km:tipitaka:sut:an:05:sut.an.05.169

ខិប្បនិសន្តិសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.169 បាលី cs-km: sut.an.05.169 អដ្ឋកថា: sut.an.05.169_att PTS: ?

ខិប្បនិសន្តិសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. ខិប្បនិសន្តិសុត្តំ)

[៦៩] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកធម៌ជាកុសលផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង តើដោយហេតុប៉ុន្មានហើយ។ ព្រះសារីបុត្តមានថេរវាចាថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សំដែង (ខ្លួនឯង) ចុះ។ ព្រះអានន្ទ មានថេរវាចាថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ លោកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ ខ្ញុំនឹងសំដែង។ ព្រះសារីបុត្តដ៏មានអាយុ ក៏បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសក្នុងអត្ថផង ឈា្លសក្នុងធម៌ផង ឈ្លាសក្នុងប្រភេទអក្សរផង ឈ្លាសក្នុងភាសាផង ឈ្លាសទាំងដើម ទាំងចុង1) (នៃអត្ថ និងធម៌ជាដើម) ផង។ ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកកុសលធម៌ផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង ដោយហេតុប៉ុណ្ណេះឯង។ ព្រះសារីបុត្ត មានថេរវាចាថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ពាក្យដែលអានន្ទដ៏មានអាយុពោលមកហើយនេះ ជាសុភាសិតប្រាកដ មួយទៀត យើងនឹងចាំទុក នូវព្រះអានន្ទដ៏មានអាយុថា ជាអ្នកប្រកបដោយធម៌ ៥ យ៉ាងនេះ គឺអានន្ទដ៏មានអាយុ ជាអ្នកឈ្លាសក្នុងអត្ថ ១ ឈ្លាសក្នុងធម៌ ១ ឈ្លាសក្នុងអក្ខរប្បភេទ ១ ឈ្លាសក្នុងភាសា ១ ឈ្លាសទាំងដើមទាំងចុង ១។

 

លេខយោង

1)
ឈ្លាសត្រង់ខាងដើម និងខាងចុងនោះ មាន ៥ យ៉ាង គឺឈ្លាសទាំងអដ្ឋកថាខាងដើម និងអដ្ឋកថាខាងចុង ១ ឈ្លាសទាំងបាលីខាងដើម និងបាលីខាងចុង ១ ឈ្លាសទាំងបទខាងដើម និងបទខាងចុង ១ ឈ្លាសទាំងអក្សរខាងដើម និងអក្សរខាងចុង ១ ឈ្លាសទាំងអនុសន្ធិខាងដើម និងអនុសន្ធិខាងចុង ១។
km/tipitaka/sut/an/05/sut.an.05.169.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann