km:tipitaka:sut:an:05:sut.an.05.v07

សញ្ញាវគ្គ ទី២ (៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.v07 បាលី cs-km: sut.an.05.v07 អដ្ឋកថា: sut.an.05.v07_att PTS: ?

សញ្ញាវគ្គ ទី២ (៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៧) ២. សញ្ញាវគ្គោ)

(បឋមសញ្ញាសូត្រ ទី១)

(១. បឋមសញ្ញាសុត្តំ)

[៦១] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យរឿយ ៗហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។ សញ្ញា ៥ យ៉ាង តើដូចម្តេច។ គឺអសុភសញ្ញា (សេចក្តីសំគាល់ថាមិនល្អ) ១ មរណសញ្ញា (សេចក្តីសំគាល់ក្នុងសេចក្តីស្លាប់) ១ អាទីនវសញ្ញា (សេចក្តីសំគាល់ថាជាទោស) ១ អាហារេ បដិកូលសញ្ញា (សេចក្តីសំគាល់ក្នុងអាហារ ថាជាបដិកូល) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វានជាទីបំផុត។

(ទុតិយសញ្ញាសូត្រ ទី២)

(២. ទុតិយសញ្ញាសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។ សញ្ញា ៥ យ៉ាង តើដូចម្តេច។ គឺ អនិច្ចសញ្ញា (សេចក្តីសំគាល់ថាមិនទៀង) ១ អនត្តសញ្ញា (សេចក្តីសំគាល់ថាមិនមែនខ្លួន) ១ មរណសញ្ញា (សេចក្តីសំគាល់ក្នុងសេចក្តីស្លាប់) ១ អាហារេ បដិកូលសញ្ញា (សេចក្តីសំគាល់ក្នុងអាហារ ថាជាបដិកូល) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។

(បឋមវឌ្ឍិសូត្រ ទី៣)

(៣. បឋមវឌ្ឍិសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន ដោយសេចក្តីចំរើន ៥ យ៉ាង ឈ្មោះថា ចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។ អរិយសាវក ចំរើនដោយសេចក្តីចំរើន ៥ យ៉ាង តើដូចម្តេច។ គឺ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើនដោយសេចក្តីចំរើន ៥ យ៉ាងនេះឯង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។

បុគ្គលណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ជាសប្បុរស មានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យក នូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ឧត្តម ដល់ខ្លួនក្នុងលោកនេះបាន។

(ទុតិយវឌ្ឍិសូត្រ ទី៤)

(៤. ទុតិយវឌ្ឍិសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលចំរើនដោយសេចក្តីចំរើន ៥ យ៉ាង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។ អរិយសាវិកា ចំរើនដោយសេចក្តីចំរើន ៥ យ៉ាង តើដូចម្តេច។ គឺ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា ចំរើនដោយសេចក្តីចំរើន ៥ យ៉ាងនេះឯង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។

ស្រ្តីណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា ស្រ្តីប្រាកដដូច្នោះនោះ ឈ្មោះថា ជាឧបាសិកាមានសីល រមែងកាន់យកនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ឧត្តមដល់ខ្លួន ក្នុងលោកនេះបាន។

(សាកច្ឆសូត្រ ទី៥)

(៥. សាកច្ឆសុត្តំ)

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា គួរដល់ការសាកសួរ របស់សព្រហ្មចារីទាំងឡាយ។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ដោយសមាធិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយប្រាជ្ញា ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងវិមុត្តិញ្ញាណទស្សនកថា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា គួរដល់ការសាកសួរ របស់សព្រហ្មចារីទាំងឡាយ។

(សាជីវសូត្រ ទី៦)

(៦. សាជីវសុត្តំ)

[៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់សាជីវៈ (ការសួរប្រស្នា និងការដោះប្រស្នា) របស់សព្រហ្មចារីទាំងឡាយបាន។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលខ្លួនតាក់តែងទុក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ដោយសមាធិដោយខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយបញ្ញាដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ នេះឯង ទើបគួរដល់សាជីវៈ របស់សព្រហ្មចារីទាំងឡាយបាន។

(បឋមឥទ្ធិបាទសូត្រ ទី៧)

(៧. បឋមឥទ្ធិបាទសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើនធម៌ ៥ យ៉ាង ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាង បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបានសម្រេច នូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើន នូវការព្យាយាមដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើនធម៌ ៥ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំងពីរ ផលណាមួយ គង់នឹងបានសម្រេច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេច នូវភាវៈជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបានសម្រេច នូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ។

(ទុតិយឥទ្ធិបាទសូត្រ ទី៨)

(៨. ទុតិយឥទ្ធិបាទសុត្តំ)

[៦៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ បានចំរើននូវធម៌ ៥ យ៉ាង បានធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ តថាគតបានចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើននូវការព្យាយាមដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតបានចំរើន បានធ្វើឲ្យរឿយ ៗ នូវធម៌ដែលមានការព្យាយាមដ៏លើសលុប ជាគំរប់ ៥ នេះ ទើបតថាគតនោះ បានបង្អោនចិត្តទៅ ដើម្បីធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម កាលបើហេតុមាន ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក្នុងធម៌នោះៗឯង។ បើតថាគតនោះ ប្រាថ្នាថា សូមឲ្យតថាគត បាននូវការតាក់តែងប្ញទ្ធិជាច្រើនប្រការ។បេ។ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក កាលបើហេតុមាន តថាគត ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការតាក់តែងប្ញទ្ធិនោះ ៗ។ បើតថាគតនោះ ប្រាថ្នាថា។បេ។ សូមឲ្យតថាគត បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាលបើហេតុមាន តថាគត ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការបានសម្រេចនូវគុណវិសេសនោះ ៗ។

(និព្វិទាសូត្រ ទី៩)

(៩. និព្វិទាសុត្តំ)

[៦៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ដោយមិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ ថា មិនស្អាតក្នុងកាយ ១ សំគាល់ថា គួរខ្ពើមក្នុងអាហារ ១ សំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង ១ ឃើញរឿយ ៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញា ក៏ប្រាកដឡើង ខាងក្នុងចិត្តរបស់ភិក្ខុនោះ ដោយប្រពៃ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់មិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

(អាសវក្ខយសូត្រ ទី១០)

(១០. អាសវក្ខយសុត្តំ)

[៧០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ ថា មិនស្អាត ក្នុងកាយ ១ សំគាល់ថា គួរខ្ពើមក្នុងអាហារ ១ សំគាល់ថា មិនគួរត្រេកអរក្នុងលោកទាំងពួង ១ ឃើញរឿយ ៗ ថា មិនទៀង ក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញា ក៏ប្រាកដឡើង ខាងក្នុងចិត្តរបស់ភិក្ខុនោះ ដោយប្រពៃ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។

ចប់ សញ្ញាវគ្គ ទី២។

ឧទ្ទាននៃសញ្ញាវគ្គនោះគឺ

និយាយអំពីសញ្ញា ពីរលើក ១ សេចក្តីចំរើន ពីរលើក ១ ភិក្ខុគួរដល់ការសាកសួរ ១ ភិក្ខុគួរដល់សាជីវៈ ១ ឥទ្ធិបាទ ដែលបានពោល ពីរលើក ១ ធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ១ ធម៌ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈ ១។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann