«…ហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗ គ្នា ក្នុងបរលោក…?»
an 06.044 បាលី cs-km: sut.an.06.044 អដ្ឋកថា: sut.an.06.044_att PTS: ?
មិគសាលាសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. មិគសាលាសុត្តំ)
[៤៤] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ វេលានោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះ បុរាណៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ចំណែកឥសិទត្ត ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នកមិនប្រព្រឹត្តនូវធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិតដែរ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើ ៗគ្នា ក្នុងបរលោក។ ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលយកចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ លុះព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ នៃភត្តហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មិគសាលាឧបាសិកា ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្កល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំ ឈ្មោះបុរាណៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្តៈ ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រព្រះអង្គដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងមិគសាលាឧបាសិកា ដូច្នេះថា ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ព្យាករយ៉ាងហ្នឹងមែនហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មិគសាលាឧបាសិកាណា ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយណា មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និងទន់នៃបុរសបុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះ មានប្រាកដក្នុងលោក។ បុគ្គលទាំង ៦ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្លូត ជាអ្នកមានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅជាមួយ (នឹងបុគ្គលនោះ)។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាអ្នកដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅជាមួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ គឺបីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាអ្នកដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកប្រមាណក្នុងធម៌នោះ រមែងដឹងប្រមាណថា នោះជាធម៌របស់អ្នកនេះ នោះជាធម៌របស់អ្នកឯទៀត ហេតុដូចម្តេច បានជាអ្នកទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ ម្នាលអានន្ទ ក្នុងរឿងនោះ បុគ្គលណាជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅ ជាមួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះ ដោយទិដ្ឋិផង បាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺ វិបស្សនាញាណ រមែងដឹកនាំ នូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា បុគ្គលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយហើយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណាប្រហែលនឹងតថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ)។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែងកើតឡើងដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវសេចក្តីសាបសូន្យ មិនដល់នូវគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង។បេ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាបុគ្គលដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់ យកនូវប្រមាណ រមែងដឹងប្រមាណក្នុងធម៌នោះថា នោះជាធម៌របស់អ្នកនេះ នោះជាធម៌របស់អ្នកឯទៀត ព្រោះហេតុអ្វី បានជាបុគ្គលទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ រឿងនោះ បុគ្គលណា មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺវិបស្សនាញាណ ដឹកនាំនូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា កាលបុគ្គលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត កាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណា ប្រហែលនឹងតថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ )។ ម្នាលអានន្ទ មិគសាលាឧបាសិកាណាក្តី ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយណាក្តី មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និងទន់ របស់បុរសបុគ្គល បុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះឯង មានប្រាកដក្នុងលោក។ ម្នាលអានន្ទ បុរាណឧបាសក ប្រកបដោយសីល មានសភាពយ៉ាងណា ឥសីទត្ត ក៏ប្រកបដោយសីល មានសភាពយ៉ាងនោះដែរ តែបុរាណឧបាសក មិនបានដឹង នូវគតិរបស់ឥសីទត្ត ក្នុងលោកនេះឡើយ។ ម្នាលអានន្ទ ឥសីទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណឧបាសក ក៏ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ តែឥសីទត្ត មិនបានដឹង នូវគតិរបស់បុរាណឧបាសក ក្នុងលោកនេះឡើយ។ ម្នាលអានន្ទ បុគ្គលទាំងពីរនាក់នេះ មានសេចក្តីសាបសូន្យ ចាកអង្គ ១ ដូច្នេះឯង។