km:tipitaka:sut:an:06:sut.an.06.042

នាគិតសូត្រ ទី១២

សង្ខេប

ក្រុម​ធំ​ដើរតាម​លេង​? «…ហេតុ​នោះ បាន​ជាត​ថាគត ពេញ​ចិត្ត​នឹង​ភិក្ខុ​​នោះ…»

an 06.042 បាលី cs-km: sut.an.06.042 អដ្ឋកថា: sut.an.06.042_att PTS: ?

នាគិតសូត្រ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ វិបុល sut.an.06.042.jpg

(១២. នាគិតសុត្តំ)

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសលទាំងឡាយ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ ហើយគង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈ។ ឯព្រះគោតមដ៏ចំរើននោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ត្រាស់ដឹងអរិយសច្ចទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ព្រះដ៏មានព្រះភាគនោះ ទ្រង់ញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ការបានចួបប្រទះព្រះអរហន្តទាំងឡាយ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ឋិតនៅខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកងយ៉ាងខ្លាំង។ សម័យនោះ ព្រះនាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបំរើព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជនណា ស្រែកហ៊ោគឹកកង ទំនងដូចជាព្រានសំណាញ់ ដណ្តើមត្រីគ្នា។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយកខាទនីយភោជនីយាហារដ៏ច្រើនមុខ ហើយឈរខាងក្រៅខ្លោងទ្វារ ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ភិក្ខុសង្ឃផង។ ម្នាលនាគិតៈ តថាគតសុំកុំចួបប្រសប់នឹងយសបរិវារ ឯយសក៏កុំចួបប្រសប់ នឹងតថាគតយ៉ាងនេះឡើយ។ ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ (សុខកើតអំពីកិរិយាចេញបួស) បវិវេកសុខ (សុខកើតអំពីសេចក្តីស្ងប់ស្ងាត់) ឧបសមសុខ (សុខកើតអំពីសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខកើតអំពីសេចក្តីត្រាស់ដឹង) បុគ្គលណា ជាអ្នកមិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត សូមព្រះសុគត ទ្រង់ទទួលនិមន្តឥឡូវ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ គួរព្រះដ៏មានព្រះភាគ ទទួលនិមន្តណាស់ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ គួរព្រះដ៏មានព្រះភាគទទួលនិមន្តណាស់។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ ស្តេចនឹងយាងទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះៗដែរ។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់ទឹកធំៗ បង្អុរចុះ ទឹករមែងហូរទៅកាន់ទីទំនាប យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះ ៗ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ មានសីល និងបញ្ញា។ ម្នាលនាគិតៈ តថាគតសុំកុំចួបនឹងយសបរិវារ ឯយសក៏កុំចួបប្រសប់នឹងតថាគត (យ៉ាងនេះ) ឡើយ។ ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ បុគ្គលណា មិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខនេះទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគតឃើញភិក្ខុ នៅក្នុងសេនាសនៈ នាចន្លោះស្រុក កំពុងអង្គុយចំរើនសមាធិ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ជនជាម្ចាស់អារាម នឹងបៀតបៀននូវលោកដ៏មានអាយុនេះ ឬក៏សាមណេរ មុខជាញ៉ាំងភិក្ខុនោះ ឲ្យឃ្លាតចាកសមាធិដែរឬទេ។ ម្នាលនាគិតៈ ហេតុនោះ តថាគតមិនពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ កំពុងអង្គុយលក់ក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះបន្ទោបង់ នូវសេចក្តីលំបាក ក្នុងកិរិយាដេកលក់នេះ ហើយធ្វើមនសិការៈ នូវអរញ្ញសញ្ញា ឲ្យប្រសើរឯក។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ អ្នកនៅក្នុងព្រៃ មិនអង្គុយចំរើនសមាធិក្នុងព្រៃទេ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះនឹងតាំងចិត្ត ដែលមិនទាន់ដល់សមាធិផង រក្សាចិត្តដែលបានដល់សមាធិហើយផង។ ម្នាលនាគិតៈ ហេតុនេះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ បានដល់សមាធិ ហើយអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះ ញ៉ាំងចិត្តដែលមិនទាន់រួចស្រឡះ ឲ្យរួចស្រឡះផង រក្សាទុកនូវចិត្ត ដែលរួចស្រឡះហើយផង។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងសេនាសនៈ នាចន្លោះស្រុក ធ្លាប់បាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលបើភិក្ខុនោះចង់បានលាភសក្ការៈ សេចក្តីសរសើរនោះហើយ រមែងលះបង់នូវទីសម្ងំ លះបង់នូវសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ ក៏ជ្រកនៅតែក្នុងស្រុក និគម រាជធានី។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតមិនពេញចិត្ត នឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ ធ្លាប់បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ បន្ទោបង់ នូវលាភសក្ការៈ សេចក្តីសរសើរនោះ ហើយមិនលះបង់ទីសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគត ពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ ពេលណាតថាគតដើរទៅកាន់ផ្លូវឆ្ងាយ មិនបានឃើញបុគ្គលណាមួយ ខាងមុខ ឬខាងក្រោយ ម្នាលនាគិតៈ ពេលនោះ តថាគតមានសេចក្តីសុខសប្បាយ ដោយហោចទៅ (សូម្បីគ្រាន់តែ) ធ្វើឧច្ចារៈបស្សាវៈ ក៏ស្រួលដែរ។

ចប់ សេក្ខបរិហានិយវគ្គ ទី៤។

ឧទ្ទាននៃសេក្ខបរិហានិយវគ្គនោះគឺ

និយាយអំពីសេក្ខបរិហានិយធម៌ ១ សេក្ខអបរិហានិយធម៌ ២លើក សេចក្តីត្រិះរិះនៃព្រះមហាមោគ្គល្លាន ១ ធម៌ជាចំណែកនៃវិជ្ជា ១ មូលហេតុនៃវិវាទ ១ ការឲ្យទាន ១ មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន ១ ហេតុឲ្យកើតកម្មទាំងឡាយ ១ ព្រះកិមិលៈ ទូលសួរព្រះដ៏មានព្រះភាគ ១ ព្រះសារីបុត្របង្ហាញគំនរឈើ ដល់ភិក្ខុទាំងឡាយ ១ នាគិតត្ថេរ អ្នកបំរើព្រះដ៏មានព្រះភាគ ១។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.042.txt · ពេលកែចុងក្រោយ: 2024/07/01 09:52 និពន្ឋដោយ Cheav Villa