km:tipitaka:sut:an:06:sut.an.06.023

ភយសូត្រ ទី៣

សង្ខេប

កាម​ទាំង​ឡាយ ឧបមា​ដូច​ជា ទុក្ខ, រោគ, ពក, ការ​ជាប់​ជំពាក់, ភក់ ជា​ទី​នៅ​របស់​បថុជ្ជន។

an 06.023 បាលី cs-km: sut.an.06.023 អដ្ឋកថា: sut.an.06.023_att PTS: ?

ភយសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. ភយសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គណ្ឌៈ (ពក) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ (ការជាប់ចំពាក់ចិត្ត) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ (ភក់) នុ៎ះ ជាឈ្មោះនៃកាមទាំងឡយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពីភ័យក្នុងបរលោកផង ព្រោះហេតុនោះ បានជាពាកថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ… គណ្ឌៈ… សង្គៈ… បង្កៈ នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈ ក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈ ក្នុងបរលោកផង ហេតុនោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះនៃកាមទាំងឡាយ។

កាមទាំងឡាយ ដែលជាទីជាប់នៅ របស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និងធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង។ អរិយសាវកទាំងឡាយ ឃើញភ័យ ក្នុងឧបាទាន ដែលជាហេតុឲ្យកើតជាតិ និងមរណៈ លុះមិនប្រកាន់ហើយ រមែងរួចស្រឡះ ព្រោះការអស់ជាតិ និងមរណៈ។ អរិយសាវកនោះ ដល់នូវសេចក្តីក្សេមក្សាន្ត មានសេចក្តីសុខ រំលត់កិលេស ក្នុងអត្តភាពនេះ ប្រព្រឹត្តកន្លងនូវវេរា និងភ័យទាំងអស់ ហើយលះបង់នូវទុក្ខទាំងអស់បាន។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.023.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann