តថាគត ហៅបុគ្គលណាថា ជានាគ? ហើយអ្វីហៅថា ជាពុទ្ធនាគ?
an 06.043 បាលី cs-km: sut.an.06.043 អដ្ឋកថា: sut.an.06.043_att PTS: ?
នាគសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. នាគសុត្តំ)
[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់មានព្រះបន្ទូលនឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅឯស្រះឈ្មោះ បុព្វកោដ្ឋកៈ ដើម្បីស្រោចស្រប់ខ្លួន។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅឯស្រះបុព្វកោដ្ឋកៈ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ ដើម្បីស្រោចស្រប់ព្រះអង្គ។ លុះព្រះដ៏មានព្រះភាគ ស្រោចស្រប់ព្រះអង្គ ក្នុងស្រះបុព្វកោដ្ឋកៈរួចហើយ ទ្រង់ត្រឡប់ឡើងមក មានចីវរតែមួយ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដ ដូចជាកាលមុន។ សម័យនោះឯង ដំរីឈ្មោះសេតៈ របស់ព្រះបាទបសេនទិកោសល ត្រូវគេដេញដំ ប្រគំតូរ្យតន្រ្តីដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ។ មហាជនបានឃើញដំរីនោះហើយ ក៏និយាយយ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីរមឹលមើលណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីជ្រះថ្លាណាស់តើ យីអើ ដំរីរបស់ស្តេច មានកាយសមរម្យល្អណាស់តើ។ កាលបើមហាជន និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មហាជនបានឃើញនូវដំរីធំប្រសើរ មានកាយសមរម្យប៉ុណ្ណោះ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើណាស់តើ ប្រសើរណាស់តើ ឬហ្ន៎ ឬថាមហាជន បានឃើញនូវវត្ថុឯទៀតណាមួយ ធំប្រសើរ មានកាយសមរម្យ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញដំរីធំប្រសើរ មានកាយសមរម្យក្តី ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញសេះធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញគោធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញពស់ធំប្រសើរក្តី ម្នាលឧទាយិ មហាជន បានឃើញដើមឈើធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញមនុស្សធំប្រសើរ មានកាយសមរម្យក្តី ហើយក៏និយាយ យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ក៏ហៅបុគ្គលនោះថា នាគៈ គឺបុគ្គលប្រសើរ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានពោលហើយដោយប្រពៃ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ហៅបុគ្គលនោះថា នាគៈ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយប្រពៃហើយនេះ ខ្ញុំព្រះអង្គសូមអនុមោទនា ដោយគាថាទាំងនេះថា
មនុស្សទាំងឡាយ តែងនមស្ការ ព្រះសម្ពុទ្ធអង្គណា ដែលជាមនុស្សជាតិ មានព្រះអង្គទូន្មាន មានព្រះទ័យដំកល់មាំ តាំងនៅក្នុងផ្លូវដ៏ប្រសើរ ទ្រង់ត្រេកអរ ក្នុងព្រះនិព្វាន ជាទីរម្ងាប់នូវចិត្ត ដល់នូវត្រើយនៃធម៌ទាំងពួង គឺ ខន្ធ អាយតនៈ ធាតុ ខ្ញុំបានឮអំពីសំណាក់ នៃព្រះអរហន្តថា សូម្បីពួកទេវតា ក៏តែងនមស្ការ ចំពោះព្រះសម្ពុទ្ធអង្គនោះ ដែលទ្រង់កន្លងបង់ នូវសំយោជនៈទាំងអស់ ចេញចាកព្រៃ គឺកិលេស ហើយបានដល់ព្រះនិព្វាន ទ្រង់ត្រេកអរក្នុងការចេញចាកកាមទាំងឡាយ ដូចជាមាស ដែលផុតចាកថ្ម ព្រះពុទ្ធ ជាបុគ្គលប្រសើរ រុងរឿង កន្លងបង់នូវសត្វទាំងពួង ដូចភ្នំហិមពាន្ត ដែលរុងរឿងជាងភ្នំដទៃ (ព្រះសម្ពុទ្ធអង្គនោះ) មាននាមប្រាកដប្រសើរជាងនាគនាមទាំងអស់។ តថាគត នឹងសំដែងនូវពុទ្ធនាគ ដល់អ្នកទាំងឡាយ ព្រោះថាពុទ្ធនាគនោះ រមែងមិនធ្វើអំពើអាក្រក់ សេចក្តីស្ងប់ស្ងៀម និងសេចក្តីមិនបៀតបៀនទាំងពីរនោះ ទុកជាជើងខាងមុខរបស់ពុទ្ធនាគ តបៈ គឺការសមាទាននូវវត្ត ព្រហ្មចរិយៈ គឺសីលប្រកបដោយអរិយមគ្គនោះ ជាជើងខាងក្រោយ របស់ពុទ្ធនាគ មហានាគ (នោះ) មានសទ្ធាជាប្រមោយ មានឧបេក្ខា ជាភ្លុកស មានសតិជាក មានបញ្ញាជាក្បាល ការគិតនូវធម៌ ទុកជាចុង (ប្រមោយ) មានធម៌ គឺចតុត្ថជ្ឈានសមាធិ ជាពោះសម្រាប់ចំអែតអាហារ មានសេចក្តីស្ងប់ស្ងាត់ ជាកន្ទុយរបស់ពុទ្ធនាគនោះ ពុទ្ធនាគនោះ មានឈាន មានសេចក្តីត្រេកអរ ក្នុងការដកដង្ហើមចេញ មានចិត្តដំកល់ខ្ជាប់ ក្នុងសន្តាន កាលពុទ្ធនាគដើរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគឈរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគសិង ក៏មានចិត្តដំកល់ខ្ជាប់ សូម្បីអង្គុយ ក៏មានចិត្តដំកល់ខ្ជាប់ ពុទ្ធនាគបានសង្រួម ក្នុងទ្វារទាំងអស់ នេះជាសម្បទានៃពុទ្ធនាគ។ ពុទ្ធនាគនោះ រមែងបរិភោគភោជន ដែលមិនមានទោស មិនបរិភោគភោជន ដែលមានទោស បានគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ តែងវៀរបង់នូវការសន្សំទុកដាក់ ផ្តាច់បង់នូវចំណង គឺសំយោជនៈតូច និងធំទាំងអស់ បើទៅត្រង់ទីណាៗ មិនអាឡោះអាល័យនូវទីនោះៗ។ ឈូកស ដែលដុះឡើង ចំរើនឡើងក្នុងទឹក មានក្លិនល្អ ជាទីត្រេកអរនៃចិត្ត មិនជាប់ដោយទឹក ដូចម្តេចមិញ ព្រះពុទ្ធទ្រង់កើតឡើងក្នុងលោក ទ្រង់គង់នៅក្នុងលោក ក៏មិនជាប់ដោយលោកឡើយ ដូចជាផ្កាឈូក មិនជាប់ដោយទឹក ដូច្នោះដែរ។ គំនរភ្លើងធំឆេះឡើង រមែងរលត់ទៅដោយមិនមានអាហារភ្លើង សង្ខារទាំងឡាយ ស្ងប់រម្ងាប់ទៅ ហៅថា រលត់ដូច្នេះ នេះជាសេចក្តីឧបមា ជាគ្រឿងពន្យល់ នូវសេចក្តីនោះ ដែលវិញ្ញុជនទាំងឡាយ បានសំដែងហើយ។ ពួកមហានាគ រមែងដឹងច្បាស់នូវវត្ថុដ៏ប្រសើរ ដែលពុទ្ធនាគ បានសំដែងហើយ ពុទ្ធនាគ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ លះបង់នូវសរីរៈ ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។