លើឥទ្ធិពលនៃការរិះគន់នៅពេលត្រូវបានរិះគន់។
an 06.054 បាលី cs-km: sut.an.06.054 អដ្ឋកថា: sut.an.06.054_att PTS: ?
ធម្មិកសូត្រ ទី១២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(១២. ធម្មិកសុត្តំ)
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះធម្មិកៈដ៏មានអាយុ ជាចៅអាវាស ក្នុងជាតិភូមិ គឺនៅក្នុងអាវាសទាំង៧ ក្នុងជាតិភូមិ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកភិក្ខុជាអាគន្តុកៈ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់អាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈ ដ៏មានអាយុនេះឯង ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកអាគន្តុកភិក្ខុ ដោយវាចា បានជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ បើដូច្នោះ យើងទាំងឡាយ ត្រូវបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសនេះទៅ មិនគួរលោកនៅក្នុងអាវាសនេះទេ។ វេលានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏បានចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃវិញ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា ឯពួកអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈ ដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោល។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈដ៏មានអាយុនេះ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា បានជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏ចេញចាកអាវាសនោះ ទៅកាន់អាវាសដទៃវិញ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូសពួកអាគន្តុកភិក្ខុ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា។បេ។ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈដ៏មានអាយុ ឲ្យចេញចាកអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិទៅ។
គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវពួកជាតិភូមិកៈ បណ្តេញឲ្យចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិហើយ ឥឡូវនេះ អាត្មាអញ នឹងទៅក្នុងទីណាហ្ន៎។ លំដាប់នោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះដ៏មានព្រះភាគ។ សម័យនោះ ព្រះធម្មិកៈដ៏មានអាយុ ប្រដាប់បាត្រ និងចីវរ ដើរសំដៅទៅក្រុងរាជគ្រឹះ ហើយចូលទៅភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ដោយលំដាប់ ដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះធម្មិកៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ធម្មិកៈ អើ អ្នកមកពីណាហ្នឹង។ ព្រះធម្មិកៈ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវពួកជាតិភូមិកឧបាសក បណ្តេញអំពីអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ណ្ហើយ ប្រយោជន៍អ្វី ដោយអ្នកឯងនៅក្នុងអាវាសនេះ។ ពួកជាតិភូមិកឧបាសក បណ្តេញអ្នកឯង អំពីទីនោះ ៗ អ្នកឯងទាល់តែពួកជាតិភូមិកឧបាសក បណ្តេញអំពីទីនោះៗហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ។
ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានពួកពាណិជអ្នកដើរក្នុងសមុទ្ទ ចាប់សត្វស្លាបបង្ហាញត្រើយ ហើយចុះទៅកាន់សមុទ្ទ ដោយសំពៅ។ ពាណិជទាំងនោះ កាលបើសំពៅទៅ មិនបានឃើញត្រើយ ក៏លែងសត្វស្លាបបង្ហាញត្រើយទៅ។ សត្វនោះ ក៏ហើរទៅទិសខាងកើត ហើរទៅទិសខាងលិច ហើរទៅទិសខាងជើង ហើរទៅទិសខាងត្បូង ហើរទៅទិសខាងលើ ហើរទៅទិសតូច បើសត្វនោះ ឃើញត្រើយដោយជុំវិញហើយ ក៏ហើរបាត់ទៅតែម្តង។ បើសត្វនោះ មិនបានឃើញត្រើយ ដោយជុំវិញទេ ក៏ត្រឡប់មកកាន់សំពៅនោះវិញ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ធម្មិកៈ ពួកជាតិភូមិកឧបាសក បណ្តេញអ្នក អំពីទីនោះៗ អ្នកឯងទាល់តែគេបណ្តេញ អំពីទីនោះៗ ហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ ក៏យ៉ាងនោះដែរ។
ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានស្តេចដើមជ្រៃ ឈ្មោះសុប្បតិដ្ឋៈ របស់ព្រះបាទកោរព្យៈ មានមែក៥ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត។ ម្នាលព្រាហ្មណ៍ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានទំហំ ១២ យោជន៍ មានបណ្តាញឫស ៥យោជន៍។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានផ្លែធំប៉ុនភាជនៈ សម្រាប់ចំអិននូវភត្ត ចំនួនមួយអាឡ្ហក ផ្លែជ្រៃនោះ មានរសផ្អែមដូចទឹកឃ្មុំពុំមានមេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ព្រះរាជា សោយមែកមួយ របស់សុប្បតិដ្ឋនិគ្រោធរាជ ជាមួយស្រីស្នំ ពួកពល បរិភោគមែកមួយ ពួកអ្នកនិគម ជនបទ បរិភោគមែកមួយ ពួកសមណព្រាហ្មណ៍ បរិភោគមែកមួយ ពួកម្រឹគបក្សី បរិភោគមែកមួយ។ ម្នាលព្រាហ្មណ៍ធម្មិកៈ មិនមានបុគ្គលណា រក្សានូវផ្លែ នៃសុប្បតិដ្ឋនិគ្រោធរាជទេ។ សេចក្តីដំណាលថា ពួកជនមិនហ៊ានបៀតបៀន នូវផ្លែរបស់គ្នានឹងគ្នាឡើយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ លំដាប់នោះ មានបុរសម្នាក់ ស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបដល់ឆ្អែត ហើយក៏កាច់យកមែក ចៀសចេញទៅ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ ទេវតាដែលនៅអាស្រ័យលើដើមសុប្បតិដ្ឋនិគ្រោធរាជ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ហ្ន៎ យីអើ ចំឡែកណាស់ហ្ន៎ កោតតែមនុស្សបាប ហ៊ានស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបទាល់តែឆ្អែត ហើយកាច់យកមែក ចៀសចេញទៅ បើដូច្នោះ សុប្បតិដ្ឋនិគ្រោធរាជ មិនគួរឲ្យផ្លែតទៅទៀតទេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏មិនបានឲ្យផ្លែតទៅទៀតឡើយ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ ព្រះបាទកោរព្យៈ ចូលទៅរកសក្កទេវានមិន្ទៈ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងសក្កទេវានមិន្ទៈ ដូច្នេះថា បពិត្រលោកនិទ៌ុក្ខ ដែលគួរគេបូជា លោកគួរជ្រាប ឥឡូវនេះ សុប្បតិដ្ឋនិគ្រោធរាជ មិនផ្លែទេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ បានចាត់ចែងឥទ្ធាភិសង្ខារ គឺការចាត់ចែង ដោយឫទ្ធ មានសភាពដូច្នោះ ឲ្យខ្យល់ និងគ្រាប់ភ្លៀង ដ៏មានកំឡាំង បក់បោកមកឲ្យសុប្បតិដ្ឋនិគ្រោធរាជរលំ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ ពួកទេវតា ដែលអាស្រ័យនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏ដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោកដោយទឹកភ្នែក ទួញយំ ឈរនៅក្នុងទីសមគួរ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ ចូលទៅរកទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ លុះចូលទៅដល់ហើយ បាននិយាយនឹងទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ថា នែទេវតា អ្នកដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោកដោយទឹកភ្នែក ទួញយំឈរនៅក្នុងទីសមគួរ ដោយហេតុដូចម្តេចហ្ន៎។ ម្នាលអ្នកនិទ៌ុក្ខ ដ្បិតខ្យល់ និងភ្លៀងខ្លាំង បក់បោកពិភពរបស់ខ្ញុំឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលទេវតា អ្នកឋិតនៅក្នុងរុក្ខធម៌ហើយ ខ្យល់ និងភ្លៀងដ៏ខ្លាំង បក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើដែរឬ។ ម្នាលអ្នកនិទ៌ុក្ខ ចុះដើមឈើឋិតនៅក្នុងរុក្ខធម៌ ដូចម្តេច។ ម្នាលទេវតា ក្នុងលោកនេះ ពួកជនអ្នកត្រូវការដោយឫសឈើ តែងនាំយកឫសទៅ អ្នកត្រូវការដោយសម្បក តែងនាំយកសម្បកទៅ អ្នកត្រូវការដោយស្លឹក តែងនាំយកស្លឹកទៅ អ្នកត្រូវការដោយផ្កា តែងនាំយកផ្កាទៅ អ្នកត្រូវការដោយផ្លែ តែងនាំយកផ្លែទៅ ព្រោះហេតុនោះ ទេវតា មិនត្រូវធ្វើនូវសេចក្តីតូចចិត្តផង នូវសេចក្តីមិនត្រេកអរផងទេ ម្នាលទេវតា យ៉ាងនេះឯង ហៅថា ដើមឈើឋិតនៅក្នុងរុក្ខធម៌។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនបានឋិតនៅក្នុងរុក្ខធម៌ហើយ បានជាខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលទេវតា ប្រសិនបើអ្នកគប្បីឋិតនៅក្នុងរុក្ខធម៌ហើយ ទើបពិភពរបស់អ្នក នឹងមានដូចកាលមុន។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំគប្បីឋិតនៅក្នុងរុក្ខធម៌ សូមឲ្យពិភពរបស់ខ្ញុំកើតឡើងដូចកាលមុន។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ សក្កទេវានមិន្ទ ក៏បានចាត់ចែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ ឲ្យខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកមក ធ្វើឲ្យសុប្បតិដ្ឋនិគ្រោធរាជ ដុះឡើង មានឫសពេញដូចដែលវិញ។ ម្នាលព្រាហ្មណ៍ធម្មិកៈ អើ ពួកជាតិភូមិកឧបាសក បានបណ្តេញអ្នកឯង ដែលឋិតនៅក្នុងសមណធម៌ ឲ្យចេញចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះសមណៈឋិតនៅក្នុងសមណធម៌ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សមណៈក្នុងសាសនានេះ មិនជេរតបបុគ្គល ដែលជេរខ្លួន មិនកោសរូសតបបុគ្គល ដែលកោសរូសខ្លួន មិនឈ្លោះតបបុគ្គល ដែលឈ្លោះនឹងខ្លួនទេ ម្នាលព្រាហ្មណ៍ ធម្មិកៈ យ៉ាងនេះឈ្មោះថា សមណៈឋិតនៅក្នុងសមណធម៌។ បពិត្រព្រះអង្គដ៏ចំរើន ពួកជាតិភូមិកឧបាសក បណ្តេញខ្ញុំព្រះអង្គ ដែលមិនបានឋិតនៅក្នុងសមណៈធម៌ អំពីអាវាសគ្រប់ទាំង៧ ក្នុងជាតិភូមិ។
ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានគ្រូឈ្មោះ សុនេត្ត អ្នកធ្វើនូវកំពង់ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ។ ម្នាលព្រាហ្មណ៍ធម្មិកៈ គ្រូសុនេត្ត មានសាវកច្រើនរយ។ គ្រូសុនេត្ត បានសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ដល់ពួកសាវក។ ម្នាលព្រាហ្មណ៍ធម្មិកៈ បើពួកជនណា មិនញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូសុនេត្ត កំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកទេ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូសុនេត្ត ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក។ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើត ក្នុងសុគតិ សួគ៌ ទេវលោក។
ម្នាលព្រាហ្មណ៍ ធម្មិកៈ ពីព្រេងនាយមក មានគ្រូឈ្មោះ មូគបក្ខ។បេ។ មានគ្រូឈ្មោះ អរនេមិ មានគ្រូឈ្មោះ កុទ្ទាលកៈ មានគ្រូឈ្មោះ ហត្ថិបាល។ល។ មានគ្រូឈ្មោះ ជោតិបាល ជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ឯគ្រូឈ្មោះ ជោតិបាល មានសាវកច្រើនរយ។ គ្រូជោតិបាល សំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ដល់ពួកសាវក។ ម្នាលព្រាហ្មណ៍ធម្មិកៈ ពួកជនណា មិនបានញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកទេ លុះជនទាំងនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកហើយ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ មា្នលព្រាហ្មណ៍ធម្មិកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែលជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួកសាវកច្រើនរយ ជាបរិវារហើយ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើនដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលព្រាហ្មណ៍ធម្មិកៈ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែលជាអ្នកធ្វើនូវកំពង់ជាទីឆ្លង ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួកសាវកច្រើនរយ ជាបរិវារ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើន។ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចបុគ្គលម្នាក់ ដែលបរិបូណ៌ដោយទិដ្ឋិ បុគ្គលនេះ រមែងបាននូវបាបដ៏ច្រើន ជាងបុគ្គលទាំងនោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ធម្មិកៈ (ព្រោះ) តថាគត មិនសំដែងនូវការជីករំលើងនូវគុណ មានសភាពដូច្នេះ ខាងក្រៅអំពីសាសនានេះ ដូចជាការជេរប្រទេចនេះ ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយទេ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តដែលប្រទូស្ត ក្នុងពួកសព្រហ្មចារីបុគ្គលរបស់ខ្លួន នឹងមិនមានដល់យើងឡើយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។
ក្នុងកាលកន្លងទៅហើយ មានគ្រូទាំង ៦ គឺ គ្រូឈ្មោះ សុនេត្ត ១ ឈ្មោះមូគបក្ខៈ ១ ឈ្មោះ អរនេមិ ១ ព្រាហ្មណ៍ឈ្មោះ កុទ្ទាលកៈ ១ មាណពឈ្មោះ ហត្ថិបាល ១ គោវិន្ទព្រាហ្មណ៍ ឈ្មោះជោតិបាល ជាបុរោហិត នៃស្តេចទាំងប្រាំពីរ ១ ជាអ្នកមិនបៀតបៀន (អ្នកដទៃ) ជាអ្នកមានយស មិនមានក្លិនឆ្អេះឆ្អាប គឺក្រោធ មានចិត្តចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាមសំយោជនៈ លះបង់នូវកាមរាគ ជាអ្នកចូលទៅកាន់ព្រហ្មលោក។ ពួកសាវកជាច្រើនរយ របស់គ្រូទាំងនោះ ក៏មិនមានក្លិនឆ្អេះឆ្អាប មានចិត្តឈមចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាមសញ្ញោជនៈ លះបង់នូវកាមរាគ ចូលទៅកាន់ព្រហ្មលោកដែរ។ ជនណា មានចិត្តត្រិះរិះ ដើម្បីប្រទូស្ត ជេរប្រទេចពួកឥសីជាខាងក្រៅទាំងនោះ ដែលប្រាសចាកតម្រេក មានចិត្តតាំងខ្ជាប់ ជនបែបនោះ រមែងបាននូវបាបច្រើន។ មួយទៀត ជនណា មានចិត្តត្រិះរិះ ដើម្បីប្រទូស្ត ជេរប្រទេច ភិក្ខុ ១ រូប ដែលបរិបូណ៌ដោយទិដ្ឋិ ជាសាវករបស់ព្រះពុទ្ធ ជននេះ រមែងបាននូវបាបច្រើនជាងជនដែលប្រទូស្តគ្រូទាំង ៦ នោះ។ ទាំងមិនបានជួប នូវបុគ្គលមានសភាពល្អ ជាអ្នកលះបង់ នូវហេតុជាទីតាំងនៃទិដ្ឋិ។ បុគ្គលណា មានឥន្រ្ទិយទាំង ៥ ដ៏ទន់ គឺសទ្ធា ១ សតិ ១ វីរិយៈ ១ សមថៈ ១ វិបស្សនា ១ បុគ្គលនុ៎ះជាគំរប់ ៧ របស់អរិយសង្ឃ ហៅថា មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ បុគ្គលនោះ ប្រទូស្ត នូវភិក្ខុបែបនោះ ឈ្មោះថា បៀតបៀននូវខ្លួនមុន លុះបៀតបៀនខ្លួនហើយ ទើបបៀតបៀនបុគ្គលដទៃជាខាងក្រោយ។ បុគ្គលណារក្សាខ្លួន បុគ្គលនោះ ឈ្មោះថា រក្សាហេតុខាងក្រៅ ព្រោះហេតុនោះ បណ្ឌិតដែលមិនមានសេចក្តីក្រោធ គប្បីរក្សាខ្លួនទុកសព្វៗកាល។
ចប់ ធម្មិកវគ្គ ទី៥។
ឧទ្ទាននៃធម្មិកវគ្គនោះ គឺ
និយាយអំពីនាគ ១ អំពីឧបាសិកាឈ្មោះ មិគសាលា ១ អំពីបំណុល ១ អំពីមហាចុន្ទដ៏មានអាយុ ១ អំពីសន្ទិដ្ឋិកធម៌ ២ លើក អំពីព្រះខេមៈ ១ អំពីឥន្រ្ទិយ ១ អំពីព្រះអានន្ទ ១ អំពីពួកក្សត្រ ១ អំពីអប្បមាទធម៌ ១ អំពីធម្មិកត្ថេរ ១។
ចប់ បឋមបណ្ណាសក។