តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » បញ្ចកនិបាត » តតិយបណ្ណាសក (ទី៣) » ផាសុវិហារវគ្គ ទី១ (១១) »
ធម៌ ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គលមាន ៥ យ៉ាង។
an 05.101 បាលី cs-km: sut.an.05.101 អដ្ឋកថា: sut.an.05.101_att PTS: ?
សារជ្ជសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. សារជ្ជសុត្តំ)
[១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ បានស្តាប់ច្រើន ១ ប្រារព្ធព្យាយាម ១ មានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានសទ្ធា ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទ្រុស្តសីល មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានសីល ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចេះដឹងតិច មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកចេះដឹងច្រើន ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកប្រារព្ធព្យាយាម ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឥតប្រាជ្ញា មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានប្រាជ្ញា ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល មាន ៥ យ៉ាងនេះឯង។