km:tipitaka:sut:an:06:sut.an.06.056

ផគ្គុនសូត្រ ទី២

សង្ខេប

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា ឧបាសក ឧបាសិកា និមន្ត​ព្រះសង្ឃ​ពេល​ឈឺ ជរា និង​ឃើញ​ទុក្ខ? «អានិសង្ស ក្នុង​ការ​ស្តាប់​ធម៌ តាម​កាល​គួរ ក្នុង​ការ​ពិចារណា​សេចក្តី តាម​កាល​គួរ មាន ៦ យ៉ាង។»

an 06.056 បាលី cs-km: sut.an.06.056 អដ្ឋកថា: sut.an.06.056_att PTS: ?

ផគ្គុនសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ផគ្គុនសុត្តំ)

[៥៦] សម័យនោះ ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ស្តេចចូលទៅឯលំនៅ នៃព្រះផគ្គុណៈដ៏មានអាយុ ដើម្បីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯលំនៅ ដែលព្រះផគ្គុណៈដ៏មានអាយុនៅ។ ព្រះផគ្គុណៈដ៏មានអាយុ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏គ្រាន់តែសំដែងអាការជាទីក្រោកឡើងលើគ្រែតូច។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា កុំ ផគ្គុណៈ អ្នកកុំក្រោកអំពីគ្រែតូចឡើយ។ អាសនៈនេះ ដែលភិក្ខុឯទៀត ក្រាលបម្រុងទុក មានហើយ តថាគត នឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បានត្រាស់សួរព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា (របស់អ្នក) ធូរថយ មិនចំរើនឡើង សេចក្តីធូរថយ រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ ព្រះផគ្គុណៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង យកដែកស្រួចដ៏មុត មកចាក់ទំលុះក្បាល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងចាក់ដោតក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយមិនប្រាកដទេ។ បុរសមានកំឡាំង យកព្រ័ត្រដ៏មាំមួយចង្វាយ មករុំត្របែងក្បាល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន វេទនាក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏ខ្លាំងយ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន នាយគោឃាតកក្តី អ្នកជំនួយការ នៃនាយគោឃាតកក្តី ដែលឆ្លាស យកកាំបិតសម្រាប់វះគោដ៏មុត មកវះពោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងកាត់នូវផ្ទៃ របស់ខ្ញុំព្រះអង្គ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះទេ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំងពីរនាក់ នាំគ្នាចាប់បុរស ដែលមានកំឡាំងថយជាង ត្រង់ដើមដៃផ្សេងគ្នា មកដុត រោលអាល លើរណ្តៅរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីក្តៅក្រហាយយ៉ាងខ្លាំង ក្នុងកាយ (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើន ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើព្រះផគ្គុណៈដ៏មានអាយុ ឲ្យយល់ឃើញច្បាស់ ឲ្យជឿកាន់តាម ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចៀសចេញទៅ។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ក៏ក្នុងសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គ ទ្រង់ស្តេចចេញមក មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ប៉ុន្តែសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ ព្រះដ៏មានព្រះភាគត្រាស់ថា ឱអានន្ទ ឥន្រ្ទិយទាំងឡាយ របស់ផគ្គុណភិក្ខុ នឹងមិនជ្រះថ្លាឯណាបាន ម្នាលអានន្ទ ចិត្តរបស់ផគ្គុណភិក្ខុ ជាចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥យ៉ាងទេ ប៉ុន្តែចិត្តរបស់លោក ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបានវិញ ព្រោះស្តាប់ធម្មទេសនានោះ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាសេចក្តី តាមកាលគួរនេះ មាន ៦ យ៉ាង។ អានិសង្ស ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ ប៉ុន្តែក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ព្រះតថាគតសំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ តែក្នុងសម័យកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគតទេ ប៉ុន្តែបាបចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ចិត្តរបស់ភិក្ខុមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ តែក្នុងសម័យជាកាលជិតមរណៈ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត មិនបានចួបនឹងសាវក របស់ព្រះតថាគតទេ ប៉ុន្តែត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៣ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ទាំងព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល។បេ។ ប្រកាសព្រហ្មចរិយធម៌ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ប៉ុន្តែបានចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម។បេ។ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម៌ទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ទាំងមិនបានចួបប្រទះ នឹងសាវករបស់ព្រះតថាគតទេ ប៉ុន្តែបានត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៦ ក្នុងការពិចារណាសេចក្តី តាមកាលគួរ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាធម៌ តាមកាលគួរ មាន ៦ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.056.txt · ពេលកែចុងក្រោយ: 2024/09/02 16:38 និពន្ឋដោយ Johann