km:tipitaka:sut:an:05:sut.an.05.071

បឋមចេតោវិមុត្តិផលសូត្រ ទី១

សង្ខេប

«ធម៌​ទាំង ៥ យ៉ាង​នេះ ដែល​បុគ្គល​បាន​ចំរើន បាន​ធ្វើ​ឲ្យ​រឿយ ៗ ហើយ រមែង​មាន​ចេតោវិមុត្តិ ជា​ផល​ផង មាន​ចេតោ​វិមុត្តិផល ជា​អានិសង្សផង។»

an 05.071 បាលី cs-km: sut.an.05.071 អដ្ឋកថា: sut.an.05.071_att PTS: ?

បឋមចេតោវិមុត្តិផលសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. បឋមចេតោវិមុត្តិផលសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ធម៌ទាំង ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ ថា មិនស្អាត (ក្នុងរូបកាយ) ១ មានសេចក្តីសំគាល់ថា ជាបដិកូល ក្នុងអាហារ ១ មានសេចក្តីសំគាល់ថា មិនគួរត្រេកអរ ក្នុងលោកទាំងពួង ១ ពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងសង្ខារទាំងពួង ១ សេចក្តីសំគាល់ក្នុងមរណៈ ភិក្ខុនោះ ក៏បានដំកល់ទុក ដោយប្រពៃ ខាងក្នុងសន្តាន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា ដូច្នេះខ្លះ ថា បំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត ដូច្នេះខ្លះ ថា ដកឡើងនូវសសរ គឺតណ្ហា ដូច្នេះខ្លះ ថា បើកនូវសន្ទះទ្វារ គឺនីវរណៈ ដូច្នេះខ្លះ ថា ប្រាសចាកសត្រូវ រំលើងនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្តៈ ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវអវិជ្ជាចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលើកឡើងនូវជើងគុល គឺអវិជ្ជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបំផ្លេចបំផ្លាញ នូវគូ គឺសង្សារវដ្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិ និងសង្សារ ដែលសម្រាប់តាក់តែង នូវភពថ្មីទៀតចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដកឡើង នូវសសរ គឺតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់តណ្ហាចោលចេញអស់ហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា អ្នកដកឡើងនូវសសរ គឺតណ្ហា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវសំយោជនៈ ដែលជាចំណែកខាងក្រោម ៥ ចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់ចោលនូវភារៈ ប្រាសចាកវដ្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវអស្មិមានះចោលចេញអស់ហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់ចោលនូវភារៈ ប្រាសចាកវដ្តៈ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.071.txt · ពេលកែចុងក្រោយ: 2023/12/17 16:41 និពន្ឋដោយ Sunheang