km:tipitaka:sut:an:06:sut.an.06.063

និព្វេធិកសូត្រ ទី៩

សង្ខេប

ដឹង​​ច្បាស់​​នូវ​​សភាព​​យ៉ាង​​ណា​កើត​​ឡើងដោល​ហេតុ​អ្វី រលត់​​​ទៅ នោះ​​ហើយ​ទើប​​ឈាន​​ដល់​​ការ​​រំដោះ​​ចេញ​ពី​ទុក្ខ។

an 06.063 បាលី cs-km: sut.an.06.063 អដ្ឋកថា: sut.an.06.063_att PTS: ?

និព្វេធិកសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. និព្វេធិកសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនិព្វេធិកបរិយាយ (ហេតុដែលទំលាយ នូវលោភក្ខន្ធ ជាដើម ដែលបុគ្គលមិនបានទំលាយ) និងធម្មបរិយាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវបរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និងធម្មបរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតអាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់អាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង។

ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ គឺ រូបទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១ សំឡេងទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយត្រចៀក។បេ។ ក្លិនទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយច្រមុះ រសទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយកាយ គួរបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនុ៎ះ មិនមែនកាមទេ ធម៌ទាំងនុ៎ះ ហៅថា កាមគុណ ក្នុងអរិយវិន័យ។

សេចក្តីត្រេអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រ ក្នុងលោក មិនមែនកាមទេ សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក ដោយប្រការដូច្នោះ តែអ្នកប្រាជ្ញទាំងឡាយ រមែងកំចាត់បង់ នូវសេចក្តីគាប់ចិត្ត ក្នុងអារម្មណ៍ទាំងឡាយនុ៎ះចេញ។

ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមក្នុងរូបទាំងឡាយ ដោយឡែក កាមក្នុងសំឡេងទាំងឡាយ ដោយឡែក កាមក្នុងក្លិនទាំងឡាយ ដោយឡែក កាមក្នុងរសទាំងឡាយ ដោយឡែក កាមក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលប្រាថ្នានូវអារម្មណ៍ណា ញុំាងអត្តភាពដែលកើតអំពីអារម្មណ៍នោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កាម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កាម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់កាម គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្លែកគ្នា នៃកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់កាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កាម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់សេចក្តីរលត់កាម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយ (នូវគំនរលោភៈជាដើម) នេះថាជាសេចក្តីរលត់កាម។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយ ដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាងគឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតវេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ប្រកបដោយអាមិសៈ ក៏មាន សុខវេទនាមិន ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា មិនប្រកបដោយអាមិសៈក៏មាន អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ ក៏មាន អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់វេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលទទួលត្រងរង នូវវេទនាណា តែងញុំាងអត្តភាព ដែលកើតអំពីវេទនានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតវេទនាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់វេទនាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់វេទនា យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់វេទនា។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៦ យ៉ាង គឺរូបសញ្ញា ១ សទ្ទសញ្ញា ១ គន្ធសញ្ញា ១ រសសញ្ញា ១ ផោដ្ឋព្វសញ្ញា ១ ធម្មសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតសញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សញ្ញាក្នុងរូបទាំងឡាយ ដោយឡែក សញ្ញាក្នុងសំឡេងទាំងឡាយ ដោយឡែក សញ្ញាក្នុងក្លិនទាំងឡាយ ដោយឡែក សញ្ញាក្នុងរសទាំងឡាយ ដោយឡែក សញ្ញាក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក សញ្ញាក្នុងធម៌ទាំងឡាយ ដោយឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាកនៃសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅសញ្ញាទាំងឡាយថា មានវោហារជាវិបាក បុគ្គលចាំបានយ៉ាងណាៗ និយាយយ៉ាងនោះៗ ថា ខ្ញុំជាអ្នកមានសេចក្តីសំគាល់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់សញ្ញាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់សញ្ញា ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់សញ្ញា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់សញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់សញ្ញាយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ យ៉ាង គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អវិជា្ជ ជាហេតុនាំឲ្យកើតអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើតតិរច្ឆានក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិបាករបស់អាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះក្នុងអវិជ្ជាណា ញុំាងអត្តភាព ដែលកើតអំពីអវិជ្ជានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់អាសវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់អាសវៈ ព្រោះរលត់អវិជ្ជា។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់អាសវៈ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់អាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់អាសវៈយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួលផល ក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាពជាលំដាប់តៗ ទៅ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់កម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មបុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី។ ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ ព្យាធិក៏ជាទុក្ខ មរណៈក៏ជាទុក្ខ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈក៏ជាទុក្ខ បុគ្គលចង់បានរបស់ណា ហើយមិនបាននូវរបស់នោះ ក៏ជាទុក្ខ បើនិយាយដោយខ្លី ឧបាទានក្ខន្ធ ទាំង ៥ ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា ជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នានៃទុក្ខ តើដូចម្តច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខយ៉ាងខ្លាំងក៏មាន ទុក្ខយ៉ាងខ្សោយក៏មាន ទុក្ខក្ររសាយ ក៏មាន ទុក្ខឆាប់រសាយ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងងេងងោង មួយទៀត បុគ្គលមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ តែងដល់នូវការស្វែងរកហេតុខាងក្រៅព្រះពុទ្ធសាសនាថា បុគ្គលណាហ៎្ន ចេះ (មន្តអាគម) តែមួយបទ ឬពីរបទ ដើម្បីរំលត់ទុក្ខនេះបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវទុក្ខថា មានសេចក្តីវងេ្វងងេងងោងជាវិបាក ឬការស្វែងរកជាវិបាក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ទុក្ខ ព្រោះរលត់តណ្ហា។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់ទុក្ខ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតទុក្ខយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃទុក្ខយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់ទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ទុក្ខយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា និព្វេធិកបរិយាយ ឈ្មោះថា ធម្មបរិយាយ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.063.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann