(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 05.v14 បាលី cs-km: sut.an.05.v14 អដ្ឋកថា: sut.an.05.v14_att PTS: ?
រាជវគ្គ ទី៤ (១៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
((១៤) ៤. រាជវគ្គោ)
(១. បឋមចក្កានុវត្តនសុត្តំ)
[៣១] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹតិ្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១1) ទ្រង់ស្គាល់បរិសទ្យ ១2) ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រ ឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកនេះ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ3) ១ ដឹងកាល ១4) ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(២. ទុតិយចក្កានុវត្តនសុត្តំ)
[៣២] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រ ដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ស្តេចចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១ ទ្រង់ស្គាល់បរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងអាណាចក្រ ដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ តាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្ស មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលតថាគតធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្រ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ ១ ដឹងកាល ១ ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(៣. ធម្មរាជាសុត្តំ)
[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិណា ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ព្រះរាជានោះឯង មិនញុំាងអាណាចក្រ ដែលមិនជារបស់ព្រះរាជា ឲ្យប្រព្រឹត្តទៅឡើយ។5) កាលព្រះដ៏មានបុណ្យ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្នកណា ជាស្តេចរបស់ព្រះរាជាចក្រពត្តិ ដែលប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ព្រះធម៌ (ជាស្តេច) ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ទ្រង់ទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះអន្តោជន គឺអគ្គមហេសី បុត្តធីតា។ ម្នាលភិក្ខុ មួយទៀត ព្រះរាជាចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ (ដែលបានមុទ្ធាភិសេក) ចំពោះពួកក្សត្រិយ៍ ដែលចុះចូល ចំពោះពួកពល ចំពោះព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នកជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះម្រឹគ បក្សី។ ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិនោះឯង ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។បេ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះអន្តោជន លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ ចំពោះពួកក្សត្រិយ៍ ដែលចុះចូល ចំពោះពួកពល ចំពោះព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នកជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះពួកម្រឹគ បក្សីរួចហើយ ទើបញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយធម៌តែមួយយ៉ាង អាណាចក្រនោះឯង សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជ ក៏យ៉ាងនោះដែរ តែងទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុទាំងឡាយថា កាយកម្មបែបនេះ ត្រូវសេព កាយកម្មបែបនេះ មិនត្រូវសេពទេ វចីកម្មបែបនេះ ត្រូវសេព វចីកម្មបែបនេះ មិនត្រូវសេពទេ មនោកម្មបែបនេះ ត្រូវសេព មនោកម្មបែបនេះ មិនត្រូវសេពទេ ការចិញ្ចឹមជីវិតបែបនេះ ត្រូវសេព ការចិញ្ចឹមជីវិតបែបនេះ មិនត្រូវសេពទេ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពគប់ទេ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជ។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី … ចំពោះឧបាសក … ចំពោះឧបាសិកាថា កាយកម្មបែបនេះ ត្រូវសេព កាយកម្មបែបនេះ មិនត្រូវសេពទេ។បេ។ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពទេ។ ម្នាលភិក្ខុ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជនោះឯង។បេ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី … ចំពោះឧបាសក … ចំពោះឧបាសិការួចហើយ ទើបញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌តែមួយយ៉ាង ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(៤. យស្សំទិសំសុត្តំ)
[៣៤] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាង ទ្រង់ប្រថាប់ក្នុងទិសឯណាៗ ក៏រមែងប្រថាប់តែក្នុងដែន របស់ព្រះអង្គដដែល។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ទ្រង់មានព្រះជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគសម្បត្តិច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌ ១ ព្រះអង្គមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលអាចស្តាប់បង្គាប់ ធ្វើតាមព្រះរាជឱវាទ ១ បរិនាយករតន៍ នៃព្រះអង្គ ជាអ្នកប្រាជ្ញវាងវៃ មានប្រាជ្ញា អង់អាច តែងគិតឃើញប្រយោជន៍ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញុំាងយសបរិវារ របស់ក្សត្រិយ៍នោះ ឲ្យចាស់ក្លា។ ព្រះរាជានោះ ប្រកបដោយធម៌ ដែលមានយសបរិវារ ជាគំរប់ ៥ នេះ ទ្រង់ប្រថាប់ក្នុងទិសឯណាៗ រមែងប្រថាប់តែក្នុងដែនរបស់ព្រះអង្គដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់បុគ្គលទាំងឡាយ ដែលមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ស្ថិតនៅក្នុងទិសឯណាៗ រមែងស្ថិតនៅ ដោយវិមុត្តិចិត្តតែមួយយ៉ាង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់បរិបូណ៌ដោយព្រះជាតិ ១ ជាអ្នកចេះដឹងច្រើន។បេ។ ជាអ្នកមុតធ្លុះដោយទិដ្ឋិ ដូចព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគសម្បត្តិច្រើន មានឃ្លាំង និងជង្រុកបរិបូណ៌ ១ មានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកំឡាំងចិត្ត មានសេចក្តីខ្មីឃ្មាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ព្រះអង្គបរិបូណ៌ដោយកំឡាំង ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងកំណត់ដឹង នូវការកើត និងការរលត់ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់បរិបូណ៌ ដោយបរិនាយករតនៈ ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញ៉ាំងវិមុត្តិ របស់ភិក្ខុនោះ ឲ្យចាស់ក្លា ១។ ភិក្ខុនោះ ប្រកបដោយធម៌ មានវិមុត្តិ ជាគំរប់ ៥ នេះ នៅក្នុងទិសឯណាៗ រមែងស្ថិតនៅ ដោយវិមុត្តិចិត្តតែមួយយ៉ាង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់ភិក្ខុ ដែលមានចិត្តរួចស្រឡះ ចាកកិលេស។
(៥. បឋមបត្ថនាសុត្តំ)
[៣៥] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាង តែងប្រាថ្នានូវរាជ្យ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេក ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គមានព្រះរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ព្រះអង្គជាទីស្រលាញ់ សព្វព្រះរាជហឫទ័យ នៃព្រះមាតាព្រះបិតា ១ ជាទីស្រលាញ់ ជាទីគាប់ចិត្ត របស់អ្នកនិគម អ្នកជនបទ ១ ហេតុជាទីកើត នៃសិល្បសាស្រ្តឯណា សម្រាប់ខត្តិយរាជទាំងឡាយដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី ព្រះអង្គជាអ្នកសិក្សាឥតមានទើសទាល់ ក្នុងសិល្បសាស្រ្តនោះ ១។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនអញហ្នឹងឯង មានជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចេញចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញនឹងមិនប្រាថ្នានូវរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ពេញចិត្ត នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ជាទីគាប់ចិត្ត នៃអ្នកនិគម អ្នកជនបទ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ ហេតុជាទីកើត នៃសិល្បសាស្ត្រឯណា សម្រាប់ខត្តិយរាជទាំងឡាយ ដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី អញជាអ្នកសិក្សាឥតមានទើសទាល់ ក្នុងសិល្បសាស្រ្តនោះ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ តែងប្រាថ្នា នូវការអស់ទៅនៃអាសវៈទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់តថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។ បេ។ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ត្រៃភពទៀត ១ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ១ មិនជាអ្នកលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួន គួរតាមសេចក្តីពិត ក្នុងសំណាក់សាស្តា ឬក្នុងសំណាក់ នៃសព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង ១ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីញុំាងកុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមានកំឡាំងចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវសេចក្តីកើត និងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ១។ ភិក្ខុនោះ រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសទ្ធា ជឿព្រះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ត្រៃភពទៀត ព្រោះអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមិនលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួន គួរតាមសេចក្តីពិតក្នុងសំណាក់សាស្តា ឬក្នុងសំណាក់ នៃសព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញជាអ្នកមានប្រាជ្ញា។បេ។ ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ។
(៦. ទុតិយបត្ថនាសុត្តំ)
[៣៦] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាង រមែងប្រាថ្នា នូវឧបរាជ្យ (ភាពជាស្តេចបន្ទាប់)។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត្រចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីតំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ មានព្រះរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ជាទីស្រឡាញ់ គាប់ព្រះហឫទ័យ របស់ព្រះមាតាព្រះបិតា ១ ជាទីស្រឡាញ់ ពេញចិត្ត របស់ពួកពល ១ ជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជា្ញអង់អាច ៗ គិតឃើញនូវប្រយោជន៍ ដែលជាអតីត អនាគត បច្ចុប្បន្ន ១។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហឹ្នងឯង ជាអ្នកមានកំណើតល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត្រចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីតំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ គាប់ព្រះហឫទ័យ នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ ពេញចិត្តនៃពួកពល ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជ្ញាអង់អាចៗ គិតឃើញនូវប្រយោជន៍ ដែលជាអតីត អនាគត បច្ចុប្បន្ន ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ រមែងប្រាថ្នា នូវការអស់ទៅនៃអាសវៈទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកមានសេចក្តីចេះដឹងច្រើន។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ១ ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋានទាំងបួន ១ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌។បេ។ មិនដាក់ធុរៈចោលក្នុងកុសលធម៌ ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវការកើតនិងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យអស់ទៅដោយប្រពៃ ១។ ភិក្ខុនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានសេចក្តីចេះដឹងច្រើន ចងចាំនូវសូត្រ ចាំស្ទាត់នូវសូត្រ។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានប្រាជ្ញា។បេ។ ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃបាន ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ។
(៧. អប្បំសុបតិសុត្តំ)
[៣៧] ម្នាលភិក្ខុទាំងឡាយ ជន ៥ ពួកនេះ ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន។ ជន ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺស្រីដែលមានប្រាថ្នា ចំពោះបុរស (ដោយអសទ្ធម្ម) ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ បុរសដែលមានប្រាថ្នា ចំពោះស្រី (ដោយអសទ្ធម្ម) ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ចោរដែលប្រាថ្នាកាន់យក (ទ្រព្យរបស់គេ) ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាខ្វល់ខ្វាយ ក្នុងរាជកិច្ច ក្នុងវេលារាត្រី ផ្ទំលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានប្រាថ្នា ដើម្បីអស់សញ្ញោជនៈ (ព្រះនិព្វាន) ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន ១។ ម្នាលភិក្ខុទាំងឡាយ ពួកជន ៥ ពួកនេះឯង ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន។
(៨. ភត្តាទកសុត្តំ)
[៣៨] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង6) ជម្រះសំអាតអាចម៍ (ត្រង់ឱកាសនោះ) ផង កាន់យកស្លាកផង7) តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង ជម្រះសំអាតអាចម៍ (ត្រង់ទីឱកាសនោះ) ផង ទទួលយកស្លាកផង តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកបានតែខាងបរិភោគ នូវចង្ហាន់ផង ផ្សាយនូវឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកបានតែខាងបរិភោគចង្ហាន់ផង ផ្សាយឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។
(៩. អក្ខមសុត្តំ)
[៣៩] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឃើញពួកពលដំរីក្តី ឃើញពួកពលសេះក្តី ឃើញពួកពលរថក្តី ឃើញពួកពលថ្មើរជើងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឮសូរសន្ធឹកដំរីក្តី ឮសូរសន្ធឹកសេះក្តី ឮសូរសន្ធឹករថក្តី ឮសូរសន្ធឹកពលថ្មើរជើងក្តី ឮសូរកងរំពង នៃស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាមក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានធុំក្លិនមូត្រលាមក របស់ដំរីដែលមានជាតិខ្ពង់ខ្ពស់ ធ្លាប់ចុះស្នាម ក្នុងសង្រ្គាមរបស់ស្តេចដទៃ ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម មិនមានគេរាប់អានដោយឲ្យស្មៅ និងទឹកម្តងក្តី មិនមានគេរាប់អាន ដោយឲ្យស្មៅ និងទឹក ២ដងក្តី ៣ដងក្តី ៤ដងក្តី ៥ដងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចូលទៅកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ក្តី ៣ក្តី ៤ក្តី ៥ក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកមិនគួរទទួលនូវទាន ដែលគេនាំមកបូជា មិនគួរទទួលនូវវត្ថុ ដែលគេរៀបដើម្បីភ្ញៀវ មិនគួរទទួលនូវទក្ខិណាទាន មិនគួរគេធ្វើអញ្ជលិកម្ម មិនមែនជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ មិនអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែក រមែងត្រេកអរ ក្នុងរូបដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឮសំឡេងដោយត្រចៀក រមែងត្រេកអរក្នុងសំឡេង ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធុំក្លិនដោយច្រមុះ រមែងត្រេកអរក្នុងក្លិន ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ លិទ្ធភ្លក្សរស ដោយអណ្តាត រមែងត្រេកអរក្នុងរសដែលគួរត្រេកអរ មិនអាចដើម្បីដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានពាល់ត្រូវនូវផ្សព្វដោយកាយ រមែងត្រេកអរក្នុងផ្សព្វ ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងផ្សព្វយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរទទួលនូវទាន ដែលគេនាំមកបូជា មិនគួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ មិនគួរទទួលនូវទក្ខិណាទាន មិនគួរគេធ្វើអញ្ជលិកម្ម មិនមែនជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង ទើបគួរជារាជយាន គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបាន។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វអត់ធន់នឹងរូប ១ អត់ធន់នឹងសម្លេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ អត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឃើញពួកពលដំរីក្តី ឃើញពួកពលសេះក្តី ឃើញពួកពលរថក្តី ឃើញពួកពលថ្មើរជើងក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឮសូរសន្ធឹកដំរីក្តី ឮសូរសន្ធឹកសេះក្តី ឮសូរសន្ធឹករថក្តី ឮសូរសន្ធឹកពលថ្មើរជើងក្តី ឬឮសូរគឹកកងរំពងស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាមក្តី មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ធុំក្លិនមូត្រលាមកជារបស់ដំរីដែលមានជាតិខ្ពង់ខ្ពស់ ធ្លាប់ចុះស្នាមសង្រ្គាមរបស់ស្តេច ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម មិនមានគេរាប់អានដោយឲ្យទឹកនិងស្មៅម្តងក្តី មិនមានគេរាប់អានដោយឲ្យស្មៅនិងទឹក ២ ដងក្តី ៣ ដងក្តី ៤ ដងក្តី ៥ ដងក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ ក្តី ៣ ក្តី ៤ ក្តី ៥ ក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ទើបគួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ទើបគួរទទួលនូវទានដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែក មិនត្រេកអរ ក្នុងរូបដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឮនូវសម្លេងដោយត្រចៀក មិនត្រេកអរ ក្នុងសំឡេងដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធុំក្លិនដោយច្រមុះ មិនត្រេកអរ ក្នុងក្លិនដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុឲ្យអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ លិទ្ធភ្លក្សរសដោយអណ្តាត មិនត្រេកអរ ក្នុងរសដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពាល់ត្រូវនូវផ្សព្វ ដោយកាយ មិនត្រេកអរក្នុងផ្សព្វ ដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
(១០. សោតសុត្តំ)
[៤០] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង គួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វប្រសប់ខាងការស្តាប់ពាក្យ ១ សម្លាប់ (សត្រូវ) ១ រក្សាខ្លួន ១ អត់ធន់ ១ ទៅកាន់ទិស ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ពាក្យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យធ្វើការណា ទោះបីខ្លួនធ្លាប់ធ្វើក្តី មិនធ្លាប់ធ្វើក្តី ក៏ខំផ្ចិតផ្ចង់យកចិត្តទុកដាក់នឹងការណ៍នោះ ប្រមូលការណ៍ទាំងអស់ដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងសម្លាប់ដំរីខ្លះ សម្លាប់ទម័កដំរីខ្លះ សម្លាប់សេះខ្លះ សម្លាប់អ្នកជិះសេះខ្លះ បៀតបៀនរថខ្លះ សម្លាប់អ្នកបររថខ្លះ សម្លាប់ពលថ្មើរជើងខ្លះ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សាខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងរក្សាកាយខាងមុខ រក្សាកាយខាងក្រោយ រក្សាជើងខាងមុខ រក្សាជើងខាងក្រោយ រក្សាក្បាល រក្សាត្រចៀក រក្សាភ្លុក រក្សាប្រមោយ រក្សារោមកន្ទុយ រក្សាទម័ក ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ជាសត្វអត់ធន់នឹងការប្រហារដោយលំពែង ប្រហារដោយព្រួញ ប្រហារដោយប៉ូវថៅ និងសួរគឹកកងរំពងស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធន់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វទៅកាន់ទិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យទៅកាន់ទិសណា ទោះបីខ្លួនធ្លាប់ទៅក្តី មិនធ្លាប់ទៅក្តី ទៅកាន់ទិសនោះ ដោយឆាប់រហ័សបាន ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វទៅកាន់ (ទិស) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ នេះឯង ទើបជាសត្វគួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ ដូច្នោះដែរ ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រសប់ខាងការស្តាប់ ១ សម្លាប់ (អកុសលវិតក្ក) ១ រក្សាឥន្រ្ទិយ ១ អត់ធន់ ១ ទៅកាន់ (ទិស គឺព្រះនិព្វាន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រសប់ខាងការស្តាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ខំផ្ចិតផ្ចង់យកចិត្តទុកដាក់ ក្នុងធម៌វិន័យ ដែលតថាគតប្រកាសហើយសំដែងទុក ប្រមូលនូវធម៌ទាំងពួងដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រសប់ខាងការស្តាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកសម្លាប់ (អកុសលវិតក្ក) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលទុក លះបង់ បន្ទោបង់ សម្លាប់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវកាមវិតក្កដែលកើតហើយ នូវព្យាបាទវិតក្ក ដែលកើតហើយ … នូវវិហឹសាវិតក្ក ដែលកើតហើយ … មិនទទួលទុក លះបង់ បន្ទោបង់ សម្លាប់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវធម៌ជាបាបអកុសល ដែលកើតហើយរឿយៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសម្លាប់ (អកុសលវិតក្ក) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នករក្សា (ឥន្រ្ទិយ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ហើយមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួម ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ប្រតិបត្តិដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … លិទ្ធរសដោយអណ្តាត … ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ប្រតិបត្តិដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករក្សាឥន្ទ្រិយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងត្រជាក់ ក្តៅ សេចក្តីឃ្លាន ស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ សត្វទីឃជាតិ និងពាក្យពោលអាក្រក់ គួរឲ្យកើតទុក្ខ ជាអ្នកប្រកបដោយជាតិ ចេះអត់សង្កត់ នូវវេទនាដែលប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីគាប់ចិត្ត ជាវេទនាគួរនាំយកនូវជីវិត ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអត់ធន់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នក (ទៅកាន់ទិស) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទិស ពោលគឺការរម្ងាប់សង្ខារទាំងអស់ ការលះចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ ការមិនមានតណ្ហាជាគ្រឿងចាក់ស្រែះឯណា ដែលបុគ្គលមិនធ្លាប់ទៅដោយកាលយូរអង្វែងនេះ ភិក្ខុក្នុងសាសនានេះ ជាអ្នកទៅកាន់ទិសនោះ បានដោយឆាប់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទៅ (កាន់ទិស) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
ចប់ រាជវគ្គ ទី៤។
ឧទ្ទាននៃរាជវគ្គនោះ គឺ
និយាយអំពីស្តេចចក្រពត្តិញ៉ាំងអាណាចក្រឲ្យប្រព្រឹត្តទៅ ១ អំពីព្រះរាជបុត្រប្រព្រឹត្តទៅតាមអាណាចក្រ ១ អំពីស្តេចចក្រពត្តិជាធម្មរាជ ១ អំពីស្តេចចក្រពត្តិគង់នៅក្នុងទិស ១ អំពីសេចក្តីប្រាថ្នា ២ លើក អំពីបុគ្គលដេកលក់តិច ១ អំពីដំរីស៊ីនូវអាហារច្រើន ១ អំពីដំរីមិនអត់ធន់ ១ អំពីដំរីជាសត្វប្រសប់ខាងការស្តាប់ ១។