km:tipitaka:sut:an:05:sut.an.05.047

ធនសូត្រ ទី៧

សង្ខេប

ទ្រព្យ ​៥​យ៉ាង​របស់​អ្នក​មាន​ពិត​ប្រាកដ ​ដល់​លម្អិត។ សូម​មើល វិត្ថតធនសូត្រ (ទ្រព្យ ៧ យ៉ាង) ដែរ។

an 05.047 បាលី cs-km: sut.an.05.047 អដ្ឋកថា: sut.an.05.047_att PTS: ?

ធនសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៧. ធនសុត្តំ)

[៤៧] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ ទ្រព្យ គឺសទ្ធា ១ ទ្រព្យគឹសីល ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងអរិយសច្ច លែងវិលមកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវទឹកសុរា និងមេរ័យ ជាគ្រឿងស្រវឹង ម្នាលភិក្ខុទាំងឡាយ នេះហៅថាទ្រព្យ គឺសីល។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកស្តាប់ច្រើន។បេ។ ចាក់ធ្លុះដោយប្រពៃ ព្រោះសេចក្តីឃើញ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តដែលសេចក្តីកំណាញ់ ជាមន្ទិលទៅប្រាសហើយ នៅគ្រប់គ្រងនូវផ្ទះ មានចាគៈរួចហើយ មានដៃលាងហើយ ត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងទាន និងការចែករំលែក ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបព្រមដោយប្រាជ្ញា ជាគ្រឿងយល់សេចក្តីចំរើន និងវិនាស ប្រាជ្ញាដ៏មោះមុត ប្រសើរ ជាបញ្ញាឲ្យដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទ្រព្យ ៥យ៉ាង។

សទ្ធារបស់បុគ្គលណា មិនញាប់ញ័រ បានដំកល់ទុកប្រពៃ ក្នុងព្រះតថាគត មួយទៀត សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ របស់ព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយ បុគ្គលណា មានសេចក្តីជ្រះថ្លា ក្នុងព្រះសង្ឃ ទាំងមាន កិរិយាឃើញត្រង់ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមិនទាល់ក្រ ទាំងជីវិតរបស់បុគ្គលនោះ មិនឥតអំពើហេតុដូច្នោះ អ្នកប្រាជ្ញ កាលបើរលឹកឃើញ នូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង កិរិយាឃើញធម៌ផង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.047.txt · ពេលកែចុងក្រោយ: 2023/07/11 14:59 និពន្ឋដោយ Johann