km:tipitaka:sut:an:05:sut.an.05.099

សីហសូត្រ ទី៩

សង្ខេប

ដូច​​ស្តេច​​ម្រឹគ ក៏​​មិន​​ធ្វើ​​កិច្ច​​ការ​​ដោយ​​សេចក្តី​​ប្រមាទ ព្រះ​​អរហន្ត​​សម្មា​​សម្ពុទ្ធ ព្រះ​អង្គ​តែង​ធ្វើ​កិច្ច​ដោយ​សេចក្តី​គោរពដល់​ធម៌។ ស្តាប់​ព្រះ​ធម៌​ដោយ​ប្រយ័ត្នប្រយែង!

an 05.099 បាលី cs-km: sut.an.05.099 អដ្ឋកថា: sut.an.05.099_att PTS: ?

សីហសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. សីហសុត្តំ)

[៩៩] ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចម្រឹគ តែងចេញអំពីទីអាស្រ័យ ក្នុងសម័យរសៀល លុះចេញពីទីអាស្រ័យហើយ ក៏មឹតពត់ខ្លួន លុះមឹតពត់ខ្លួនរួចហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមៀងមើលទៅទិសទាំង ៤ ជុំវិញខ្លួនហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងរួចហើយ ក៏ដើរចេញទៅស្វែងរកចំណី។ សត្វសីហៈនោះ កាលបើប្រហារដំរី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារក្របី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារគោ ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារខ្លាដម្បង ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារពួកសត្វតូច ៗ ដូចទន្សាយ និងឆ្មាជាទីបំផុត ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះសត្វសីហៈ គិតថា ផ្លូវព្យាយាមរបស់អញ ចូរកុំវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា សត្វសីហៈនេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតសំដែងធម៌ ចំពោះបរិស័ទ ដោយពាក្យណា នេះជាសីហនាទ របស់ព្រះតថាគតនោះ ម្នាលភិក្ខុទាំងឡាយ បើតថាគតសំដែងធម៌ ចំពោះពួកភិក្ខុ តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកភិក្ខុនី ក៏តថាគត តែងសំដែងធម៌ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកឧបាសក ក៏តថាគត តែងសំដែងធម៌ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកឧបាសិកា ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ចំពោះពួកបុថុជ្ជន ដោយហោចទៅ សូម្បីពួកអ្នកនាំបាយ និងពួកអ្នកនេសាទ ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត មានធម៌ជាទីគោរព ជាអ្នកគោរពធម៌។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.099.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann