(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 05.v01 បាលី cs-km: sut.an.05.v01 អដ្ឋកថា: sut.an.05.v01_att PTS: ?
សេក្ខពលវគ្គ ទី១
«អំណាចនៃអរិយសិស្ស»
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. សេខពលវគ្គោ)
(១. សំខិត្តសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះ មាន៥យ៉ាង។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ។ គឺ កម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងឱត្តប្បៈ ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងវីរិយៈ ដែលជាកម្លាំង របស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
(២. វិត្ថតសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់ព្រះតថាគត ថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ជាសារថីទូន្មាននូវបុរស ដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានហិរិ អៀនខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត អៀនខ្មាស ចំពោះការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងហិរិ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានឱត្តប្បៈ តក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត តក់ស្លុត ចំពោះការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំលាំងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ ដើម្បីញ៉ាំងកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីខ្មីឃ្មាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា បរិបូណ៌ដោយបញ្ញា ដែលអាចកំណត់ដឹង នូវការកើត និងការរលត់ (នូវខន្ធ) ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះទម្លាយ (នូវគំនរកិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យអស់ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងបញ្ញា។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ដោយកម្លាំង ហិរិ… ដោយកម្លាំងឱត្តប្បៈ… ដោយកម្លាំងវីរិយៈ … គួរជាអ្នកប្រកបដោយកម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
(៣. ទុក្ខសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិ នឹងមានប្រាកដ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិភ្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង តែងនៅជាទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ សុគតិ នឹងមានប្រាកដ។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ សុគតិ នឹងមានប្រាកដ។
(៤. យថាភតសុត្តំ)
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។
(៥. សិក្ខាសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរតិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យតូចពាក្យធំ ៥យ៉ាង តើអ្វីខ្លះ។ គឺសូម្បីតែសទ្ធា ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីហិរិក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីសេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីបញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥យ៉ាងនេះ រមែងមកកាន់ស្ថានដែលគួរតិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោកដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង រមែងមកកាន់ស្ថាន ដែលគួរសរសើរចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិក្នុងកុសលធម៌របស់អ្នក ក៏មាន ១ ឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មាន ១ សេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌ របស់អ្នក ក៏មាន ១ បញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោក ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥ យ៉ាងនេះឯង រមែងមកកាន់ស្ថាន ដែលគួរសរសើរ ចំពោះមុខបុគ្គលនោះ ក្នុងបច្ចុប្បន្ននេះ។
(៦. សមាបត្តិសុត្តំ)
[៦] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះសទ្ធា សាបសូន្យទៅ អស្សទ្ធិយៈ (ការមិនជឿ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ហិរិដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះហិរិ សាបសូន្យទៅ អហិរិកៈ (សេចក្តីមិនអៀនខ្មាស) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បៈ ដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះឱត្តប្បៈ សាបសូន្យទៅ អនោត្តប្បៈ (សេចក្តីមិនតក់ស្លុត) រួបរឹត ក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ វីរិយៈ ដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់ នូវអកុសល ក៏មិនមានត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះវីរិយៈ សាបសូន្យទៅ កោសជ្ជៈ រួបរឹតក្នុងកាលណា ការប៉ះពាល់ នូវអកុសល ក៏មានក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បញ្ញាដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវ អកុសល ក៏មិនមានត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះបញ្ញា សាបសូន្យទៅ ទុប្បញ្ញា (ការអ័ប្បបញ្ញា) រួបរឹត ក្នុងកាលណា ការប៉ះពាល់នូវអកុសល ក៏មានក្នុងកាលនោះ។
