km:tipitaka:sut:an:06:sut.an.06.038

អត្តការីសូត្រ ទី៨

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​បដិសេធ​​នូវ​​គំនិត​​ខុស​ឆ្គង ​ទិដ្ឋភាពច្របូកច្របល់បំផុត ដែល​​ថា​​គ្មាន​​អ្នក​​ណាជាអ្នក​ធ្វើ។ ចំណាំ! «មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ» នត្ថិ អត្តការោ នត្ថិ បរការោ គួរតែត្រូវបានបកប្រែជា៖ «ខ្លួនមិនធ្វើ និងគ្មានណាដទៃធ្វើ»។

an 06.038 បាលី cs-km: sut.an.06.038 អដ្ឋកថា: sut.an.06.038_att PTS: ?

អត្តការីសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ វិបុល

(៨. អត្តការីសុត្តំ)

[៣៨] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរួសរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃបានឡើយ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮ មនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ហេតុអ្វីបានជាមនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង និយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ ដូច្នេះបាន។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសេចក្តីប្រារព្ធ រមែងប្រាកដឡើងដែរឬទេ។ មានដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសចក្តីប្រារព្ធ ប្រាកដដោយហេតុណា ហេតុនេះហើយ ជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច សេចក្តីព្យាយាម មានសភាពចេញចាកការខ្ជឹលច្រអូស មានដែរឬទេ។ប។ សេចក្តីប្រឹងប្រែង មានដែរឬទេ សេចក្តីរឹងប៉ឹង មានដែរឬទេ សេចក្តីមាំមួន មានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ក៏រមែងប្រាកដឡើងដែរឬទេ។ មានប្រាកដដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើសេចក្តីខ្វល់ខ្វាយមានហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ប្រាកដឡើងដោយហេតុណា ហេតុនេះជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮមនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ដូចម្តេចក៏មនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង មកនិយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃសោះឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ ជាអ្នកដល់នូវព្រះអង្គ ជាទីពឹងស្មើដោយជីវិត។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.038.txt · ពេលកែចុងក្រោយ: 2024/06/30 06:52 និពន្ឋដោយ Cheav Villa