km:tipitaka:sut:an:05:sut.an.05.028

បញ្ចង្គិកសូត្រ ទី៨

សង្ខេប

តើ​អ្នក​ចង់​មាន​ឥទ្ធិពល​ទេ?

an 05.028 បាលី cs-km: sut.an.05.028 អដ្ឋកថា: sut.an.05.028_att PTS: ?

បញ្ចង្គិកសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. បញ្ចង្គិកសុត្តំ)

[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ចូរអ្នកទាំងឡាយ ប្រុងស្តាប់សម្មាសមាធិនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ វីធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម។បេ។ បានដល់បឋមជ្ឈាន។ ភិក្ខុនោះក៏ ញ៉ាំងករជកាយនេះ ឲ្យជ្រូតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែលឈ្លាសវៃ រោយលំអិតសម្រាប់ងូត ក្នុងភាជនៈសម្រិទ្ធិ ហើយប្រោះព្រំដោយទឹក រួចហើយក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួត ទាំងខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងកើត នៃអន្លង់ទឹកនោះ ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងត្បូង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើង អំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយក៏ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ ប្រទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវីធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី២។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ បានដល់តតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខ ដែលគ្មានបីតិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចទៅក្នុងទឹក រស់នៅអាស្រ័យទឹក បទុមជាតទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ប្រទេសបន្តិចបន្តួច នៃវារិជាតទាំងអស់ ដែលជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយសុខ ដែលគ្មានបីតិ មិនមានឡើយ ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើន សម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះលះបង់សុខផង លះបង់ទុក្ខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ភិក្ខុនោះ អង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផង មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកសំពត់សស្អាត មកអង្គុយទទូរអស់ទាំងក្បាល ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់ របស់បុរសនោះ ឈ្មោះថា មិនផ្សាយដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៤។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាមនុស្សដទៃ សំឡឹងមើលបុគ្គលដទៃ ឬអ្នកឈរ សំឡឹងមើលអ្នកអង្គុយ ឬក៏អ្នកអង្គុយ សំឡឹងមើលអ្នកដេក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ក៏យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ អង្គ ៥ ទី៥។ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាពាងទឹក ដែលពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែកឱនផឹកបាន ដែលគេដំកល់ទុកលើជើងទ្រ បុរសដែលមានកម្លាំង លើករំកិលពាងទឹកនោះ ទៅក្នុងទីណាៗ តើទឹកគប្បីដោយតាមមកបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន គប្បីដោយតាមមកបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាស្រះបោក្ខរណី ក្នុងភូមិភាគដ៏ស្មើ មានជ្រុង ៤ មានភ្លឺព័ទ្ធជុំវិញ ជាស្រះពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែក ឱនផឹកបាន បុរសអ្នកមានកម្លាំង នឹងបើកនូវភ្លឺនោះចេញ ត្រង់កន្លែងណាៗ តើទឹកគប្បីហូរចេញទៅបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន នឹងហូរចេញទៅបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង ក៏រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ដូចជារថសេះអាជានេយ្យ ដែលគេទឹមបញ្ឈរទុក ក្នុងផ្លូវធំ ៤ មានផែនដីរាបស្មើ តែងមានរំពាត់ផ្គងទុក នាយសារថីអ្នកទូន្មានសេះ ជាអាចារ្យអ្នកបង្ហាត់សេះ ស្ទាត់វាងវៃ ឡើងកាន់រថនោះ យកដៃឆ្វេងកាន់ខ្សែ ដៃស្តាំកាន់រំពាត់ហើយ បរទៅមុខក្តី បរបត់មកក្រោយក្តី តាមផ្លូវណាៗ ដែលគេប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ក៏យ៉ាងនោះឯង។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ បានសម្រេចឥទ្ធិវិធញ្ញាណ ច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបានច្រើននាក់ក៏បាន។បេ។ អាត្មាអញ គប្បីធ្វើអំណាច ឲ្យប្រពឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុជាទិព្វ។បេ។ ឮសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្ត (របស់ខ្លួន) គឺចិត្ត ប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់រួចស្រឡះចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ចាកកិលេស កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបរចិត្តវិជ្ជានោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ គប្បីរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។បេ។ គប្បីដឹងច្បាស់ នូវពពួកសត្វ ដែលអន្ទោលទៅតាមកម្ម កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វចក្ខុញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌មិនមានអាសវៈ ព្រោះអស់ទៅនៃអាសាវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.028.txt · ពេលកែចុងក្រោយ: 2024/11/22 11:11 និពន្ឋដោយ Johann