km:tipitaka:sut:an:06:sut.an.06.041

ទារុក្ខន្ធសូត្រ ទី១១

សង្ខេប

ភិក្ខុ​មាន​ឫទ្ធិ អាច​យក​គំនរ​ឈើ ក្នុង​កម្មដ្ឋាន​ណា​មួយ​ក៏​បាន ព្រោះ​អាស្រ័យ​ជំនាញ​របស់​ខ្លួន។

an 06.041 បាលី cs-km: sut.an.06.041 អដ្ឋកថា: sut.an.06.041_att PTS: ?

ទារុក្ខន្ធសូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១១. ទារុក្ខន្ធសុត្តំ)

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចុះអំពីភ្នំគិជ្ឈកូដ ជាមួយនឹងពួកភិក្ខុដ៏ច្រើន បានឃើញគំនរឈើដ៏ធំ ក្នុងប្រទេសមួយ ហើយប្រឹក្សានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ឃើញគំនរឈើដ៏ធំឯណោះ ដែរឬទេ។ ឃើញដែរ អាវុសោ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ ថាជាបឋវីធាតុ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ភិក្ខុមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យបឋវីធាតុ ក្នុងគំនរឈើឯណោះ ហើយគប្បីកំណត់ នូវគំនរឈើឯណោះ ថាជាបឋវីធាតុ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ ថាជាអាបោធាតុ។បេ។ គប្បីកំណត់ថាជាតេជោធាតុ គប្បីកំណត់ថាជាវាយោធាតុ គប្បីកំណត់ថាជាសុភធាតុ1) គប្បីកំណត់ ថាជាអសុភធាតុ2) ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះភិក្ខុមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យអសុភធាតុ ក្នុងគំនរឈើឯណោះ គប្បីកំណត់នូវគំនរឈើឯណោះ ថាជាអសុភធាតុ។

 

លេខយោង

1)
ផ្កាឈូកក្នុងស្រះ មានពណ៌ក្រហម ហៅថា សុភធាតុ។
2)
កំទេចស្អុយក្តី ស្រាយ និងក្រមរទាំងឡាយដ៏ស្អុយក្តី ដែលមានពណ៌មិនជាទីគាប់ចិត្ត ហៅថា អសុភធាតុ។ អដ្ឋកថា។
km/tipitaka/sut/an/06/sut.an.06.041.txt · ពេលកែចុងក្រោយ: 2023/07/26 01:41 និពន្ឋដោយ Johann