km:tipitaka:sut:an:06:sut.an.06.053

អប្បមាទសូត្រ ទី១១

សង្ខេប

ភាព​ស្រដៀង​គ្នា​ ៦ សម្រាប់​គុណភាព​នៃ​ការ​ប្រុងប្រយ័ត្ន (អប្បមាទ)។

an 06.053 បាលី cs-km: sut.an.06.053 អដ្ឋកថា: sut.an.06.053_att PTS: ?

អប្បមាទសូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១១. អប្បមាទសុត្តំ)

[៥៣] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មានដែរឬ។ ម្នាលព្រាហ្មណ៍ ធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ ក្នុងបរលោក ១ ដូចម្តេច។ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១។ ម្នាលព្រាហ្មណ៍ ដូចស្នាមជើងណានីមួយ នៃសត្វទាំងឡាយ ដែលត្រេចទៅលើផែនដី ស្នាមជើងនៃសត្វទាំងអស់នោះ រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើង នៃសត្វទាំងនោះ ព្រោះស្នាមជើងនៃដំរីនោះធំ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ដូចបង្កង់ណានីមួយ នៃផ្ទះកំពូល បង្កង់ទាំងអស់នោះ ប្រឈមទៅកាន់កំពូល បង្អោនទៅកាន់កំពូល ប្រជុំចុះក្នុងកំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ ម្នាលព្រាហ្មណ៍ ដូចបុគ្គលជាអ្នកច្រូត នូវស្មៅដំណេកទន្សាយ បានច្រូតនូវស្មៅដំណេកទន្សាយ ចាប់យកត្រង់ចុង ជជុះ រលាស់ ហើយបោកនឹងដៃ ឬដើមឈើ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ ម្នាលព្រាហ្មណ៍ ដូចចង្កោមផ្លែស្វាយ ដែលជ្រុះចាកទង ផ្លែស្វាយទាំងឡាយណានីមួយ ដែលជាប់នឹងទង ផ្លែស្វាយទាំងអស់នោះ រមែងប្រព្រឹត្តទៅតាមនូវទងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ មា្នលព្រាហ្មណ៍ ដូចពួកស្តេចតូចៗណានីមួយ ស្តេចទាំងអស់នោះ រមែងប្រព្រឹត្តទៅតាម នូវស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងស្តេចទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ ម្នាលព្រាហ្មណ៍ ដូចពន្លឺណានីមួយនៃផ្កាយ ពន្លឺនៃផ្កាយទាំងអស់នោះ មិនដល់នូវចំណិត នៃចំណែក ១៦ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ ប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯង ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.053.txt · ពេលកែចុងក្រោយ: 2024/07/06 12:59 និពន្ឋដោយ Johann