km:tipitaka:sut:an:05:sut.an.05.v09

ថេរវគ្គ ទី៤ (៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.v09 បាលី cs-km: sut.an.05.v09 អដ្ឋកថា: sut.an.05.v09_att PTS: ?

ថេរវគ្គ ទី៤ (៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៩) ៤. ថេរវគ្គោ)

(រជនីយសូត្រ ទី១)

(១. រជនីយសុត្តំ)

[៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុត្រេកអរ ក្នុងអារម្មណ៍ជាទីត្រេកអរ ១ ប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ ភ័ន្ត វង្វេង ក្នុងអារម្មណ៍ជាទីភ័ន្ត វង្វេង ១ ញាប់ញ័រ ក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ ស្រវឹង ក្នុងអារម្មណ៍ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុមិនត្រេកអរ ក្នុងអារម្មណ៍ជាទីត្រេកអរ ១ មិនប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ មិនភ័ន្ត វង្វេង ក្នុងអារម្មណ៍ជាទីភ័ន្ត វង្វេង ១ មិនញាប់ញ័រ ក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ មិនស្រវឹង ក្នុងអារម្មណ៍ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។

(វីតរាគសូត្រ ទី២)

(២. វីតរាគសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនទាន់ប្រាសចាករាគៈ ១ មិនទាន់ប្រាសចាកទោសៈ ១ មិនទាន់ប្រាសចាកមោហៈ ១ ជាអ្នកលុបគុណគេ ១ ប្រណាំងប្រជែងវាស្នា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកប្រាសចាករាគៈ ១ ប្រាសចាកទោសៈ ១ ប្រាសចាកមោហៈ ១ មិនលុបគុណគេ ១ មិនប្រណាំងប្រជែងវាស្នា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

(កុហកសូត្រ ទី៣)

(៣. កុហកសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកប្រើកិរិយាបំភ័ន្ត ១ ជាអ្នករួសរ៉ាវ ១ ជាអ្នកនិយាយឲ្យទំនង ១ ជាអ្នកមានកលល្បិច ១ ជាអ្នកស្វែងលាភដោយលាភ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនប្រើកិរិយាយបំភ័ន្ត ១ ជាអ្នកមិនរួសរ៉ាវ ១ ជាអ្នកមិននិយាយឲ្យទំនង ១ ជាអ្នកមិនមានកលល្បិច ១ ជាអ្នកមិនស្វែងលាភដោយលាភ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

(អស្សទ្ធសូត្រ ទី៤)

(៤. អស្សទ្ធសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជឿកម្ម និងផល ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ អ័ប្បឥតប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកជឿកម្មផល ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រុងព្យាយាម ១ មានប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

(អក្ខមសូត្រ ទី៥)

(៥. អក្ខមសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស១ មិនអត់អន់នឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកអត់ទ្រាំនឹងរូប ១ អត់ទ្រាំនឹងសំឡេង ១ អត់ទ្រាំនឹងក្លិន ១ អត់ទ្រាំនឹងរស ១ អត់ទ្រាំនឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

(បដិសម្ភិទាបត្តសូត្រ ទី៦)

(៦. បដិសម្ភិទាបត្តសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកបានអត្ថប្បដិសម្ភិទា ១ បានធម្មប្បដិសម្ភិទា ១ បាននិរុត្តិប្បដិសម្ភិទា ១ បានបដិភាណប្បដិសម្ភិទា ១ ជាអ្នកឧស្សាហ៍មិនខ្ជិល ក្នុងកិច្ចដែលត្រូវធ្វើអ្វីៗ ទោះបីតូចធំ របស់ពួកសព្រហ្មចារី ទាំងប្រកបដោយប្រាជ្ញាឈ្លាសវៃ ក្នុងកិច្ចការនោះ ល្មមធ្វើបាន ចាត់ចែងបាន ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

(សីលវន្តសូត្រ ទី៧)

(៧. សីលវន្តសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុមានសីល ជាអ្នកសង្រួមដោយការសង្រួម ក្នុងបាតិមោក្ខ ប្រកបដោយអាចារៈ និងគោចរៈ តែងឃើញភ័យ ក្នុងទោសទាំងឡាយ ទោះបីតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលស្តាប់ហើយ ចេះចាំលែងភ្លេច នូវរបស់ដែលស្តាប់ហើយ ពួកធម៌ណា មានលំអត្រង់ខាងដើម មានលំអត្រង់កណ្តាល មានលំអត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិបូណ៌គ្រប់គ្រាន់ ដ៏បរិសុទ្ធ ភិក្ខុនោះ បានស្តាប់ធម៌ មានសភាពយ៉ាងនោះច្រើន ជាអ្នកស្ទាត់រត់មាត់ នឹកឃើញដោយចិត្តបាន ចាក់ធ្លុះល្អ ដោយប្រាជ្ញាបាន ១ ជាអ្នកមានសំដីពីរោះ គឹកកងល្អ ប្រកបដោយសំដីអ្នកក្រុង ហូរមិនទាក់ មិនខុស ច្បាស់ បានសេចក្តី ១ ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានទូលាយ នូវឈានទាំង ៤ ជាឈានអាស្រ័យ នូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯងក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។

