km:tipitaka:sut:an:05:sut.an.05.051

អាវរណសូត្រ ទី១

សង្ខេប

នីវរណៈ​ធម៌ទាំង ៥ រារាំង​អ្នក​ពីសេចក្ដី​ចម្រើន និង​ជោគជ័យ។

an 05.051 បាលី cs-km: sut.an.05.051 អដ្ឋកថា: sut.an.05.051_att PTS: ?

អាវរណសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១. អាវរណសុត្តំ)

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ព្យាបាទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត មិនបានលះបង់ធម៌ ៥ នេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ នឹងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌1) តទៅ ដោយប្រាជ្ញាមិនមានកម្លាំង និងមានកម្លាំងថយ ដូច្នេះនុ៎ះ មិនជាហេតុ ជាទីតាំងឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង ហូរចុះអំពីភ្នំ ប្រព្រឹត្តទៅកាន់ទីឆ្ងាយ មានខ្សែទឹកដ៏រហ័ស ហូរនាំយកទាំងសំណាត់ទៅ មានបុរស បើកមាត់ប្រឡាយ សងខាងស្ទឹងនោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ខ្សែទឹកត្រង់កណ្តាលស្ទឹងនោះ នឹងហូររាចសាចព្រាច ទៅផ្សេងៗ មិនប្រព្រឹត្តទៅកាន់ទីឆ្ងាយបាន មានខ្សែទឹកមិនបានរហ័ស ទាំងមិនបានហូរនាំយកសំណាត់ទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានលះនូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាន នូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមិនមានកម្លាំង និងមានកម្លាំងថយ ដូច្នេះនុ៎ះ ក៏មិនជាហេតុ ជាទីតាំង យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះភិក្ខុនោះ បានលះបង់នូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមានកម្លាំង ដូច្នេះ នេះទើបជាហេតុ ជាទីតាំងបាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង ហូរចុះអំពីភ្នំ ប្រព្រឹត្តទៅកាន់ទីឆ្ងាយ មានខ្សែទឹកដ៏រហ័ស ហូរនាំយកទាំងសំណាត់ទៅ មានបុរស ទប់មាត់ប្រឡាយសងខាងស្ទឹងនោះ កាលបើយ៉ាងនេះ ខ្សែទឹកត្រង់កណ្តាលស្ទឹងនោះ មិនបានហូររាចសាចព្រាចទៅផ្សេងៗ ល្មមប្រព្រឹត្តទៅកាន់ទីឆ្ងាយ ជាខ្សែទឹកដ៏រហ័ស ទាំងហូរនាំយកសំណាត់ទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត បានលះបង់នូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាព ដ៏លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមានកម្លាំង ដូច្នេះ នេះក៏ជាហេតុ ជាទីតាំង យ៉ាងនោះដែរ។

 

លេខយោង

1)
សំដៅយកកម្មបថ ទាំង១០។ អដ្ឋកថា។
km/tipitaka/sut/an/05/sut.an.05.051.txt · ពេលកែចុងក្រោយ: 2023/07/12 14:00 និពន្ឋដោយ Johann