km:tipitaka:sut:an:05:sut.an.05.142

អារភតិសូត្រ ទី២

សង្ខេប

បុគ្គល​​បួន​​ប្រភេទ​​អាច​​ក្លាយ​​ទៅ​​ជា​ប្រភេទ​​ទី​ ៥​ បាន​​យ៉ាង​​ណា?

an 05.142 បាលី cs-km: sut.an.05.142 អដ្ឋកថា: sut.an.05.142_att PTS: ?

អារភតិសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. អារភតិសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង1) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ2) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ តែមានសេចក្តីក្តៅក្រហាយ3) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ តែមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ រមែងចំរើន ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ លះបង់នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ មិនចំរើន ដល់លោកដ៏មានអាយុទេ ហេតុនោះ សូមលោកដ៏មានអាយុ លះបង់នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងមិនប្រារព្ធ តែមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ តែងចំរើនឡើង ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ក៏មិនចំរើនឡើង ដល់លោកដ៏មានអាយុទេ ហេតុនោះ សូមលោកដ៏មានអាយុ ចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ កាលបើអ្នកទាំងឡាយ ទូន្មានប្រៀនប្រដៅ តាមបុគ្គលទី ៥ ឯណោះ យ៉ាងនេះ គង់បានដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ ដោយលំដាប់ដូច្នេះឯង។

 

លេខយោង

1)
បានដល់ការប្រព្រឹត្តិកន្លងអាបត្តិ ហើយក្តៅក្រហាយ ដោយការប្រព្រឹត្តិកន្លងនោះ។
2)
ព្រោះត្រូវអាបត្តិហើយ បានចេញចាកអាបត្តិ។
3)
ត្រូវអាបត្តិម្តងហើយ បានចេញចាកអាបត្តិនោះ មិនត្រូវអាបត្តិណាមួយខាងក្រោយទៀតទេ តែមិនអាចបំបាត់នូវសេចក្តីក្តៅក្រហាយឡើយ។ អដ្ឋកថា។
km/tipitaka/sut/an/05/sut.an.05.142.txt · ពេលកែចុងក្រោយ: 2024/05/14 14:53 និពន្ឋដោយ Johann