(ថេរសូត្រ ទី៨)

(៨. ថេរសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិ មិនបានជាគុណ ដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយ។បេ។ ចាក់ធ្លុះល្អ ដោយប្រាជ្ញា ១ តែជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះ ញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យដម្កល់នៅក្នុងអស្សទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិ1) របស់ភិក្ខុនោះថា ភិក្ខុនោះ ជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនបានជាគុណ ដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនប្រយោជន៍ដល់ជនច្រើន មិនមែនជាគុណទេ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីគុណ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នកសម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយ។បេ។ ចាក់ធ្លុះ ដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះ ញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអស្សទ្ធម្ម ឲ្យដម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីគុណដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

(បឋមសេខសូត្រ ទី៩)

(៩. បឋមសេខសុត្តំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីត្រេកអរ នឹងការងារ ១ សេចក្តីត្រេកអរនឹងតិរច្ឆានកថា ១ សេចក្តីត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីត្រេកអរ នឹងការច្រឡូកច្រឡំដោយពួក ១ មិនពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីមិនត្រេកអរនឹងការងារ ១ សេចក្តីមិនត្រេកអរ នឹងតិរច្ឆានកថា ១ សេចក្តីមិនត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីមិនត្រេកអរ នឹងការនៅច្រឡូកច្រឡំដោយពួក ១ ពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។

(ទុតិយសេខសូត្រ ទី១០)

(១០. ទុតិយសេខសុត្តំ)

[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ តែមានកិច្ចច្រើន មានការងារច្រើន មិនឈ្លាសវៃ ក្នុងកិច្ចដែលត្រូវធ្វើអ្វី ៗ វៀរចាកការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបដោយចេតោសមថៈ (សេចក្តីរម្ងាប់ចិត្ត) ខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី១ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការងារបន្តិចបន្តួច បោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី២ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនៅជាសេក្ខៈ ហើយច្រឡូកច្រឡំ ដោយគ្រហស្ថ និងបព្វជិត ដោយការជាប់ចំពាក់នឹងគ្រហស្ថ ដ៏មិនសមគួរ បោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ ចូលទៅកាន់ស្រុកពីព្រឹកពេក ចេញមកវិញថ្ងៃពេក បោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៤ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាសេក្ខៈ មិនបានតាមសេចក្តីប្រាថ្នា បានលំបាក បានដោយក្រ នូវវាចាដែលជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យកើតសេចក្តីប្រាថ្នាតិច វាចានាំឲ្យកើតសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំ (ដោយពួកគណៈ) វាចានាំឲ្យប្រារព្ធសេចក្តីព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ បោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៥ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ មិនមានកិច្ចច្រើន មិនមានការងារច្រើន ឈ្លាសវៃ ក្នុងកិច្ចដែលត្រូវធ្វើអ្វី ៗ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន ប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី១ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិនញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការងារបន្តិចបន្តួច មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបធម៌ជាគ្រឿងស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី២ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិននៅច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត ដោយការជាប់ជំពាក់នឹងគ្រហស្ថ ដ៏មិនសមគួរ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិនចូលទៅកាន់ស្រុកពីព្រឹកពេក មិនចេញមកវិញថ្ងៃពេក មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៤ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ បានតាមសេចក្តីប្រាថ្នា មិនបានលំបាក បានទំលាយ នូវវាចាជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យមានប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំដោយពួក វាចានាំឲ្យប្រារព្ធព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ មិនលះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៥ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទាននៃថេរវគ្គនោះគឺ

និយាយពីអារម្មណ៍ ជាទីរីករាយ ១ ពីភិក្ខុប្រាសចាករាគៈ ១ ពីភិក្ខុប្រើកិរិយាបំភ័ន្ត ១ ពីភិក្ខុជឿកម្មផល ១ ពីភិក្ខុមិនអត់ធន់ ១ ពីបដិសម្ភិទា ១ ពីសីល ១ ពីភិក្ខុជាថេរៈ ១ និងភិក្ខុជាសេក្ខៈដទៃ ពីរលើកទៀត។

 

លេខយោង

1)
យកតម្រាប់តាម។
km/tipitaka/sut/an/05/sut.an.05.v09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann