km:tipitaka:sut:an:05:sut.an.05.038

សទ្ធសូត្រ ទី៨

សង្ខេប

គុណភាព ៥ យ៉ាង​របស់​បុគ្គល​មាន​សទ្ធា។

an 05.038 បាលី cs-km: sut.an.05.038 អដ្ឋកថា: sut.an.05.038_att PTS: ?

សទ្ធសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. សទ្ធសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលសំដែងធម៌ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌ចំពោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ៥ ក្នុងកុលបុត្រអ្នកមានសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ដើមជ្រៃធំ ដុះលើផែនដីដ៏ល្អ ត្រង់ផ្លូវធំបែកជា ៤ រមែងជាទីពួនសង្ងំ នៃពួកបក្សីជុំវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កុលបុត្រ ដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យ នៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ។

ដើមឈើធំ បរិបូណ៌ដោយមែក ស្លឹក ផ្លែ ដើម ឫស បរិបូណ៌ដោយផ្លែ ជាទីពឹង របស់សត្វបក្សីទាំងឡាយ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃរំលោង ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វ ដែលត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយ សីល ប្រព្រឹត្តឱនលំទោន មិនរឹងរូស ស្លូតត្រង់ ទន់ភ្លន់ ពួកព្រះសង្ឃ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាបុញ្ញកេ្ខត្ត ក្នុងលោក រមែងរាប់រកនរជនប្រាកដដូច្នោះ ពួកព្រះសង្ឃទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់នរៈនោះ នរៈនោះ ដឹងនូវធម៌ច្បាស់ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.038.txt · ពេលកែចុងក្រោយ: 2023/07/11 01:38 និពន្ឋដោយ Johann