km:tipitaka:sut:an:06:sut.an.06.068

សង្គណិការាមសូត្រ ទី៤

សង្ខេប

ដរាប​ណា​​អ្នក​​មិន​​ដក​ខ្លួន​​ចេញ ​ពី​​ការ​រវល់​​ជា​មួយ​​អ្នក​​ដទៃ នោះ​​នឹង​​គ្មាន​​ជោគជ័យ​ណា​​មួយ​​ឆ្ពោះ​ទៅ​​ការ​​ដោះ​លែង​​ឡើយ​។

an 06.068 បាលី cs-km: sut.an.06.068 អដ្ឋកថា: sut.an.06.068_att PTS: ?

សង្គណិការាមសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.an.06.068.jpg

(៤. សង្គណិការាមសុត្តំ)

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នករីករាយ ក្នុងការច្របូកច្របល់ដោយពួក ត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក ប្រកបសេចក្តីត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក រីករាយក្នុងពួក ត្រេកអរក្នុងពួក ប្រកបសេចក្តីត្រេកអរក្នុងពួកហើយ ត្រេកអរក្នុងវិវេកតែម្នាក់ឯងបាន ហេតុនេះមិនដែលមានឡើយ។ កាលបើមិនត្រេកអរក្នុងវិវេកតែម្នាក់ឯង ទើបអាចនឹងទទួលយកនិមិត្តនៃចិត្តបាន ហេតុនេះមិនដែលមានឡើយ។ កាលបើមិនទទួលយកនិមិត្តនៃចិត្តហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនេះមិនដែលមានឡើយ។ លុះមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនេះមិនដែលមានឡើយ។ បើមិនបំពេញសម្មាសមាធិហើយ នឹងលះបង់សញ្ញោជនៈទាំងឡាយបាន ហេតុនេះមិនដែលមានឡើយ។ បើមិនលះបង់សញ្ញោជនៈទាំងឡាយហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុនេះមិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ទាល់តែភិក្ខុនោះ មិនរីករាយ ក្នុងការច្របូកច្របល់ដោយពួក មិនត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក មិនប្រកបសេចក្តីត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក មិនរីករាយក្នុងពួក មិនត្រេកអរក្នុងពួក មិនប្រកបសេចក្តីរីករាយក្នុងពួកហើយ ត្រេកអរក្នុងវិវេកតែម្នាក់ឯងបាន ហេតុនេះទើបមានមែន។ កាលបើត្រេកអរក្នុងវិវេកតែម្នាក់ឯងហើយ នឹងទទួលយកនិមិត្តនៃចិត្តបាន ហេតុនេះទើបមានមែន។ កាលបើទទួលយកនិមិត្តនៃចិត្តហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនេះទើបមានមែន។ បើបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបានទៀត ហេតុនេះទើបមានមែន។ បើបំពេញសម្មាសមាធិហើយ នឹងលះបង់សញ្ញោជនៈទាំងឡាយបាន ហេតុនេះទើបមានមែន។ លះបង់សញ្ញោជនៈទាំងឡាយហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុនេះទើបមានមែន។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.068.txt · ពេលកែចុងក្រោយ: 2024/03/14 16:38 និពន្ឋដោយ Cheav Villa