km:tipitaka:sut:an:06:sut.an.06.018

មច្ឆពន្ធសូត្រ ទី៨

សង្ខេប

ព្រះ​សម្មាសម្ពុទ្ធ​​មាន​​ព្រះ​​បន្ទូល​​ច្បាស់​​លាស់​​អំពី​​ការ​​ចិញ្ចឹម​​ជីវិត​​ក្នុង​​ការ​​សម្លាប់​​សត្វ។

an 06.018 បាលី cs-km: sut.an.06.018 អដ្ឋកថា: sut.an.06.018_att PTS: ?

មច្ឆពន្ធសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក វិបុល sut.an.06.018.jpg

(៨. មច្ឆពន្ធសុត្តំ)

[១៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ កាលព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រានត្រី អ្នកចាប់ត្រី កំពុងកាប់ សម្លាប់ត្រីលក់ ក្នុងប្រទេសមួយ លុះទតឃើញហើយ ស្តេចចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលទុក ទៀបគល់ឈើមួយដើម។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញព្រានត្រី អ្នកចាប់ត្រីឯណោះ កំពុងកាប់សំឡាប់ត្រីលក់ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ ឬនៅគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រានត្រីនោះ តែងរំពៃរកត្រី ដែលខ្លួនត្រូវសំឡាប់ នាំមកដើម្បីសំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រាននោះ ទើបជាអ្នកមិនបានទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបានគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើនឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកពិឃាតគោ សំឡាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត បែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា អ្នកពិឃាតគោ សំឡាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នកពិឃាតគោនោះ រមែងរំពៃរកគោ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ អ្នកពិឃាតគោនោះ ទើបមិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកសំឡាប់កែះ។បេ។ អ្នកសំឡាប់ជ្រូក អ្នកសំឡាប់សត្វស្លាប អ្នកសំឡាប់ម្រឹគ ដែលសំឡាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដោយអំពើបែបនោះ ដោយការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា អ្នកសំឡាប់ម្រឹគ ដែលសំឡាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រានម្រឹគនោះ រមែងរំពៃរកម្រឹគ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រាននោះ រមែងរំពៃរកសត្វតិរច្ឆានទាំងនោះ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមក ដើម្បីសំឡាប់ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ បានជាព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ចាំបាច់និយាយថ្វី ដល់បុគ្គល ដែលសំឡឹងរកមនុស្ស ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់ ដោយចិត្តអាក្រក់ ម្នាលភិក្ខុទាំងឡាយ ដ្បិតការសំឡឹងបែបនោះ រមែងប្រព្រឹត្តទៅមិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង ដល់បុគ្គលនោះ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.018.txt · ពេលកែចុងក្រោយ: 2024/04/27 05:17 និពន្ឋដោយ Cheav Villa