km:tipitaka:sut:an:05:sut.an.05.034

សីហសេនាបតិសូត្រ ទី៤

សង្ខេប

«ព្រះ​អង្គ​អាច​នឹង​បញ្ញត្ត​ផល​ទាន ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង​បាន​ឬ​ទេ។»

an 05.034 បាលី cs-km: sut.an.05.034 អដ្ឋកថា: sut.an.05.034_att PTS: ?

សីហសេនាបតិសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ

(៤. សីហសេនាបតិសុត្តំ)

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ សីហសេនាបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯងបានឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ពួកសប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយកអ្នកម្ចាស់ទាន ម្នាលសីហៈ បើពួកសប្បុរស មានចិត្តស្ងប់រម្ងាប់ តែងរាប់រកទាយកអ្នកម្ចាស់ទាន ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត កិតិ្តស័ព្ទដ៏ពីរោះ របស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិស័ព្ទដ៏ពីរោះ របស់ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណាក៏ដោយ ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ដោយហេតុណា ហេតុនេះ ជាផលទាន ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដោយហេតុណា ហេតុនេះ ជាផលទាន មានក្នុងលោកខាងមុខ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ប្រការ ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងប្រាប់ហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គ បានដឹងផលទានទាំងនុ៎ះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ពួកសប្បុរសអ្នកមានចិត្តស្ងាប់រម្ងាប់ តែងរាប់រកខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន កិត្តិស័ព្ទដ៏ពីរោះរបស់ខ្ញុំ ក៏លាន់ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើបុណ្យ អ្នកឧបដ្ឋាកសង្ឃ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន ចូលទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស។ បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ ប្រការ ដែលបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែងហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ដ្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែលព្រះដ៏មានព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនេះរួចហើយថា ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ខ្ញុំព្រះអង្គ មិនដឹងហេតុនុ៎ះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គ ចេះតែជឿព្រះដ៏មានព្រះភាគ ក្នុងផលទាននោះ។ ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។

នរជន មិនមានសេចក្តីកំណាញ់ ជាអ្នកឲ្យទាន ជាទីស្រឡាញ់ (របស់ជនដ៏ច្រើន) ផង ពួកសប្បុរសជាច្រើន តែងរាប់រកទាយកនោះផង (ទាយកនោះ) ដល់នូវកិត្តិស័ព្ទផង យសរមែងចំរើន ដល់ទាយកនោះផង ទាយកនោះ ចូលទៅកាន់បរិសទ្យ មិនមានសេចក្តីអៀនខ្មាស មានតែសេចក្តីក្លៀវក្លាផង ហេតុដូច្នោះ បណ្ឌិតទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ ត្រូវលះបង់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទានទាំងឡាយ បណ្ឌិតទាំងនោះ ស្ថិតនៅក្នុងស្ថានត្រៃត្រឹង្ស អស់កាលយូរអង្វែង បណ្ឌិតទាំងនោះ ទៅកើតក្នុងសហភាព នៃពួកទេវតា រីករាយសប្បាយ បណ្ឌិតទាំងនោះ មានឱកាសធ្វើហើយ មានកុសលធ្វើហើយ ច្យុតអំពីលោកនេះ មានរស្មីខ្លួងឯង អន្ទោលទៅក្នុងទីជាទីត្រេកអរ បណ្ឌិតទាំងនោះ ស្កប់ស្កល់ដោយកាមគុណទាំង ៥ រីករាយសប្បាយក្នុងទីនោះ។ ពួកសាវកទាំងអស់ របស់ព្រះសុគត ធ្វើតាមពាក្យរបស់ព្រះតថាគត ព្រះអង្គមិនជាប់ដោយអកុសលធម៌ ប្រកបដោយតាទិគុណហើយ រមែងរីករាយ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.034.txt · ពេលកែចុងក្រោយ: 2023/05/26 02:45 និពន្ឋដោយ Cheav Villa