(៧. កាមសុត្តំ)
[៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយច្រើនតែជាប់ចិត្តក្នុងកាម ម្នាលភិក្ខុទាំងឡាយ បើកុលបុត្តលះបង់កណ្តៀវ និងអម្រែក ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស គួរហៅថា កុលបុត្តអ្នកមានសទ្ធាចេញបួស។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កុលបុត្តអ្នកមានវ័យ គួរបាននូវកាមទាំងឡាយ តាមតែបែបណា។ ម្នាលភិក្ខុទាំងឡាយ ទោះកាមទាំងឡាយណា ថោកទាបក្តី កាមទាំងឡាយណា កណ្តាលក្តី កាមទាំងឡាយណា ឧត្តមក្តី កាមទាំងអស់នោះ ក៏រាប់ថាជាកាមដូចៗគ្នា។ ម្នាលភិក្ខុទាំងឡាយ ដូចកុមារតូច ទន់ខ្ចីដេកផ្ងារ បៀមកំណាត់ឈើ ឬអំបែងក្នុងមាត់ ព្រោះអាស្រ័យ សេចក្តីប្រហែសរបស់ស្រីមេដោះ ៗ (នោះ លុះឃើញហើយ) ក៏យកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ លុះយកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ហើយ ក៏នាំចេញនូវកំណាត់ឈើ ឬអំបែងនោះ ដោយប្រញាប់ប្រញាល់ ប្រសិនបើមិនអាចនឹងនាំចេញ ដោយប្រញាប់ប្រញាល់បានទេ ក៏យកដៃឆ្វេងត្រកងដោយរហ័ស ហើយធ្វើម្រាមចង្អុលដៃខាងស្តាំឲ្យខុប ខ្វេះយកចេញ ដោយទាំងឈាមមកផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ (ខ្លាច) សេចក្តីលំបាកនុ៎ះ នឹងមានដល់កុមារ តថាគតមិនពោលថា សេចក្តីលំបាកនុ៎ះ មិនមាន ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ស្រីមេដោះ ដែលមានប្រាថ្នាសេចក្តី ចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរតែធ្វើយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា កុមារនោះ ចំរើនធំឡើង មានបញ្ញាសមគួរហើយ ម្នាលភិក្ខុទាំងឡាយ ទើបស្រីមេដោះ ក៏មិនសូវគយគន់មើល ចំពោះកុមារនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ កុមារចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ មិនធ្វើដោយសទ្ធា ក្នុងកុសលធម៌ មិនធ្វើដោយហិរិ ក្នុងកុសលធម៌ មិនធ្វើដោយឱត្តប្បៈ ក្នុងកុសលធម៌ មិនធ្វើដោយវីរិយៈ ក្នុងកុសលធម៌ មិនធ្វើដោយបញ្ញា ក្នុងកុសលធម៌ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតត្រូវតែតាមថែរក្សាភិក្ខុនោះ ដរាបនោះដែរ។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា ភិក្ខុធ្វើដោយសទ្ធា ក្នុងកុសលធម៌ ធ្វើដោយហិរិ ក្នុងកុសលធម៌ ធ្វើដោយឱត្តប្បៈ ក្នុងកុសលធម៌ ធ្វើដោយបញ្ញា ក្នុងកុសលធម៌ហើយ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ក៏មិនសូវគយគន់មើល ចំពោះភិក្ខុនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ ភិក្ខុនេះ ចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ។
(៨. ចវនសុត្តំ)
[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម (សាសនធម៌)។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានសទ្ធា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានហិរិ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានឱត្តប្បៈ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបមិនឃ្លាត រមែងតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបាន។
(៩. បឋមអគារវសុត្តំ)
[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមិនមានសេចក្តី គោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកប ដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមាន សេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានហិរិ មិនមានសេចក្តីគោរព មិនមានសេចក្តីកោត ក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមាន ឱត្តប្បៈ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុង ព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមាន សេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបាន។
(១០. ទុតិយអគារវសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុង ធម្មវិន័យនេះបាន។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវ សេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិន មានហិរិ… ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានឱត្តប្បៈ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក ខ្ជិលច្រអូស ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ… ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម… ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។
ចប់ សេក្ខពលវគ្គ ទី១។
ឧទ្ទាននៃសេក្ខពលវគ្គនោះ គឺ
និយាយអំពីកម្លាំងរបស់សេក្ខបុគ្គលយ៉ាងសង្ខេប ១ កម្លាំងរបស់សេក្ខបុគ្គយ៉ាង ពិស្តារ ១ ភិក្ខុមានធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ១ ភិក្ខុមានធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ១ ភិក្ខុ ឬភិក្ខុនីលាសិក្ខា ១ ជាគម្រប់៥ ការប៉ះពាល់អកុសល ១ សត្វតែងជាប់ចិត្តក្នុងកាម ១ ភិក្ខុឃ្លាតចាកព្រះសទ្ធម្ម ១ ភិក្ខុមិនមានសេចក្តីគោរព ២លើក។