km:tipitaka:sut:an:05:sut.an.05.041

អាទិយសូត្រ ទី១

សង្ខេប

សុភមង្គល ៥ យ៉ាង ដែល​អាច​ទទួល​បាន​ដោយ​ទ្រព្យសម្បត្តិ ដែល​ទទួល​​បាន​តាម​ផ្លូវ​ច្បាប់​ដោយ​​សីល។

an 05.041 បាលី cs-km: sut.an.05.041 អដ្ឋកថា: sut.an.05.041_att PTS: ?

អាទិយសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. អាទិយសុត្តំ)

[៤១] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលគហបតី ការកាន់យកនូវភោគៈនេះ មាន ៥ យ៉ាង។ ៥យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ មានភោគទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតា បិតាឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងបុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈ ទី១។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ រមែងញ៉ាំងមិត្រអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី២។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ទុកការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីជនមិនជាទីស្រឡាញ់ អំពីអ្នកទាមទារមត៌ក ហើយក៏ធ្វើខ្លួនឲ្យដល់សួស្តី ព្រោះភោគៈទាំងឡាយនោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៣។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម សន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ ញាតិពលី ១ អតិថិពលី ១ បុព្វបេតពលី ១ រាជពលី ១ ទេវតាពលី ១ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៤។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ពួកសមណព្រាហ្មណ៍ណា ប្រាសចាកសេចក្តីប្រមាទ ព្រោះស្រវឹង តាំងនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនឯងម្នាក់ រម្ងាប់តែខ្លួនឯងម្នាក់ រំលត់ (កិលេស) ចំពោះខ្លួនម្នាក់ ហើយដំកល់ទុក នូវទក្ខិណាទាន ដ៏ខ្ពង់ខ្ពស់ ជាធម្មជាត ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ចំពោះពួកសមណព្រាហ្មណ៍ មានសភាពដូច្នោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៥។ ម្នាលគហបតី ទាំង ៥ នេះឯង ជាការកាន់យក នូវភោគៈទាំងឡាយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ របស់អរិយសាវកនោះ ដល់នូវកិរិយាអស់ទៅ ព្រោះហេតុដែលបុគ្គលគប្បីកាន់យក ចំពោះហេតុ ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អាត្មាអញ កាន់យកនូវហេតុទាំងឡាយនោះផង ភោគៈទាំងឡាយរបស់អាត្មាអញ ក៏ដល់នូវកិរិយាអស់ទៅផង ដូច្នោះ ហេតុនោះ អរិយសាវកនោះ មិនមានសេចក្តីស្តាយក្រោយសោះឡើយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ អរិយសាវកនោះ ចំរើនឡើង ព្រោះហេតុដែលគប្បីកាន់យក ចំពោះហេតុដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលអញគប្បីកាន់យក នូវភោគៈទាំងឡាយ អាត្មាអញ នឹងកាន់យកនូវហេតុទាំងនោះផង ភោគៈទាំងឡាយ របស់អញ ចំរើនឡើងផង ហេតុដូច្នោះនោះ អរិយសាវកនោះ ជាអ្នកឥតមានសេចក្តីស្តាយក្រោយសោះឡើយ។ អរិយសាវក ឥតមានសេចក្តីស្តាយក្រោយ ដោយហេតុទាំងពីរយ៉ាង។

ភោគៈទាំងឡាយ ដែលអាត្មាអញ បានបរិភោគហើយ មិត្រ អាមាត្រ អាត្មាអញ បានចិញ្ចឹមហើយ អាត្មាអញ បានកន្លងផុត អំពីសេចក្តីអន្តរាយហើយ ទក្ខិណាដ៏ប្រសើរបំផុត អាត្មាអញ បានឲ្យហើយ មួយទៀត ពលីទាំង ៥ អាត្មាអញបានធ្វើហើយ ពួកព្រហ្មចារី អ្នកមានសីល ជាអ្នកសង្រួម អាត្មាអញ បានដំកល់ទានទុកហើយ បណ្ឌិតអ្នកនៅគ្រប់គ្រងផ្ទះ ប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិនបានក្តៅក្រហាយតាមក្រោយ អាត្មាអញ បានធ្វើហើយ សត្វ គឺនរជន កាលរលឹកឃើញហេតុនុ៎ះ ឈ្មោះថា ជាអ្នកឋិតនៅក្នុងអរិយធម៌ ពួកបណ្ឌិត តែងសរសើរបុគ្គលនុ៎ះ នាលោកិយនេះ បុគ្គលនោះ ដល់ទៅបរលោក រមែងរីករាយ ក្នុងស្ថានសួគ៌។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.041.txt · ពេលកែចុងក្រោយ: 2024/10/22 04:03 និពន្ឋដោយ Johann