អង្គ ៥ យ៉ាង របស់ព្រះរាជាចក្រពត្តិ និងព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។
an 05.131 បាលី cs-km: sut.an.05.131 អដ្ឋកថា: sut.an.05.131_att PTS: ?
បឋមចក្កានុវត្តនសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. បឋមចក្កានុវត្តនសុត្តំ)
[៣១] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹតិ្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១1) ទ្រង់ស្គាល់បរិសទ្យ ១2) ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រ ឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកនេះ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ3) ១ ដឹងកាល ១4) ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។