km:tipitaka:sut:an:06:sut.an.06.069

ទេវតាសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 06.069 បាលី cs-km: sut.an.06.069 អដ្ឋកថា: sut.an.06.069_att PTS: ?

ទេវតាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ទេវតាសុត្តំ)

[៦៩] គ្រានោះ ទេវតាមួយអង្គ កាលបើរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីភ្លឺ ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីដ៏សមគួរ។ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ។ ទេវតានោះ បានក្រាបទូលពាក្យនេះហើយ។ ព្រះសាស្តា ទ្រង់សព្វព្រះទ័យ។ គ្រានោះ ទេវតានោះ បានដឹងថា ព្រះសាស្តា សព្វព្រះទ័យនឹងអញហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង។ លំដាប់ពីនោះមក ព្រះដ៏មានព្រះភាគ កាលដែលរាត្រីនោះ កន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញ មានទេវតាមួយរូប កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ភ្លឺ ធ្វើវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយយ៉ាងនេះ លុះនិយាយពាក្យនេះចប់ហើយ ក៏ថ្វាយបង្គំតថាគត ដើរប្រទក្សិណ ហើយបាត់ក្នុងទីនោះ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់សេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មានព្រះភាគសំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងព្រះសាស្តា ដោយខ្លួនឯងផង ជាអ្នកនិយាយសរសើរគុណ នៃសេចក្តីគោរព ក្នុងព្រះសាស្តាផង ពួកភិក្ខុណា មិនគោរពក្នុងព្រះសាស្តាទេ ក៏ដឹកនាំពួកភិក្ខុនោះ ឲ្យគោរពក្នុងព្រះសាស្តាផង។ ពួកភិក្ខុណា ជាអ្នកគោរពក្នុង ព្រះសាស្តាស្រាប់ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងព្រះធម៌ ដោយខ្លួនឯងផង។បេ។ ជាអ្នកគោរពក្នុងព្រះសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ និយាយសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមានមិត្តល្អទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលដ៏គួរផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន។ ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត អ្នកបានយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលតថាគត សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន ប្រពៃណាស់។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងសាស្តា ដោយខ្លួនឯងផង និយាយសរសើរគុណ នៃសេចក្តីគោរពក្នុងសាស្តាផង បើពួកភិក្ខុណា មិនគោរពក្នុងសាស្តាទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យគោរពក្នុងសាស្តាផង បើពួកភិក្ខុណាគោរពក្នុងសាស្តាស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងធម៌ ដោយខ្លួនឯងផង។ ជាអ្នកគោរពក្នុងសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ ជាអ្នកសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមិត្តល្អទេ ក៏បបួលពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ម្នាលសារីបុត្ត សេចក្តីអធិប្បាយនៃធម៌ ដែលតថាគតសំដែងបំប្រួញនេះ អ្នកគួរដឹងដោយសេចក្តីពិស្តារយ៉ាងនេះចុះ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.069.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann