពីដើម ជាវិបាក ដែលមិនទាន់ឲ្យផល ក្នុងលោកនេះទេ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន។ ការនិយាយ ជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានឈប់ ផ្អាកត្រឹមប៉ុណ្ណេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ទើបស្ដេចទៅកាន់ឧបដ្ឋានសាលា លុះស្ដេចទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេកា្រលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គល្លាន អ្នកអង្គុយប្រជុំនិយាយគ្នា ដោយរឿងអ្វី អម្បាញ់មិញនេះ ចុះអន្តរាកថា (ពាក្យជាចន្លោះ) ដូចម្ដេច ដែលអ្នកបានពោលផ្អាកទុក។ បពិត្រព្រះអង្គដ៏ចំរើន នៅទីនេះ ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះបា្រសចាកអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ វប្បសក្យៈ ជាសាវករបស់និគ្រន្ថ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំ ព្រះករុណា រមែងឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចំរើន បាបកម្មដែល បុគ្គលធ្វើក្នុងកាលពីមុន ជាវិបាក ដែលមិនទាន់ឲ្យផល ក្នុងលោកនេះ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោក ខាងមុខបាន បពិត្រព្រះអង្គដ៏ចំរើន នេះគឺការនិយាយជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដែលយើងខ្ញុំព្រះអង្គ បានពោលផ្អាកទុក ក៏ស្រាប់តែព្រះដ៏មានព្រះភាគ ស្ដេចមកដល់។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដូច្នេះថា ម្នាលវប្បៈ ប្រសិនបើអ្នកយល់ព្រមចំពោះពាក្យ ដែលគួរយល់ព្រមតាមផង គួរហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត អ្នកមិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់តថាគត គួរអ្នកសាកសួរនឹងតថាគត ក្នុងសេចក្ដីអធិប្បាយ នៃសុភាសិតនោះ តទៅទៀតចុះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ដូចម្ដេច សេចក្ដីអធិប្បាយ នៃភាសិតនេះ ដូចម្ដេច។ ការសន្ទនានៃយើងខ្ញុំព្រះអង្គ គប្បីមានក្នុង ដំណើរនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងយល់ព្រមតាមចំពោះពាក្យ ដែល គួរយល់ព្រមតាមផង នឹងហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត ខ្ញុំព្រះអង្គ មិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់ព្រះដ៏មានព្រះភាគ ខ្ញុំ ព្រះអង្គ នឹងទូលសាកសួរ ចំពោះព្រះដ៏មានព្រះភាគ ក្នុងសេចក្ដីអធិប្បាយ នៃភាសិតនោះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ដូចម្ដេច សេចក្ដីអធិប្បាយ នៃភាសិតនេះ ដូចម្ដេច។ ការសន្ទនានៃយើងខ្ញុំព្រះអង្គ ចូរមានក្នុងដំណើរនុ៎ះ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយ រមែងកើតឡើង ព្រោះកាយកម្មជាបច្ច័យ អាសវៈទាំងឡាយ ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ រមែងមិនមានដល់បុគ្គល ដែលវៀរស្រឡះ ចាកកាយកម្ម បុគ្គលនោះ រមែងមិនធ្វើនូវកម្មថ្មីផង នូវកម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផងចូលមកមើល គួរបង្អោនទុកក្នុងខ្លួន ពួកអ្នកបា្រជ្ញ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្តៅក្រហាយ រមែងកើតឡើង ព្រោះវចីកម្មជាបច្ច័យ អាសវៈ ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ រមែងមិនមានដល់បុគ្គល ដែលវៀរចាកវចីកម្ម យ៉ាងនេះឡើយ បុគ្គលនោះ មិនធ្វើនូវកម្មថ្មីផង នូវកម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅឲ្យអ្នកផងចូលមកមើលបាន គួរបង្អោនទុកក្នុងខ្លួន ដែលអ្នកបា្រជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់ នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញនូវហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អាសវៈទាំងឡាយឯណា ដែលប្រកបដោយទុក្ខ ក្ដៅក្រហាយ រមែងកើតឡើង ព្រោះមនោកម្មជាបច្ច័យ អាសវៈទាំងឡាយ ប្រកបដោយទុក្ខ ក្ដៅក្រហាយទាំងនោះ តែងមិនមានដល់បុគ្គល ដែលវៀរចាកមនោកម្ម យ៉ាងនេះឡើយ បុគ្គលនោះ ក៏មិនធ្វើកម្ម ថ្មីផង កម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផង ឲ្យចូលមកមើលបាន គួរបង្អោនមកទុកក្នុងខ្លួន ដែលអ្នកប្រាជ្ញាទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញ នូវហេតុនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អាសវៈទាំងឡាយ ដែលប្រកបដោយទុក្ខ ក្តៅក្រហាយ រមែងកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ អាសវៈទាំងឡាយ ប្រកបដោយទុក្ខ ក្តៅក្រហាយ ទាំងនោះ រមែងមិនមាន ព្រោះប្រាសចាកអវិជ្ជា ព្រោះកើតឡើង នៃវិជ្ជាយ៉ាងនេះ បុរស នោះ ក៏មិនធ្វើកម្មថ្មីផង កម្មចាស់ផង លុះពាល់ត្រូវ (នូវកម្ម) ហើយ រមែងធ្វើឲ្យអស់ទៅ ដោយបដិបទា ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាបដិបទាគ្មានជរា ឲ្យផលមិនរង់ចាំកាល គួរហៅអ្នកផង ឲ្យចូលមកមើលបាន គួរបង្អោនមកទុកក្នុងខ្លួន ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ អាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នក ឃើញនូវហេតុនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃយ៉ាងនេះ តែងបានសម្រេចនូវធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ភិក្ខុនោះ បានឃើញរូបដោយចក្ខុ ក៏មិនជាសោមនស្ស មិនជាទោមនស្សឡើយ តែងព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយ ត្រចៀកហើយ… ធុំក្លិនដោយច្រមុះហើយ… ជញ្ជាបរសដោយអណ្តាតហើយ… ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ… ដឹងធម្មារម្មណ៍ដោយចិត្តហើយ ក៏ជាអ្នកមិនសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ មានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ តែងដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា កំណត់ ដោយកាយ កាលទទួលវេទនា កំណត់ដោយជីវិត តែងដឹងច្បាស់ថា អាត្មាអញទទួល វេទនា កំណត់ដោយជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ក៏ដឹង ច្បាស់ថា ការទទួលអារម្មណ៍ទាំងអស់ ដែលអាត្មាអញមិនបានត្រេកអរ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់ទៅខាងមុខ។ ម្នាលវប្បៈ ប្រៀបដូចស្រមោលមានប្រាកដ ព្រោះ អាស្រ័យដើមឈើ កាលនោះ មានបុរសកាន់ចប និងកញ្ជើដើរមក បុរសនោះ ក៏កាប់ ដើមឈើនោះ ត្រង់គល់ លុះកាប់គល់ហើយ ក៏ជីកគាស់ លុះជីកគាស់ហើយ ក៏រំលើង ឫសគល់ ដោយហោចទៅ សូម្បីប៉ុនចម្រៀកស្បូវភ្លាំង (ក៏មិនឲ្យសល់) បុរសនោះ ក៏កាប់ដើមឈើនោះ ឲ្យជាកំណាត់តូចធំ លុះកាត់ឲ្យជាកំណាត់តូចធំបានហើយ ក៏ពុះ លុះពុះហើយ ក៏ធ្វើឲ្យជាចម្រៀកៗ លុះធ្វើឲ្យជាចម្រៀកៗហើយ ក៏ហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃ លុះហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃហើយ ក៏ដុតដោយភ្លើង លុះដុតដោយភ្លើងហើយ ក៏ធ្វើឲ្យជាធ្យូង លុះធ្វើឲ្យជាធ្យូងហើយ ក៏ជះរោយទៅលើខ្យល់ដ៏ខ្លាំង ឬបណ្តែតទៅតាមខ្សែទឹក ដែលហូរខ្លាំង ក្នុងទន្លេ ម្នាលវប្បៈ ស្រមោលឯណា ដែលអាស្រ័យនឹងដើមឈើ ស្រមោលនោះ មានឫសគល់ដាច់ហើយ ធ្វើឲ្យដូចជាត្នោតកំបុតចុង ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតឡើង តទៅទៀត ជាធម្មតា មានឧបមាយ៉ាងណា។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃ យ៉ាងនេះ តែងបានសម្រេចធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ភិក្ខុនោះ បានឃើញរូបដោយចក្ខុហើយ ក៏មិនជាសោមនស្ស មិនជាទោមនស្ស រមែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយត្រចៀកហើយ … ធុំក្លិនដោយច្រមុះហើយ … ជញ្ជាបរសដោយអណ្តាតហើយ … ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ … ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាសោមនស្ស មិនទោមនស្សឡើយ តែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន។ ភិក្ខុនោះ កាលទទួលវេទនា កំណត់ដោយកាយ ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយកាយ កាល ទទួលវេទនា កំណត់ដោយជីវិត ក៏ដឹងច្បាស់ថា អាត្មាអញទទួលវេទនា កំណត់ដោយ ជីវិត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ទៅនៃជីវិត ក៏ដឹងច្បាស់ថា ការទទួល អារម្មណ៍ទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្ដីត្រជាក់ទៅខាងមុខ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វប្បសក្យៈ ជាសាវករបស់និគ្រន្ថ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរសមានសេចក្ដីត្រូវការដោយសេចក្ដីចំរើន ក៏ចិញ្ចឹមកូនសេះ បុរសនោះ ក៏នៅតែមិនបានសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក និងសេចក្ដី ព្រួយលើសឡើងទៅទៀតផង មានឧបមាយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយសេចក្ដីចំរើន ក៏ចូលទៅបម្រើពួកនិគ្រន្ថ ដែលជាមនុស្សល្ងង់ ខ្ញុំព្រះអង្គនោះ ក៏មិនបានទទួលសេចក្ដីចំរើន ថែមទាំងបានតែសេចក្ដីលំបាក សេចក្ដីព្រួយលើសឡើងទៅទៀត ក៏មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចាប់តាំងអំពីថ្ងៃនេះ ជាដើមទៅ សេចក្ដីជ្រះថា្ល របស់ខ្ញុំព្រះអង្គឯណា ក្នុងពួកនិគ្រន្ថពាល ខ្ញុំព្រះអង្គ នឹងជះចោលសេចក្ដីជ្រះថា្លនោះ ទៅតាមខ្យល់ដ៏ខ្លាំង ឬនឹងបណ្ដែតសេចក្ដី ជ្រះថ្លានោះ ទៅតាមខ្សែទឹក ដែលហូរខ្លាំងក្នុងទន្លេ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលផ្ងារ របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬបា្រប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះ ដូចបុគ្គលទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសមានភ្នែកភ្លឺ នឹងមើលឃើញនូវរូបទាំងឡាយបាន យ៉ាងណា ធម៌ដែល ព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

(សាឡ្ហសូត្រ ទី៦)

(៦. សាឡ្ហសុត្តំ)

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ គ្រានោះ ក្សត្រិយ៍លិច្ឆវី ព្រះនាមសាឡ្ហៈ និងក្សត្រិយ៍លិច្ឆវី ព្រះនាម អភយៈ នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះសាឡ្ហលិច្ឆវី គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ពួក ១ បញ្ញត្តនូវការរលាស់ខ្លួនចេញចាកឱឃៈ ដោយហេតុពីរប្រការ គឺសីលវិសុទ្ធិ ជាហេតុ ១ តបោជិគុច្ឆា (ការខ្ពើមបាប ដោយប្រព្រឹត្តតបៈ គឺធ្វើទុក្ករកិរិយា) ជាហេតុ ១។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចម្ដេច ក្នុងរឿងនេះ។ ម្នាលសាឡ្ហៈ តថាគតពោលនូវសីលវិសុទ្ធិ ថាជាអង្គនៃសមណធម៌មួយ។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆាជាខ្លឹមសារ ជាប់ជំពាក់ ក្នុងតបោជិគុច្ឆា ពួកសមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីរលាស់ខ្លួនចេញ ចាកឱឃៈបានទេ។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមាន កាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បី ត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបានឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចបុរសបា្រថ្នានឹងឆ្លងនូវទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ បានឃើញដើមសាលព្រឹក្ស មួយដើមដ៏ធំ មានដើមត្រង់សាវ មិនមានសេចក្ដីរង្កៀស (មិនវៀចក្ងិកក្ងក់) ក្នុងព្រៃនោះ ហើយ ក៏កាត់នូវដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ក៏ចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនអាចឆ្លងបានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ តែខាងក្រៅ ខាងក្នុងមិនស្អាតទេ។ ហេតុនុ៎ះ នឹងមានប្រាកដ ដល់បុរសនោះ គឺថា ដើមសាលព្រឹក្សនឹងលិចចុះ ឯបុរស ក៏នឹងដល់នូវសេចក្ដីមិនចំរើន នឹងវិនាសទៅមិនខាន មានឧបមាយ៉ាងណា។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆា ជាខ្លឹមសារ ជាប់ជំពាក់ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីរលាស់ខ្លួនចេញចាកឱឃៈបានឡើយ។ ម្នាលសាឡុ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមានកាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលសាឡ្ហៈ ចំណែកពួកសមណព្រាហ្មណ៍ណា ជាអ្នកមិនពោលនូវតបោជិគុច្ឆា មិនមានតបោជិគុច្ឆា ជាខ្លឹមសារ មិនជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបាន។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានមនោសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន។ ម្នាលសាឡ្ហៈ ប្រៀបដូច បុរសបា្រថ្នានឹងឆ្លងទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ ក៏ឃើញដើមសាលព្រឹក្ស ដ៏ធំត្រង់សាវ មិនមានសេចក្ដីរង្កៀស ក្នុងព្រៃនោះហើយ ក៏កាត់ដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ទើបចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏យកពន្លាកដាប់ខាងក្នុង ឲ្យស្អាតល្អ លុះដាប់ខាងក្នុង ឲ្យស្អាតល្អហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មរូចហើយ ក៏ធ្វើឲ្យបានជាទូក លុះធ្វើបានជាទូករួចហើយ ក៏ចងច្រវាចែវ លុះចងច្រវាចែវរួចហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន អាចឆ្លងបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ ទាំងខាងក្រៅ ទាំងខាងក្នុងស្អាតល្អ ទាំងទូក គេក៏បានចងច្រវាចែវរួចហើយ។ ហេតុនុ៎ះ នឹងមានប្រាកដ ដល់បុរសនោះ គឺទូកក៏មិនលិច បុរសក៏នឹងឆ្លង ដល់ត្រើយនាយ ដោយសួស្ដីបាន មានឧបមាយ៉ាងណា។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា មិនមែនជាអ្នកពោលនូវតបោជិគុច្ឆា មិនមានតបោជិគុច្ឆា ជាខ្លឹមសារ មិនជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបាន។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានមនោសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន តែងស្គាល់នូវសរ ដ៏វិចិត្រទាំងឡាយដ៏ច្រើន ទាហាននោះ ជាអ្នកគួរដល់ព្រះរាជា ជារាជ បម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្ដេច ដោយហេតុ ៣ យ៉ាងដោយពិត។ ហេតុ ៣ យ៉ាង តើដូចម្ដេចខ្លះ។ គឺឲ្យធ្លាក់ចុះ ក្នុងទីឆ្ងាយបាន ១ បាញ់ត្រង់ គ្មានខណៈ ១ បាញ់ ទម្លុះទម្លាយពួកធំៗបាន ១។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់សរឲ្យធ្លាក់ចុះ ក្នុងទីឆ្ងាយបាន យ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ តែងពិចារណាឃើញ នូវរូបនុ៎ះ ដោយបា្រជ្ញាដ៏ប្រពៃ តាមសេចក្ដីពិត យ៉ាងនេះថា រូបឯណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ទោះខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី ឬរូបឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវរូបទាំងអស់នោះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាឯណានីមួយ … សញ្ញាឯណានីមួយ … សង្ខារទាំងឡាយឯណានីមួយ … វិញ្ញាណឯណានីមួយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ទោះនៅខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី វិញ្ញាណឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយបា្រជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន អ្នកបាញ់ត្រង់ គ្មានខណៈយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ តែងដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់ទំលាយកងទ័ពធំៗបានយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកមានចិត្តផុតស្រឡះ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក ដែលមានចិត្តផុតស្រឡះ ដោយប្រពៃហើយ តែងទំលាយនូវគំនរនៃអវិជ្ជាដ៏ធំបាន។

(មល្លិកាទេវីសូត្រ ទី៧)

(៧. មល្លិកាទេវីសុត្តំ)

[៤៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ នាងមល្លិកាទេវី ក៏ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងមល្លិកាទេវី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ជាមនុស្សកំសត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្តិតូចផង បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង តែជាអ្នកស្តុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានស័ក្ដិធំ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ជាអ្នកប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង តែជាអ្នកកំសត់ មានទ្រព្យតិច មានភោគៈតិច មានស័ក្ដិតូច។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ ម្នាលនាងមល្លិកា មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនក្រោធ មានសេចក្ដីចង្អៀតចង្អល់ច្រើន ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្ត ខឹងព្យាបាទ រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរឲ្យបា្រកដឡើង។ មាតុគ្រាមនោះ មិនដែលឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ គ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ឡើយ ជាអ្នកមានចិត្តឫស្យា តែងឫស្យា ប្រទុស្ដ ចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរព រាប់អាន សំពះ និងការបូជា របស់ជនទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ ជាអ្នកមានសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់ មើលណាស់ផង ជាអ្នកកំសត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនក្រោធ មានសេចក្ដីចង្អៀតចង្អល់ច្រើន ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្តខឹង ព្យាបាទ រឹងត្អឹង ធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ តែមាតុគ្រាមនោះ ធ្លាប់ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ទាំងមិនមានចិត្តប្រកបដោយឫស្យា រមែងមិនមានឫស្យា មិនប្រទុស្ដ មិនចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ប៉ុន្ដែជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានស័ក្ដិធំ។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ តែមាតុគ្រាមនោះ មិនដែលឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ឡើយ ទាំងជាអ្នកមានចិត្តប្រកបដោយឫស្យា តែងឫស្យា ប្រទុស្ដ ចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរព រាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគា្រមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយ ដ៏ឧត្តមផង ប៉ុន្ដែជាអ្នកខ្សត់ មានទ្រព្យតិច មានភោគៈតិច មានស័ក្ដិតូច។ ម្នាលនាងមល្លិកា មួយទៀត មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង។ មាតុគ្រាមនោះ ធ្លាប់ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ទាំងជាអ្នកមានចិត្តមិនប្រកបដោយឫស្យា តែងមិនឫស្យា មិនប្រទុស្ដ មិនចងសេចក្ដីឫស្យា ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ ប្រសិនបើ មាតុគ្រាមនោះ ច្យុតអំពីអត្តភាពនោះទៅហើយ មកកាន់អត្តភាពនេះវិញ មាតុគ្រាមនោះ កើតក្នុងត្រកូលឯណានីមួយ តែងជាអ្នកមានរូបល្អផង គួរជាទីពិតពិល រមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ទាំងជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានសម្បុរអាក្រក់ផង អាក្រក់មើលណាស់ផង ជាអ្នកខ្សត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានព៌ណសម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ប៉ុន្ដែជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាន ស័ក្ដិធំផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយព៌ណសម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ប៉ុន្ដែជាអ្នកខ្សត់ មានទ្រព្យតិច មាន ភោគៈតិច មានស័ក្ដិតូចផង។ ម្នាលនាងមល្លិកា នេះជាហេតុ នេះជាបច្ច័យ ដែលនាំ ឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទីជ្រះថា្លផង ប្រកបដោយពណ៌សម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្ដុកស្ដម្ភផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានស័ក្ដិធំផង។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មល្លិកាទេវី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាអ្នកក្រោធ ច្រើនដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយបន្ដិចបន្ដួច ក៏ចងចិត្តខឹង ព្យាបាទ រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង ក្នុងជាតិមុនដោយពិត បពិត្រព្រះអង្គ ដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គមានព៌ណសម្បុរអាក្រក់ រូបអាក្រក់ អាក្រក់មើល ណាស់។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ដល់សមណៈ ឬ ព្រាហ្មណ៍ក្នុងជាតិមុនដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គ ជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកមិនមានចិត្តឫស្យា មិនច្រណែន មិនប្រទូស្ដ មិនចងសេចក្ដីច្រណែន ក្នុង លាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជារបស់បុគ្គលទាំងឡាយដទៃ អំពីជាតិមុន បពិត្រព្រះអង្គដ៏ចំរើន បានជាឥឡូវនេះ ខ្ញុំព្រះអង្គមានស័ក្ដិធំដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន ខត្តិយកញ្ញាខ្លះ ព្រាហ្មណកញ្ញាខ្លះ គហបតិកញ្ញាខ្លះ ដែលមាន ក្នុងរាជត្រកូលនេះ កញ្ញាទាំងនោះ ខ្ញុំព្រះអង្គតែងធ្វើជាធំ ជាអធិបតីលើកញ្ញាទាំងនោះ បពិត្រព្រះអង្គដ៏ចំរើន តាំងអំពីថ្ងៃនេះជាដើមទៅ ខ្ញុំព្រះអង្គ ជាអ្នកមិនក្រោធ មិនច្រើន ដោយសេចក្ដីចង្អៀតចង្អល់ចិត្ត ទុកជាគេនិយាយច្រើន ក៏មិនចងចិត្ត មិនខឹង មិនព្យាបាទ មិនរឹងត្អឹង មិនធ្វើនូវសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនត្រេកអរ ឲ្យកើតបា្រកដឡើង ខ្ញុំព្រះអង្គនឹងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ផ្ទះសំណាក់ និងគ្រឿប្រទីប ដល់សមណៈ ឬព្រាហណ៍ ខ្ញុំព្រះអង្គ នឹងមិនមានចិត្តឫស្យា មិនច្រណែន មិនប្រទូស្ដ មិនចងនូវសេចក្ដីច្រណែន ក្នុងលាភសក្ការៈ សេចក្ដីគោរពរាប់អាន សំពះ និងការបូជា របស់បុគ្គលទាំងឡាយដទៃ។ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសិកា អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

(អត្តន្តបសូត្រ ទី៨)

(៨. អត្តន្តបសុត្តំ)

[៤៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ ៤ ពួកនេះ មានបា្រកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុត កំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅ បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅខ្លួន ប្រកប ការព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុត កំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ ១។ ឯបុគ្គល ដែលមិនជាអ្នកដុតកំដៅខ្លួន និងមិនដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណា្ហ គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខជាប្រក្រតី សម្រេច សម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន តើដូចម្ដេច។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអាក្រាត លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជំរះឧច្ចារៈ ដោយម្រាមដៃ បើគេអញ្ជើញឲ្យចូលមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេនាំមក ចំពោះខ្លួន មិនត្រេកអរនឹងកិច្ច ដែលគេនិមន្ដ បុគ្គលនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ ឬកឡោ មិនទទួលភត្ត ដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្ត ដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភត្តរបស់ស្ដ្រីមានគភ៌ មិនទទួលភត្តរបស់ស្ដ្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្ត្រី ដែលកំពុងនៅរួមនឹង បុរស មិនទទួលភត្ត ក្នុងទីដែលមានពួកគ្នាឯងណែនាំ មិនទទួលភត្ត ក្នុងទីដែលមានឆ្កែ នៅចាំ មិនទទួលភត្ត ក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកដែលត្រាំ បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះ ១ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ១ពំនូតខ្លះ ទទួលភត្ត ចំពោះតែក្នុងផ្ទះពីរ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ ១ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ២ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ៧ខ្លះ ស៊ីអាហាររំលង ១ថ្ងៃខ្លះ ស៊ីអាហារ រំលងពីរថ្ងៃខ្លះ ស៊ីអាហាររំលង ៧ថ្ងៃខ្លះ បុគ្គលនោះ ប្រកបដោយសេចក្ដីព្យាយាម ក្នុងការផ្លាស់ប្ដូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មាន កំទេចស្បែកជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មាន កន្ទក់ជាអាហារខ្លះ មានបាយក្ដាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជា អាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ខ្លះ បុគ្គលនោះ ស្លៀកដណ្ដប់សំពត់សម្បកធ្មៃខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញលាយគ្នាខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេបកចេញ អំពីសាកសពខ្លះ ស្លៀកដណ្ដប់សំពត់បង្សុកូលខ្លះ ស្លៀកដណ្ដប់សំពត់សម្បកឈើខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកដណ្ដប់សំពត់ ស្បូវភ្លាំងខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយសម្បកក្រចៅខ្លះ ស្លៀកដណ្ដប់ សំពត់ចម្រៀកក្ដារខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយរោមកន្ទុយសត្វខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រកបរឿយ ៗ នូវសេចក្ដី ព្យាយាម ដោយការទុកសក់ និងពុកមាត់ខ្លះ ឈរជ្រង់សម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោងប្រកបរឿយៗ នូវសេចក្ដីព្យាយាមអង្គុយច្រហោងខ្លះ ប្រកបដោយបង្អែក បន្លា3) សម្រេចការដេកលើបង្អែកដ៏ហើយ ដោយបន្លាខ្លះ ប្រកបរឿយ ៗ នូវសេចក្ដីព្យាយាម ដោយការចុះត្រាំទឹក ១ថ្ងៃ ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ (បុគ្គលនោះ) ប្រកបរឿយៗ នូវសេចក្ដីព្យាយាមដុតកំដៅកាយ មានប្រការៈច្រើនយ៉ាង មានសភាព យ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់បក្សី សម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ ជានាយគុក ឬពួកជនឯទៀតណាមួយ ដែលមានអំពើអាក្រក់ (បែបនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការ ព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាព្រះរាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយក្ដី ជាព្រាហ្មណមហាសាលក្ដី បុគ្គលនោះ បានឲ្យគេសាងរោងយញ្ញថ្មី ខាងកើតនគរ រួចឲ្យគេកោរសក់ ពុកមាត់ ពុកចង្កាឲ្យ ហើយស្លៀកស្បែកខ្លាទាំងក្រចក លាបកាយដោយខ្លាញ់ថា្ល និងប្រេង ហើយយកស្នែងម្រឹគ អេះខ្នងដើរចូលទៅកាន់រោងយញ្ញ ជាមួយនឹងអគ្គ មហេសី និងព្រាហ្មណ៍បុរោហិត បុគ្គលនោះ សម្រេចការដេកលើផែនដី ប្រាសចាកកម្រាល ដែលគេលាបលនដោយព៌ណខៀវ ក្នុងរោងយញ្ញនោះ ព្រះរាជាបានញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះក្នុងដោះទីមួយ របស់មេគោមួយ ដែលមានកូន មានរូបប្រហែលនឹងមេវា អគ្គមហេសី ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីពីរ ព្រាហ្មណ៍បុរោហិត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីបី បានបូជាភ្លើងដោយទឹកដោះ ក្នុងដោះទីបួន កូនគោបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយទឹកដោះដ៏សេសសល់ ព្រះរាជានោះ បានត្រាស់យ៉ាងនេះថា ពួកជនចូរសម្លាប់គោឈ្មោលប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់គោស្ទាវប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់យញ្ញ ចូរសម្លាប់មេគោជំទង់ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ពពែ ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ចៀមប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរកាប់ឈើប៉ុណ្ណេះ ដើម្បីប្រយោជន៍ជាសសរយញ្ញ ចូរដកស្មៅដំណេកទន្សាយប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ។ ជនពួកណា ទោះបីជាខ្ញុំក្ដី ជាអ្នកបម្រើក្ដី ជាអ្នកធ្វើការងារ ក្ដី ជនពួកនោះ លុះត្រូវគេគម្រាមដោយអាជ្ញា ត្រូវភ័យគ្របសង្កត់ហើយ ក៏មានមុខជោកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្មផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ឯបុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណ្ហា គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខ ជាប្រក្រតី សម្រេចសម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ លុះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាសា្ដនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹង នូវចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត កើតឡើងក្នុងលោកនេះ ព្រះអង្គបាន ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏ពិសេស ហើយអាចនឹងប្រកាសបាន។ ព្រះអង្គទ្រង់សំដែង ធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្ដី បុត្តនៃគហបតីក្ដី ជនដែលកើតក្នុងត្រកូលណាមួយក្ដី រមែងស្ដាប់នូវធម៌នោះ លុះបានស្ដាប់ នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត បុគ្គលនោះ លុះប្រកបដោយ ការបាននូវសទ្ធានោះហើយ រមែងពិចារណាឃើញ ដូច្នេះថា ឃរាវាសប្រកបដោយ សេចក្ដីចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាទើបមានឱកាស កាលបើ អាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យពេញបរិបូណ៌ បរិសុទ្ធ ទាំងអស់ ដូចជាស័ង្ខ ដែលបុគ្គលដុសខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្ដប់សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ បួសប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ លុះកាលជាខាង ក្រោយមក បុគ្គលនោះ ក៏បានលះបង់គំនរទ្រព្យតិចខ្លះ លះបង់គំនរទ្រព្យច្រើនខ្លះ លះបង់វង្សញាតិច្រើនខ្លះ លះបង់វង្សញាតិតិចខ្លះ ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្ដប់សំពត់កាសាយ៍ ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ មកបួស ប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ បុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏ជាអ្នកបរិបូណ៌ដោយសិក្ខា និងសាជីវៈ របស់ភិក្ខុទាំងឡាយ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រា្ដដាក់ចុះហើយ មានសេចក្ដីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្ដីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកកាន់យកតែរបស់ដែលគេឲ្យ បា្រថ្នាតែរបស់ដែលគេឲ្យ ជាអ្នកមិនលួច មានខ្លួន ដ៏ស្អាត លះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាក មេថុនធម្ម ជារបស់អ្នកស្រុក លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោល តែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វ លោក លះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ជាអ្នកបានឮពាក្យ ក្នុង សំណាក់នៃពួកជនឯណេះហើយ មិននាំទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែក ពួកជននេះឡើយ ឬបានឮពាក្យ ក្នុងសំណាក់នៃពួកជនឯណោះហើយ មិននាំយកមក បា្រប់ដល់ពួកជនឯណេះ ដើម្បីបំបែកពួកជនឯណោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជន ដែលបែកគ្នាហើយ ឬបន្ថែមកម្លាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយ ជាអ្នកមានសេចក្ដីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្ដីព្រមព្រៀង រីករាយក្នុងសេចក្ដីព្រមព្រៀង ជាអ្នកពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា លះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណា ដែលឥតទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើននាក់ ជាទីពេញចិត្តដល់ជនច្រើននាក់ ក៏ពោលតែវាចាបែបនោះ លះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យក្នុងការគួរ ពោលតែពាក្យដែលពិតបា្រកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាសជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ តាមកាលគួរ។ បុគ្គលនោះ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែមួយពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស វៀរចាកការមើល នូវល្បែងរាំច្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ វៀរចាកការទ្រទ្រង់ការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកការទទួលនូវមាស និងបា្រក់ វៀរចាកការទទួលនូវធញ្ញជាតិស្រស់ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល ញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកការប្រកបនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ដូរ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍ ក្រឡៃមាស (ជាដើម) បញ្ឆោតដោយរង្វាស់រង្វាល់ វៀរចាកការប្រកបនូវអំពើវៀច បញ្ឆោតបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងកំហែងយកទ្រព្យគេ។ បុគ្គនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅកាន់ទីណាៗ ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះចេញទៅ។ ដូចជា សកុណជាតិ មានស្លាប ទោះហើរទៅកាន់ទីណា ៗ ក៏មានតែស្លាបរបស់ខ្លួន ជាភារៈ ប៉ុណ្ណោះ ហើរទៅ យ៉ាងណា ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបណ្ឌិតបាត ជាគ្រឿងរក្សាផ្ទៃ ទោះទៅកាន់ទីណា ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះ ហើយចេញទៅ យ៉ាងនោះដែរ។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ មិនមានទោស ក្នុងសន្តាននៃខ្លួន។ បុគ្គលនោះ បានឃើញរូប ដោយចក្ខុហើយ តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក… បានធុំក្លិនដោយច្រមុះ… បានទទួលរសដោយអណ្តាត… បានពាល់ត្រូវផ្សព្វដោយកាយ… បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែជាអ្នកមិនកាន់នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្យា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី សង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ បុគ្គលនោះ ប្រកប ដោយការសង្រួមឥន្រ្ទិយដ៏ប្រសើរនេះ ទទួលសុខ ដែលមិនច្រឡំដោយកិលេស ជាខាង ក្នុង។ បុគ្គលនោះ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការមើលទៅមុខ និងមើលផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបត់ចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសំឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបរិភោគ ផឹក ទំពាស៊ី និងទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងឧច្ចារប្បស្សាវកម្ម ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ លក់ ភ្ញាក់ពីដេក និយាយ នៅស្ងៀម។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយឥន្រ្ទិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និង សម្បជញ្ញៈ ដ៏ប្រសើរនេះផង សេពគប់នូវសេនាសនៈស្ងាត់ គឺ ព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្មំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ លុះបុគ្គលនោះ ត្រឡប់មកអំពី បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ បុគ្គលនោះ លះបង់នូវអភិជ្ឃាក្នុងលោក មានចិត្ត ប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទុស្ត មានចិត្តមិនមានព្យាបាទ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទុស្ត លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ មានថីនមិទ្ធៈទៅប្រាសហើយ មានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី មានសេចក្តីដឹងខ្លួន ជម្រះចិត្តចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជម្រះចិត្តចាកវិចិកិច្ឆា។ បុគ្គលនោះ លះបង់ នូវនីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំឡាំង ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤។ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស មានឧបក្កិលេសទៅប្រាស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនដល់នូវការរំភើបទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តឆ្ពោះទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងកាលមុន បុគ្គលនោះ រមែងរលឹកតាម នូវបុព្វេនិវាស គឺខន្ធដែលមនុស្សសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់សំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អស់វិវដ្តកប្ប គឺកប្បដែលចំរើនជាច្រើនខ្លះ អស់សំវដ្តវិវដ្តកប្ប គឺកប្បវិនាស និងកប្បចំរើនជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទៅកើតក្នុងភពឯណោះ ដែលអាត្មាអញ បានទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទើបបានមកកើតក្នុងភពនេះ ដូច្នេះ រលឹកតាម នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះឯង បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺបា្រជ្ញាជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ នៃសត្វទាំងឡាយ បុគ្គលនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត និងកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ៎្ន សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ៎្ន ចំណែកឯពួកសត្វនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ដូច្នេះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស បា្រសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាដឹងនូវធម៌ ជាគ្រឿងអស់ទៅ នៃអាសវៈ បុគ្គលនោះ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើង នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃអាសវៈ។ កាលបើបុគ្គលនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ សេចក្ដីដឹង ក៏កើត ឡើងថា ចិត្ត (នៃអាត្មាអញ) ផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ ដែលអាត្មាអញប្រព្រឹត្ត គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនជាអ្នកដុតកំដៅខ្លួន ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលដែលមិនដុតកំដៅខ្លួន ទាំងមិនដុតកំដៅបុគ្គល ដទៃនោះ ជាបុគ្គលមិនមានតណ្ហាគ្រឿងស្រេកឃ្លាន រលត់ទុក្ខ ជាអ្នកមានសន្ដានចិត្ត ដ៏ត្រជាក់ ទទួលតែសេចក្ដីសុខ សម្រេចសម្រាន្តនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះឯង មានបា្រកដនៅក្នុងលោក។

(តណ្ហាសូត្រ ទី៩)

(៩. តណ្ហាសុត្តំ)

[៤៩] ម្នាលភិក្ខុទាំងឡាយ សត្វលោកនេះ ត្រូវតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ មានសន្ដានសាំញុំា ដូចជាតម្បាញ ស្មុគស្មាញ ដូចជាអំបោះជាងតម្បាញ ដែលជំពាក់ ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនងាយប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តថាគតនឹងសំដែងនូវតណ្ហានោះ ដែលជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ផ្សាយទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេងៗ ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ចុះសត្វលោក ដែលតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ មានសន្ដានសាំញុំាដូចជាតម្បាញ ស្មុគស្មាញដូចជាអំបោះជាងតម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តណ្ហាជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ផ្សាយទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេងៗនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហាវិចរិត (ការប្រព្រឹត្តិទៅនៃតណ្ហា) ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុងនេះ មាន១៨ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ ក៏មាន១៨ដែរ។ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង ១៨នោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្ដីប្រកាន់ថា អាត្មាអញ មាន ដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន យ៉ាងនេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ ទៀង ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ សូន្យ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មានខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដូច្នេះខ្លះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈដទៃខ្លះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដូច្នេះ ក៏រមែង មាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការៈដទៃ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង។ តណ្ហាវិចរិត ១៨ ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយ ប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយ ខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដូច្នេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការៈដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ទាំង ១៨ នេះ ជាតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ។ តណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្នុង មាន ១៨ និងតណ្ហាវិចរិត ដែលអាស្រ័យ (ខន្ធបញ្ចកៈ) ខាងក្រៅ ១៨ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហាវិចរិតនេះ មាន ៣៦ មានសភាពយ៉ាងនេះដូច្នេះ គឺតណ្ហាវិចរិត ជាអតីត ៣៦ តណ្ហាវិចរិត ជាអនាគត ៣៦ តណ្ហាវិចរិត ជាបច្ចុប្បន្ន ៣៦ រួមជាតណ្ហាវិចរិត ១០៨។ ម្នាលភិក្ខុទាំងឡាយ សត្វលោកនេះ ត្រូវតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ ជាសត្វមានសន្ដានសាំញុំា ដូចជាតម្បាញ ស្មុគស្មាញដូចជាអំបោះជាងតម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្ដាញ់ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តណ្ហានេះឯង ជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រេចរង្គាត់ ផ្សាយទៅជាប់នៅក្នុងអារម្មណ៍ផ្សេងៗ។

(បេមសូត្រ ទី១០)

(១០. បេមសុត្តំ)

[៥០] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤យ៉ាង រមែងកើតមាន។ ធម្មជាត ៤យ៉ាង តើដូចម្ដេច។ គឺសេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីស្រឡាញ់ ១ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីស្រឡាញ់ ១ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីប្រទុស្ដ ១ សេចក្ដីប្រទុស្ដ កើត ព្រោះសេចក្ដីប្រទុស្ដ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដី ស្រឡាញ់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទីបា្រថ្នា ជាទី ត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយ សេចក្ដីបា្រថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មាន សេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថា្ន សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តដែរ បុគ្គលនោះ ក៏ធ្វើសេចក្ដីស្រឡាញ់ ឲ្យកើតក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រឡាញ់កើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើតមាន ព្រោះសេចក្ដីស្រឡាញ់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ បុគ្គល (អ្នកចូលចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា ដែលជាទីបា្រថា្ន ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្ដីមិនជាទីបា្រថា្ន មិនជាទីត្រេកអរ មិនជាទីពេញចិត្តសោះ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីស្រឡាញ់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្រលាញ់កើតឡើង ព្រោះសេចក្តីប្រទុស្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្តីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ បុគ្គល (អ្នកមិនពេញចិត្ត) នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត របស់អាត្មាអញ ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គនោះ ដោយសេចក្តីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តដែរ បុគ្គលនោះ ក៏ធ្វើសេចក្តីស្រឡាញ់ឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្រឡាញ់កើត ព្រោះសេចក្តីប្រទុស្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រទុស្តកើត ព្រោះសេចក្តីប្រទុស្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត របស់បុគ្គល ពួកជនដទៃ ក៏ហៅរកចំពោះបុគ្គលនោះ ដោយសេចក្តីប្រាថ្នា សេចក្តីត្រេកអរ សេចក្តីពេញចិត្ត។ បុគ្គល (ជាអ្នកមិនពេញចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តទៅវិញ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីប្រទុស្ដ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះឯង តែងកើតមាន។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុស្ងប់ស្ងាត់ ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន សម្រេចសម្រាន្ដនៅ ដោយឥរិយាបថទាំង ៤ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់នូវទុតិយជ្ឈាន។បេ។ នូវតតិយជ្ឈាន។បេ។ បានដល់នូវចតុត្ថជ្ឈាន សម្រេចសម្រាន្ដនៅ ដោយឥរិយាបថទាំង ៤ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុបានធ្វើឲ្យ ជាក់ច្បាស់ បានដល់ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ សេចក្ដីស្រឡាញ់ ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើត នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀត ជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ភិក្ខុនោះ ក៏បានលះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅទៀតជាធម្មតា សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ភិក្ខុនោះ ក៏លះបង់ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យសល់នៅតែទីកើត ដូចជាទីកើតនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព លែងមានកំណើតតទៅ ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា មិនរលោរលាំ មិនតបត មិនរបិញរបុញ មិនឆុរឆេះ មិនសុបសៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលោរលាំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវរូបថា ជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួនថា មានរូបខ្លះ ពិចារណាឃើញ នូវរូបថា តាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងរូបខ្លះ ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានវេទនាខ្លះ ពិចារណាឃើញនូវវេទនា ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវេទនាខ្លះ ពិចារណាឃើញនូវសញ្ញា ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានសញ្ញាខ្លះ ពិចារណាឃើញនូវសញ្ញា ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងសញ្ញាខ្លះ ពិចារណា ឃើញនូវសង្ខារទាំងឡាយ ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានសង្ខារខ្លះ ពិចារណាឃើញនូវសង្ខារ ថាតាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួនថា តាំងនៅក្នុងពួកសង្ខារខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណថា តាំងនៅក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលោរលាំ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរលោរលាំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញនូវរូប ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងរូបខ្លះ មិនពិចារណាឃើញនូវវេទនា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនពិចារណាឃើញនូវវេទនា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវេទនាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសញ្ញាខ្លះ មិនពិចារណាឃើញនូវសញ្ញា ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងសញ្ញាខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានសង្ខារខ្លះ មិនពិចារណាឃើញនូវពួកសង្ខារ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងពួកសង្ខារខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញនូវវិញ្ញាណ ថាតាំងនៅក្នុងខ្លួនខ្លះ មិនពិចារណាឃើញនូវខ្លួន ថាតាំងនៅក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរលោរលាំ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុតបត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជេរតប ចំពោះបុគ្គលដែលជេរ ខឹងតបចំពោះបុគ្គលដែលខឹង ឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជេរតប ចំពោះបុគ្គលដែលជេរ មិនខឹងតប ចំពោះបុគ្គលដែលខឹង មិនឈ្លោះតប ចំពោះបុគ្គលដែលឈ្លោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនតបត ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរបិញរបុញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្ដីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀងដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញ មាន យ៉ាងនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការ ដទៃដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដូច្នេះខ្លះ ក៏រមែងមាន សេចក្ដី ប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានយ៉ាងនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការដទៃដូច្នេះ ក៏រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរបិញរបុញ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរបិញរបុញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានសេចក្ដីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យ អាត្មាអញមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះដូច្នេះខ្លះ ក៏មិនមាន សេចក្តីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមាន ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមានដោយប្រការនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញនឹងមាន យ៉ាងនេះដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការដទៃដូច្នេះ ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនរបិញរបុញ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆុរឆេះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះដូច្នេះ សេចក្តីប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្តីប្រកាន់ថា អាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញ សូន្យ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដោយខន្ធនេះដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន យ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយ ប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឆុរឆេះ ដោយ ប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានសេចក្ដីប្រកាន់ថា អាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ សេចក្ដី ប្រកាន់ថា អាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញទៀង ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញសូន្យ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានយ៉ាងនេះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមានខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះខ្លះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ មិនបានលះបង់ ទាំងមិនបានផ្ដាច់ផិ្ដលឫសគល់ មិនធ្វើទីកើត ដូចជាទីកើតនៃដើមត្នោត មិនធ្វើឲ្យលែងមានបែបភាព ជាអស្មិមានះ មិនមែនជាមិនមានកំណើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ បានលះបង់ ទាំងបានផ្ដាច់ផ្ដិលឫសគល់ ធ្វើទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាពជាអស្មិមានះ មិនមានកំណើតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។

ចប់ មហាវគ្គ ទី៥។

ចប់ បណ្ណាសក ទី៤។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីអានិសង្សនៃធម៌ ដែលបានបញ្ជូនចិត្តស្ដាប់ ១ អំពីហេតុ ៤យ៉ាង ១ អំពីភទ្ទិយលិច្ឆវី ១ អំពីកោឡិយបុត្ត ក្នុងនិគមឈ្មោះសាបុគិយ ១ អំពីវប្បសក្យៈ ១ អំពីសាឡ្ហលិច្ឆវី ១ អំពីមល្លិកាទេវី ១ អំពីបុគ្គលអ្នកព្យាយាមដុតកំដៅនូវខ្លួន ១ អំពីតណ្ហា ១ អំពីសេចក្ដីស្រឡាញ់ ១ រួមជា ១០ ប្រការ។

 

លេខយោង

1)
ស្មារតីដែលកើតឡើង ១ភ្លែត ទុកជាយឺតយូរ ឯសត្វដែលមានអានិសង្សធម៌ក្នុងខ្លួន វេលានឹងសម្រេចមគ្គផល បានឆាប់រហ័សជាងស្មារតី១ភ្លែតនោះឯង។
2)
អដ្ឋកថា ថា ការបង្អោនចិត្តទៅ ដោយការតាក់តែងប្រស្នា។
3)
យកបន្លាដែក ឬបន្លាជាប្រក្រតី ទៅបោះនឹងផែនដី ហើយក្រាលកម្រាលស្បែក លើបន្លានោះ ហើយសម្រេចនូវឥរិយាបថ មានឈរ ដើរ ជាដើម។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v20.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann