km:tipitaka:sut:an:05:sut.an.05.055

មាតាបុត្តសូត្រ ទី៥

សង្ខេប

សូម្បី​តែ​សេព​គប់​ជាមួយ​ម្ដាយ ឬឪពុក​បង្កើត វាមិន​មែនជាអន្តរាយ​ស្រាល ចំពោះ​ភេទ​ផ្ទុយ​គ្នា។

an 05.055 បាលី cs-km: sut.an.05.055 អដ្ឋកថា: sut.an.05.055_att PTS: ?

មាតាបុត្តសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. មាតាបុត្តសុត្តំ)

[៥៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ ជនពីរនាក់ គឺភិក្ខុ ១ ភិក្ខុនី ១ ជាមាតា និង បុត្រ បានចូលទៅនៅចាំវស្សា ទៀបក្រុងសាវត្ថី។ ជនទាំងពីរនោះ ជាអ្នកប្រាថ្នាឲ្យឃើញគ្នានឹងគ្នាជារឿយៗ គឺមាតា ក៏ជាអ្នកប្រាថ្នាឲ្យឃើញបុត្ររឿយៗ ចំណែកបុត្រ ក៏ជាអ្នកប្រាថ្នាឲ្យឃើញមាតារឿយៗ។ ការនៅច្រឡូកច្រឡំកើតមាន ព្រោះជនទាំងនោះ បានឃើញគ្នារឿយៗ កាលបើការនៅច្រឡូកច្រឡំមានហើយ សេចក្តីស្និទ្ធស្នាល ក៏កើតមាន កាលបើមានសេចក្តីស្និទ្ធស្នាលហើយ សេចក្តីស៊ប់ចិត្ត ក៏កើតមាន។ ជនទាំងពីរនោះ លុះមានចិត្តចុះស៊ប់ រកគ្នាហើយ ក៏មិនបានលាសិក្ខា មិនបានធ្វើឲ្យជាក់ច្បាស់នូវភាព នៃខ្លួនមានកម្លាំងថយ ស្រាប់តែសេពនូវមេថុនធម្ម។ គ្រានោះ មានភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស មានជនពីរនាក់ គឺភិក្ខុ ១ ភិក្ខុនី ១ ជាមាតា និងបុត្ត បានចូលមកនៅចាំវស្សា ក្នុងក្រុងសាវត្ថីនេះ។ ជនទាំងពីរនោះ ជាអ្នកប្រាថ្នាឲ្យឃើញគ្នានឹងគ្នា ជារឿយៗ គឺមាតា ក៏ជាអ្នកប្រាថ្នា ឲ្យឃើញបុត្ររឿយៗ ចំណែកបុត្រ ក៏ជាអ្នកប្រាថ្នា ឲ្យឃើញមាតារឿយៗ។ ការនៅច្រឡូកច្រឡំគ្នាកើតមាន ក៏ព្រោះជនទាំងពីរនោះ បានឃើញគ្នារឿយៗ កាលបើមានការនៅច្រឡូកច្រឡំហើយ សេចក្តីស្និទ្ធស្នាល ក៏កើតមាន កាលបើមានសេចក្តីស្និទ្ធស្នាលហើយ សេចក្តីស៊ប់ចិត្ត ក៏កើតមាន។ ជនទាំងពីរនោះ លុះមានចិត្តចុះស៊ប់ រកគ្នាហើយ ក៏មិនបានលាសិក្ខា មិនបានធ្វើឲ្យជាក់ច្បាស់ នូវភាពនៃខ្លួនមានកម្លាំងថយ ស្រាប់តែសេពមេថុនធម្ម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ដឹងដែរ ឬមិនដឹងទេថា មាតារមែងត្រេកអរក្នុងបុត្រ ឬថាបុត្រ ក៏រមែងត្រេកអរក្នុងមាតា។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណារកមិនឃើញ នូវរូបដទៃ សូម្បីតែរូបមួយ ដែលជាទីតាំងនៃតម្រេក យ៉ាងនេះ ជាទីតាំងនៃសេចក្តីប្រាថ្នា យ៉ាងនេះ ជាទីតាំង នៃសេចក្តីស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យអន្តរាយ ដល់ការបានសេចក្តីក្សេមចាកយោគៈដ៏ប្រសើរលើស យ៉ាងនេះ ដូចជារូបស្រីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ជំពាក់ សញ្ជប់ជ្រប់ ស៊ប់នៅក្នុងរូបស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាចនៃរូបស្រី រមែងសោកស្តាយអស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណា មិនឃើញនូវសំឡេងដទៃ សូម្បីតែសំឡេងមួយ… នូវក្លិនដទៃ សូម្បីតែក្លិនមួយ… នូវរស់ដទៃ សូម្បីតែរសមួយ… នូវផ្សព្វដទៃ សូម្បីតែផ្សព្វមួយ ដែលជាទីតាំង នៃតម្រេក យ៉ាងនេះ ជាទីតាំង នៃសេចក្តីប្រាថ្នា យ៉ាងនេះ ជាទីតាំង នៃសេចក្តីស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់ យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យអន្តរាយ ដល់ការបានសេចក្តីក្សេម ចាកយោគៈ ដ៏ប្រសើរលើស យ៉ាងនេះ ដូចជាផ្សព្វ នៃស្រីនេះទេ។ ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ចំពាក់ សញ្ជប់ជ្រប់ស៊ប់ នៅក្នុងផ្សព្វនៃស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាច នៃផ្សព្វស្រី រមែងសោកស្តាយ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ស្រីទោះកំពុងដើរក្តី ក៏រមែងគ្របសង្កត់ចិត្តបុរសបាន ទោះឈរក្តី អង្គុយក្តី ដេកក្តី ក្រាបចុះក្តី ការនិយាយក្តី ច្រៀងក្តី យំក្តី ហើមប៉ោងក្តី ស្លាប់ក្តី ក៏រមែងគ្របសង្កត់នូវចិត្ត នៃបុរសបាន។ ម្នាលភិក្ខុទាំងឡាយ តាមពិតថា បុគ្គល កាលបើហៅមាតុគ្រាមនោះ ឲ្យត្រូវ គួរហៅថា ជាអន្ទាក់ (សម្រាប់ទាក់) ដោយជុំវិញ របស់មារដូច្នេះ បុគ្គល កាលបើហៅមាតុគ្រាមឲ្យត្រូវ គួរហៅថា ជាអន្ទាក់ដោយជុំវិញ របស់មារដូច្នេះ។

បុគ្គលចរចាជាមួយនឹងជន ដែលមានដាវក្នុងដៃក្តី ចរចាជាមួយនឹងបិសាចក្តី ប៉ះពាល់នឹងអាសិរពិស ហើយត្រូវអាសិរពិសចឹកស្លាប់ក្តី (ប្រសើរជាង) មិនគួរចរចា ជាមួយនឹងមាតុគ្រាម តែមួយនឹងមួយឡើយ។ ពួកមាតុគ្រាមនោះ រមែងចងបុរសដែលភ្លេចស្មារតី ដោយការសំឡឹងមើលផង ដោយកិរិយាញញឹមផង មួយយ៉ាងទៀត ដោយការស្លៀកមិនស្រួលផង ដោយសំដីដ៏ពីរោះផង ជន គឺមាតុគ្រាមនុ៎ះ មិនមែនបៀតបៀនបុរស តែ (ត្រឹមរស់នៅ) ប៉ុណ្ណោះទេ ទោះបីហើមប៉ោង ឬស្លាប់ហើយ ក៏ (គង់នៅតែបៀតបៀនដែរ)។ កាមគុណទាំង ៥ នុ៎ះ គឺរូប សំឡេង ក្លិន រស ផ្សព្វ ដែលជាតម្រេកនៃចិត្ត រមែងប្រាកដ ក្នុងរូបនៃស្រ្តី។ កាលបុរសទាំងនោះ ដែលជំនន់ គឺកាមកួចនាំទៅ មិនបានកំណត់ដឹង នូវកាមទាំងឡាយ រមែងធ្វើនូវគតិ និងការកើតរឿយៗ អស់វដ្តកាល ក្នុងសង្សារវដ្តទៅខាងមុខ។ លុះតែបុរសទាំងឡាយណា កំណត់ដឹង នូវកាមទាំងឡាយបាន ទើបបុរសនោះ មិនមានភ័យអំពីទីណាឡើយ ឬបុរសទាំងឡាយណា បានដល់នូវការអស់ទៅ នៃអាសវៈ ក្នុងលោកហើយ បុរសទាំងនោះ ទើបឈ្មោះថា បានដល់នូវត្រើយ គឺព្រះនិព្វាន។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.055.txt · ពេលកែចុងក្រោយ: 2023/07/13 13:01 និពន្ឋដោយ Johann