km:tipitaka:sut:an:05:sut.an.05.042

សប្បុរិសសូត្រ ទី២

សង្ខេប

សប្បុរស​មាន​ប្រយោជន៍​ដល់​ពួក​ជន​ច្រើន និងទេវតា ក៏​រមែង​សរសើរ​បុគ្គល​នោះ ទាំង​ព្រហ្ម ក៏​សរសើរ​បុគ្គល​នោះ​ដែរ។

an 05.042 បាលី cs-km: sut.an.05.042 អដ្ឋកថា: sut.an.05.042_att PTS: ?

សប្បុរិសសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(២. សប្បុរិសសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ បើសប្បុរសកើតក្នុងត្រកូល រមែងកើតដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់ពួកមិត្រអាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសមណព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ ភ្លៀងធំ ញ៉ាំងសំទូងទាំងអស់ ឲ្យលូតលាស់ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសប្បុរស កើតក្នុងត្រកូល (នីមួយៗ) រមែងកើត ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមិត្រអាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសមណព្រាហ្មណ៍ ក៏យ៉ាងនោះដែរ។

សប្បុរសមានប្រយោជន៍ដល់ពួកជនច្រើន ប្រើប្រាស់ភោគៈទាំងឡាយ ទេវតា រមែងរក្សានូវសប្បុរស ជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌ដោយសីល និងវ័ត កិត្តិស័ព្ទ មិនលះបង់នូវសប្បុរស អ្នកតាំងនៅក្នុងធម៌។ អ្នកណាមួយ អាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ បីដូចជាមាសជម្ពូនទនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះដែរ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.042.txt · ពេលកែចុងក្រោយ: 2023/05/18 09:55 និពន្ឋដោយ Johann