km:tipitaka:sut:an:05:sut.an.05.v21

កិមិលវគ្គ ទី១ (២១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.v21 បាលី cs-km: sut.an.05.v21 អដ្ឋកថា: sut.an.05.v21_att PTS: ?

កិមិលវគ្គ ទី១ (២១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((២១) ១. កិមិលវគ្គោ)

(កិមិលសូត្រ ទី១)

(១. កិមិលសុត្តំ)

[១០១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជិតស្រុកកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន។ ម្នាលកិមិល កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មិនគោរព មិនកោតក្រែងក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង នូវគ្នានិងគ្នា។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន។ បពិត្រព្រះអង្គដ៏ចំរើនចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មប្រតិស្ឋាននៅយូរបាន។ ម្នាលកិមិលៈ កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មានសេចក្តីគោរព កោតក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ មានសេចក្តីគោរពកោតក្រែង ក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែង ក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង នូវគ្នានិងគ្នា។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មប្រតិស្ឋាននៅយូរបាន។

(ធម្មស្សវនសូត្រ ទី២)

(២. ធម្មស្សវនសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ព្រះសទ្ធម្ម នេះមាន ៥ យ៉ាង។ អានិសង្ស ៥យ៉ាង គឺអ្វីខ្លះ។ គឺអ្នកស្តាប់តែងបានស្តាប់រឿងមិនទាន់បានស្តាប់ ១ រឿងណាដែលធ្លាប់ស្តាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់ នឹងចូលចិត្តច្បាស់ឡើងបាន ១ កំចាត់បង់សេចក្តីសង្ស័យចេញបាន ១ ធ្វើសេចក្តីឃើញឲ្យត្រង់ ១ ចិត្តអ្នកស្តាប់ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ធម៌ មាន ៥ យ៉ាងនេះឯង។

(អស្សាជានីយសូត្រ ទី៣)

(៣. អស្សាជានីយសុត្តំ)

[១០៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន របស់ព្រះរាជា ប្រកបដោយអង្គ ៥ ជាសេះគួរដល់ព្រះរាជា ជាទីប្រើប្រាស់របស់ព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអត់ធន់ ១ មានចិត្តស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន របស់ព្រះរាជា ប្រកបដោយអង្គទាំង ៥ នេះ ទើបជាសេះគួរដល់ព្រះរាជា ជាទីប្រើប្រាស់របស់ព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអំណត់ ១ មានចិត្តស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ នេះ ទើបជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។

(ពលសូត្រ ទី៤)

(៤. ពលសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៥ យ៉ាង។ ពលៈ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ វីរិយពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ យ៉ាងនេះឯង។

(ចេតោខិលសូត្រ ទី៥)

(៥. ចេតោខិលសុត្តំ)

[១០៥] ម្នាលភិក្ខុទាំងឡាយ ចំរឹងនៃចិត្តនេះ មាន ៥ យ៉ាង។ ចំរឹងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំរឹងនៃចិត្ត ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងព្រះធម៌ … ក្នុងព្រះសង្ឃ … ក្នុងសិក្ខា … ភិក្ខុមានចិត្តខឹងអាក់អន់គ្នាន់ក្នាញ់ របឹងរឹងរូសក្នុងសព្រហ្មចារីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានចិត្តខឹងអាក់អន់គ្នាន់ក្នាញ់ របឹងរឹងរូស ក្នុងសព្រហ្មចារីទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿងៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំរឹងនៃចិត្តទី ៥។ ម្នាលភិក្ខុទាំងឡាយ ចំរឹងនៃចិត្តមាន ៥ យ៉ាងនេះឯង។

(វិនិពន្ធសូត្រ ទី៦)

(៦. វិនិពន្ធសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្តនេះ មាន ៥ យ៉ាង។ ចំណងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំណងនៃចិត្ត ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ … មិនទាន់ប្រាសចាកតម្រេកក្នុងរូប … បរិភោគទាល់តែឆ្អែតពេញពោះ ប្រកបការដេកជាសុខ ផ្អែកជាសុខ លក់ជាសុខ … ប្រព្រឹត្តព្រហ្មចរិយៈដោយប្រាថ្នា នូវទេវនិកាយណាមួយថា អាត្មាអញ នឹងបានជាទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាមនេះ ឬដោយព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយៈ ដោយប្រាថ្នាទេវនិកាយណាមួយថា អាត្មាអញ នឹងបានជាទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាមនេះ ឬដោយព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំណងនៃចិត្ត ទី៥។ ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្ត មាន ៥ យ៉ាងនេះឯង។

(យាគុសូត្រ ទី៧)

(៧. យាគុសុត្តំ)

[១០៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំចាត់បង់សេចក្តីឃ្លាន ១ កំចាត់បង់សេចក្តីស្រេក ១ ញុំាងខ្យល់ឲ្យប្រព្រឹត្តទៅសព្វ ១ ញុំាងសរសៃឲ្យស្អាត ១ ញុំាងអាហារថ្មីដែលនៅសល់ ឲ្យឆ្អិន ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរ មាន ៥ យ៉ាងនេះឯង។

(ទន្តកដ្ឋសូត្រ ទី៨)

(៨. ទន្តកដ្ឋសុត្តំ)

[១០៨] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចក្ខុមិនស្អាត ១ មាត់មានក្លិនស្អុយ ១ សរសៃនាំរសអាហារមិនបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មរួបរឹតបាយ ១ មិនឆ្ងាញ់បាយ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការទំពាឈើស្ទន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនាំឲ្យមានចក្ខុស្អាត ១ មាត់មិនមានក្លិនស្អុយ ១ សរសៃនាំរសអាហារបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មមិនរួបរឹតបាយ ១ ឆ្ងាញ់បាយ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការទំពាឈើស្ទន់ មាន ៥ យ៉ាងនេះឯង។

(គីតស្សរសូត្រ ទី៩)

(៩. គីតស្សរសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលពោលធម៌ដោយសំឡេងច្រៀងវែងនេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯងក៏ត្រេកអរ ក្នុងសំឡេងនោះ ១ ជនទាំងឡាយដទៃ ក៏ត្រេកអរ ក្នុងសំឡេងនោះ ១ គហបតីទាំងឡាយ ពោលទោសថា ពួកយើងច្រៀងយ៉ាងណា ពួកសមណសក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងយ៉ាងនោះដែរ ១ បុគ្គលពេញចិត្តក្នុងការសូត្ររលាក់រលែកសំឡេង រមែងខូចសមាធិ ១ ពួកជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ (យកតម្រាប់តាម) ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលពោលធម៌ ដោយសំឡេងច្រៀងវែង មាន ៥ យ៉ាងនេះឯង។

(មុដ្ឋស្សតិសូត្រ ទី១០)

(១០. មុដ្ឋស្សតិសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលដេកលក់ ភ្លេចស្មារតី មិនដឹងខ្លួននេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺដេកលក់ជាទុក្ខ ១ ភ្ញាក់ឡើងជាទុក្ខ ១ យល់សបិ្តអាក្រក់ ១ ទេវតាមិនរក្សា ១ អសុចិហូរចេញ ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលដេកលក់ ភ្លេចស្មារតី មិនដឹងខ្លួន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលដេកលក់ ប្រុងស្មារតី ដឹងខ្លួននេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺដេកលក់ជាសុខ ១ ភ្ញាក់ឡើងជាសុខ ១ មិនយល់សប្តិអាក្រក់ ១ ទេវតារក្សា ១ អសុចិមិនហូរចេញ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលដេកលក់ ប្រុងស្មារតី ដឹងខ្លួន មាន ៥ យ៉ាងនេះឯង។

ចប់ កិមិលវគ្គ ទី១។

ឧទ្ទាននៃកិមិលវគ្គនោះ គឺ

ពោលអំពីរឿងកិមិលតេ្ថរ ១ អំពីអានិសង្សស្តាប់ធម៌ ១ អំពីសេះអាជានេយ្យ ១ អំពីធម៌ជាកម្លាំង ១ អំពីចំរឹងនៃចិត្ត ១ អំពីចំណងនៃចិត្ត ១ អំពីអានិសង្សបបរ ១ អំពីឈើស្ទន់ ១ អំពីការពោលធម៌ដោយសំឡេងច្រៀងវែង ១ អំពីការដេកលក់ ភ្លេចស្មារតី។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.v21.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann